អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

ចលនា​ឧទ្ទាម​តាលីបង់​ទើប​បាន​តែងតំាង​មេកើយ​ថ្មី​ឈ្មោះ Akhtar Mansour

បន្ទាប់​ពី​ប្រទេស​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន ចលនា​តាលីបង់​បាន​បញ្ជាក់​ជា​ផ្លូវការ​នូវ​ដំណឹង​ស្លាប់​មេកើយ​របស់​ខ្លួន គឺ​ម៉ូឡា អូម៉ា។ ទន្ទឹម​គ្នា​នេះ ក្រុម​ឧទ្ទាម​នៅ​អាហ្វហ្កានីស្ថាន​ក៏​បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ ទី៣១ កក្កដា​នេះ ពី​ការ​តែងតំាង​មេកើយ​ថ្មី​របស់​ខ្លួន គឺ Akhtar Mansour។ តើ Akhtar Mansour ជា​នរណា?

ចលនា​ឧទ្ទាម​តាលីបង់​ទើប​បាន​តែងតំាង​មេកើយ​ថ្មី​ឈ្មោះ Akhtar Mansour
ចលនា​ឧទ្ទាម​តាលីបង់​ទើប​បាន​តែងតំាង​មេកើយ​ថ្មី​ឈ្មោះ Akhtar Mansour AFP PHOTO/ Aref Karimi
ផ្សាយពាណិជ្ជកម្ម

កើត​ក្នុង​ឆ្នំា ១៩៦០ នៅ​ស្រុក​កង់ដាហារ​​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន Akhtar Mansour មាន​ឈ្មោះ​ពេញ Akhtar Mohammad Mansour។ នៅ​ពាក់​កណ្តាល​ឆ្នំា ២០០៩ Akhtar Mansour ត្រូវ​បាន​តែងតំាង​ជា​អនុឧត្តម​ក្រុមប្រឹក្សា​តាលីបង់​ដែល​មាន​សមាជិក​ចំនួន ១០រូប។ បន្ទាប់​មក​ក្នុង​ខែ​កុម្ភៈ ឆ្នំា ២០១២ Akhtar Mansour ក៏​ត្រូវ​បាន​ម៉ូឡា អូម៉ា​តែងតំាង​ជា​មនុស្ស​ដៃស្តំា​ទី២ របស់​ខ្លួន។ ក្រៅ​ពី​ជា​មនុស្សខ្លំាង​លំដាប់​ទី២ បន្ទាប់​ពី​ម៉ូឡា អូម៉ា Akhtar Mansour ក៏​មាន​តួនាទី​ជា​អ្នក​ទទួល​ខុស​ត្រូវ​កងទ័ព​នៅ​ផ្ទៃក្នុង​ចលនា​តាលីបង់​ដែរ។

នៅ​ពេល​ដែល​ប្រទេស​អាហ្វហ្កានីស្ថាន​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​តាលីបង់​ពី​ឆ្នំា ១៩៩៦ ដល់​ឆ្នំា ២០០១ Akhtar Mansour បាន​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​អាកាសចរណ៍​ស៊ីវិល និង​ដឹកជញ្ជូន។ តែ​តំាង​ពី​ក្រោយ​ការ​ដួល​រលំ​របប​តាលីបង់​ក្នុង​ឆ្នំា ២០០១ មក ឈ្មោះ Akhtar Mansour បាន​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​ជា​មនុស្ស​ដែល​អង្គការ​សហប្រជាជាតិ​តាម​រក​ចាប់​ខ្លួន​ពី​បទ​បាន​ធ្វើ​សកម្មភាព​នៅ​ក្នុង​របប​តាលីបង់។ Akhtar Mansour ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ជិត​ខាង មុន​នឹង​វិល​ត្រឡប់​ចូល​ទឹកដី​អាហ្វហ្កានីស្ថាន​វិញ​ក្នុង​ឆ្នំា ២០០៦។

អ្វី​ជា​ការ​កត់សម្គាល់ ពិត​មែន​តែ​ជម្រើស Akhtar Mansour បាន​ធ្វើ​ឡើង​ជា​ផ្លូវការ​ក៏​ដោយ ក៏​ជម្រើស​នេះ​មិន​បាន​ធ្វើ​ឲ្យ​មេបញ្ជាការ​តាមលីបង់​មួយ​ចំនួន​ពេញ​ចិត្ត និង​សប្បាយ​ចិត្ត​ដែរ ព្រោះ​ពួក​គេ​ចង់​បាន Mohammad Yakoud ដែល​ជា​កូន​របស់​សព​ម៉ូឡា អូម៉ា​ឡើង​ជំនួស​វិញ។ រីឯ​សកម្មជន​តាលីបង់​មួយ​ចំនួន​ក៏​មិន​សូវ​សប្បាយ​ចិត្ត​ចំពោះ​ការ​តែងតំាង​រូប Akhtar Mansour នេះ​ដែរ។ ដូច្នេះ​ឃើញ​ថា វត្តមាន Akhtar Mansour នឹង​អាច​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​របស់​ចលនា​តាលីបង់​ដែល​រចនាសម្ព័ន្ធ​របស់​ចលនា​ឧទ្ទាម​មួយ​នេះ​កំពុង​ផុយស្រួយ​ស្រាប់។

មួយ​វិញ​ទៀត ការ​បែកបាក់​ផ្ទៃក្នុង​របស់​ចលនា​តាលីបង់​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​កិច្ចចរចា​សន្តិភាព​កំពុង​ធ្វើ​ឡើង​រវាង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង​ចលនា​តាលីបង់ ហើយ​អ្នក​ដែល​កំពុង​ទាញ​ចំណេញ​ពី​ការ​បែកបាក់​ផ្ទៃក្នុង​តាលីបង់​ពេល​នេះ គឺ​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​កំពុង​ជ្រើសរើស​សមាជិក​ខ្លួន​ចេញ​ពី​ពួក​តាលីបង់​សព្វថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ