អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង ធ្វើ​បុណ្យ​រំលឹក​ខួប​ទី​៧០​ ដោយ​ពុំមាន​បង្ហាញ​មីស៊ីល​បាលីស្ទីក

ថ្ងៃទី៩ កញ្ញានេះ ប្រទេសកូរ៉េខាងជើង បានធ្វើពិធីដង្ហែរក្បួនព្យុហយាត្រាយោធាដ៏ធំ ដើម្បីរំលឹកខួបទី៧០ឆ្នាំ នៃការបង្កើតសាធារណៈរដ្ឋ ប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ។ អ្វីដែលជាការកត់សំគាល់ ខុសពីសព្វមួយដង គឺរបបព្យុងយ៉ាង មិនបានដង្ហែរបង្ហាញ កំាំច្រួចមីស៊ីលបាលីស្ទីក ដូចកាលពីលើកមុនទេ។​ ដែលនេះហាក់មានន័យថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មានបំណងកាត់បន្ថយ ការបង្ហាញសាច់ដុំ កំញើញ ហើយងាកមកជំរុញការចរចាផ្លូវទូតវិញ។

មន្ត្រីទ័ពកូរ៉េខាងជើង នៅពីមុខបដារូបថតរបស់អតីតប្រមុខដឹកនាំ គីម អ៊ីលស៊ុង និងកូនប្រុស គីម ជុងអ៊ីល។ ថ្ងៃទី៩ កញ្ញា ២០១៩
មន្ត្រីទ័ពកូរ៉េខាងជើង នៅពីមុខបដារូបថតរបស់អតីតប្រមុខដឹកនាំ គីម អ៊ីលស៊ុង និងកូនប្រុស គីម ជុងអ៊ីល។ ថ្ងៃទី៩ កញ្ញា ២០១៩ Reuters
ផ្សាយពាណិជ្ជកម្ម

បីឆ្នាំក្រោយពេលសហភាពសូវៀត និងសហរដ្ឋអាមេរិក បានយល់ព្រមគ្នា ពុះចែកឧបទ្វីបកូរ៉េជាពីរ សាធារណៈរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ បានចាប់បដិសន្ធិជាផ្លូវការ ក្រោមការដឹកនាំរបស់សេនាប្រមុខគីម អ៊ីលស៊ុង នៅថ្ងៃទី៩ កញ្ញា ១៩៤៨។ ថ្ងៃនេះ គឺជាខួបលើកទី៧០ នៃការកកើតរបបកុម្មុយនីស្តិនេះ។ ដូចរៀងរាល់ឆ្នាំ ក្បួនព្យុហយាត្រាយោធា ក្រោមស្លាកជ័យឃោស បែបកុម្មុយនីស្ត ត្រូវបានគេរៀបចំឡើង នៅក្រុងព្យុងយ៉ាង។

កងព្យុហយាត្រាជាច្រើនក្រុម មានរថក្រោះ កងកំភ្លើងធំ យន្តហោះប្រដេញ ហោះបញ្ចេញផ្សែងពណ៌ខៀវក្រហមស តំណាងឲ្យទង់ជាតិកូរ៉េខាងជើង និងហោះតំរៀបគ្នាជាលេខ៧០ ក្រោមសម្លេងហោរ កងរំពង នឹងទឹកមុខញញឹម របស់លោក គីម ជុងអ៊ុន។ តែជាការការគួរភ្ញាក់ផ្អើល ក្នុងពិធីនេះ គឺពុំឃើញមានការដង្ហែរបង្ហាញ កាំជ្រួចមីស៊ីលបាលីស្ទីក បំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ ហើយដែលកូរ៉េខាងជើងអួតថាអាចហោះទៅដល់ដីអាមេរិកនោះទេ។

គេសង្កេតឃើញ មានតែមីស៊ីលបាញ់ផ្លោងនាវាក្នុងសមុទ្រ ប្រភេទ Kumsong-3 និងប្រព័ន្ធបាញ់មីស៊ីល ដី-មេឃ ឈ្មោះ Pongae-5 តែប៉ុណ្ណោះ ដែលគេតាំងបង្ហាញក្នុងពិធីនេះ។ ចំណែក មីស៊ីលអន្តរទ្វីប Hwasong-14 និង 15 គឺមិន​ត្រូវបានគេយកមកបង្ហាញទេ។

លោក Chad O’Carroll នាយកវិទ្យាស្ថានស្រាវជ្រាវស្តីពីហនិភ័យនៃឧបទ្វីបកូរ៉េ បានលើកឡើងថា ពិធីព្យុហយាត្រាលើកនេះ លោកយល់ថា កូរ៉េខាងជើង ហាក់មានបំណងកាត់បន្ថយ មិនអួតសំញែញគ្រឿងសព្វាវុធយោធារបស់ខ្លួន ខ្លាំងហួសហេតុពេក។ លោកបន្តថា ការដែលគ្មានវត្តមានមីស៊ីលបាលីស្ទីក​អន្តរទ្វីប​ គឺមានន័យថាកូរ៉េខាងជើង ចង់ប្រាប់ថាខ្លួន មានបំណងសម្រេចជោគជ័យតាមផ្លូវចរចាការទូត ដើម្បីរំសាយអាវុធនុយក្លេអ៊ែរ។

ជាការកត់សំគាល់ផងដែរ ក្បួនព្យុហយាត្រាលើកនេះ បានលើកកំពស់សារសំខាន់មួយ ដែលជាទិសដៅផែនការរបស់របបនេះ គឺការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិយម ព្រមទាំងការអំពាវនាវ ឲ្យបង្រួបបង្រួមកូរ៉េទាំង២ជាដើម។

Kim Jung Un និង Li Zhanshu តំណាងការិយាល័យមជ្ឈឹមបក្សកុម្មុយនីស្ត​ចិន ​លើកដៃ​អបអរ​ក្បូន​ព្យុហយាត្រា ថ្ងៃទី៩​ កញ្ញា ​២០១៨។
Kim Jung Un និង Li Zhanshu តំណាងការិយាល័យមជ្ឈឹមបក្សកុម្មុយនីស្ត​ចិន ​លើកដៃ​អបអរ​ក្បូន​ព្យុហយាត្រា ថ្ងៃទី៩​ កញ្ញា ​២០១៨។ Reuters

ចំណែកភ្ញៀវសំខាន់ ដែលមានវត្តមានអង្គុយជាប់នឹងគីម ជុងអ៊ុន ក្នុងពិធីនេះ គឺ លោក Li Zhanshu សមាជិកការិយាល័យមជ្ឈឹមបក្សកុម្មុយនិស្តិចិន និងជាតំណាងពិសេស របស់លោក ប្រធានាធិបតី ស៊ី ជីនពីង។ គេឃើញ លោកគីម ជុងអ៊ុន បានចាប់ដៃលោក Li Zhanshu លើកឡើងទៅលើ ដើម្បីអបអរក្បូនព្យុះហយាត្រា ដែលនេះ មានន័យថា មេដឹកនាំកូរ៉េខាងជើង ចង់បង្ហាញថា បើគ្មានការគាំទ្រពីចិន ក៏របប​កូរ៉េខាងជើង មិនអាចរស់ដល់ពេលនេះដែរ។ បើតាមអ្នកជំនាញ គីម ជុងអ៊ុន កំពុងត្រូវការអន្តរាគមន៍ពីចិន ក្នុងដំណើរការចរចា និងអភិវឌ្ឍន៍សេដ្ឋកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ