អានតួអត្ថបទ
UN

​COP25៖ អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ ស្នើឱ្យ​បញ្ចប់​សង្គ្រាម​ប្រឆាំង​នឹង​ធម្មជាតិ

ពីថ្ងៃអាទិត្យ​ទី​១ធ្នូ ពោល​គឺ​មួយ​ថ្ងៃ​មុន​សន្និសីទអន្តរជាតិ​ស្តី​ពី​អាកាសធាតុ COP25,​ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ស្នើឱ្យពិភពលោក​ចូលរួម​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក ដែល​លោកប្រកាសថា​ត្រូវ​«បញ្ចប់សង្គ្រាមប្រឆាំងនឹងធម្មជាតិ!»។​ សូម​ជ្រាបថា សន្និសីទអន្តរជាតិ​ស្តី​ពី​អាកាសធាតុCOP25​ ត្រូវ​បើ​ក​រៀបចំធ្វើ​ឡើងចំនួន​ពីរថ្ងៃ​ នៅក្រុង Mardid ប្រទេស​អេស្បាញ ក្នុង​ថ្ងៃទី​២និង៣ធ្នូ។

លោក Antonio Guterres  ថ្លែង​ក្នុង​សន្នីសីទ​កាសែត​ ស្តីពី​កិច្ចប្រជុំ​អាកាសធាតុ COP25
លោក Antonio Guterres ថ្លែង​ក្នុង​សន្នីសីទ​កាសែត​ ស្តីពី​កិច្ចប្រជុំ​អាកាសធាតុ COP25 REUTERS/Sergio Perez
ផ្សាយពាណិជ្ជកម្ម

បើតាម​អគ្គលេខាធិការអង្គការសហប្រជាជាតិ, ពិភពលោក​ដែល​យើង​រស់​នៅ​រាល់​ថ្ងៃ គឺ​ដល់​ចំណុច​គ្រោះ​ភ័យ​ខ្លាំង ផ្នែក​ប្រែប្រួល​អាកាសធាតុ​ និងដែល​មិន​អាច​រង់​ចាំ ឈរឱបដៃ​មើល បា​នតទៅទៀតនោះទេ គឺគេ​ត្រូវតែរក​ដំណោះស្រាយ​ជាបន្ទាន់។ លោក Antonio Guterres បញ្ជាក់ទៀត​ថា ៥ឆ្នាំ​ចុងក្រោយ​នេះ គឺ​ជា​រយៈ​ពេល​ដែល​ក្តៅ​ខ្លាំង មិន​ដែរ​ធ្លាប់​ជួប​ប្រទះ ពិសេស​គឺនៅ​ក្នុ​ងឆ្នាំ​២០១៩​នេះតែម្ត​ង ក្តៅមែនទែន​​។ កម្តៅ​បង្កហានិភ័យ​គ្រោះ​ធម្មជាតិជាច្រើន ដូច​មនុស្ស​គ្រប់​គ្នា​បា​នឃើញ​នឹង​ភ្នែក​ស្រាប់ នោះគឺ គ្រោះធម្មជាតិ ​គ្រោះ​រាំង​ស្ងួតហួត​ហែង កំណើន​កម្ពស់​នីវ៉ូ​ទឹក​សមុទ្រ និង​ការ​រំលំរលាយ​ផ្ទាំង​ទឹកកក ជាដើម ​គឺ​សុទ្ធសឹងតែ​មាន​ភស្តុតាង​ជាក់​ស្តែង និង​ជា​ទឡ្ហីករ​ប្រាកដច្បាស់​ដែលគំរាម​​កំហែង​ដល់ដល់​អាយុជីវិត​មនុស្ស​-សត្វ​។

អគ្គលេខាធិការអង្គការសហប្រជាជាតិ កត់​សម្គាល់​ដោយ​គូស​បញ្ជាក់ថែម​ថា ការ​ចូលរួម​ជួយ​គិតគូរ​ពីសំណាក់​​សហគម​អន្តរជាតិ នាពេល​កន្លង​ទៅ គឺ​នៅ​មិនទាន់​គ្រប់​គ្រាន់ទេ​ និង​នៅ​មិនទាន់​អស់​ពី​លទ្ធភាព​នៅឡើយ​ ហើយ​កិច្ចការ​កន្លងមកនេះ គឺ​ពិត​ជា​មិន​អាច​កាត់​បន្ថយការ​កើនឡើង​កម្តៅ​ឱ្យ​នៅ​ក្រោម​២អង្សារ​ បាន​នោះដែរ​។ ក៏ប៉ុន្តែ លោក Antonio Guterres នៅតែ​សង្ឃឹមថា បើ​ពិភពលោក​រួមរួប​ពួត​ដៃ​គ្នា គេ​ច្បាស់​ជា​អាច​សម្រេច​បាន។

ប្រទេស​ហត្ថលេខីនៃកិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​២០១៥  ត្រូវ​ចូលជួប​​ប្រជុំ​កំពូល​ ក្នុង​ថ្ងៃទី​២និងទី​៣ធ្នូ នៅ​ប្រទេស​អេស្បាញ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ និង​រក​វិធានការ​ចាំបាច់​ចំពោះមុខ ដើម្បី​ទម្លុះ​ទម្លាយ​ឧសបគ្គ​ គឺសម្រេច​គោល​បំណង​ត្រូវ​កាត់បន្ថយកំណើន​កម្តៅអាកាសធាតុ ឱ្យនៅក្រោម២អង្សារ ឬ​ក្រោម​១,៥អង្សារ នៅ​ត្រឹម​ឆ្នាំ​២០៣០។​ តែអ្វី​​ ដែល​គេ​ស្តាយ គឺ​អាមេរិក ក្រោមការ​ដឹកនាំ​របស់​លោក ដូណាល់ ត្រាំ ដែល​គិតតែពីប្រយោជន៍​សួន​តួ បាន​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ ជា​ឯកតោភាគី។ ហើយ​សម្រាប់​កិច្ចប្រជុំកំពូល​ COP25 នៅ​អេស្បាញនេះ គឺ​អាមេរិក​បញ្ចូន​ត្រឹមតែមន្ត្រីទូត​​ម្នាក់​ទៅជំនួស​លោក ត្រាំ តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ