អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

គ្រោះមហន្តរាយ ​នៃ​ការរីក​ឡើង​កាន់តែ​ខ្លាំង ​នូវ​ទ្រឹស្តី​ពុទ្ធសាសនា​ជ្រុល​និយម

ចុះផ្សាយ​នៅ​ថ្ងៃ៖

សម្តេចប៉ាប ប្រមុខសង្ឃកាតូលិក បានអញ្ជើញទៅប្រទេសភូមា កាលពីសប្តាហ៍មុននេះ ដើម្បីផ្សព្វផ្សាយសេចក្តីមេត្តាធម៌ បញ្ឈប់រាល់អំពើហិង្សា ប្រកាន់សាសនា និងការធ្វើបាបទៅលើសហគមជនជាតិរ៉ូហ៊ីងយ៉ា ដែលជាអ្នកកាន់សាសនាអ៊ីស្លាម។ ភូមាដែលមានប្រជាជនភាគច្រើនកាន់សាសនាព្រះពុទ្ធនោះ កំពុងធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើល តាមរយៈអំពើហិង្សា ធ្វើបាប រើសអើង ធ្វើទុក្ខបុកម្នេញ ទៅលើប្រជាជនរ៉ូហ៊ីងយ៉ា។ ចរន្តនៃទ្រឹស្តីព្រះពុទ្ធសាសនាជ្រុលនិយម ដែលឃោសនាឲ្យប្រើអំពើហិង្សា ទៅលើអ្នកកាន់សាសនាអ៊ីស្លាមនេះ បានឈានឡើងកាន់តែខ្លាំង ហើយមិនមែន នៅតែភូមាទេ គឺមាននៅស្រីលង្កា និងនៅថៃជាដើម។ តើទ្រឹស្តីពុទ្ធសាសនាជ្រុលនិយម មានប្រភពមកពីណា?

សង្ឃភូមា Ashin Wirathu (កណ្តាល) មេ​ចលនា​ 969 ​ថតរូប​ជាមួយ​តំណាង​សង្ឃ​ជ្រុុល​និយម​​នៅ​ស្រី​លង្កា។​ ២៨​ ខែ កញ្ញា ២០១៤
សង្ឃភូមា Ashin Wirathu (កណ្តាល) មេ​ចលនា​ 969 ​ថតរូប​ជាមួយ​តំណាង​សង្ឃ​ជ្រុុល​និយម​​នៅ​ស្រី​លង្កា។​ ២៨​ ខែ កញ្ញា ២០១៤ Reuters
ផ្សាយពាណិជ្ជកម្ម

មនុស្សទូទាំងពិភពលោក តែងតែនិយាយថា សាសនាព្រះពុទ្ធ គឺជាសាសនាដ៏ស្លូត។ អ្នកកាន់ពុទ្ធសាសនា​គឺជាអ្នកស្រលាញ់សន្តិភាព មានមេត្តាករុណា ដល់ជីវិតមនុស្សសត្វផងទាំងពួង។ សាសនាព្រះពុទ្ធ ខុសពីសាសនាដ៏ទៃ ព្រោះមិនមែនគ្រាន់តែជាសាសនាទេ តែជាទស្សនវិជ្ជា ជាក្បួនក្រិត្យក្រមតំរង់ផ្លូវមនុស្ស ឲ្យកសាងតែអំពើល្អ អំពើបុណ្យ កសាងកុសល និងចែករំលែកទាន ឲ្យអ្នកផង ជាដើម។

ក៏ប៉ុន្តែ នៅពេលដែលគេបានដឹងថា ព្រះសង្ឃនៅភូមា ឬនៅស្រីលង្កា បានស្រែកអំពាវនាវ ឲ្យមនុស្សធ្វើបាបគ្នា កាប់សម្លាប់គ្នានោះ គឺគេសឹងតែមិនជឿនឹងត្រចៀកខ្លួនឯងទេ។ ក្រុមព្រះសង្ឃ និងពុទ្ធសាសនិក ដែលជឿងប់ នឹងទ្រឹស្តីហិង្សាទាំងនោះ ត្រូវគេហៅថា ជាក្រុមពុទ្ធសាសនាជ្រុលនិយម។ តើហេតុអ្វីបាន ទ្រឹស្តីព្រះពុទ្ធដែលប្រដៅមនុស្ស ឲ្យគោរពស្រលាញ់គ្នា បានប្រែក្លាយទៅជាទ្រឹស្តីផ្តាច់ការ ជ្រុលនិយម ឃោរឃៅ ស្អប់មនុស្សដូចគ្នា​ទៅវិញ?

គណៈសង្ឃមានឋានៈ មានអំណាច អែបនឹងអ្នកនយោបាយ

ភូមា ថៃ ស្រីលង្កា ជាដើម សុទ្ធសឹងជាប្រទេសគោរពព្រះពុទ្ធសាសនា និកាយទេរវេទ ហីនយាន។ ជានិច្ចជាកាល នៅតាមប្រទេស ដែលមានពុទ្ធបរិស័ទជឿស៊ប់រាប់សិបលាននាក់នេះ  សាសនាព្រះពុទ្ធតែងតែត្រូវបានអ្នកនយោបាយ យកទៅផ្សារភ្ជាប់ ជាមួយនឹងការដឹកនាំប្រទេស ដោយលើកជាសាសនារបស់រដ្ឋ។​ ក្នុងន័យនេះ សាសនាព្រះពុទ្ធ ត្រូវបានអ្នកនយោបាយ ប្រើជាឧបករណ៍ដើម្បីឃោសនា ពីអត្តសញ្ញាណ វប្បធម៌ជាតិ ជាតំណាងដល់ការបង្រួបបង្រួមគ្នា ក្រោមដំបូលនយោបាយតែមួយ។ នៅតាមប្រទេសព្រះពុទ្ធសាសានទាំងនេះ គេតែងតែឃើញ មានគណសង្ឃធំៗ ដែលមានអំណាចខ្លាំង ហើយដែលស្និទ ជាមួយបក្សនយោបាយ ឬជាមួយនឹងថ្នាក់ដឹកនាំធំរបស់ប្រទេស។

ព្រះសង្ឃមានអំណាច ត្រូវបានគេបំពាក់ឋានន្តរសក្តិ ដើម្បីប្រើជាអ្នកឃោសនានយោបាយ ណាមួយ ដែលមានប្រយោជន៍សម្រាប់របបដឹកនាំ។ ជាក់ស្តែង ក្នុងឆ្នាំ១៩៧៦ ព្រះសង្ឃថៃ ដ៏មានប្រជាប្រិយមួយអង្គ ហើយដែលស្និទ្ធនឹងរដ្ឋាភិបាល បានប្រកាសថា ការសម្លាប់ពួកបះបោរកុម្មនីស្តិមិនមែនជាអំពើបាបទេ។ សម្តីនេះ បានជំរុញឲ្យមានសកម្មភាពហិង្សា និងសម្លាប់និស្សិតជាច្រើននាក់ នៅសកលវិទ្យាល័យធម្មាសាត នៅទីក្រុងបាងកក កាលជំនាន់នោះ។

“សាសនាអ៊ីស្លាម គឺជាអ្នកបំផ្លាញព្រះពុទ្ធសាសនា”

នៅរវាងចាប់ពីឆ្នាំ១៩៩០មក នៅភូមា គេសង្កេតឃើញថា មានទំនោរទ្រឹស្តីមួយបានលេច​ចេញឡើង ដោយសំអាងថា ពីមុន ឥទ្ធិពលរបស់ព្រះពុទ្ធសាសនា គឺមានយ៉ាងទូលំទូលាយ ចាប់ពីអាហ្វហ្កានីស្ថាន រហូតដល់អាស៊ីអាគ្នេយ៍ទាំងមូល។ ក៏ប៉ុន្តែ ឥទ្ធិពលនេះ បានចុះថយទៅវិញ ដោយសារតែការទន្ទ្រានរបស់សាសនាអ៊ីស្លាម។

តាមរយៈចរន្តគំនិតនេះ គឺមានន័យថា គឺសាសនាអ៊ីស្លាម ដែលបានមកបំផ្លាញ សាសនាព្រះពុទ្ធ។ ជាងនេះទៅទៀត នៅឆ្នាំ២០០១ នៅពេលដែលក្រុមឧទ្ទាមអ៊ីស្លាមតាលីបង់ បានវាយកំទេច រូបបដិមាព្រះពុទ្ធដ៏ធំ នៅអាហ្វហ្កានីស្ថាននោះ គឺរឹតតែជំរុញកំហឹង អ្នកដែលជឿទ្រឹស្តីនេះ ឲ្យកាន់តែពុះកញ្ជ្រោលឡើង។ ក្នុងក្រសែភ្នែកព្រះសង្ឃជ្រុលនិយមមួយចំនួន គឺព្រះពុទ្ធសាសនាកំពុងតែប្រឈមនឹងគ្រោះថា្នក់ បាត់បង់សាបសូន្យ ដោយសារតែសាសនាអ៊ីស្លាម។

ភូមា ស្រីលង្កា ថៃ

នៅឆ្នាំ២០១២  នៅស្រីលង្កា ក្រុមព្រះសង្ឃមួយក្រុម បានបង្កើតគណបក្សមួយឈ្មោះថា Bodu Bala Sena ប្រែថា បក្សអំណាចនៃពុទ្ធសាសនិក។ គណបក្សនេះ បានគូសវាសបំប៉ោងទ្រឹស្តីហិង្សានិយម ពន្យុះឲ្យមនុស្សស្អប់ខ្ពើមអ្នកកាន់សាសនាដទៃ ជាពិសេសគឺសាសនាអ៊ីស្លាម និងអ្នកកាន់សាសនាគ្រិស្ត។

ក្នុងឆ្នាំជាមួយគ្នានេះ នៅភូមាឯណេះ  ព្រះសង្ឃមួយអង្គ ឈ្មោះថាWirathu បានបង្កើតចលនាមួយឈ្មោះថា ចលនា ៩៦៩ ដោយបានធ្វើសកម្មភាពហិង្សា ដុតផ្ទះអ្នកភូមិអ៊ីស្លាម និងធ្វើបាបប្រជាជនរ៉ូហ៊ីងយ៉ា នៅភូមា។ ព្រះសង្ឃអង្គនេះ បានទាំងបង្កើតចលនានយោបាយមួយទៀត ឈ្មោះថា Ma Ba Tha ដែលជាសមាគមការពារជាតិសាសន៍ និងសាសនាភូមា។ សមាគម និងចលនារបស់ព្រះសង្ឃជ្រុលនិយមអង្គនេះ បានបោះពុម្ពសៀវភៅ អំពាវនាវឃោសនា ថាភូមា និងសាសនាព្រះពុទ្ធ កំពុងតែជួបគ្រោះ ថ្នាក់ ដោយសារតែពួកអ៊ីស្លាម។ ដូច្នេះត្រូវតែសម្លាប់ ធ្វើបាប និងបណ្តេញពួកអ៊ីស្លាម ចេញឲ្យអស់ពីភូមា។

យ៉ាងណាមិញ ចលនានយោបាយរបស់ក្រុមសង្ឃនៅភូមា និងគណបក្សនយោបាយ Bodu Bala Sena នៅស្រីលង្ការ មានទំនាក់ទំនងនឹងគ្នាយ៉ាងស្អិតល្មួត។ សង្ឃ Wirathu បានទៅដល់រដ្ឋធានីកូឡុំបូ នៅឆ្នាំ២០១៤ ក្រោមការស្វាគមន៍របស់ក្រុមសង្ឃជ្រុលនិយមស្រីលង្ការ យ៉ាងអធិកអធម។

សំលេងឃោសនា ទ្រឹស្តីជ្រុលនិយម របស់សង្ឃពុទ្ធសាសនាទាំងនេះ ក៏បានជះឥទ្ធិពលខ្ចរខ្ចាយទៅដល់ថៃដែរ។ ចរន្តគំនិតស្អប់អ្នកកាន់សាសនាអ៊ីស្លាមនេះ ក៏កាន់តែចូលជ្រាប ទៅក្នុងមតិមហាជនថៃអ្នកកាន់ពុទ្ធសាសនា ជាពិសេសអ្នករស់នៅភាគខាងត្បូង។ ជាច្រើនទសវត្សមកហើយ ដែលភាគខាងត្បូងប្រទេសថៃ ត្រូវបានយាយី ដោយអំពើហិង្សា ទាមទារបំបែកទឹកដី ពីសំណាក់អ្នកកាន់សាសនាអ៊ីស្លាម។ នៅឆ្នាំ២០១៥ ក្រុមសង្ឃជ្រុលនិយមនៅថៃ បានស្រែកអំពាវនា​វ ឲ្យដុតកម្ទេចវិហារអ៊ីស្លាមចោលឲ្យអស់ ហើយនិងបានគំរាមថា ប្រជាជនអ៊ីស្លាមនៅភាគត្បូងថៃ មិនថាក្មេង​មិនថាចាស់ នឹងស្គាល់​រសជាតិ​ឈឺចាប់ ដូចជនជាតិរ៉ូហ៊ីងយ៉ានៅភូមា មិនខានទេ។

គេយកព្រះពុទ្ធសាសនា ធ្វើជាឧបករណ៍នយោបាយ

ព្រះពុទ្ធសាសនាបរិសុទ្ធ បានក្លាយជាឧបករណ៍ ដើម្បីពន្យុះទ្រឹស្តីជាតិនិយម។ បន្តិចម្តងៗ ចលនាសង្ឃពុទ្ធសាសនាជ្រុលនិយម បានប្រលូកក្នុងសកម្មភាពនយោបាយ ដោយមានការជួយជ្រោមជ្រែង បើកដៃ ជួយការពារ ផ្តល់ជំនួនសម្ភាៈ និងថវិកា ពីសំណាក់អំណាចថ្នាក់ដឹកនាំប្រទេស។ ជាក់ស្តែកនៅភូមា ចលនាពុទ្ធសាសនាហិង្សារបស់សង្ឃ Wirathu នេះ បានទទួលជំនួយគាំទ្រ យ៉ាងចំហ ពីសំណាក់ មេទ័ពភូមាធំៗ។

ជាមួយនឹងបង្អែកនេះ ចលនាសង្ឃជ្រុលនិយមភូមា អាចឈានទៅ ជំរុញឲ្យរដ្ឋាភិបាលភូមា កំណត់វិធានច្បាប់ជាច្រើន​ ដែលមានខ្លឹមសារ ធ្វើទុក្ខបុកម្នេញអ្នកកាន់សាសនាអ៊ីស្លាម ដូចជាការហាមឃាត់ មិនឲ្យរៀបការជាមួយអ្នកកាន់សាសនាព្រះពុទ្ធ ហាមឃាត់មិនឲ្យមានកូនច្រើន រើសអើងមិនឲ្យធ្វើការ និងដកហូតយកដីស្រែចំការជាដើម។

អំពើឃោរឃៅធ្វើទៅលើជនជាតិអ៊ីស្លាមរ៉ូហ៊ីងយ៉ា នៅភូមា គឺជាស្នាដៃនៃក្រុមពុទ្ធសាសនាជ្រុលនិយម នៅរដ្ឋរ៉ាឃីន ដោយមានជំនួយគាំទ្រពីកងទ័ពភូមា។ តែយ៉ាងណា វិបត្តិហិង្សានៅភូមានេះ វាមិនមែនផ្តើមចេញពីជម្លោះសាសនាតែមួយមុខនោះទេ។ ការបកស្រាយប្រវត្តិសាស្រ្ត ខុសៗគ្នា ការទាមទារកាន់កាប់ទឹកដី គឺជាប្រភពដ៏ធំនៃជំលោះនេះ។

រដ្ឋរ៉ាឃីនរបស់ភូមា កំពុងតែក្លាយជាកន្លែងខ្លាញ់ នៅក្នុងពេលដ៏ឆាប់ខាងមុខ ជាមួយនឹងគំរោងវិនិយោគរបស់ចិន​ជាច្រើនគំរោង។ គំរោងសង់កំពង់ផែនាវា ទីស្តុក និងឆ្លងកាត់ នៃបំពង់បង្ហូរប្រេងនិងឧស្ម័ន ពីតំបន់ដើមបូព៌ា ទៅចិន​ ។ល។ ទាំងអស់នេះ គឺសុទ្ធតែអាចជាមូលហេតុ ដែលធ្វើឲ្យពួកយោធាពុករលួយភូមា ចង់សំអាតរដ្ឋរ៉ាឃីននេះស្អាត កុំឲ្យមានជនជាតិរ៉ូហ៊ីងយ៉ា មករញ៉េរញ៉ៃ។ ក្នុងន័យនេះ សង្ឃពុទ្ធសាសនាជ្រុលនិយម អាចគ្រាន់តែជាឧបករណ៍ ដែលគេប្រើ ដើម្បីបោសសំអាតជនជាតិរ៉ូហ៊ីងយ៉ា តែប៉ុណ្ណោះ។

“ឲ្យតែពួកអ៊ីស្លាម គឺសុទ្ធតែជាពួកភេរវកម្ម”

គួរកត់សំគាល់ដែរថា ចរន្តសាយភាពកាន់តែខ្លាំងនៃទ្រឹស្តីពុទ្ធសាសនាជ្រុលនិយមនេះ ក៏ជាផលវិបាកមួយផ្នែក កើតចេញពីចរន្តអ៊ីស្លាមជ្រុលនិយម ទូទាំងពិភពលោកដែរ។ ក្រុមជ្រុលនិយមពុទ្ធសាសនា ជានិច្ចជាកាល ចាត់ទុកអ្នកកាន់សាសនាអ៊ីស្លាមទាំងអស់ ថាជាពួកភេរវកម្ម។ ក៏ប៉ុន្តែការចោទប្រកាន់ទាំងនេះ វាមិនបានឆ្លុះបញ្ចាំងពីការពិតនោះទេ។

នៅស្រីលង្កា​ សហគមសាសនាអ៊ីស្លាម មិនមានទំនោរជ្រុលនិយម ធ្វើភេរវកម្មទេ។ ចំណែកក្រុមអ៊ីស្លាមបំបែកទឹកដី នៅខាងត្បូងថៃ ក៏មិនដែលប្រកាសខ្លួន​ថាជាជនជីហាត ធ្វើសង្រ្គាមសាសនាដែរ។ សកម្មភាពរបស់ពួកគេ ខុសស្រលះពីបណ្តាញភេរវកម្មជីហាត ដែលជាបណ្តាញអន្តរជាតិ។ រីឯនៅភូមា ជនជាតិរ៉ូហ៊ីងយ៉ា រឹតតែមិនមែនជាភេរវជន​ជីហាតទៅទៀត។ មានតែកំបិត មានតែដំបង ជនជាតិរ៉ូហ៊ីងយ៉ា ធ្លាប់បានធ្វើសកម្មវាយបកទៅអាជ្ញាធរភូមាវិញ ក៏ពិតមែន តែកងកម្លាំងតស៊ូរ៉ូហ៊ីងយ៉ា បានបដិសេធ មិនទទួលជំនួយពីពួកបណ្តាញភេរវកម្មណាទាំងអស់។

Fake News

បណ្តាញសង្គម អ៊ីនធើនែត ក៏បានជួយជំរុញ ឲ្យទ្រឹស្តីហិង្សារើសអើងនេះ រីកសាយភាយ កាន់តែច្រើន កាន់តែរហ័ស។ ព័ត៌មានមិនពិត ក្លែងក្លាយនានា ផ្សាយថាជនជាតិអ៊ីស្លាម ចាប់រំលោភមនុស្សស្រី ប្លន់ កាប់សម្លាប់ ធ្វើបាបអ្នកកាន់សាសនាព្រះពុទ្ធជាដើម ត្រូវបានគេចែកចាយ បំផុសបំផុលព្រោងព្រាត ដោយគ្មានគោលនយោបាយទប់ស្កាត់ណាមួយ ពីអាជ្ញាធរទេ។

បញ្ហានៃការកើនឡើងនូវទ្រឹស្តីជ្រុលនិយមពុទ្ធសាសនានេះ កំពុងគំរាមប្រទេសកាន់ព្រះពុទ្ធសាសនាទាំងអស់​ នៅអាស៊ី។ គ្រោះថ្នាក់មានកាន់តែខ្លាំងទៀត បើសិនជារដ្ឋាភិបាល ពុំមានវិធានការត្រឹមត្រូវ ពុំមានឆន្ទៈ និងពុំចង់ស្វែងយល់អំពីគ្រោះថ្នាក់របស់វា។ កាលណាអំណាចរដ្ឋទន់ខ្សោយ ទន់ទោរ ឃុបឃិត ចង់កេងចំណេញនយោបាយ តាមរយៈការលើកតំកើងតែសាសនាណាមួយ  ឬសហគមប្រជាជនណាមួយ​ នោះសង្គមនឹងបែកបាក់ គ្មានសន្តិភាព គ្មានសមភាព និងគ្មានយុត្តិធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ