អានតួអត្ថបទ

ចិនឃុំខ្លួន​សាស្ត្រចារ្យ​អូស្ត្រាលី​ដើ​ម​កំណើត​ចិន​ម្នាក់ ​ពី​បទ​ចារកិច្ច

សាស្ត្រាចារ្យសញ្ជាតិអូស្ត្រាលី ដើមកំណើតចិនម្នាក់ឈ្មោះ យ៉ាង ហេងជុន ត្រូវបាន​អាជ្ញាធរចិនចាប់ឃាត់ខ្លួន​ជាច្រើនខែមកហើយ នៅទីក្រុងប៉េកាំង។ ទើបតែនៅពេលនេះ រដ្ឋអាជ្ញាចិន បានប្រកាសចោទប្រកាន់ជាផ្លូវការ​ ពីបទធ្វើចារកិច្ចស៊ើបការសម្ងាត់ ប្រឆាំងនឹងរដ្ឋចិន។ ក្រសួងការបរទេស​អូស្រ្តាលី បានសម្តែងការព្រួយបារម្ភ អំពីលក្ខខណ្ឌនៃការឃុំខ្លួន ហើយ​បាន​អំពាវនាវឲ្យអាជ្ញាធរចិន គោរពស្តង់ដារនៃប្រព័ន្ធយុត្តិធម៌ ដែលមានសុក្រិត្យភាព និងគោរពសិទ្ធិមនុស្ស។

Australian writer Yang Hengjun wishes Happy New Year to his Twitter followers at an unidentified location in this still image from an undated video obtained via social media.
Australian writer Yang Hengjun wishes Happy New Year to his Twitter followers at an unidentified location in this still image from an undated video obtained via social media. Twitter @YANGHENGJUN
ផ្សាយពាណិជ្ជកម្ម

លោកស្រី Marise Payne រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី បានចេញសេចក្តីថ្លែងការណ៍ សម្តែងពីការព្រួយបារម្ភ ទាក់ទិននឹងលក្ខខណ្ឌដ៏លំបាក នៃការឃុំខ្លួន​លោក Yang Hengjun ជនជាតិអូស្ត្រាលី ដើមកំណើតចិន។ លោកស្រីបន្ថែមថា កត្តាសុខភាព​របស់​លោក​សាស្ត្រាចារ្យ Yang Hengjun គឺមានលក្ខណៈគួរឲ្យព្រួយ​បារម្ភណាស់។​

រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីរូបនេះ លើកឡើងថា​ បើសិនជាលោកសាស្ត្រាចារ្យ ត្រូវអាជ្ញាធរចិនចាប់ដាក់ឃុំ ដោយសារតែ​គោលជំហរ និងមនសិកានយោបាយរបស់លោក​នោះ នោះ​ចិនត្រូវតែដោះលែងលោកជាបន្ទាន់។ រដ្ឋាភិបាលអូស្ត្រាលី អំពាវនាវ ឲ្យតុលាការចិន គោរពក្រិត្យក្រមស្តង់ដារ នៃប្រព័ន្ធយុត្តិធម៌ដែលមានសុក្រិត្យភាព​ និងគោរពសិទ្ធិមនុស្ស។

សូមបញ្ជាក់ថា បើផ្អែកតាមដំណឹងពីក្រសួងការបរទេសអូស្ត្រាលី លោក​សាស្ត្រាចារ្យ Yang Hengjun ត្រូវបាន​គេចាប់ខ្លួន ​នៅខែមករាដើមឆ្នាំ២០១៩ ក្នុងពេលដែលលោក​បានធ្វើដំណើរទៅដល់ក្រុងប៉េកាំង។ ប្រភពដដែលបញ្ជាក់ថា ពីដំបូងលោក​សាស្ត្រាចារ្យ ​ត្រូវបានគេបង្ឃាំងខ្លួនឲ្យនៅក្នុងផ្ទះ​ ហើយសូម្បីតែក្រុមគ្រួសារ ​ក៏មិនអាច​ទៅសួរសុខទុក្ខបានដែរ។ យ៉ាងណាមិញ ភរិយារបស់លោក​សាស្ត្រាចារ្យ Yang Hengjun ក៏ត្រូវបានអាជ្ញាធរចិន ហាមឃាត់មិនឲ្យចាកចេញពីទឹកដីចិនដែរ។ ទើបតែនៅថ្ងៃអង្គារទី​២៧សីហា រដ្ឋអាជ្ញាចិន បានសម្រេចបញ្ជូនខ្លួនលោក​សាស្ត្រាចារ្យ Yang Hengjun ទៅមន្ទីរឃុំឃាំង ដោយចោទពី​បទចារកិច្ចស៊ើបការណ៍សំងាត់ ប្រឆាំងនឹងរដ្ឋចិន​។

មេធាវីរបស់លោកសាស្ត្រាចារ្យ Yang Hengjun បានអះអាងថា កូនក្តី​លោក បដិសេធទាំងស្រុងនូវការចោទប្រកាន់នេះ។ ក្នុងវ័យ៥៣ឆ្នាំ លោកសាស្ត្រាចារ្យ ត្រូវបានគេស្គាល់​ថា គឺជាអ្នកនិយមគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ក្នុងក្រសែភ្នែករដ្ឋចិន គឺមាន​ន័យ​ថា​លោក​ គឺជាសកម្មជននយោបាយម្នាក់ ដែលប្រឆាំងនឹងចិន។ ក្រៅពីសកម្ម នៅលើបណ្តាញសង្គម ដូចជាទំព័រ Twitter ជាដើម លោក Yang Hengjun ធ្លាប់​​បាន​សរសេរនៅលើ​ទំព័រ blog របស់លោក​ នូវអត្ថបទវិភាគ ស្រាវជ្រាវនានា ស្តីពីបញ្ហានយោបាយ​ចិន ហើយប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ គឺលោក​បាន​សរសេរ អំពី​សកម្មភាព​លូក​ដៃ​របស់​ចិន ចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់អូស្ត្រាលី។

គួរកត់សំគាល់ថា ទំនាក់ទំនងការទូតរវាងចិន និង​អូស្ត្រាលី មានភាពរកាំរកូសខ្លាំង បន្ទាប់ពី​មាន​រឿង​អាស្រូវ​ ទាក់ទិននឹងការប្រើលុយ សូកប៉ាន់គណបក្ស និងអ្នកនយោបាយ​​អូស្ត្រាលី ពីសំណាក់អ្នកជំនួញ​ចិន។ ដោយឡែក រវាង៧ខែនៃការបង្ឃាំងខ្លួន លោក​ Yang Hengjun ដោយគ្មានបទចោទប្រកាន់នេះ លោកស្រី​រដ្ឋមន្ត្រី​ការបរទេសអូស្ត្រាលី ធ្លាប់បាន​និយាយលើកឡើងដោយផ្ទាល់មាត់ ជាមួយ​លោកវ៉ាងយី រដ្ឋមន្ត្រីការបរទេស​ចិន ចំនួន​៥ដង។ ក៏ប៉ុន្តែរដ្ឋាភិបាល​ចិន ធ្វើមិនដឹងមិនឮ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ