អានតួអត្ថបទ

ប្រព័ន្ធផ្សព្វផ្សាយ​បរទេស​​៖ ​តុលាការខ្មែរក្រហម​ទទួល​ស្គាល់ជាលើកទី១ ​អំពើ​ប្រល័យពូជសាសន៍

ក្នុងឱកាស ដែលតុលាការកាត់ទោសសំណុំរឿងខ្មែរក្រហម ទើបតែបានចេញសាលដីកា ក្នុងសំណុំរឿង ០០២ ផ្នែកទី២ នេះ សូមងាកទៅក្រលេកមើល អំពីការចុះផ្សាយនានា នៃបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើន ទាក់ទិននឹងសាលដីកាកាត់ទោស នូួន ជា និង ខៀវ សំផង ក្នុងសំណុំរឿង ០០២/០២។

រូបថត កាត់ចេញ​ពី​គេហទំព័រ កាសែត Le Monde
រូបថត កាត់ចេញ​ពី​គេហទំព័រ កាសែត Le Monde RFI
ផ្សាយពាណិជ្ជកម្ម

លើកទីមួយ ដែលអង្គជំនុំជំរះទទួលស្គាល់ "អំពើប្រល័យពូជសាសន៍"

បណ្តាញព័ត៌មានបារាំង មិនថា​កាសែត វិទ្យុ ឬទូរទស្សន៍ទេ គឺគេបានចាប់អារម្មណ៍ជាខ្លាំង ទៅលើអង្គជំនុំជំរះ លើមេដឹកនាំសម័យខ្មែរក្រហម។ នៅព្រឹកថ្ងៃសុក្រនេះ កាសែតបារាំង សឹងតែទាំងអស់ បានចុះព្រោងព្រាត នៅលើទំព័រមុខ ស្តីពីសាលដីកា ដែលសាលាក្តីខ្មែរក្រហម ទើបតែបានប្រកាសនេះ។

អ្វីដែលជាការកត់សម្គាល់ទូទៅ របស់បណ្តាញព័ត៌មានអន្តរជាតិ គឺបានសង្កត់ធ្ងន់ថា តាមរយៈសាលដីកាសំណុំរឿង ០០២ ផ្នែកទី២ នេះ គឺវាជាលើកទីមួយហើយ ដែលអង្គជំនុំជំរះ បានប្រកាសទទួលស្គាល់ ថារបបខ្មែរក្រហម ពិតជាបានប្រព្រឹតិ្តអំពើប្រល័យពូជសាសន៍ពិតមែន។

កាសែត Le Monde បានសរសេរពន្យល់ថា៖ “វាគឺជាលើកទីមួយ ដែលគេប្រើពាក្យប្រល័យពូជសាសន៍ ដែលអំពើនេះ គឺរបបខ្មែរក្រហម បានធ្វើទៅលើប្រជាជនចាម ឬសហគម​ខ្មែរអ៊ីស្លាម និងទៅលើជនជាតិវៀតណាម”។ កាលពីក្នុងសំណុំរឿង ០០១ និង ០០២ ផ្នែកទី១ គឺតុលារការមិនបានប្រើពាក្យប្រល័យពូជសាសន៍ទេ គឺគេទទួលស្គាល់ត្រឹមថា ជាឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងមនុស្សជាតិ។

អំពើប្រល័យពូជសាសន៍ ធ្វើទៅលើជនជាតិចាម និងជនជាតិ​វៀតណាម

កាសែត Le Monde បានស្រង់ការសន្និដ្ឋាន របស់អង្គជំនុំជំរះ ថា៖ “អំពើប្រល័យពូជសាសន៍ ត្រូវបានគេរកឃើញថា ពិតជាមានពិតមែន”។ អំពើទាំងនោះ បានធ្វើទៅលើជនជាតិចាម និងជនជាតិវៀតណាម ព្រមទាំងសហគមជនជាតិដែលកាន់សាសនាផ្សេងៗ ព្រោះថាអំពើទាំងនោះ ធ្វើឡើងក្នុងគោលបំណង បោសសំអាតសង្គម និងដើម្បីកសាងសង្គមមួយ ដែលគ្មានសាសនា គ្មានជនជាតិភាគតិច គ្មានលក្ខណៈខុសគ្នា​នៃជាតិសាសន៍ និងវប្បធម៌ជាដើម។

កាសែត Le Monde ក៏ដូចជាកាសែត Le Figaro បានលើកឡើងផងដែរ អំពីតួលេខនៃជនរងគ្រោះ ដែល​ជាជនជាតិចាម។ ក្នុងចំណោមជនជាតិចាម ដែលរស់នៅក្នុងប្រទេសកម្ពុជា ចំនួន ៧សែននាក់ គឺមានយ៉ាងហោច ចន្លោះពី១សែន​ ទៅ៥សែននាក់ ដែលត្រូវបានរបបខ្មែរក្រហមសម្លាប់ រវាងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ចំណែក ទូរទស្សន៍France 24  វិញ បានផ្សាយសង្កត់ធ្ងន់ ទៅលើសកម្មភាពព្រៃផ្សៃជាច្រើន ដែលខ្មែរក្រហម បានធ្វើទៅលើជនជាតិចាម និងជនជាតិវៀតណាម។ ដោយយោងតាមសាក្សីជាង១០០នាក់ ដែលបានផ្តល់សក្ខីកម្ម នៅចំពោះមុខតុលាការ សកម្មភាពព្រៃផ្សៃទាំងនោះ មានដូចជា ការសម្លាប់ ដោយកាត់ក្បាល អំពើរំលោភសេពសន្ទវៈ ការចាប់បង្ខំឲ្យរៀបការ ព្រមទាំងការបរិភោគសាច់មនុស្សទៀតផង។

បណ្តាញព័ត៌មានធំៗ ជាភាសាអង់គ្លេស គឺមាន CNN និង BBC គឺសុទ្ធតែបានចុះផ្សាយទាំងអស់ ស្តីពីសាលដីកា ដែលគេទន្ទឹងរងចាំនេះ។ មិនខុស ពីបណ្តាញព័ត៌មានបារាំងទេ CNN និង BBC បានសង្កត់ធ្ងន់ដូចគ្នានៅក្នុងចំណងជើង របស់គេរៀងៗខ្លួន ថា ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ត្រូវបានអង្គជំនុំជម្រះ​វិសាមញ្ញ ក្នុងតុលាការកម្ពុជា ទទួលស្គាល់ ជាលើកទីមួយ។ នួន ជា និង ខៀវ សំផន ត្រូវបានអង្គជំនុំជំរះ កាត់ទោសឲ្យជាប់គុក មួយជីវិត ពីបទទទួលខុសត្រូវ លើអំពើប្រល័យពូជសាសន៍ ធ្វើទៅលើជនជាតិចាម និងជនជាតិវៀតណាម។

បណ្តាញព័ត៌មានទាំង២ បានឆ្លៀត សរសេររំលឹក អំពី ប្រវត្តិ និងការទទួលខុសត្រូវ របស់ នួន ជា និងខៀវ សំផន។ CNN សរសេរថា នួន ជា គឺជាបងធំទី២ នែរបបខ្មែរក្រហម ពោលគឺមានអំណាចធំ បន្ទាប់ពីប៉ុលពត។ នួន ជា បានទទួលស្គាល់ នូវការទទួលខុសត្រូវផ្នែកស្មារតី ទាក់ទិននឹងសកម្មភាពទាំងឡាយ ដែលកើតឡើង ក្នុងសម័យខ្មែរក្រហម ក៏ប៉ុន្តែ នួន ជា នៅតែអះអាងជានិច្ច ថា ខ្លួន ស្អាត ស្អំ។ ចំណែកខៀវ សំផនវិញ បានបដិសេធ ជានិច្ចដែរ ថាខ្លួនមិនបានដឹងឮអ្វីទាំងអស់ ស្តីពីការកាប់សម្លាប់។ អ្វីដែលខ្លួនធ្វើ គឺដើម្បីតែរំដោះប្រទេសជាតិ ចេញពីក្រញ៉ាំចក្រព័ទ្ធនិយម ចេញពីភាពក្រីក្រ និងកសាងប្រទេសឲ្យរឹងមាំដើម្បីកុំឲ្យប្រទេសជិតខាងឈ្លានពាន។

CNN បានចុះផ្សាយបន្តថា តែដល់ដំណាក់កាលចុងក្រោយ នៃការជំនុំជំរះនេះ គេសង្កេតឃើញ ខៀវ សំផង ហាក់ដូចជាសំដែងការសោកស្តាយខ្លះ តាមរយៈការសំណូមពរឲ្យនិមន្តព្រះសង្ឃមកសូត្រមន្ត ដើម្បីឧទ្ទិសកុសលបាំងសុកូល ជូនវិញ្ញាណខន្ធអ្នកស្លាប់។ រីឯ នួន ជា វិញ បានសម្តែងកាយវិការ ក្រអឺតក្រទម មិនខ្វល់ និងការប្រកាសសាលដីកានេះទេ ព្រោះនួន ជា មិនបានផ្តល់សារៈសំខាន់ ដល់អង្គជំនុំជំរះនេះឡើយ តាំងតែពីដំបូងមក។

“៣០០លានដុល្លារ មិនច្រើនទេ សម្រាប់ការស្វែងរកយុត្តិធម៌ ជូនអ្នកស្លាប់ជិត២លាននាក់”

ជាទូទៅ បណ្តាញព័ត៌មានបរទេស ចោទសួរជានិច្ច ថា តើប្រទេសកម្ពុជាបច្ចុប្បន្ននេះ បានទទួលផលអ្វីខ្លះ ពីការជំនុំជំរះទាំងនេះ។ នៅតាមវិទ្យុ និងទូរទស្សន៍បារាំង ភាគច្រើន គេបានជជែក អំពីថាតើ ហេតុអ្វីបានដំណើរការជំនុំជំរះ ស្វែងរកយុត្តិធម៌ ទាក់ទិននឹងសម័យ​ខ្មែរក្រហមនេះ មានដំណើរការ​រតឹងតែង និងអូសបន្លាយយូរឆ្នាំដូច្នេះ។ ហើយអ្នកខ្លះវិញ គេចោទសួរ ថាតើ ប្រជាជនខ្មែរ ជាពិសេសយុវជនខ្មែរ ដែលកើតជំនាន់ក្រោយសង្រ្គាម បានដឹងបានឮ ឬតាមដានដំណើរការកាត់ទោសនេះ បានទូលំទូលាយកម្រិតណា។

កាសែតបារាំង ទាំងអស់ បានលើកឡើងដូចៗគ្នាថា នេះអាចប្រហែលជាសាលដីកាចុងក្រោយហើយ ដែលប្រកាសទោស ទៅលើមេខ្មែរក្រហម។ ព្រោះថាក្នុងចំណោម ជនជាប់ចោទ គឺ​នៅសល់តែ ខៀវ សំផន និងនួន ជា នេះទេ ដែលនៅរស់។ ទោះបីជានៅមានមេខ្មែរក្រហមផ្សេងទៀតក៏ដោយ តែនាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន បានប្រកាសរួចហើយ ថានឹងគ្មានការចោទប្រកាន់ទៅលើអ្នកណាផ្សេងទៀតទេ។

កាសែតLe Figaro បានស្រង់ប្រសាសន៍លោក ឆាំង យក់ ដែលបានលើកឡើងថា សាលដីកានេះ មានសារៈសំខាន់ណាស់ ព្រោះវានឹងអាចជួយបិទស្នាមរបួសផ្លូវចិត្ត និងស្លាកស្នាមប្រវត្តិសាស្ត្រដ៏ខ្មៅងងិត របស់កម្ពុជា។ លោក David Scheffer អ្នកជំនាញរបស់អង្គការសហប្រជាជាតិ ក៏បានលើកឡើងដែរថា សាលដីកានេះ មានខ្លឹមសារ និងមានទំងន់ធ្ងន់ណាស់ សម្រាប់កម្ពុជា និងសម្រាប់ប្រព័ន្ធយុត្តិធម៌អន្តរជាតិ ហើយវានឹងត្រូវកត់ត្រាលើទំព័រប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។

លោក Phil Robertson តំណាងHuman Rigths Watch ប្រចាំអាស៊ី បាននិយាយប្រាប់CNN ថា ពិតណាស់ គ្រប់គ្នាសុទ្ធតែបានទទួលស្គាល់ អំពីសារៈសំខាន់នៃសាលដីកានេះ។ ចំណែកលោក Craig Etcheson អតីតចៅក្រមស៊ើបអង្កេត នៃសាលាក្តីខ្មែរក្រហម បានអះអាងថា តុលាការនេះ បានចំណាយប្រាក់ប្រមាណ៣០០លានដុល្លារ។ ទឹកប្រាក់ប៉ុណ្ណេះ មិនថ្លៃទេ សម្រាប់ការស្វែងរកយុត្តិធម៌ ជូនដល់ជនរងគ្រោះ ប្រមាណជិត២លាននាក់ ដែលបានស្លាប់បាត់ជីវិត ដោយស្នាដៃ របស់របបខ្មែរក្រហមនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ