ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 29/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 28/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 28/09 12h00 GMT
អាស៊ី

អឺរ៉ុប​ព្រួយបារម្ភ​ពី​ការ​ដែល​ចិន​បាន​ឃុំ​ជនជាតិ​ខ្លួន​ជា​ច្រើន​នាក់

media  
Logo ទូរទស្សន៍​រដ្ឋ​ចិន CCTV

នៅ​ថ្ងៃ​ពុធ ទី២០ មករា លោក Hans-Dietmar Schweisgut ឯកអគ្គរដ្ឋទូត​អឺរ៉ុប​បាន​សម្តែង​ក្តី​បារម្ភ​ជា​ពន់ពេក​ចំពោះ​ការ​ដែល​រដ្ឋអំណាច​ចិន​បាន​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​អឺរ៉ុប​ជា​ច្រើន​នាក់។ ក្តី​បារម្ភ​របស់​ប្រមុខ​ការទូត​អឺរ៉ុប​បាន​កើត​មាន​ឡើង បន្ទាប់​ពី​ទូរទស្សន៍​ចិន​បាន​ផ្សព្វផ្សាយ​កាល​ពី​រាត្រី​ថ្ងៃ​អង្គារ ទី១៩ មករា​នូវ​រូបភាព​សារភាព​របស់​សកម្មជន​សិទ្ធមនុស្ស​ជនជាតិ​ស៊ុយអែត​ម្នាក់​លោក Peter Dahlin។ លោក Peter Dahlin គឺ​ជា​បុគ្គលិក​ម្នាក់​បម្រើការ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ Chinese Urgent Action Working Group។

គឺ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​មួយ​ឈ្មោះ CCTV ដែល​លោក Peter Dahlin បាន​ប្រកាស​សារភាព​ថា សកម្មភាព​របស់​លោក​ពិត​ជា​បាន​រំលោភ​ច្បាប់​ចិន​មែន។ គួរ​រម្លឹក​ជូន​ថា សកម្មជន​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​ត្រូវ​បាន​ប៉ូលិស​ចិន​ឃាត់​ខ្លួន​កាល​ពី ២ សប្តាហ៍​មុន​នៅ​ឯ​អាកាសយានដ្ឋាន​ក្រុង​ប៉េកាំង​ក្នុង​ពេល​ដែល​លោក Peter ត្រៀម​ឡើង​យន្តហោះ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ថៃ។ មួយ​វិញ​ទៀត ការ​ចាប់​ខ្លួន​លោក Peter កាល​ណោះ​ក៏​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​រដ្ឋអំណាច​បាន​ចុះ​បោសសំអាត​ក្រុម​មេធាវី​ចិន​អ្នក​ការពារ​សិទ្ធិមនុស្ស។

លោក Peter បាន​បន្ថែម​នៅ​ក្នុង​សារ សារភាព​របស់​លោក​ដោយ​ធ្វើ​ការសុំទោស​អស់​ពី​ដួងចិត្ត​ចំពោះ​ទង្វើ​ដែល​លោក​គិត​ថា បាន​ធ្វើ​ឲ្យ​របួស​ផ្លូវចិត្ត និង​ផ្លូវអារម្មណ៍​របស់​ពលរដ្ឋ​ចិន។
 
ក្រៅ​ពី​វត្តមាន​រូប​សកម្មជន​ជនជាតិ​ស៊ុយអែត​លោក Peter ទូរទស្សន៍ CCTV ក៏​បាន​ចាក់​ផ្សាយ​រូបភាព​​សារភាព​របស់​សកម្មជន​ជនជាតិ​ចិន​ចំនួន​ពីរ​នាក់​ដែរ។ គួរ​ជម្រាប​ជូន​ថា​នៅ​ប្រទេស​ចិន ការ​ចាក់​ផ្សាយ​រូបភាព​សារភាព​របស់​ជនជាប់​ចោទ​ជា​រឿង​មួយ​ធម្មតា និង​ដែល​គេ​តែងតែ​ឃើញ​ជា​ញឹកញាប់​នៅ​មុន​បើក​សវនាការ​កាត់ទោស។ តែ​អ្វី​ដែល​គេ​កម្រ​ឃើញ​មាន​នោះ គឺ​ការ​ចាក់​ផ្សាយ​រូបភាព​សារភាព​របស់​ជនបរទេស​ពី​ទង្វើ​ដែល​រដ្ឋអំណាច​ចិន​ចាត់​ទុក​ជា​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ។
 
យ៉ាង​ណា​ក៏​ដោយ លោក​ឯកអគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​ក្នុង​ក្រុង​ប៉េកាំង​បាន​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត​នា​ល្ងាច​ថ្ងៃ​ពុធ ទី២០ មករា​ថា អឺរ៉ុប​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​រឿងអាស្រូវ​ដូច​ករណី​លោក Peter។ ចំណែក​ស្ថានទូត​ស៊ុយអែត​ប្រចាំ​ក្រុង​ប៉េកាំង​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​បន្ថែម​ទេ តែ​បាន​បញ្ជាក់​ពី​ការ​បន្ត​ធ្វើ​ការងារ​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន​លើ​សំណុំរឿង​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ