ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT

ហេតុអ្វី​ចំនួន​មនុស្ស​ចាស់​កើនឡើង​ជំរុញឱ្យ​ថៃ​ត្រូវការ​កម្លាំង​ពលកម្ម​បរទេស​?

ហេតុអ្វី​ចំនួន​មនុស្ស​ចាស់​កើនឡើង​ជំរុញឱ្យ​ថៃ​ត្រូវការ​កម្លាំង​ពលកម្ម​បរទេស​?
 
សកម្មភាពដ៏មមាញឹក នៅផ្សាមួយក្នុងទីក្រុងបាងកក។ REUTERS/Soe Zeya Tun

ចំនួន​មនុស្ស​ចាស់កាន់តែច្រើន ស្របនឹងអត្រាកំណើតធ្លាក់​ចុះ​ថមថយ បានរុញច្រានឱ្យ​ប្រទេស​ថៃ ចាំបាច់ពឹង​ផ្អែក​លើ​​កម្លាំងពលកម្មបរទេស ជា​ពិសេស​ពីប្រទេស​ជិត​ខាង​ ដើម្បី​អាច​ឱ្យ​ប្រទេស​មួយ​នេះ​បន្ត​​​វឌ្ឍនភាព​សេដ្ឋកិច្ចរបស់​ខ្លួន។

ផ្អែកតាម​ចំណាត់ថ្នាក់​នៃ​កម្រិត​អភិវឌ្ឍរបស់ធនាគារពិភពលោក ថៃស្ថិត​ក្នុង​ចំណោមក្រុម​ប្រទេស​កំពុង​អភិវឌ្ឍនៅឡើយ ក៏ប៉ុន្តែ ប្រទេស​អាស៊ី​មួយ​នេះត្រូវ​ប្រឈម​​នឹង​បញ្ហា​ដែល​កំពុង​កើត​មានឡើងនៅ​ប្រទេស​អ្ន​កមាន។ បញ្ហា​នោះ​ពាក់ព័ន្ធ​នឹងការកើនឡើងចំនួន​ពលរដ្ឋវ័យចំណាស់​កាន់តែច្រើន ​ក្នុង​របាយ​ប្រជាជន​សរុប។

ទិន្នន័យផ្លូវការ​ដោយ អង្គការសហប្រជាជាតិ បានបង្ហាញថា អត្រាកំណើតក្នុងប្រទេសថៃ បានធ្លាក់ចុះ ដល់កម្រិតមួយស្មើនឹងអត្រាកំណើតក្នុង​ប្រទេសស្វីស និងហ្វាំងឡង់ ដែលជាប្រទេសមានទ្រព្យស្ដុកស្ដម្ភបំផុត លើពិភពលោក​ ខណៈប្រទេស​ទាំងនេះ​ស្ទើរតែគ្មានអ្វីផ្សេងទៀតដូចគ្នា។

តួលេខ​នេះ​មានន័យថា ប្រជាជនថៃស្មើជាងមួយភាគបួននឹងមានអាយុលើសពី៦០ឆ្នាំ នៅ​ឆ្នាំ២០៣០ ហើយ ពួកគេ​ភាគច្រើនជាពលរដ្ឋ​ក្រីក្រ។ មូលនិធិរូបិយវត្ថុអន្ដរជាតិ​ (FMI) បានពន្យល់ថា កម្លាំងពលកម្មដែលកំពុងធ្លាក់ចុះរបៀបនេះ នឹងទាញ​ឱ្យ​កំណើនសេដ្ឋកិច្ចថៃធ្លាក់​ចុះ​ថមថយ អំឡុង​ពីរទសវត្សរ៍បន្ទាប់។

រហូតមកដល់បច្ចុប្បន្ន ការកើន​ឡើង​ចំនួន​មនុស្ស​ចាស់​យ៉ាង​ឆាប់រហ័សរបៀបនេះ គឺជាល័ក្ខខ័ណ្ឌមួយដែលជា​បញ្ហា​របស់​ប្រទេស​អ្នក​មាន ពីព្រោះអត្រាកំណើតទាបមាននិន្នាការស្រប​ជាមួយនឹងប្រាក់ចំណូលខ្ពស់។ ដរាបណា ចំណូលរបស់​ប្រជាជន​កើន​ឡើង ពួកគេមាន​និន្នាការ​បង្កើតកូន​តិចជាងមុន។ ក៏ប៉ុន្តែ មាន​ករណីលើកលែងនៅប្រទេស​ចិន ដោយសារ​គោលនយោបាយកូនមួយ តែ​រដ្ឋាភិបាល​ចិន​បាន​សម្រេច​លុបចោល​នៅឆ្នាំ២០១៥។ សម្រាប់​ករណី​ប្រទេស​ថៃ វា​ជា​បញ្ហា​ថ្មី​មួយ ព្រោះ​ប្រទេសអាស៊ីមួយនេះ​កំពុងក្លាយជាប្រទេសកំពុងអភិវឌ្ឍ​ដំបូងដែលមាន​មនុស្ស​ចាស់​ច្រើន មុនពេលដែលប្រទេសមួយនេះមានឱកាសរីកចម្រើនក្លាយ​ជាប្រទេស​អ្នក​មាន។

គួររំលឹក​ផងដែរថា កាល​ពីអតីតកាល អ្នក​ជំនាញ​សេដ្ឋកិច្ច បានសន្មតថា ចំនួនប្រជាជនកើនច្រើនហួសប្រមាណ អាចជាក្តីបារម្ភរបស់ពិភពលោក ក្នុងល័ក្ខខ័ណ្ឌប្រជាសាស្ត្រ។ ក៏ប៉ុន្តែ គំនិតនេះហាក់​មិន​ត្រឹមត្រូវ​ទេ រហូត​មកដល់​ពេល​បច្ចុប្បន្ន។

អំឡុង​រយៈពេល៥០ឆ្នាំចុងក្រោយ អត្រាកំណើតបានធ្លាក់ចុះនៅគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក។ ការផ្លាស់ប្តូរនេះ​បាននិងកំពុងកើតមានឡើង នៅពេលមនុស្សផ្លាស់ទៅរស់នៅទីក្រុង ខណៈស្ត្រីកាន់តែច្រើន មានលទ្ធភាពទទួលបានការអប់រំ និងការពន្យារកំណើត ។ ជាការពិត ចំនួនទារកតិច ជារឿង​ល្អ សម្រាប់គ្រួសារជាច្រើន និងបរិស្ថានផងដែរ ប៉ុន្តែ វាក៏មានផលវិបាកផងដែរ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ព្រោះថា ប្រទេស​មួយ​នឹងត្រូវ​មាន អ្នកប្រើប្រាស់ កម្លាំងពលកម្ម និង​អ្នកបង់ពន្ធ តិចជាងមុន។ លើសពីនេះ ប្រទេសនោះ​ក៏មានមនុស្សតិចជាងមុនផងដែរ ដើម្បី​ធ្វើការ​មើលថែទាំមនុស្សចាស់។

ចាប់តាំងពីឆ្នាំ២០០០ ប្រទេសថៃមាន​អត្រាប្រជាជន​ផ្លាស់ប្តូរទីលំនៅមក​ទីក្រុង​យ៉ាងឆាប់រហ័ស។ ​នេះ​ជាមូលហេតុដ៏ចម្បងមួយ ដែល​បានរុញច្រាន​ឱ្យ​អត្រាកំណើត​ធ្លាក់ចុះ។ អំឡុង​រយៈពេលជាងពីរទសវត្សរ៍ចុងក្រោយ អត្រាកំណើត​បន្តធ្លាក់ចុះពី ៦,៦ មកត្រឹម ២,២។

បច្ចុប្បន្ន អត្រា​កំណើតធ្លាក់​មកត្រឹមតែ១,៥។ វាជាអត្រា​មួ​យក្នុង​ចំណោមអត្រាទាបបំផុតលើពិភពលោក ពោល​គឺទាបជាប្រទេស​ចិន​ដែល​មាន​អត្រា១,៧។ អត្រា​នេះ​ទាបជាងអត្រាកំណើត២,១​ ដែលជាអត្រាកំណើតចាំបាច់ដើម្បី​អាច​រក្សាចំនួនប្រជាជនឱ្យមានឋិតថេរ។ អង្គការសហប្រជាជាតិបាន​ប៉ាន់ស្មានថា ការធ្លាក់ចុះអត្រាកំណើតក្នុងប្រទេសថៃ អាចបណ្តាលឱ្យប្រទេស​មួយ​នេះបាត់បង់ច្រើនជាងមួយភាគបីនៃប្រជាជនសរុបរបស់ខ្លួន នៅចុងសតវត្សរ៍នេះ។

លើសពីនេះ ប្រទេស​អាស៊ី​មួយ​នេះ​ក៏កំពុងប្រឈម​នឹង​កំណើនសេដ្ឋកិច្ច​ថមថយផងដែរ។ អត្រាកំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំជាមធ្យម បានធ្លាក់ចុះ ជារៀងរាល់ទសវត្សរ៍ ចាប់តាំងពីអំឡុង​ឆ្នាំ១៩៩០ ពីអត្រា៥,៣ភាគរយ មកត្រឹម​ ៤,៣ភាគរយ ចាប់ពីឆ្នាំ​២០០០។

ប្រឈម​នឹង​ការធ្លាក់​ចុះអត្រាកំណើត ការកើន​ឡើង​ចំនួនមនុស្សចាស់ និង​អត្រាកំណើនសេដ្ឋកិច្ចថមថយ រដ្ចាភិបាល​ថៃបាន​សម្រេចអនុវត្តគោល​នយោបាយបើកចំហ ចំពោះ កម្លាំងពលកម្មបរទេស ជា​ពិសេស​ពីប្រទេស​ជិត​ខាង ​ដើម្បី​រក្សា​​ការអភិវឌ្ឍសេដ្ឋកិច្ច។ នេះ​ជាឥរិយាបទមួយ​ដែល​កំពុង​អនុវត្ត​ ផងដែរនៅ​កូរ៉េខាងត្បូង និងជប៉ុន។ ជនបរទេសមានចំនួន១០ភាគរយនៃកម្លាំងពលកម្មសរុប ក្នុង​ប្រទេសថៃ ហើយ​ចំនួន​កាន់តែច្រើនជាង​នេះ សម្រាប់បណ្ដា​ក្រុមហ៊ុនធំៗ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ