អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុមហ៊ុន​ទូរសព្ទ​ Apple និង​ Huawei រងផលប៉ះពាល់​ខ្លាំង​ដោយ​សារ​តែ​​សង្គ្រាម​ពាណិជ្ជកម្ម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទីផ្សារ​ទូរសព្ទ​APPLE របស់​អាមេរិក​ ធ្លាក់​ចុះ​ ខុស​ពីការ​រំពឹង​ទុក ក្នុង​រយៈ​ពេល​៦ខែ​ចុង​ក្រោយ​នេះ។ ការ​ធ្លាក់​ចុះ​នេះ ត្រូវ​អ្នក​សេដ្ឋកិច្ច​ពន្យល់ថា មក​ពី​ជម្លោះ​ក្នុង​បរិបទ​នៃ​សង្គ្រាម​ពាណិជ្ជក​ម្ម រវាង​ចិន​និងអាមេរិក ហើយ​រឹងតែ​ដុនដាប់​ខ្លាំងទៅទៀត​ នៅពេល​ដែល​កាដាណា​ចាប់ខ្លួន​​នាយិកា​ហិរញ្ញវត្ថុរបស់​ក្រុម​ហ៊ុន Huawei។  ចំណែក​ក្រុម​ហ៊ុន Huawei របស់​ចិន​វិញ ក៏​រងផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដែរ សម្រាប់​ទីផ្សារ​របស់​ខ្លួន​នៅ​អឺរ៉ុប​និង​អាមេរិក។ ក្នុង​បរិបទ​នៃ​សង្គ្រាម​ពាណិជ្ជ​រវាង​មហាអំណាចសេដ្ឋកិច្ច​, ក្រុម​ហ៊ុន​យក្ស​ខាងទូរសព្ទ​ទាំង​ពីរនេះ​  រងផលប៉ះពាល់​ខ្លាំង ដោយសារ​តែ​ចំហាយ​នៃ​ខ្សែ​បន្ទាត់​នយោ​បាយ​​របស់​ប្រទេស​រៀង​ខ្លួន។

ស្លាក​ផ្សាយ​ពាណិជ្ជកម្ម​របស់ Huawei ដាក់​នៅ​មុខ​ក្រុមហ៊ុន Apple នៅ​ក្រុង​ Shanghai កាលពីខែ​តុលា​២០១៨
ស្លាក​ផ្សាយ​ពាណិជ្ជកម្ម​របស់ Huawei ដាក់​នៅ​មុខ​ក្រុមហ៊ុន Apple នៅ​ក្រុង​ Shanghai កាលពីខែ​តុលា​២០១៨ STR / AFP
ផ្សាយពាណិជ្ជកម្ម

​តើ​ក្រុមហ៊ុន Apple និង Huawei រងគ្រោះ​យ៉ាង​ម៉េច​ខ្លះទៅ?

នៅពេល​បិទ​ទីផ្សារ​ភាគហ៊ុន​ នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ល្ងាចថ្ងៃព្រហស្បតិ៍  ភាគ​ហ៊ុន​របស់​ Apple ធ្លាក់​ចុះ ហើយ​ការ​លក់ចេញ​របស់​ទូរសព្ទ​ ក៏​ធ្លាក់​ចុះ​ដែរ គឺធ្លាក់​ជាច្រើន​ខែ​ជាប់ៗ​គ្នា​ និង​រឹតតែ​ចុះ​ខ្លាំង​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​។ សូម្បី​អ្ន​កតំណាង​ក្រុមហ៊ុន​ Iphone របស់​​ Apple ខ្លួន​ឯង​ ក៏​បាន​សារភាព​ដែរ​ ថា​ការ​លក់​ចេញ​ក្នុងរយៈ​ពេល​មួយ​ឆមាស​ចុង​ក្រោ​យនេះ ធ្លាក់​ចុះ រហូត​នឹក​ស្មាន​មិន​ដល់​។

Apple iPhone X នៅ New York
Apple iPhone X នៅ New York © Reuters

ផ្សា​រ​ភាគ​របស់​ក្រុម​ហ៊ុន​Apple បាន​ធ្លាក់​ចុះ​១០ភាគរយ បើ​រាប់​ចាំតាំងពី​ដើម​ឆ្នាំ​២០១៣មក  ហើយ​ធ្លាក់​ចុះកាន់តែ​ខ្លាំង​នៅ​៦​ខែ​ចុង​ក្រោយ​នេះ គឺធ្លាក់​ដល់ទៅ​៤០ភាគរយ​​នៅ​ដើម​ខែ​តុលា ឆ្នាំ​២០១៨កន្លងទៅ​ថ្មីៗនេះ។ បើ​សរុប​ឆ្នាំ​ចាស់​ដែល​ទើប​នឹង​ផុត​ទៅនេះ ក្រុម​ហ៊ុន​​Apple បាន​បាត់​បង់​លុយ​ហ៊ុន គឺគិត​ជាទឹក​ប្រាក់ស្មើនឹង​ មួយ​រយ​​ពាន់​លាន​ដុល្លារ នៅឆ្នាំ​២០១៨។​

ការ​ធ្លាក់​ចុះ​នេះ ត្រូវអ្នក​ជំនាញសេដ្ឋកិច្ច​​ពន្យល់ថា មកពី​វិបត្តិ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម ពីព្រោះ​តែ Iphone របស់​Apple លំបាក​នឹង​ចូល​ទីផ្សារ​ចិន​ នៅ​ស្រុក​ចិន​តទៅទៀត។

ការ​ធ្លាក់​ចុះ​មិន​ត្រឹម​តែ​ការ​លក់​ដូរ​ទេ តែ​ការ​ផលិត​​ ក៏​ធ្លាក់​ចុះ​ដែរ។ ពីព្រោះថា ការ​ផលិត​របស់​Iphone នៅ​តំបន់​អាស៊ី​និង​សម្រាប់​នាំចេញ​ទៅអឺរ៉ុប ក៏​រៀប​ចំ​ដំឡើងនៅ​ស្រុក​ចិន​ ហើយ​​យក​គ្រឿងផ្សំ គ្រឿង​​បរិក្ខារ​ ក៏​ផលិត​​ធ្វើ​ឡើង​នៅ​ស្រុក​ចិនដែរ​​។

មួយ​ទៀត​ មូលហេតុដែល​ធ្លាក់​ចុះ​ការ​លក់ Iphone ​នៅ​ទីផ្សារ​ចិន​ គឺ​ដោយសារ​តែ​ជន​ជាតិ​ជាតិ ​ហាក់​បង្កើន​គំនិត​ជាតិ​និយម។ គេ​ហាក់​មិន​ចង់​ប្រើ​ផលិត​អាមេរិក ហើយ​ងាក​ទៅ​គាំទ្រ​​ផលិតផល​របស់​ចិន​វិញ​ម្តង។ មិនតែ​ប៉ុណ្ណោះ ប្រធាន​ក្រុមហ៊ុន​ធំៗ​នៅ​ស្រុកចិន​ គឺ​បាន​តម្រូវ​ឲ្យ​បុគ្គលិក​របស់​ខ្លួន ប្រើ​ផលិត​ទូរសព្ទ​របស់​ចិន​។​ ជាឧទាហរណ៍ ក្រុម​ហ៊ុន​បច្ចេកវិជ្ជា​របស់ Huawei នាពេល​ថ្មីៗនេះ បាន​ដាក់​ទណ្ឌកម្ម​បុគ្គលិកពីរ​នាក់ ដែល​ប្រើ​ទូរសព្ទ​ Iphone ហើយ​បង្ហោះ​សារ​ជូន​ពរឆ្នាំ​​ថ្មី២០១៩។ អ្នក​ទាំងពីរ​ត្រូវ​កាត់​ប្រាក់​ខែ​ជាង​៦០០​រយដុល្លារ ហើយ​ត្រូវ​បង្កក​មិន​ឲ្យ​ឡើង​ប្រាក់​ខែ​រយៈពេល​មួយ​ឆ្នាំ។​

ប្រធាន​សាខា Huawei លោក Richard Yu នៅ​ Las Vegas
ប្រធាន​សាខា Huawei លោក Richard Yu នៅ​ Las Vegas REUTERS/Rick Wilking

ចំណែក​ការ​រងគ្រោះ​របស់​ក្រុមហ៊ុន​ Huawei វិញ គឺ​ការ​លក់​ដូរ​របស់​ទូរសព្ទ​ប្រភេទ​នេះ នៅ​អឺរ៉ុប​និង​អាមេរិក ធ្លាក់​ចុះ ដោយសារតែ​គេ​បារម្ភ​ក្លាច​ក្រែង​ Huawei របស់​ចិន លប​លួច​ស៊ើប​យក​ការ​ណ៍​សម្ងាត់​តាម​បច្ចេកវិជ្ជា​ ដូច​ដែល​អ្ន​កនយោបាយ​អាមេរិក​ បាន​អះអាង​យ៉ាង​ដូច្នោះ​។​

សូម​អាន​៖ អាមេរិក​-ចិនប្រឹង​ខិត​ទៅជិតគ្នា

​ពលរដ្ឋ​អាមេរិក​និង​ចិន ញញើត​​នឹង​ចេញ​ចូល​ប្រទេស​ទាំង​ពីរ ទៅវិញទៅមក។ ហេតុអ្វី?

ក្រោយ​ការ​ចាប់​ខ្លួន​លោកស្រី Meng Wanzhou នាយិកាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei នៅ​ប្រទេស​កាដាណា តាម​ការ​ជំរុញ​របស់​អាមេរិក​រួច​មក គឺនៅ​ស្រុកចិន​​វិញ ​អាជ្ញាធរ​ចិន​ចាប់​ខ្លួន​ពលរដ្ឋ​​កាណាដា​ជា​បន្តបន្ទាប់​ដែរ​។ រហូត​មកដល់​ពេល​នេះ ជនជាតិ​កាណាដា​ចំនួន​១៣នាក់​ហើយ​ដែល​ត្រូវ​សមត្ថកិច្ច​ចិន​ចាប់​ខ្លួន​ ហើយ​ចោទ​ពី​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិចិន​។

ចំណែក​នៅក្នុងទឹកដី​អាមេរិកវិញ អាជ្ញាធរ​អាមេរិក​ក៏​បាន​ចាប់ខ្លួន​ពលរដ្ឋ​ចិន​ដែរ។ នៅក្នុង​ថ្ងៃ​២០ធ្នូ​២០១៨ អាមេរិក​បាន​ចោទប្រកាន់​ពលរដ្ឋ​ចិន​ពីរនាក់ ពី​បទ​ធ្វើ​សកម្មភាព​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត។​

សូម​អាន​៖ អាមេរិក​ចោទ​ប្រកាន់​ជនជាតិចិន​ពីរ​នាក់​ពីបទ​ធ្វើសកម្មភាព​វាយ​ប្រហារ​តាម​អ៊ីនធ័រនែត

​នៅ​ក្នុង​បទ​សម្ភាស​តាម​ទូរទស្សន៍ នាពេល​ថ្មីៗនេះ លោក​ប្រមុខ​ការទូត​អាមេរិក Mike Pompeo ​អំពាវវនាវ​ឲ្យ​ពលរដ្ឋអាមេរិក​ ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន ​បើ​ចង់​ទៅដាក់​ជើង​​ជាន់​ទឹក​ដីចិន។​ លោកពន្យល់​ទៀត​ថា បើ​ពលរដ្ឋអាមេរិក​ ទៅស្រុក​ចិន គឺ​អាច​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់ ឬ​អាច​​ត្រូវចាប់​ឃាត់​ខ្លួន​ផង​ ពី​សំណាក់​អាជ្ញាធរ​ចិន​។ ​ពេល​ខ្លះ អាច​ចូល​ទៅ​ស្រុក​ចិន​បាន​ហើយ​ តែ​ចិន​មិន​អនុញ្ញាតឲ្យ​ចេញ​មក​វិញផង​ ក៏​មិន​ដឹង​។​

ចំណែក​ភាគី​ចិន​វិញ នៅក្នុង​រឿងទេសចរណ៍​ចិនទៅ​អាមេរិក!​ អាជ្ញាធរ​ចិន​​​បាន​ប្រាប់​ពលរដ្ឋ​របស់ខ្លួន​ដែរ ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ បើ​ទៅ​ដើរ​លេងនៅ​អាមេរិក ពី​ព្រោះថា នៅទីនោះ ការប្រើ​កាំភ្លើង​បាញ់បោះសម្លាប់​មនុស្ស គឺ​សេរីសម្បើម​ណាស់។ ម្យ៉ាង​ទៀត ចិន​ក៏ផ្តាំប្រាប់​ពលរដ្ឋ​ខ្លួន​ថា តម្លៃព្យាបាល​សុខភាព​នៅ​អាមេរិក​ គឺថ្លៃ​ខ្លាំងណាស់ដែរ​។

ការ​ព្រមាន​គ្នា និង​ការ​ឌឺដង​ឲ្យ​គ្នា​ទៅវិញទៅមក ទាំងអស់​​នេះ គឺ​សុទ្ធសឹងតែ​បង្កចេញ​ពី​វិវាទ​នៃ​សង្គ្រាមពាណិជ្ជកម្ម​​។

ទង់ជាតិ​ចិន​និងអាមេរិក
ទង់ជាតិ​ចិន​និងអាមេរិក AFP

​ជម្លោះ​ពាណិជ្ជកម្ម​នេះ តើពេល​ណាបាន​ចប់​?

ថ្មីៗនេះ គេបាន​ទទួល​ដំណឹង​ពីការ​ខិត​ទៅរក​ជិតគ្នា​កាន់​តែ​ច្រើន រវាង​អាមេរិក​និង​ចិន។ បើ​តា​ម​ប្រភព​ពី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​ចិន​! មន្ត្រី​ជាន់​ខ្ពស់​អាមេរិក ដែល​ទទួល​បន្ទុក​កិច្ចការ​ពាណិជ្ជ នឹង​ទៅ​ចរចា​គ្នា នៅ​ក្រុ​ង​ប៉េកាំង​តែម្តង នៅ​ថ្ងៃ​ចន្ទ​និង​អង្គារ​ ទី​៧និងទី​៨មករា ខាង​មុខ​នេះ​។ នេះ​គឺជា​សញ្ញាណ​ថ្មី​យ៉ាង​វិជ្ជមាន​។ ការ​ត្រៀម​ជួប​គ្នានេះ គឺជា​​លទ្ធផល​នៃការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាងប្រមុខ​រដ្ឋ​ទាំង​ពីរ កាលពី​​ជំនួប​កំពូល​ G20 នៅ​អាហ្សង់ទីន ថ្មីៗនេះ។ ប្រធានាធិបតីអាមេរិក​ លោក ដូណាល ត្រាំ និងប្រមុខ​រដ្ឋចិន ​ ស៊ី ជីនពីង ក៏​បាន​និយាយ​ទូរសព្ទ​រក​គ្នា​​ ម្តង​ជាពីរ​ដង​ដែរ នៅ​ឱកាស​កៀក​ចុង​ឆ្នាំ​២០១៨ និង​នៅ​ដើម​ឆ្នាំ​២០១៩។

ហេតុ​ទាំងអស់​នេះ គឺធ្វើ​ឲ្យ​គេ​រំពឹង​ថា​ ទំនាក់ទំនង​មហាយក្ស​សេដ្ឋកិច្ច​ទាំងពីរ ហាក់​បាន​វិល​ទៅ​រក​ភាព​ធូរ​ស្រាលបន្តិច​។ ដ្បិតថា របបក្រុង​ប៉េកាំង បាន​ធ្វើ​សម្បទាន​គួរ​ឲ្យ​កត់​សម្គាល់ច្រើន​ដែរ។ តួយ៉ាង​ ថ្មីៗនេះ ​ ​ចិន​យល់​ព្រម​ទទួល​ទិញ​អង្ករ​និង​សណ្តែក​របស់​អាមេរិក​។​ ចិន​យល់ព្រម​ព្យួរ​ការ​ដំឡើង​ថ្លៃ​បង់​ពន្ធ​នាំចូល​រថយន្ត​ និង​គ្រឿងបរិក្ខារៈ​សម្រាប់​ផលិត​ឡាន ព្រម​ទាំង​កែ​សម្រួល​ច្បាប់​ ជុំវិញ​ការ​លួច​ចម្លង​កម្មសិទ្ធិបញ្ញា​ជា​ដើម។ ​ទាំង​លោក​ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ ខ្លួន​ឯង ក៏​ធ្លាប់​បាន​ថ្លែងថាការ​ចរចារវាង​រូប​លោក​និង​ប្រមុខ​រដ្ឋ​ចិន​ ​គឺ​​ដំណើរ​ការ​ទៅ​បាន​ល្អ​ ហើយ​បើ​ការ​ព្រមព្រៀង​នឹង​សម្រេច​បា​នមែននោះ អាមេរិក​​ ​រីកចម្រើន​យ៉ាង​ធំ

ទាំង​នេះហើយ គឺធ្វើ​ឲ្យ​គេ​សង្ឃឹមថា អ្វីៗ​នឹង​ល្អប្រសើរ​នៅ​ឆ្នាំ​២០១៩ ប្រសិន​បើ​ដំណើរ​ការ​ចរចា​បា​ន​ចុះ​សម្រុង​គ្នា​មែន​នោះ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ