អានតួអត្ថបទ

កូរ៉េខាងជើង​ប្រាប់ឲ្យ​ប្រយត្ន័ បើ​អាមេរិក និង​កូរ៉េ​ខាងត្បូង ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា

ក្រសួងការបរទេស​កូរ៉េខាងជើង បានប្រកាស កាលពីថ្ងៃអង្គារ ទី​១៦កក្កដា ដោយបានលើកឡើង សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ត្រូវតែឈប់ធ្វើ​សមយុទ្ធយោធា ពុំនោះទេកូរ៉េខាងជើង ក៏នឹងអាចចាប់ផ្តើមធ្វើការសាកល្បងមីស៊ីល ឡើងវិញដែរ។ គួរកត់សំគាល់ថា នេះជាលើកទីមួយហើយ ដែលកូរ៉េខាងជើង ចេញមុខគំរាម ទាក់ទិននឹងសមយុទ្ធយោធា រវាងកងទ័ព​កូរ៉េខាងត្បូង និងកងទ័ពអាមេរិក បន្ទាប់ពីលោកដូណាល់ ត្រាំ បានធ្វើដំណើរទៅជួបនឹងលោក​ គីម ជុងអ៊ុន កាលពី​ខែ​ចុងមិថុនា។

គីម ជុងអ៊ុន និង​ ដូណាល់ ត្រាំ នៅតំបន់ទំលាក់អាវុធ ព្រំដែន​រវាង​កូរ៉េ​ទាំង២។  ថ្ងៃទី​​៣០មិថុនា ២០១៩​
គីម ជុងអ៊ុន និង​ ដូណាល់ ត្រាំ នៅតំបន់ទំលាក់អាវុធ ព្រំដែន​រវាង​កូរ៉េ​ទាំង២។ ថ្ងៃទី​​៣០មិថុនា ២០១៩​ AFP
ផ្សាយពាណិជ្ជកម្ម

តាមរយៈទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់ឲ្យដឹងថា បើសិនជាងនឹង​មានការធ្វើសមយុទ្ធយោធារួមគ្នា រវាងកងទ័ពអាមេរិក និងកងទ័ពកូរ៉េខាងត្បូងមែននោះ នោះវានឹងធ្វើឲ្យប៉ះពាល់ខ្លាំង ដល់ការនិយាយចរចាគ្នា រវាងកូរ៉េខាងជើង និងអាមេរិក។ អ្នកនាំពាក្យដដែល បន្ថែមថា ផែនការធ្វើសមយុទ្ធនៅខែសីហាខាងមុខ គឺវានឹងរំលោភបំពាន​ ទៅលើខ្លឹមសារនៃការប្រកាសរួមគ្នា របស់លោកប្រធានាធិបតីអាមេរិក និងប្រមុខដឹកនាំកូរ៉េខាងជើង នៅឯសិង្ហបុរី។

ជាចុងក្រោយ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានលើកឡើងថា ការដែលសហរដ្ឋអាមេរិក ក្បត់ពាក្យសម្តី ក្បត់សន្យា​បន្តិចម្តងៗ គឺវាធ្វើ​ឲ្យ​កូរ៉េខាងជើង មិនអាចបន្តគោរព​សន្យាតែម្នាក់ឯងបានទេ ព្រោះការសាកល្បងមីស៊ីល​របស់កូរ៉េខាងជើង មួយ​រយៈ​ចុងក្រោយនេះ ត្រូវបានផ្អាក ក៏ព្រោះតែកូរ៉េខាងជើងគោរពសន្យា។

សូមរំលឹកថា កាលពីខែមេសា ឆ្នាំ២០១៨ លោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន បានជួបគ្នាជាលើកទីមួយ នៅប្រទេសសិង្ហបុរី។ ក្នុងឱកាសនោះមេដឹកនាំទាំងពីរ បានធ្វើការប្រកាសរួមគ្នា ថានឹងចរចាគ្នា ដើម្បី​បិទបញ្ចប់ជម្លោះប្រវត្តិសាស្ត្រ ព្រមទាំងបញ្ហារំសាយកម្មវិធីនុយក្លេអ៊ែរ។ លោកដូណាល់ ត្រាំ បានអះអាងថា សមយុទ្ធយោធារួមគ្នា រវាងកងទ័ពកូរ៉េខាងត្បូង និង​កងទ័ពអាមេរិក ត្រូវតែផ្អាក ព្រោះវាមានលក្ខណៈពន្យុះនិងគំរាមទៅលើកូរ៉េខាងជើង។

គួរកត់សំគាល់ថា ទាហានអាមេរិក​ឈរជើងនៅ​កូរ៉េខាងត្បូង មានចំនួន​ប្រមាណ​៣ម៉ឺននាក់។ កន្លងមក​ សមយុទ្ធយោធារបស់កងទ័ពអាមេរិក និងកងទ័ពកូរ៉េខាងត្បូង តែងតែទទួលបាន​នូវការតវ៉ា ពីកូរ៉េខាងជើង ដែលចាត់ទុកវាថា គឺជាការហាត់សម ដើម្បីចូលទៅវាយសង្រ្គប់ ផ្តួលរំលំរបបកូរ៉េខាងជើង។

កាលពីថ្ងៃទី​៣០មិថុនា លោកដូណាល់ ត្រាំ បានទៅជួបនឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅឯចំណុចព្រំដែន ពុះចែកកូរ៉េទាំង២។ តាមរយៈជំនួបដោយឥតព្រៀងទុកនេះ មេដឹកនាំទាំងពីរចង់បង្ហាញថា អាមេរិក និងកូរ៉េខាងជើង មានចេតនា​ចរចា ដើម្បីជានាគ្នា។ ក្នុងន័យនេះ ការធ្វើសមយុទ្ធយោធារួមគ្នា រវាងកងទ័ពអាមេរិក និងកូរ៉េខាងត្បូង គឺពិតជាមិន​មានផលចំណេញទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ