អានតួអត្ថបទ
អាស៊ី

WWF ៖ អាស៊ី​ជាដើមហេតុ​ដែល​អាច​នាំឲ្យ​វិនាស​សត្វ​រមាស​និង​ដំរី​នៅ​អាហ្វ្រិក

នៅក្នុង​របាយការណ៍​ចេញផ្សាយ នៅថ្ងៃ​ចន្ទ​នេះ អង្គការ​ការពារ​សត្វព្រៃ WWF បាន​ដៅ​ឈ្មោះ​ប្រទេស​មួយ​ចំនួន នៅ​អាស៊ី រួមមាន វៀតណាម ចិន​ ឡាវ និង​ថៃ ជាដើម ថា ​ជា​ដើមហេតុ ដែល​អាច​នាំឲ្យ​វិនាស​ផុតពូជ​សត្វ​រមាស និង​ដំរី នៅ​ក្នុង​ទ្វីបអាហ្វ្រិក។ ប្រទេស​ទាំងនេះ គឺ​ជាទីផ្សារ ឬ​ជា​ច្រក​ឆ្លងកាត់​នៃ​ការ​ជួញដូរ​ភ្លុក​ដំរី និង​កុយ​រមាស ដែល​នាំចូល​មក​ពី​ប្រទេស​នៅ​អាហ្វ្រិក។

ការបរបាញ់​សត្វរមាស​កើនឡើង ដោយសារ​តែ​​​ប្រជាជន​នៅ​អាស៊ី​ជឿថា​ កុយរមាសជា​ថ្នាំ​ស័ក្តិសិទ្ធិ
ការបរបាញ់​សត្វរមាស​កើនឡើង ដោយសារ​តែ​​​ប្រជាជន​នៅ​អាស៊ី​ជឿថា​ កុយរមាសជា​ថ្នាំ​ស័ក្តិសិទ្ធិ WWF-Canon/Martin Harvey
ផ្សាយពាណិជ្ជកម្ម

យោងតាម​របាយការណ៍​របស់​អង្គការ WWF ការ​ប្រមាញ់​សត្វដំរី ដើម្បី​យក​ភ្លុក នៅ​ក្នុង​ទ្វីបអាហ្វ្រិក​កំពុង​កើនឡើង​ដល់​កម្រិត​មួយ​ខ្ពស់​បំផុត គួរ​ឲ្យ​ព្រួយបារម្ភ។ ចំណែក​ឯ​សត្វរមាសវិញ កំពុង​តែប្រឈមមុខ​នឹង​ការ​វិនាស​ផុតពូជ។ កាល​ពី​ឆ្នាំ​២០១១​កន្លងទៅនេះ គ្រាន់តែ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មួយ មាន​សត្វរមាស​ចំនួន​ជិត​៤៥០​ក្បាល ត្រូវ​បាន​គេ​សម្លាប់ ដែល​ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​ឃើញមាន។ ភ្លុកដំរី និង​កុយរមាស ដែល​បាន​ពីការ​បរបាញ់​នេះ ត្រូវ​គេ​នាំចេញ​ដោយខុសច្បាប់​យក​ទៅលក់​នៅ​អាស៊ី។

នៅក្នុង​របាយការណ៍​ចេញផ្សាយ នៅថ្ងៃ​ចន្ទ​នេះ អង្គការ​ WWF បាន​ដៅឈ្មោះ​ វៀតណាម និង​ចិន ថាជា​ប្រទេស​​ដែល​ជាប់ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​សត្វព្រៃ​ច្រើន​ជាងគេ​បំផុត នៅលើ​ពិភពលោក។ វៀតណាម គឺ​ជា​ទិសដៅ​ធំបំផុត នៃ​ការជួញដូរ​កុយរមាស​ ហើយ​ចិន គឺ​ជាប់លេខមួយ​ខាង​ការជួញដូរ​ភ្លុកដំរី។ ចំណែក​ឡាវវិញ​ជាប់​លំដាប់​លេខ៣ ក្នុងឋានៈ​​ជា​ឈ្មួញកណ្តាល ដែល​ជាច្រក​ឆ្លងកាត់​នៃ​ការ​ជួញដូរ​ភ្លុកដំរី និង​កុយរមាស ពី​អាហ្វ្រិក​ មក​អាស៊ី។ ថៃ​ក៏​ត្រូវ​បាន​អង្គការ WWF រិះគន់​មិនតិច​ដែរ ដោយ​គេ​ឃើញ​មាន​ ភ្លុកដំរី​ខុសច្បាប់​ត្រូវបាន​គេ​ដាក់តាំងលក់​ដោយ​ចំហ នៅ​ក្នុង​តំបន់​ទេសចរណ៍ ហើយ​អាជ្ញាធរ​ថៃ​មិន​បាន​ចាត់វិធានការ​សមស្រប ដើម្បី​ទប់ស្កាត់ការ​ជួញដូរ​ទាំងនេះ​ទេ។

ទោះជាយ៉ាងណា របាយការណ៍​របស់​អង្គការ WWF ក៏​បាន​ធ្វើការ​កត់សម្គាល់​ជា​វិជ្ជមាន​ផងដែរ ទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ពីរ នៅ​អាស៊ី គឺ​ ឥណ្ឌា និង​នេប៉ាល់ ដែល​បាន​ព្យាយាម​ទប់ស្កាត់​​ប្រកបដោយ​ប្រសិទ្ធភាព នូវ​ការ​បរបាញ់​សត្វ​កម្រៗ ទាំង​​ដំរី រមាស និង​ខ្លា​។

គួរ​​បញ្ជាក់ថា កន្លងមក វិទ្យាស្ថាន​ឈ្មោះ Brookings Institutions ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​​វាយតម្លៃ​ថា គ្រាន់តែ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ ការ​ជួញដូរ​សត្វព្រៃ​ដោយ​ខុសច្បាប់ មាន​តម្លៃ​ជា​ទឹកប្រាក់​រហូតដល់ ៨ពាន់ ទៅ​ ១០ពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ។

នៅ​អាស៊ី គ្រប់គ្នា​ចង់​បាន​កុយរមាស ដោយ​ហ៊ាន​ទិញ​ក្នុង​តម្លៃ​ថ្លៃ ដោយសារ​តែ​គេនាំគ្នា​ជឿថា វាជា​ថ្នាំ​ស័ក្តិសិទ្ធិ​ សម្រាប់​ព្យាបាល​ជំងឺ​គ្រប់មុខ​ និង​​សម្រាប់​ជួយ​ខាង​ផ្លូវភេទ។ ប៉ុន្តែ នេះ​គ្រាន់តែ​ជា​​ជំនឿតៗគ្នា​ប៉ុណ្ណោះ ដោយ​​គេមិនដែល​ឃើញ​​មាន​ការសិក្សា​ស្រាវជ្រាវ​ណាមួយ មក​ធ្វើ​ជា​មូលដ្ឋាន​​ជាលក្ខណៈ​វិទ្យាសាស្រ្តនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ