អានតួអត្ថបទ
ភូមា

ការលើកលែងទោសទូទៅមួយ​ក្នុងនោះក៏​អ្នកទោសនយោបាយដែរ

អ្នកទោស​​នយោបាយ​​ប្រមាណ​​ជា​​២០​​នាក់​​ដែល​​ស្ថិត​​នៅ​​ក្នុង​​ចំណោម​​អ្នកទោស​​សរុប​ចំនួន​​​​៥០​​នាក់​​នឹង​​​ត្រូវ​​​បាន​​ទទួល​​ការ​​លើក​​លែង​​ទោស។​ នេះ​​ជា​​ការ​​គូស​​បញ្ជាក់​​របស់​សកម្ម​ជន​​ការពារ​​សិទ្ធិ​​មនុស្ស​​នៅ​​ថ្ងៃ​​អង្គារ​​៣​​កក្កដា​​នេះ ​​នៅ​​ក្រោយ​​ពេល​​បន្តិច​ បន្ទាប់​​ពី​​ការ​​ជូន​​​ដំណឹង​​របស់​​កាសែត​​ផ្លូវការ​​ភូមា​អំពី​​ការ​​លើក​​លែង​​ទោស​​មួយ​​ដែល​ជា​សេចក្តី​សម្រេចចិត្ត​របស់​​​លោក​​ប្រធានាធិបតី​ ថេន សេន។​

លោក Zagana សិល្បករ​និង​ក៏ជាអ្នកទោសនយោបាយ​​ត្រូវបានអាជ្ញាធរដោះលែងឲ្យ​មានសេរីភាព​វិញ​នៅខែតុលា​២០១១​
លោក Zagana សិល្បករ​និង​ក៏ជាអ្នកទោសនយោបាយ​​ត្រូវបានអាជ្ញាធរដោះលែងឲ្យ​មានសេរីភាព​វិញ​នៅខែតុលា​២០១១​ REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

 

“​​អ្នកទោស​​នយោបាយ​​ប្រមាណ​​ជា​​២០​​នាក់​​នឹង​​ត្រូវ​​​ដោះលែង​ពី​កា​រ​ឃុំឃាំង​​​នៅ​​​​ក្នុង​​ក្របខ័ណ្ឌ​​នៃ​​ការ​​លើក​លែង​​ទោសទូទៅ​មួយ​ ​​​​សម្រេចឡើងដោយ​​លោក​ប្រធានាធិបតី​ថេនសេន​​​នៅ​ថ្ងៃ​អង្គារ​​៣កក្កដា-នេះ​​ជា​​ការ​​ថ្លែង​​ប្រាប់​​​របស់​​លោក Kaung Kaung មេ​ដឹកនាំ​ចលនា​និស្សិត​ភូមា​ម្នាក់​​ជំនាន់​ឆ្នាំ​៨៨​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP។ មេដឹកនាំចលនា​និស្សិតភូមាឆ្នាំ៨៨នេះ​ បានបញ្ជាក់ទៀត​ថា នៅក្នុង​ចំណោម​អ្នកទោស​នយោបាយ​ទាំង​នោះ ខ្លះ​​​ធ្លាប់​​ជាមេ​ដឹកនាំ​​បាតុកម្ម​នានានៅឆ្នាំ១៩៨៨ផង ហើយ​ពួកគេ​ជាប់នៅ​មន្ទីរ​ឃុំឃាំង​ខុសៗគ្នា។

នៅ​​​មុន​​​នេះ​បន្តិច ទិនានុប្បវត្តិ​ផ្លូវការ​របស់​ភូមា ឈ្មោះ New Light of Myanmar ​​បាន​ផ្សព្វផ្សាយ​ដំណឹង​អំពី​ការ​លើក​លែង​ទោស​ទូទៅ​មួយដល់​​អ្នកទោសចំនួ​ន ​​៤៦​នាក់ក្នុង​ចំណោម​នោះ​មាន​​បុរស​៣៧​នាក់​និង​ស្ត្រី​៩​នាក់។ ជា​ការ​លើក​លែង​ទោស​មួយដែល​​មាន​គោលដៅ​ ធានា​ស្ថិរភាព​របស់​រដ្ឋ​​​និង​ការ​ផ្សះផ្សា​ជាតិ​ ​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាជន​ភូមា​រាល់​​រូប​អាច​នឹង​ចូល​រួមនៅ​ក្នុង​អភិក្រម​​នយោបាយ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលភូមាក៏បាន​សម្រេចចិត្ត​ដោះលែង​ ​ហើយ បណ្តេញ​​ចេញ​ពីភូមាអ្នកទោស​បរទេស​​​ចំនួន​​៣៤​នាក់​ដើម្បី​ជួយ​​​រដ្ឋាភិបាល​ភូមាក្នុង​ការ​ថែ​រក្សា​​ទំនាក់​ទំនង​ល្អ ​​ជាមួយ​ប្រទេស​ដើម​កំណើត​របស់​​អ្នកទោស​បរទេស​ទាំង​នោះ។

របប​ភូមា ធ្លាប់​បាន​ដោះលែង​អ្នកទោស​មនសិការ​​២០០​នាក់ហើយ​កាលពី​ខែ​តុលា​ឆ្នាំ​២០១១​ ​និង​​៣០០​នាក់​នៅ​ខែ​មករា​២០១២នេះ។ ​ខាង​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យដែល​ជា​​បក្ស​​​ប្រឆាំង​​​ដឹកនាំ​ដោយ​លោកស្រី​អ៊ុងសាន់ស៊ូជី នៅ​មុនពេលជូនដំណឹង​របស់​​ប្រធានាធិបតី​ភូមា​នៅ​ថ្ងៃ​អង្គារ​នេះ បាន​រាយការណ៍​​ថា នៅ​មាន​សកម្មជន​ ​៣៣០​នាក់ទៀត កំពុង​ជាប់ឃុំខ្លួន​នៅ​​ក្នុង​ពន្ធគារ​ភូមា​នៅ​ឡើយ។

សូមបញ្ជាក់ថា របបសឹកភូមា បន្ទាប់​ពី​កាន់អំណាច​ចាប់តាំង​ពី​កន្លះ​សតវត្ស​មក បាន​រំលាយ​​ខ្លួនចោល ​និង​បាន​​ប្រគល់​អំណាច​គ្រប់គ្រង ​ដល់​រដ្ឋាភិបាល​ស៊ីវិលថ្មី​​ដែល​អ្នក​ដឹក​នាំ​ភាគ​ច្រើន​​​​​សុទ្ធសឹង​ជា​អតីត​មេ​យោធាដដែល​​។ ក៏ប៉ុន្តែ​ តាំងពីនោះ​មក​ រដ្ឋាភិបាលថ្មីភូមា បាន​ខិត​ខំ​បង្កើន​ការ​ធ្វើ​កំណែ​ទម្រង់នៅក្នុងប្រទេសស្របតាមការ​ទាមទារ​​របស់សហគមន៍អន្តរជាតិ​​​ និង​រហូតដល់​បាន​ទទួល​នូវការ​លើក​ទឹកចិត្ត​ពី​​លោក​ខាង​​លិច​ទៀតផង​។ជាក់ស្តែង សហភាព
​​អឺរ៉ុប ទើប​​បាន​សម្រេចចិត្ត​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ខ្លួនដែលបានដាក់ទៅលើភូមា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ