អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាង​ជើង​សុំ​បន្តចរចា ទាំង​អះអាង​ថា ខ្លួន​មិន​បាន​សុំឲ្យ​ដក​ទណ្ឌកម្ម​ទាំងស្រុង​ទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

២ថ្ងៃក្រោយជំនួបកំពូលបរាជ័យ រវាងលោកដូណាល់ ត្រាំ និង មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅទីក្រុងហាណូយ ដំណឹងផ្សេងៗ បានលេចចេញបន្តិចម្តងៗ ស្តីពីខ្លឹមសារនៃការចរចារវាងភាគីទាំង២ ព្រមទាំងមូលហេតុ ដែលធ្វើឲ្យជំនួបកំពូលនេះ ត្រូវបរាជ័យ។​ ភាគីអាមេរិក បានអះអាងជាបន្តបន្ទាប់ថា កូរ៉េខាងជើង​បានទាមទារ ឲ្យដកទណ្ឌកម្មសេដ្ឋកិច្ចទាំងស្រុង មុននឹងសម្រេចរំសាយកម្មវិធីនុយក្លេអ៊ែរ។ តែរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានបញ្ជាក់ថា ភាគីខ្លួន មិនបានទាមទារដូច្នោះទេ។

គីម ជុងអ៊ុន និង ដូណាល់ ត្រាំ នៅហាណូយ ព្រឹកថ្ងៃទី​២៨ កុម្ភៈ ២០១៩
គីម ជុងអ៊ុន និង ដូណាល់ ត្រាំ នៅហាណូយ ព្រឹកថ្ងៃទី​២៨ កុម្ភៈ ២០១៩ REUTERS/Leah Millis
ផ្សាយពាណិជ្ជកម្ម

អាមេរិកថា កូរ៉េខាងជើងសុំឲ្យដកទណ្ឌកម្ម តែខ្លួនមិនរំសាយកម្មវិធីនុយក្លេអ៊ែរទាំងស្រុងទេ

ភ្លាមៗក្រោយការបិទបញ្ចប់ជំនួបកំពូលទាំងបរាជ័យ នៅក្រុងហាណូយ កាលពីថ្ងៃពុធ ទី២៧កុម្ភៈ យើងបានដឹងដំណឹងត្រួសៗ ថាភាគីទាំង២ បាននិយាយមិនចុះសម្រុងនឹងគ្នាទេ។ សំណុំរឿងស្នូលនោះ គឺការរំសាយកម្មវិធីនុយក្លេអ៊ែរ​ របស់កូរ៉េខាងជើង និងការដកទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក ចេញពីកូរ៉េខាងជើង។ តែយើងមិនដឹងថា ភាគីនីមួយៗ ទាមទារអ្វីខ្លះឲ្យពិតប្រាកដទេ។

នៅថ្ងៃព្រហស្បតិ៍ទី២៨កុម្ភៈ មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រសួងការបរទេសអាមេរិក បានលើកឡើងថា ក្នុងពេលប្រជុំ អង្គុយទល់មុខគ្នានៅហាណូយ លោកដូណាល់ ត្រាំ បាននិយាយទៅកាន់ គីម ជុងអ៊ុនថា មានប៉ុន្មានក្នុងហោប៉ៅ ដាក់មកទាំងអស់មកចុះ ហើយអាមេរិក ក៏ហ៊ានដាក់ទាំងអស់ដែរ។

មន្ត្រីអាមេរិក ដែលសុំមិនបញ្ចេញឈ្មោះរូបនេះនិយាយបន្តថា អាមេរិក ត្រូវការឲ្យកូរ៉េខាងជើង យកបញ្ហាអាវុធនុយក្លេអ៊ែរ មកដាក់លើតុ ដើម្បីនិយាយគ្នា។ តែកូរ៉េខាងជើង បានស្នើសុំឲ្យអាមេរិក ដកទណ្ឌកម្មសេដ្ឋកិច្ចចេញខ្លះ។ ហើយព្រមជាមួយគ្នានេះ កូរ៉េខាងជើងមិនសុខចិត្តបោះបង់ ឬរំសាយចោលកម្មវិធីនុយក្លេអ៊ែរទាំងស្រុងទេ។ ដូច្នេះ សម្រាប់អាមេរិក គឺមានន័យ ដូចអាមេរិកធ្វើកាដូឲ្យកូរ៉េខាងជើង រាប់ពាន់លានដុល្លារ ដើម្បីឲ្យរបបនេះ មានលទ្ធភាពមានចំណូល យកទៅចំណាយក្នុងការផលិតអាវុធ​នុយក្លេអ៊ែរ ដដែល។ ត្រង់នេះហើយ បានជាលោកដូណាល់ ត្រាំ បានសម្រេចចិត្តដើរចេញ​ពី​តុចរចា។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងថា ភាគីខ្លួនសុំដកទណ្ឌកម្មខ្លះ ហើយសុខចិត្តបិទស្ថានីយ៍Yongbyon

ជារឿងកម្រដែរ ដែលរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង បានកោះហៅអ្នកកាសែតបរទេស​មួយចំនួន ដែលនៅសេសសល់ នៅក្រុងហាណូយ កាលពីយប់ថ្ងៃពុធ ក្រោយពីជំនួបកំពូលបានបិទបញ្ចប់យ៉ាងទាន់ហន់។ លោក Ri Yong Ho បាននិយាយថា កូរ៉េខាងជើង បានសុំឲ្យអាមេរិក ដកទណ្ឌកម្ម តែមួយផ្នែកតូចតែប៉ុណ្ណោះ។ ​ជាថ្នូរវិញ កូរ៉េខាងជើង សុខចិត្ត បិទជារៀងដរាប និងរុះរើចោលទាំងស្រុង នូវស្ថានីយ៍នុយក្លេអ៊ែរ តំបន់ Yongbyon ក្រោមការត្រួតពិនិត្យ ពី​អ្នកជំនាញអាមេរិក។ សម្រាប់កូរ៉េខាងជើង នេះជាការដោះដូរ ដោយស្មើភាព និងសមហេតុផល។

ក៏ប៉ុន្តែសម្រាប់ភាគីអាមេរិកវិញ គឺវាមិនគ្រប់គ្រាន់ទេ។ មន្ត្រីអាមេរិក ដែលមានចំណែកក្នុងការចរចាដែរ បានលើកឡើងថា កូរ៉េខាងជើងបានស្នើថាបិទតែមួយផ្នែក នៃស្ថានីយ៍​នុយក្លេអ៊ែរ Yongbyon នេះតែប៉ុណ្ណោះ។ ស្ថានីយ៍ Yongbyon នេះ មានទំហំធំណាស់ ប្រមាណ​ជា៨គីឡូម៉ែត្រការ៉េ ស្ថិតនៅចំងាយជាង១០០គីឡូម៉ែត្រ ខាងជើងក្រុងព្យុងយ៉ាង។ វាជាស្ថានីយ៍នុយក្លេអ៊ែរទីមួយរបស់កូរ៉េខាងជើង ដែលចាប់ផ្តើម​​ធ្វើការចម្រាញ់ធាតុ ព្លុយតូនីញ៉ូម និងធាតុ​អ៊ុយរ៉ានីញ៉ូម នៅឆ្នាំ១៩៨៦។

លោក Siegfried Hecker អ្នកជំនាញនៃមជ្ឈមណ្ឌល Stanford ដើម្បីសន្តិសុខ និងសហប្រតិបត្តិការអន្តរជាតិ ហើយដែលបានទៅដល់ទីតាំងនោះចំនួន៤ដង បានលើកឡើងថា ស្ថានីយ៍នុយក្លេអ៊េរ Yongbyon នេះ មាន​សំណង់អាគារនិងហេដ្ឋារចនាសម្ព័ន្ធ សរុបមិនតិចជាង៣០០ទីតាំងទេ។ ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានីយ៍នេះ កាន់តែរីកធំ និងមានសកម្មភាព​កាន់តែខ្លាំង។ ក្នុងរវាងឆ្នាំ២០១៨ អ្នកជំនាញរូបនេះសន្និដ្ឋានថា ស្ថានីយ៍នេះបាន​ចំរាញ់សារធាតុគ្រាប់គ្រាន់ ដើម្បីផលិតគ្រាប់បែកបរមាណូ បាន​យ៉ាងហោច ក៏ ៥ ទៅ ៧គ្រាប់។

កូរ៉េខាងជើង មានស្ថានីយ៍ផលិតនុយក្លេអ៊ែរ ច្រើនកន្លែង

ទោះបីជាបិទ ស្ថានីយ៍ Yongbyon នេះមែន តែក៏មិនមែនមានន័យថា កូរ៉េខាងជើង មិនមានស្ថានីយ៍នុយក្លេអ៊ែរ នៅ​កន្លែងផ្សេងទៀតនោះទេ។ ត្រង់នេះហើយ ដែលភាគីអាមេរិក សម្លឹងឃើញថា កូរ៉េខាងជើងចង់លេងខ្សែលើ។ បិទស្ថានីយ៍ Yongbyon នេះមួយ មិនមែនមានន័យថា​ កម្មវិធីផលិតនុយក្លេអ៊ែរ របស់កូរ៉េខាងជើង នឹងត្រូវបិទទាំង​ស្រុងទេ។

បើតាមប្រភពពីអ្នកជំនាញស៊ើបការណ៍សម្ងាត់ របស់អាមេរិក បានឲ្យដឹងថា យ៉ាងហោងណាស់ កូរ៉េខាងជើង មានស្ថានីយ៍ចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូម និងព្លុយតូនីញ៉ូម ចំនួន​២កន្លែង​ទៀត។​ មួយឈ្មោះ ស្ថានីយ៍ Kangson ស្ថិតនៅជាយក្រុងព្យុងយ៉ាង និងមួយទៀត ជាទីតាំងសម្ងាត់ នៅតំបន់ភ្នំដែលមិនទាន់អាចដឹង ថានៅត្រង់ណាពិតប្រាកដទេ។

បិទស្ថានីយ៍ Yongbyon នេះមួយ គ្រាន់តែអាចកាត់បន្ថយល្បឿន នៃការផលិតសារធាតុគីមីទាំង២មុខនេះ។ តែលោក Jeffrey Lewis  អ្នកស្រាវជ្រាវ នៅ វិទ្យាស្ថាន Middlebury បានលើកឡើងថា រាល់ថ្ងៃនេះ​ កូរ៉េខាងជើងមានចំនួនស្តុក សារធាតុព្លុយតូនីញ៉ូម និងអ៊ុយរ៉ានីញូម ច្រើនណាស់ទៅហើយ ដើម្បីទុក​ផលិត​គ្រាប់បែក​បរមាណូ។ ដូច្នេះ វាជារឿងចាំបាច់ណាស់ ដែលត្រូវបញ្ជាក់ ឬកំណត់ឲ្យបានច្បាស់ ថាការព្រមព្រៀងបិទស្ថានីយ៍នេះ គឺបិទអ្វីឲ្យពិតប្រាកដ។ តើបិទតែផ្នែកចំរាញ់សារធាតុព្លុយតូនីញ៉ូម-អ៊ុយរ៉ានីញ៉ូម ឬមួយក៏បិទ ទាំងផ្នែកផលិតគ្រាប់បែកបរមាណូដែរ។ កុំឮតែ​ថា កូរ៉េខាងជើង​ព្រមបិទ នាំគ្នាអរនោះឲ្យ​សោះ​។

ដកថយ យកពេលទៅគិតរៀងខ្លួន

តែយ៉ាងណាក៏ដោយ ទោះជំនួបកំពូលនៅហាណូយ បានជួបបរាជ័យពិតមែន ក៏ប៉ុន្តែវាក៏ជាជំហានមួយទៀត ដើម្បីឈានទៅនិយាយគ្នាលំអិត អំពីការរំសាយអាវុធនុយក្លែអ៊ែរកូរ៉េខាងជើងនេះដែរ។ ចំណុចវិជ្ជមានពិតជាមាន បើយើងមិនសម្លឹងតែផ្លូវអាក្រក់ទេនោះ។ សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងនេះ មានអាយុកន្លះសតវត្សទៅហើយ។ ដូច្នេះមិនមែនដោះស្រាយមួយថ្ងៃបានភ្លាមទេ។ ដូចរចនាលើកឡើង ជាមួយ​នឹង​បរាជ័យនៅហាណូយនេះ ភាគីទាំង២ ត្រូវដកថយ ហើយអង្គុយគិតរៀងខ្លួន ថាត្រូវប្តូរយុទ្ធសាស្ត្រ​យ៉ាងម៉េច ទៅទៀត។​

ជាការពិត អ្នកវិភាគជាច្រើន បានលើកឡើង សើចចំអកទៅលើរបៀបធ្វើការរបស់ លោកដូណាល់ ត្រាំ ថាគាត់ឆោត និងមើលស្រាល​គីម ជុងអ៊ុនពេក។ ពោលគឺថា សម្តីលោកដូណាល់ ត្រាំកន្លងមក វាធំជាងមាឌ។ តែយ៉ាងណា ការដែលលោកដូណាល់ ត្រាំ ដើរចេញពីការចរចា នៅពេលដឹងខ្លួនថាអាចចាញ់បោកកូរ៉េខាងជើង ក៏អាចបញ្ជាក់ពីភាពវៃឆ្លាតមួយដែរ។

ចំណែកកូរ៉េខាងជើងវិញ ក៏បានភ្លឺភ្នែកដែរ ថាចង់លេងខ្សែលើដាក់អាមេរិក មិនមែនជាការងាយទេ។ យ៉ាងណាមិញ នៅថ្ងៃសុក្រនេះ កូរ៉េខាងជើង បានប្រកាសថាសុំចរចាបន្តទៀត។ ដូច្នេះ មានន័យថា វាជាចំណុចវិជ្ជមាន ដែលកូរ៉េខាងជើង នៅតែចង់ចរចា ព្រោះមើលទៅ ខ្លួនហាក់ដូចជាគ្មានជំរើសច្រើនទេ ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ច កំពុងតែផ្កាប់ឆ្នាំងបាយសឹងតែទាំងស្រុង។ កូរ៉េខាងត្បូងវិញ ក៏បានចេញមុខ សុំបន្តជួយជ្រោមជ្រែង ឲ្យមានការចរចាតទៅទៀតដែរ កុំអស់សង្ឃឹមឲ្យសោះ។

ក្រុម Cheollima ប្រកាសបង្កើតរដ្ឋាភិបាលកូរ៉េខាងជើង ភៀសខ្លួននៅក្រៅប្រទេស

ដោយឡែក នៅថ្ងៃសុក្រនេះដែរ មានក្រុមសកម្មជនមួយក្រុម ឈ្មោះ ក្រុមការពារស៊ីវីល Choellima (Défense Civil Cheollima - DCC) បានចេញមុខមកប្រកាស បង្កើតរដ្ឋាភិបាល​កូរ៉េខាងជើងភៀសខ្លួននៅក្រៅប្រទេស។ ក្រុម Cheollima នេះ ធ្លាប់ចេញមុខម្តង កាល​ពី​ឆ្នាំ២០១៧ នៅពេលមានឃាតកម្មសម្លាប់ លោក គីម ជុងណាំ នៅកូឡាឡំពួរ។ នៅថ្ងៃសុក្រ​ទី​១មីនា​ ក្រុមនេះ បានចេញលិខិតប្រកាសមួយ អះអាងថា ក្រុមខ្លួន នឹងបង្កើត រដ្ឋាភិបាលបណ្តោះអាសន្ននៅក្រៅប្រទេសមួយ ដោយដាក់ឈ្មោះថា Joseon សេរី។

Joseon គឺជាឈ្មោះត្រកូលរាជវង្សកូរ៉េ ដែលសោយរាជ្យ តាំងតែពីឆ្នាំ១៣៩២ រហូតដល់ឆ្នាំ១៩១០​នៅពេលជប៉ុនលើកទ័ពទៅដាក់អាណានិគម។ ក្រុមនេះ ប្រកាសថា រដ្ឋាភិបាល​Joseon គឺជាអ្នកតំណាងស្របច្បាប់តែមួយគត់ សម្រាប់ប្រជាជាតិកូរ៉េ។ កម្មវត្ថុ​នោះ គឺរំដោះប្រជាជនកូរ៉េខាងជើង ពីក្រោមគំនៀបទាសភាព​នៃរបបផ្តាច់ការត្រកូល​​គីម ហើយនាំយកពន្លឺសេរីភាព និងការរីកចំរើន ជូនកូរ៉េខាងជើងវិញ។

យើងដឹងតិចបំផុត អំពីក្រុមនេះ ថាមានប្រភព មានទីតាំងនៅទីណា។ នៅលើអ៊ីនធើនែត គេគ្រាន់តែឃើញវីដេអូ ដែលមាន​​ស្ត្រី​ម្នាក់ ត្រូវគេកែធ្វើកុំឲ្យឃើញមុខ ក្នុង​សម្លៀកបំពាក់ប្រពៃណីកូរ៉េ ឈរអានសារប្រកាសនេះ។ បើតាមការប៉ាន់ស្មាន ក្រុមនេះ អាចជាសកម្មជន​នយោបាយកូរ៉េខាងជើង ដែលបានភៀសខ្លួន រស់នៅបរទេស ហើយអាចជាប់ពាក់ព័ន្ធ ជាមួយនឹងក្រុមស៊ើបការណ៍សំងាត់ របស់កូរ៉េខាងត្បូងផងក៏ថាបានដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ