អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េ​ខាងជើង អបអរ​មហា​ជោគជ័យ​របស់​លោក​ គីម ជុងអ៊ុន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួបកំពូល រវាងមេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅឯប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ត្រូវបានបណ្តាញព័ត៌មានទូទាំងសកលលោក ​ផោ្តត​ការយកចិត្តទុកដាក់ ជាខ្លាំង។ ស្នាមញញឹម ភាពស្និទស្នាលចាប់រលាក់ដៃ អង្អែលស្មារគ្នាទៅវិញទៅមក រវាងលោកត្រាំ និងគីម ជុងអ៊ុននាពេលនោះ  គឺវាផ្ទុយស្រលះ ពីប៉ុន្មានខែមុន ដែលមេដឹកនាំទាំង២នេះ តែងតែ​សរសេរសារ ជេរប្រមាថគំរាមកំទេចគ្នាទៅវិញទៅមក។ ប្រការនេះ បានធ្វើឲ្យបណ្តាញព័ត៌មាននានា ងឿងឆ្ងល់ និងចោទជាសំណួរជាច្រើន។ ផ្ទុយទៅវិញ បណ្តាញព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង បានចុះផ្សាយថា ជំនួបកំពូលនៅសិង្ហបុរី គឺជាជោគជ័យមហាធំធេង របស់លោក គីម ជុងអ៊ុន ដែលបានធ្វើឲ្យប្រធានាធិបតីអាមេរិក ព្រមធ្វើសម្បទានជាច្រើនចំណុច។

គីម ជុងអ៊ុន ក្នុងពេលត្រួតពល ខួប​លើក​ទី​៨៥ នៃ​ការ​បង្កើត​កងទ័ព​បដិវដ្តន៍​រំដោះ​កូរ៉េ។ ថ្ងៃទី២៥ មេសា ២០១៧
គីម ជុងអ៊ុន ក្នុងពេលត្រួតពល ខួប​លើក​ទី​៨៥ នៃ​ការ​បង្កើត​កងទ័ព​បដិវដ្តន៍​រំដោះ​កូរ៉េ។ ថ្ងៃទី២៥ មេសា ២០១៧ REUTERS
ផ្សាយពាណិជ្ជកម្ម

ជោគជ័យមហាអស្ចារ្យ នៃមគុទេសដ៏ឆ្នើម របស់លោកសេនាប្រមុខ គីម ជុងអ៊ុន

វាពុំមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង (KCNA) ដែលជាប្រព័ន្ធឃោសនាការ តែមួយគត់របស់របបនេះ បានចុះផ្សាយអួតសរសើរ ថាជំនួបកំពូលកាលពីថ្ងៃទី ១២មិថុនា នៅឯសិង្ហបុរី​ គឺជាជោគជ័យមហាអស្ចារ្យ មហាសលោតផ្លោះ របស់លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូល ដ៏ឈ្លាសវៃ អង់អាចក្លាហាន នៃសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។

សារព័ត៌មានកូរ៉េខាងជើងនេះ បានសរសេរទៀត លោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន បានអញ្ជើញគ្នា ទៅវិញទៅមក ឲ្យមកធ្វើទស្សនៈកិច្ចនៅប្រទេសរៀងៗខ្លួន ដើម្បីរិតចំណងមិត្តភាពនេះ ឲ្យកាន់តែរឹងមាំ។ មេដឹកនាំទាំង២ បានទទួលយល់ព្រមទៅនឹងការអញ្ជើញ របស់ភាគីម្ខាងទៀត ដោយការពេញចិត្តទៀតផង។

ប្រភពដដែលនេះ បានសរសេរសង្កត់ធ្ងន់ថា លទ្ធផលដ៏គាប់ប្រសើរនៃជំនួបកំពូលនេះ គឺលោក គីម ជុងអ៊ុន បានធ្វើឲ្យលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ព្រមសុខចិត្ត ធ្វើសម្បទានជាច្រើនចំណុច។ កាសែតនេះលើកឡើងថា លោកដូណាល់ ត្រាំ បានសន្យា​​នឹងលោកគីម ជុងអ៊ុនថា នឹងផ្អាក លែងធ្វើសមយុទ្ធយោធារួមគ្នា ជាមួយ​នឹង​កូរ៉េខាងត្បូង ហើយក៏បានសន្យា​ថានឹង​ ដកចេញនូវទណ្ឌកម្មសេដ្ឋកិច្ច ចេញពីកូរ៉េខាងជើង ទៀង​ផង។ ក្នុងន័យ​នេះ ឧបករណ៍ឃោសនាកូរ៉េខាងជើង បានសង្កត់ធ្ងន់ថា គឺវាមាន​ន័យថា លោកដូណាល់ ត្រាំ បានទទួលស្គាល់ថា ការធ្វើសមយុទ្ធយោធារវាងកងទ័ពអាមេរិក និងកូរ៉េខាងត្បូង គឺជាទង្វើគំរាមកំហែង និង នាំរឿង។

ផ្អាកសមយុទ្ធយោធា ដើម្បីបង្ហាញភាពស្មោះត្រង់ក្នុងការចរចា ហើយសល់លុយទៀត

ចំណុចទាំងអំបាលម៉ាណ ដែលកាសែតកូរ៉េខាងជើង បានចុះផ្សាយនេះ គឺពុំមានសរសេរ​នៅក្នុងសេចក្តីប្រកាសរួម ដែលលោក ត្រាំ និង គីម ជុងអ៊ុន បានចុះហត្ថលេខាទេ។ ក៏ប៉ុន្តែ លោក ដូណាល់ ត្រាំ បានប្រកាស នៅក្នុងពេលធ្វើសន្និសីទកាសែត ថា លោកបានសម្រេច ថាឲ្យផ្អាកការធ្វើសមយុទ្ធយោធា ជាមួយកូរ៉េខាងត្បូងហើយ។ ចំណែកចំនុច ទាក់ទងនឹងការដកទណ្ឌកម្ម លោកត្រាំ បានបញ្ជាក់ថា អាមេរិកនឹងចាប់ផ្តើមដកទណ្ឌកម្ម ល្គិកណា កូរ៉េខាងជើង ចាប់ផ្តើមធ្វើការរុះរើ ប្រព័ន្ធនុយក្លេអ៊ែរដែរ។

យ៉ាងណាមិញ មុននឹងចេញដំណើរទៅសិង្ហបុរី លោក ដូណាល់ ត្រាំ បានផ្តល់បទសម្ភាសន៍ ឲ្យទូរទស្សន៍ Fox News ដែលបទសម្ភាសន៍ ត្រូ​វបានគេចាក់ផ្សាយខ្លះ កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ។ ក្នុងបទសម្ភាសន៍នោះ លោកត្រាំ បានលើកឡើងថា លោកជឿទុកចិត្តថា​គីម ជុងអ៊ុន និងមកធ្វើទស្សនកិច្ចនៅអាមេរិក។

បន្ថែមពីនេះទៀត លោកដូណាល់ ត្រាំ បានអះអាងថា លោកនឹងសម្រេចឲ្យផ្អាកការធ្វើសមយុទ្ធយោធា រវាងកងទ័ពអាមេរិក និងកងទ័ពកូរ៉េខាងត្បូង ដើម្បីជាការបង្ហាញជំហរស្មោះត្រង់ ក្នុងពេលដំណើរការចរចារ ធ្វើកិច្ចព្រមព្រៀង ជាមួយកូរ៉េខាងជើង។ លោក ត្រាំបានពន្យល់ទៀតថា សមយុទ្ធយោធានេះ ម្តងៗ ចំណាយប្រាក់អស់ច្រើនណាស់។ ដូច្នេះបើផ្អាកវាចំណេញសល់លុយ ហើយវាក៏​មិនជះផលអាក្រក់ ដល់ការចរចាជាមួយកូរ៉េខាងជើងដែរ។

ជប៉ុន និងកូរ៉េខាងត្បូង បើកភ្នែកក្រឡង់

បើតាមប្រភពជាច្រើន អះអាងថា តាមពិតទៅ លោក ដូណាល់ ត្រាំ បានប្រកាសនៅក្នុងបទសម្ភាន៍ ក៏ដូចជានៅក្នុងអង្គសន្និសីទកាសែត កាលពីថ្ងៃម្សិលមិញ នៅសិង្ហបុរី ថានឹងឈប់ធ្វើសមយុទ្ធយោធានេះ គឺគាត់ប្រកាសភ្លាមៗ ដោយពុំមានសួរយោបល់នរណាទាំងអស់។ សូម្បីតែអគ្គបញ្ជាការកងទ័ពអាមេរិក ប្រចាំការនៅកូរ៉េខាងត្បូង ក៏មិនបានដឹងរឿងដែរ ហើយបើកភ្នែកក្រឡង់ទាំងអស់គ្នា ពេលដឹងដំណឹងនេះ ពីបណ្តាញព័ត៌មាន។

ដូច្នេះហើយ បាននៅថ្ងៃពុធ ទី១៣មិថុនា លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានប្រញ៉េបប្រញ៉ាប់ ទៅក្រុងសេអ៊ូល។ តាមការគ្រោងទុក រដ្ឋមន្ត្រីអាមេរិក ត្រូវជួបនិយាយជាមួយ នឹងលោកមូន ជែអ៊ីន ព្រមទាំងរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង និងរដ្ឋមន្ត្រីការបរទេសរបស់ជប៉ុន។

តាមធម្មតា សមយុទ្ធយោធារួមគ្នា ត្រូវគ្រោងធ្វើ នៅខែសីហា ខាងមុខនេះហើយ។ ការសម្រេច ផ្អាក ដែលលោក ដូណាល់ ត្រាំ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនេះ គឺវាផ្ទុយស្រលះពីគោលជំហររបស់ភាគីទាំង៣នេះពីមុនមក ដែលប្តេជ្ញាថា ត្រូវតែបន្តដាក់គំនៀបលើកូរ៉េខាងជើង មិនត្រូវបន្ធូរដៃទេ ល្គិកណារបបផ្តាច់ការនេះ មិនព្រមរុះរើកម្មវិធីនុយក្លេអ៊ែរចោល។

យ៉ាងណាមិញ លោក រដ្ឋមន្ត្រីការពារជាតិជប៉ុន បានលើកឡើងថា ការធ្វើសមយុទ្ធយោធារួមគ្នា គឺជាមធ្យោបាយដ៏សំខាន់បំផុត ដើម្បីរក្សាការពារស្ថិរភាពក្នុងតំបន់។ មិនមែនទប់តែការគំរាមកំហែង ពីសំណាក់ កូរ៉េខាងជើងទេ គឺទប់ទាំងការដំឡើងមហិច្ឆិតាយោធា របស់ចិនទៀតផង។ ដូច្នេះ មិនត្រូវផ្អាកការធ្វើសមយុទ្ធយោធានេះទេ។ លោករដ្ឋមន្ត្រីជប៉ុនដដែល បានបន្ថែមថា ជាងនេះទៅទៀត សម្រាប់ពេលនេះ កូរ៉េខាងជើង មិនទាន់បានសន្យាថានឹងធ្វើអ្វី ឲ្យជាក់លាក់ទាល់តែសោះ ក្នុងការរំសាយកម្មវិធីនុយក្លេអ៊ែររបស់គេ។ ដូច្នេះ គេមិនគួរទុកចិត្ត កូរ៉េខាងជើង ឆាប់ពេកនោះទេ ហើយសម្រាប់ជប៉ុន ជប៉ុននៅតែត្រៀមជើងព្រួលទុកជានិច្ច។

ដូណាល់ ត្រាំ ធ្វើសម្បទានឲ្យជ្រុល?

លោក Moon Seong Mook អ្នកជំនាញកិច្ចការយោធាម្នាក់ របស់កូរ៉េខាងត្បូង បានលើកឡើងថា ជាមួយនឹងជំនួបកំពូល នៅសិង្ហបុរី គឺកូរ៉េខាងជើង បានឈ្នះទាំងស្រុង នូវអ្វីដែល​ខ្លួនចង់បាន។ ជោគជ័យទីមួយ គឺជោគជ័យ ដែលអាមេរិកបើកឱកាស ឲ្យមានជំនួបកំពូលតែ២នាក់តទល់ ក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរ ដូចគ្នា។ ជោគជ័យទី២ គឺជោគជ័យ ដែលអាមេរិក យល់ព្រម ផ្អាកការធ្វើសមយុទ្ធយោធា ដែលនេះគឺជាការទាមទារយូរយាណាស់មកហើយ របស់កូរ៉េខាងជើង។

យ៉ាងណាមិញ មតិសាធារណៈអាមេរិក ក៏ដូចជាបណ្តាញព័ត៌មានធំៗ នៅអាមេរិក បាន​រិះគន់​លោកដូណាល់ ត្រាំច្រើនណាស់ ថាបានធ្វើសម្បទានច្រើនជ្រុល ឲ្យដល់​របប​ផ្តាច់ការ​​កូរ៉េ​ខាងជើង។ ទីមួយព្រមទៅជួប លើកមុខឲ្យគីម ជុងអ៊ុន ដែលជាមេដឹកនាំផ្តាច់ការ ចាប់​រលាក់ដៃអង្អែលស្មារ ស្មើមុខនឹងប្រធានាធិបតីអាមេរិកហើយ ថែមទាំងយល់ព្រមឈប់ធ្វើសមយុទ្ធយោធាទៀត។

សរុបមក លោកដូណាល់ ត្រាំ គិតថា គាត់បានជោគជ័យ ដែលអាចធ្វើជំនួបកំពូលជាមួយ​មេដឹកនាំកូរ៉េខាងជើងបាន ខណៈដែលប្រធានាធិបតីអាមេរិកមុនៗ គ្មាននរណា ធ្វើបានដូចគាត់។ តែធាតុពិត គឺលោកត្រាំ ទេ ដែលកំពុងតែត្រូវរុំព័ទ្ធ ដោយក្រឡាអុក របស់គីម ជុងអ៊ុន ព្រោះគីម ជុងអ៊ុន មិនចង់ធ្លាក់ខ្លួនដូចកាដាហ្វ៊ី ឬ សាដាមហ៊ូសេនទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ