ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/04 12h00 GMT
កម្ពុជា

ក្រុម​អ្នក​ស្នេហា​ព្រៃឈើ​គ្រោង​ធ្វើ​បាតុកម្ម ​ប្រឆាំង​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​អារ៉ែង

media  
លោកអេឡិច ជនបរទេស ដែលស្រឡាញ់ព្រៃឈើខ្មែរ ក្នុងពេលធ្វើបទសម្ភាសន៍។ RFI

ក្រុម​យុវជន​ សកម្មជន​ការពារ​ព្រៃឈើ ​និង ​ព្រះសង្ឃ ​គ្រោង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លុបចោល​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​ក្នុង​តំបន់​អារ៉ែង​ក្នុង​ខេត្ត​កោះកុង។ នេះ​បើ​តាម​លោក​ អេឡិច​ ប្រធាន​ចលនា​មាតា​ធម្មជាតិ​ដែល​បាន​បង្ហើប​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ ​បាតុកម្ម​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក្រោយ​ពី​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ។

លោក ​អេឡិច ​បាន​លើក​ឡើង​ថា ​បាតុកម្ម​នា​ពេល​ខាង​មុខ​នេះ ​មាន​គោល​ដៅ​ធំ​ៗ​ចំនួន​ពីរ​ គឺ ​ទី​មួយ​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លុប​ចោល​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​ក្នុង​តំបន់​អារ៉ែង ​និង​ ទី​ពីរ​ លាត​ត្រដាង​ពីរ​ចំណុច​អាថ៌​កំបាំង​មួយ​ចំនួន​នៅ​ពី​ក្រោយ​គម្រោង​នេះ។ ទោះ​បី​មិន​បង្ហាញ​ពី​ចំណុច​អាថ៌​កំបាំង​នោះ​ក៏​ពិត​មែន​ ក៏​ប៉ុន្តែ​បុរស​ជនជាតិ​អេស្ប៉ាញ​ម្នាក់​នេះ​បាន​ហៅ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​ក្នុង​តំបន់​អារ៉ែង​នោះ​ថា ​ជា​គម្រោង​ខ្មោច។

គម្រោង​ធ្វើ​បាតុកម្ម​របស់​ក្រុម​យុវជន​ សកម្មជន​ការពារ​ព្រៃ​ឈើ ​និង​ ព្រះសង្ឃ​នេះ​បាន​កើត​ឡើង​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ ​បន្ទាប់​ពី​ក្រុម​យុវជន​ ១០​ នាក់​ រួម​ទាំង​លោក​អេឡិច​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​បន្ទាប់​ពី​ពួក​គេ ​បាន​បិទ​ផ្លូវ​មិន​ឲ្យ​តំណាង​អាជ្ញាធរ​ខេត្ត​កោះកុង​និង​តំណាង​ក្រុម​ហ៊ុន​ចិន​ចូល​ទៅ​កាន់​តំបន់​អារ៉ែង។ ​ក្រោយ​សាកសួរ​អស់​ប៉ុន្មាន​ម៉ោង ​សកម្មជន​ទាំង​នោះ​ក៏​ត្រូវ​បាន​ដោះ​លែង​វិញ​ដោយ​ភ្ជាប់​ជា​មួយ​កិច្ច​សន្យា។​ កាល​ពី​ខែ​មុន​ចលនា​មាតា​ធម្មជាតិ​ បាន​ដឹក​នាំ​ក្រុម​យុវជន​ប្រមាណ​១០០​នាក់​ជិះ​កង់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​អារ៉ែង។​ ក៏​ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ​ ដោយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ជា​ច្រើន​នាក់​បាន​រារាំង។ ​ហើយ​គម្រោង​ធ្វើ​បាតុកម្ម​លើក​នេះ ​នឹង​ក្លាយ​ជា​ការ​តវ៉ា​លើក​ទី​ពីរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាក់ទង​ទៅ​នឹង​តំបន់​អារ៉ែង​នេះ ។
 
យ៉ាង​ណា​ក៏​ដោយ​ លោក​អេឡិច​ មិន​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ និង​ ចំនួន​អ្នក​ចូល​រួម​ជាក់លាក់​នៅ​ឡើយ​ទេ ​ដោយ​គ្រាន់​តែ​បង្ហើប​ថា ​នឹង​ធ្វើ​ឡើង​ក្រោយ​ពី​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។
 
សូម​បញ្ជាក់​ថា​ តំបន់​អារ៉ែង​ក្នុង​ខេត្ត​កោះកុង​ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ចិន ​ស៊ី​ណូ​ហាយ​ដ្រូ ​ដើម្បី​សាងសង់​ទំនប់​វារី​អគ្គិសនី។ ​ចលនា​មាតា​ធម្មជាតិ ​ប្រជា​សហគមន៍ និង​សកម្មជន​ដទៃទៀត​ បាន​អះ​អាង​ថា ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​នេះ​ នឹង​ប៉ះពាល់​ដល់​ព្រៃឈើ ​ព្រម​ទាំង​សត្វ​ព្រៃ​កម្រ​ជា​ច្រើន​នៅ​ក្នុង​តំបន់​នោះ។ ​កន្លង​មក​ ក្រុម​សកម្មជន​ការពារ​ព្រៃឈើ ​ធ្លាប់​បាន​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេង​ៗ ​ ព្រម​ទាំង​បាន​តវ៉ា​បិទ​ផ្លូវ​ជាច្រើន​លើក​ច្រើន​សារ​ដើម្បី​ស្នើ​ឲ្យ​បញ្ឈប់​គម្រោង​នេះ ​ដោយ​ទុក​តំបន់​នោះ ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​វិញ។​ក៏​ប៉ុន្តែ ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​ណា​មួយ​ចំពោះ​សំណើ​របស់​ក្រុម​សកម្មជន​ការពារ​ព្រៃឈើ​ទាំង​នោះ​នៅ​ឡើយ​ទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ