ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT

រុស្ស៊ី​ឈ្នះ​អាមេរិក​ខាង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​ប្រទេសមួយ​នៅ​អាស៊ី​កណ្តាល

រុស្ស៊ី​ឈ្នះ​អាមេរិក​ខាង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​ប្រទេសមួយ​នៅ​អាស៊ី​កណ្តាល
 
លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine (រូបឆ្វេង) និង​សមភាគី​កៀហ្ស៊ីស៊ីស្ថានលោក Almazbek Atambayev REUTERS/Anatoly Maltsev/Pool

ឥទ្ធិពល​រុស្ស៊ី​លើ​រដ្ឋឯករាជ្យ​កៀហ្ស៊ីស៊ីស្ថាន​ត្រូវ​សន្មត​ថា ឈ្នះ​ឥទ្ធិពល​អាមេរិក ក្រោយ​ពី​ក្នុង​ខែ​កក្កដា​កន្លង​ទៅ រដ្ឋាភិបាល​ប្រទេស​នេះ​នៅ​តំបន់​អាស៊ីកណ្តាល​បាន​ហែក​ចោល​ជា​ឯកតោភាគី កិច្ចព្រមព្រៀង​ស្តីអំពី​សហប្រតិបត្តិការ​មួយ​អាមេរិក ចុះ​តាំង​ពី​ឆ្នាំ ១៩៩៣​ម៉្លេះ ហែកចោល​នេះ ជា​ប្រតិកម្ម​ទល់​នឹង​ក្រុង​វ៉ាស៊ីនតោន ដែល​បាន​ប្រគល់​រង្វាន់​ជា អ្នកការពារ សិទ្ធិមនុស្ស ឆ្នាំ២០១៥ ទៅ​មេប្រឆាំង​ម្នាក់ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ នៅ កៀហ្ស៊ីស៊ីស្ថាន។

ជ័យលាភីរង្វាន់​អាមេរិក​ជា “ អ្នកការពារ​សិទ្ធិមនុស្ស ឆ្នាំ២០១៥ “ គឺ​លោក Azimjan Askarov មាន​ដើមកំណើត ជា​ជាតិ អ៊ូសបេក ត្រូវ​បាន​តុលាការកំពូល​កៀហ្ស៊ីស កាត់ទោស ឲ្យ ជាប់គុក​មួយ​ជីវិត តាម​បទ​ចោទប្រកាន់​ថា បាន​ផ្លុំ​បញ្ឆេះ​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ជនជាតិ នៅ​តំបន់​ខាងត្បូង​ប្រទេស កាល​ពី​ឆ្នាំ ២០១០ និង​បាន​ប្រព្រឹត្ត​ឃាតកម្ម សម្លាប់​នគរបាល​ម្នាក់ ហើយ​បច្ចុប្បន្ន កំពុង​ជាប់ ក្នុង​ពន្ធនាគារ​នៅ​កៀហ្ស៊ីស៊ីស្ថាន។ អង្គការ Amnesty International ចាត់​ទុក ទណ្ឌិត​នេះ ដែល​ជា អ្នក​ការពារ​សិទ្ធិមនុស្ស ថា​ជា អ្នកទោស​នយោបាយ។

ដោយហេតុ​ថា​សាមីជន​នេះ មិន​អាច​ទៅ​ស.រ.អា. ដើម្បី​ទទួល​រង្វាន់​នោះ បាន​ជា​ថ្ងៃទី ២០​កក្កដា កន្លង​ទៅ ក្រសួង​ការបរទេស​អាមេរិក បាន​ប្រគល់​សញ្ញាប័ត្រ​ស្តីអំពី​រង្វាន់​នេះ នៅ​ឯ​ក្រុង វ៉ាស៊ីនតោន ទៅ​ក្នុង​ដៃ​កូនប្រុស​គាត់ ដែល​បាន​ទៅ​កាន់​ទីនោះ ជំនួសមុខ​ឲ្យ​ឱពុក​ខ្លួន។ នៅ​ថ្ងៃ​បន្ទាប់​មក ថ្ងៃទី២១​កក្កដា លោក​នាយក​រដ្ឋមន្ត្រី​កៀហ្ស៊ីស Temir Sariev បាន​ចុះ​ហត្ថលេខា លើ​អនុក្រិត្យ រំលាយ​ចោល​កិច្ចព្រមព្រៀង​ស្តី​អំពី​សហប្រតិបត្តិការ​ជាមួយ​ស.រ.អា.។

ជា​ការ​រំលឹក កិច្ចព្រមព្រៀង​នេះ ចុះ​ឆ្នាំ​១៩៩៣ តាំង​គោលដៅ ផ្តល់​ជំនួយ​មនុស្សធម៌ សេដ្ឋកិច្ច និង បច្ចេកទេស ដល់​ប្រជាជន​កៀហ្ស៊ីស៊ីស្ថាន ពី​ខាង ស.រ.អា.។ ឯកសារ​នេះ បើក​ផ្លូវ​ឲ្យ ទំនិញ របស់​កៀហ្ស៊ីស៊ីស្ថាន​នាំចូល​អាមេរិក ដោយ​ឥត​ហូត​ពន្ធគយ ឬ ពន្ធណា​ផ្សេង។ ព្រម​ជាមួយ នេះ បុគ្គលិក​ស៊ីវិល និង យោធា របស់​រដ្ឋាភិបាល​អាមេរិក​ដែល​ស្ថិត​នៅ​កៀហ្ស៊ីស៊ីស្ថាន ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ជួយ​ជ្រោមជ្រែង​ដល់​ប្រទេស​តំបន់​អាស៊ីកណ្តាល​នេះ ទទួល​លក្ខន្តិក​ស្មើ​នឹង អ្នកការទូត។

ក្រសួង​ការបរទេស​អាមេរិក បាន​សំដែង​នូវ​ការ​ខក​ចិត្ត ចំពោះ​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល កៀហ្ស៊ីស៊ីស្ថាន​ រំលាយ​ចោល​កិច្ចព្រមព្រៀង​ទ្វេភាគី​ចុះ​ឆ្នាំ​១៩៩៣​នោះ ដែល​ចែង អំពី​កម្មវិធី ផ្តល់​ដល់​ប្រទេស​នេះ​នៅ​តំបន់​អាស៊ីកណ្តាល គឺ​ជំនួយ ខាង​ប្រយុទ្ធ​ទល់​នឹង​ពួក​ជ្រុលនិយម ខាង​លើក កំណើន​សេដ្ឋកិច្ច​កៀហ្ស៊ីស ខាង​បង្កើត​កន្លែង​ធ្វើ​ការ​ថ្មីៗ ខាង​កែ​ឲ្យ​ប្រសើរ​ឡើង ប្រព័ន្ធ​សិក្សាធិការ និង ខាង​អភិវឌ្ឍន៍​ប្រជាធិបតេយ្យ​នៅ កៀហ្ស៊ីស៊ីស្ថាន​។

ទោះ​យ៉ាង​ណា​ក្តី ក៏​ក្រសួង​ការបរទេស​កៀហ្ស៊ីស៊ីស្ថាន ចោទ​ស.រ.អា. ថា​ចេះ​តែ​ប៉ុនប៉ង​ធ្វើ​ឲ្យ រង្គោះរង្គើ ដល់​ការ​ស្រុះស្រួល​រវាង​ជនជាតិ​ក្នុង​ប្រទេស​នេះ។ ប៉ុន្តែ​អ្នកជំនាញ​ជា​ច្រើន យល់​ថា ក្រុង Bichkek គ្រាន់​តែ​ចង់​បង្ហាញ​ថា កៀហ្ស៊ីស៊ីស្ថាន ប្តេជ្ញា​ដើរ​តាម​ផ្លូវ ធ្វើ​សហប្រតិបត្តិការ ជាមួយ​ប្រទេស​រុស្ស៊ី ហើយ​ការ​លុបចោល កិច្ចព្រមព្រៀង ជាមួយ​អាមេរិក ប្រហែល​ជា​ត្រូវ​បាន ក្រុង Bichkek អនុម័ត​ដោយ​មាន​ការ​សម្រប​យោបល់​ជាមួយ​ក្រុងម៉ូស្គូ​ទៅ​ផង។

បើ​អ៊ីចឹង​មែន នោះ​ជំហាន​នេះ របស់​ក្រុង Bichkek អាច​ត្រូវ​ចាត់​ទុក​ជា​ជ័យជំនះ​របស់​រុស្ស៊ី ក្នុង ការ​ប្រជែង​គ្នា​យូរ​មក​ហើយ ជាមួយ​អាមេរិក​ដើម្បី​ដណ្តើម​យក ឥទ្ធិពល​លើ​កៀហ្ស៊ីស៊ីស្ថាន។ ពិត​ជា​ដើម្បី​សម្រេច​គោលដៅ​នេះ ដែល​ម៉ូស្គូ ក្នុងឆ្នាំ២០១២ ថែម​ទាំង​បាន​លុប​ចោល​អស់​រលីង បំណុល​ជាច្រើន​រយលានដុល្លារ ដែល កៀហ្ស៊ីស៊ីស្ថាន​ជំពាក់​រុស្ស៊ី។ ក្រោយ​ពី​បាន​ប្រកាស​ឯករាជ្យ​ក្នុង​ឆ្នាំ១៩៩១ កៀហ្ស៊ីស៊ីស្ថាន អស់​ពេល​យ៉ាង​យូរ បាន​ប្រកាន់ ឥរិយាបទ​អព្យាក្រឹត នៅ​ចន្លោះ រវាង​រុស្ស៊ី​និង​អាមេរិក។ កៀហ្ស៊ីស៊ីស្ថាន​ថែម​ទាំង​បាន​ក្លាយ​ជា ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​លោក ដែល​បាន​អនុញ្ញាត ឲ្យ​មាន​នៅ​លើ​ដែនដី​ខ្លួន គឺ​មូលដ្ឋាន យោធា​អាមេរិក​ផង មូលដ្ឋាន​យោធា​រុស្ស៊ី​ផង។

ប៉ុន្តែ មូលដ្ឋាន​អាមេរិក ឈ្មោះ Manas ក្រោយ​ពី បាន​ចាប់​ដំណើរការ​ក្នុង​ឆ្នាំ២០០១ កន្លង​ផុត១៣ឆ្នាំ​មក ក៏​ត្រូវ​បាន​បិទ​ទៅ​វិញ ក្នុង​ឆ្នាំ២០១៤។ ឥឡូវ នៅ​សល់ គឺ​តែ មូលដ្ឋាន​យោធា​រុស្ស៊ី​ឈ្មោះ Kant នៅ​ចម្ងាយ២០គ.ម. ខាង​កើត​ពី រដ្ឋធានី Bichkek។ ចង្អុល​ឲ្យ​ឃើញ​ពី​របត់ ក្នុង​នយោបាយ​ក្រៅប្រទេស កៀហ្ស៊ីស៊ីស្ថាន ក៏​ទាំង​សញ្ញា​ខ្លះ​ទៀត បែប​យ៉ាង រលក​ឃោសនា​ប្រឆាំង​អាមេរិក នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កៀហ្ស៊ីស។ ក្រោយ​ពី​ឮ ដំណឹង​ស្តី​អំពី ការ​ប្រគល់​រង្វាន់​អាមេរិក​ដល់​លោក Askarov នោះ ទូរទស្សន៍ ទីភ្នាក់ងារ​ពត៌មាន កាសែត ដែល​អែប​ទៅ​ខាង​រដ្ឋាភិបាល បាន​នាំ​គ្នា​បរិហារ ជំហាន​អមិត្ត​របស់​ស.រ.អា. ហើយ ស្ងើចសរសើរ​ចម្លើយ​បក​វិញ ពី​ខាង​អាជ្ញាធរ​កៀហ្ស៊ីស។

កាណាល់​ទូរទស្សន៍​កៀហ្ស៊ីស ប៉ុស្តលេខ១ បាន​ផ្សាយ​ជាប់​រដឹក​សម្ភាសន៍​ប្លែកៗ ដែល គាំទ្រ​ការ​សម្រេចចិត្ត​ហែកចោល​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក។ សម្ភាសន៍​មួយ​បែប​នេះ ថែម​ទាំង​ចោទ​ស.រ.អា.ថា​តែង​បាន​ប្រើ​មូលដ្ឋាន Manas មិនគ្រាន់​តែ​ជា​ឈ្នាន់​សម្រាប់​ដឹក ស្បៀងយោធា ទៅ​ផ្គត់ផ្គង់​ដល់​កងកម្លាំង​អន្តរជាតិ​នៅ​អាហ្វហ្កានីស្ថាន​ប៉ុណ្ណោះ​ទេ តែ​ជា​ពិសេស គឺ ដើម្បី ឈ្លប យក​ការណ៍ ពី​ប្រទេស​ទាំង៥ នៅ​តំបន់​អាស៊ីកណ្តាល។ សញ្ញា​មួយ​ទៀត នៃ​ការ​ស្រុត​ចុះ​អាក្រក់​ទំនាក់ទំនង អាមេរិក-កៀហ្ស៊ីស៊ីស្ថាន គឺ​ការសម្រេច​របស់​ក្រុង Bichkek ភ្ជាប់​ខ្លួន​ទៅ​នឹង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី​ដែល​នាំ​មុខ ដោយ​រុស្ស៊ី។ គឺ​ចាប់​ពី​ថ្ងៃទី១​កក្កដា​ឆ្នាំ​នេះ​មក ដែល​កៀហ្ស៊ីស៊ីស្ថាន ក្លាយ​ជា​សមាជិក​ពេញសិទ្ធិ​នៃ​អង្គការ​នេះ ដែល​ឥឡូវ​រួម​ក្តោប​៥ប្រទេស គឺ រុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន អារមេនី និង កៀហ្ស៊ីស៊ីស្ថាន ហើយ​ដែល​តាំង​ពី​ដើម​ឆ្នាំ​នេះ​មក មាន​វៀតណាម បាន​ភ្ជាប់​ខ្លួន មក​នឹង​លំហ​ពាណិជ្ជកម្ម​សេរី​របស់​សហភាព​នេះ។

តាម​សម្តី​នាយករដ្ឋមន្ត្រី​រុស្ស៊ី ពី​ក្នុង​ចំណោម ៤០ប្រទេស​ដែល​បាន​សំដែង នូវ​បំណង​ភ្ជាប់​ខ្លួន​មក​នឹង​លំហ​នេះ​ដែរ ក៏​មាន​ទាំង ថៃ និង កម្ពុជា ដែល​បាន​ចាប់​ផ្តើម ធ្វើ កិច្ចចរចា ជា​បណ្តើរៗ​ទៅ​ហើយ។ មិន​តែ​ប៉ុណ្ណោះ ដោយ​មាន​រុស្ស៊ី​ជា​ឧទាហរណ៍ រដ្ឋសភា​កៀហ្ស៊ីស៊ីស្ថាន ត្រៀម​អនុម័ត​ច្បាប់ ដែល​តម្រូវ​ឲ្យ NGO ណា​ដែល​ទទួល​លុយ​ពី​ក្រៅ ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ក្រសួង​យុត្តិធម៌ ក្នុង​ឋានៈ ជា​ភ្នាក់ងារ​បរទេស៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ