អានតួអត្ថបទ
បារាំង

បោះឆ្នោត​​បារាំង៖​ការ​​​អំពាវនាវ​​អោយ​​បោះឆ្នោត​​អោយ​​​លោក​ម៉ាក្រុង​​​​​មាន​ការ​កើនឡើង​

នៅ​បារាំង ​សកម្មភាព​អំពាវនាវ​អោយ​ប្រជាជន​ទៅ​បោះឆ្នោត​អោយ​បេក្ខជន​ប្រធានាធិបតី​​ អេម៉ានុយអែល ម៉ាក្រុង កំពុង​​កើនឡើង​រាល់ថ្ងៃ មុនថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​ជុំទី២ ថ្ងៃ​អាទិត្យ​​៧ឧសភា​នេះ។ ការអំពាវនាវ​​កាន់តែ​កើនឡើង ដោយសារ​គេ​បារម្ភ​ខ្លាច​​​មាន​អ្នកអវត្តមាន​​ច្រើន​ នៅ​​ជុំទី២​ ​ដែល​អាច​ជួយ​អោយ​បេក្ខនារី​​​បក្ស​ស្តាំនិយម​ជ្រុល លោកស្រី​ ម៉ារីន ឡឺប៉ែន ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​បារាំង​។​ 

បេក្ខជន​ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង
បេក្ខជន​ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​បារាំង ​ប្រធាន​សហគ្រាសធំៗ​​ តារា​​សិល្បៈ ផលិតករ​ភាពយន្ត រឺក៏​ក្រុម​​អ្នកស្រាវជ្រាវ បាន​អំពាវនាវ​អោ​យ​ពលរដ្ឋ​បារាំង បោះឆ្នោត​អោយ​បេក្ខជន​និន្នាការ​កណ្តាលនិយម មកពីបក្ស​ En Marche គឺ​លោក​អេម៉ានុយអែល ម៉ាក្រុង ដើម្បី​​អោយ​លោក​បានជាប់​ជា​ប្រធានាធិបតី​ថ្មី នៅថ្ងៃ​អាទិត្យ​៧ឧសភា​ខាងមុខ​នេះ។ ​តារា​បាល់ទាត់​ល្បី ​​ហ្ស៊ីណេឌីន ហ្ស៊ីដាន​​ក៏​អំពាវនាវ​អោយ​បោះឆ្នោត​អោ​យលោក​ម៉ាក្រុង​ដែរ។ ​កន្លងមក ​លោក​ហ្វ៊ីយ៉ុង មកពី​បក្ស​ស្តាំនិយម ដែល​ទទួលបានសម្លេង​​២០ភាគរយជាង ក្នុង​ការបោះឆ្នោត​ជុំទី១​ បាន​អំពាវនាវ​អោយ​​បោះឆ្នោត​អោយ​លោក​ម៉ាក្រុង​ដែរ។​ ​  ​

ការ​ស្ទាបស្ទង់​មតិ​បង្ហាញថា​ ក្នុង​ការ​បោះឆ្នោត​ជុំទី២​នៅ​​ថ្ងៃ​អាទិត្យ​ ចំនួន​អ្នក​អវត្តមាន​អាច​កើន​​​ដល់​ជិត​៣០ភាគរយ ទោះបី​ជា​ការស្ទាបស្ទង់​មតិ​បង្ហាញថា បេក្ខជន​និន្នាការ​កណ្តាល​ អេម៉ានុយអែល ម៉ាក្រុង អាច​ទទួលជោគជ័យ​លើ​បេក្ខជន​មកពី​បក្ស​ស្តាំនិយម​ជ្រុល លោកស្រី​ម៉ារីន ឡឺប៉ែន ក៏ដោយ។ អត្រា​អ្នក​អវត្តមាន​​អាច​ឡើង​ដល់​ជិត​៣០ភាគរយ​ ជាតួលេខ​​​ខ្ពស់ប្រៀប​នឹង​ការ​បោះឆ្នោត​ប្រធានាធិបតី​មុនៗ​ លើកលែង​តែ​ការបោះឆ្នោត​ឆ្នាំ​១៩៦៩ ដែល​កាលនោះ មាន​ដល់ ​ជាង​៣១ភាគរយ។

គេ​បារម្ភ​ថា​ ​​ចំនួន​អ្នក​អវត្តមានជិត​៣០ភាគរយ ក្នុង​តួលេខ​ខ្ពស់បែបនេះ អាច​ជា​ប្រយោជន៍​ជួយ​លោកស្រី ម៉ារីន ឡឺប៉ែន អោយ​ជាប់ឆ្នោត​ជា​ប្រធានាធីបតី​បាន។ ប៉ុន្មានថ្ងៃចុងក្រោយ​នេះ​ បេក្ខជន​ស្តាំនិយម​សំខាន់​មួយរូប គឹ​លោកNicolas Dupont Aignan ដែល​ទទួលសម្លេង​ឆ្នោត​៤,៧ភាគរយ បាន​សម្រេចចិត្ត​ចូល​រួម​នយោបាយ​​​ជាមួយ​បក្ស​ស្តាំនិយម​ជ្រុល​របស់​លោកស្រី​ម៉ារីន ឡឺប៉ែន។ បើ​លោកស្រី ឡឺប៉ែន​ជាប់ឆ្នោត លោក​ Dupont Aignan នឹង​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី។

កន្លងមក ​​ដោយសារ​​លោក​ដូណាល់ ត្រាំ ជាប់​​​ឆ្នោត​នៅ​អាមេរិក ផ្ទុយពី​​ការ​រំពឹង​ទុក ដោយសារ​ពលរដ្ឋ​អង់គ្លេស​បោះឆ្នោត​អោយ​អង់គ្លេស​ដើរចេញ​ពី​អឺរ៉ុប ខុស​ពី​ការ​រំពឹងទុក គេ​ខ្លាចថា ​​លោកស្រី ឡឺប៉ែន អាច​ជាប់ឆ្នោត​ខុសពី​ការ​រំពឹងទុក​ដូចគ្នា​ដែរ។ ​

​លោកស្រី​ម៉ារីន​ ឡឺប៉ែន​ ​​​​​​​ប្រកាន់​ជំហរ​​​​ការពារ​ផល​ប្រយោជន៍​ជាតិ​បារាំង រឹតបន្តឹង​នយោបាយ​​អន្តោប្រវេសន៍ ​ចង់​អោយបារាំង​ដើរចេញ​ពី​អឺរ៉ុប​ដូច​អង់គ្លេស​ដែរ។ លោកអេម៉ានុយអែល ​​​ម៉ាក្រុង​ដែល​ជា​អតីត​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​វិញ មាន​​នយោបាយគាំទ្រ​​សហភាព​​អឺរ៉ុប។ ​បេក្ខជន​ទាំង២​នឹងតទល់​មតិ​គ្នា នៅ​យប់​ថ្ងៃ​ពុធ​៣ឧសភា​នេះ។ លោកស្រីឡឺប៉ែន​​​បាន​ចោទ​​លោក​ ម៉ាក្រុង ​ថា​ជា​បេក្ខជន​ដែល​គេកែច្នៃ​ប្រើ​ឡើងវិញ។ លោកស្រី​​​​ធ្លាប់ចោទ​ទៀតថា​ គឺ​បក្ស​សង្គម​និយម​កាន់អំណាច​សព្វ​ថ្ងៃ​នេះ​ឯង ​​ដែល​បាន​បង្កើត​លោក​ម៉ាក្រុង​​ឡើង ដើម្បីអាច​​បន្ត​កាន់​អំណាច​នៅ​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ