ចិន៖ ចូលរៀនសកលវិទ្យាល័យបរទេសល្បីៗ ទោះដោយវិធីណាក៏ដោយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២៥
ប្រមាណជាង១០ឆ្នាំចុងក្រោយនេះ សកលវិទ្យាល័យ ឬសាលារៀនធំៗ ល្បីៗ នៅតាមប្រទេសមួយចំនួន ដូចជានៅសហរដ្ឋអាមេរិក អូស្ត្រាលី និងអង់គ្លេសជាដើម គេសង្កេតឃើញថា មានសិស្សនិស្សិតជនជាតិចិន ចូលរៀនកាន់តែច្រើន។ បើទោះបីភាគច្រើននៃសាលាទាំងនោះ សុទ្ធតែជាសាលាឯកជន ដែលមានតម្លៃថ្លៃៗ តែការជ្រើសរើសសិស្សឲ្យចូលរៀន គឺត្រូវឆ្លងកាត់នូវលក្ខខណ្ឌយ៉ាងតឹងតែង។ នៅប្រទេសចិន សម្រាប់អ្នកមានជីវភាពធូរធា ការបញ្ជូនកូនឲ្យចូលរៀនសាលាល្បីៗនៅបរទេស បានក្លាយជាកម្មវត្ថុដ៏សំខាន់ បើទោះបីជាត្រូវចំណាយប្រាក់ច្រើនកំរិតណា ឬក៏ត្រូវលេងផ្លូវកាត់ក៏ដោយ។
នៅចិន ការចុះឈ្មោះកូន ឲ្យចូលរៀនថ្នាក់ត្រៀម ដើម្បីចេញពីរៀននៅបរទេស គឺជាជម្រើសមួយ ដែលគ្រប់អាណាព្យាបាលតែងតែស្រម៉ៃ។ ដោយមានកូនតែមួយ ឪពុកម្តាយជនជាតិចិន បានដាក់ក្តីសង្ឃឹមទាំងស្រុងលើកូន ហើយប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីឲ្យកូនពូកែ និងមានសញ្ញាប័ត្រល្អលើសគេ។ បញ្ហានេះ បានជំរុញឲ្យមានករណី សូកប៉ាន់គ្រូ សូកប៉ាន់សាលារៀន ដើម្បីកែពិន្ទុ កែនិទ្ទេសរបស់សិស្ស។ គេបានប្រើគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណា ឲ្យកូនអាចជាប់ឈ្មោះទៅរៀននៅសកលវិទ្យាល័យ និងសាលាបរទេសធំៗ។
ប្រាក់សំណូក ក្នុងនាមជាប្រាក់បរិច្ចាគ
នៅចិន អំពើពុករលួយ ក្លែងបន្លំ ជាលក្ខណៈប្រព័ន្ធបែននេះ មានជាច្រើនហូរហែរ។ កាលពីដើមឆ្នាំ២០១៩ បណ្តាញព័ត៌មានស៊ើបអង្កេតរបស់អាមេរិក បានចុះផ្សាយនូវករណីស៊ីសំណូក ដែលមានជាប់ពាក់ព័ន្ធជាមួយ សិស្សជនជាតិចិន ដែលមានឪពុកម្តាយមានជីវភាពស្តុកស្តម្ភ។ គ្រួសារចិនមួយ បានចំណាយប្រាក់ដល់ទៅ ៦លាន៥សែនដុល្លារ ដើម្បីឲ្យកូនស្រីខ្លួន បានជាប់ឈ្មោះចូលរៀននៅសកលវិទ្យាល័យ Stanford របស់អាមេរិក។ គ្រួសារមួយទៀតវិញ បានចំណាយអស់ ១លាន២សែន ដើម្បីឲ្យកូនបានជាប់ចូលរៀន នៅសកលវិទ្យាល័យ Yale។
ជាការកត់សំគាល់ ករណីប្រើប្រាស់លុយដើម្បីទិញពិន្ទុ ឬនិទ្ទេសល្អនេះ មិនមែនមិនត្រឹមតែមិនត្រូវបានគេហាមឃាត់ទេ នៅចិន តែផ្ទុយទៅវិញ គឺត្រូវបានស្ថាប័នសាលាឯកជនមួយចំនួន ជំរុញទៀតផង។ នេះបើផ្អែកតាមការលើកឡើង របស់អតីតអ្នកផ្តល់ប្រឹក្សាផ្នែកអប់រំម្នាក់នៅចិន ដែលបានប្រាប់អ្នកយកព័ត៌មានAFP ដោយសុំមិនបញ្ចេញឈ្មោះ។ សាក្សីម្នាក់នេះ អះអាងថា សាលាឯកជននៅចិន ដែលមានជំនាញបង្កើតថ្នាក់ត្រៀម ដើម្បីចេញទៅសិក្សានៅបរទេស តែងតែទទួលប្រាក់ពីអាណាព្យាបាលសិស្ស។ ប្រាក់នោះ គឺគេមិនហៅថាជាប្រាក់សំណូកទេ តែវាគឺជាអំណោយបរិចា្ចគជូនសាលា។ អំណោយបរិច្ចាគ ជាធម្យម គឺខ្ទង់២សែន៥ម៉ឺនដុល្លារ សម្រាប់សិស្សម្នាក់។
ផ្នត់គំនិត “លុយអាចទិញអ្វីៗបានទាំងអស់”
សាក្សី៦នាក់ ជាបុគ្គលិកនៃសាលាថ្នាក់ត្រៀមនៅចិន បានសារភាពថា ពួកគេបានធ្វើរឿងមួយចំនួន ដែលគួរឲ្យខ្មាសអៀនណាស់ ដូចជាការនិយាយបញ្ចុះបញ្ចូលឲ្យអាណាព្យាបាលសិស្ស ឲ្យលៃលករកវិធីផ្លូវកាត់ ដើម្បីឲ្យកូនបាននិទ្ទេសល្អ។ ជាមួយនឹងផ្សំគំនិតពីសាលា គេអាចកែប្រែពិន្ទុ ឬធ្វើតារាងពិន្ទុក្លែងបន្លំ មិនថាមុខវិជ្ជាសិក្សា ឬមុខវិជ្ជាកីឡានោះទេ។ នៅពេលបំពេញបែបបទដាក់ពាក្យចូលសាលានៅបរទេស គេបានរៀបចំរកអ្នកជំនាញ ឲ្យមកសរសេរអត្ថបទវិភាគ ឬតែងសេចក្តី ដែលសាលាបរទេស បានដាក់កំហិតមកលើបេក្ខជននិស្សិតម្នាក់ៗ។
លោក Abdiel Leroy អ្នកនិពន្ធសៀវភៅ “Duelling the Dragon” បានលើកឡើងថា លោកបានឃើញផ្ទាល់នឹងភ្នែក នូវករណីពុករលួយស៊ីសំណូក ដ៏គួរឲ្យអាម៉ាសបំផុត នៅក្នុងពេលដែលលោក ធ្វើការនៅក្នុងសាសាបង្រៀនត្រៀមចូលសាលាល្អៗ របស់អង់គ្លេស នៅឯក្រុងប៉េកាំង។ លោកថា ផ្នត់គំនិតយកលុយជាធំ លុយអាចទិញអ្វីៗបានទាំងអស់ បានចាក់ចូលជ្រៅ ក្នុងខួរក្បាលឪពុកម្តាយចិនមួយចំនួន ព្រមទាំងប្រព័ន្ធអប់រំចិនទាំងមូលផងដែរ។
សេវាកម្មប្រឹក្សាយោបល់ តម្លៃរាប់ម៉ឺនដុល្លារ
ជាមួយគ្នានេះដែរ ឪពុកម្តាយខ្លះ បានស្វែងរកសេវាកម្ម ពីអ្នកជំនាញប្រឹក្សាផ្នែកអប់រំ ឲ្យកូនរបស់ខ្លួន។ អ្នកប្រឹក្សាជំនាញ អាចផ្តល់យោបល់ ឬប្រាប់ពីវិធីសាស្ត្រ ក្នុងការនិយាយស្តី និងរាល់ការទំនាក់ទំនងរបស់សិស្ស ជាមួយនឹងគ្រូៗ។ ធ្វើបែបនេះ គឺដើម្បីធានាឲ្យបាននូវការវាយតម្លៃល្អពីគ្រូ។ ជាឧទាហរណ៍ ឪពុកម្តាយរបស់យុវតី Fu Rao បានចំណាយអស់២សែន៥ម៉ឺនយាន់ ស្មើនឹងជាង៣ម៉ឺន៦ពាន់ដុល្លារ ដើម្បីទទួលបានការផ្តល់ប្រឹក្សាពីអ្នកជំនាញ។
ក្រៅពីការផ្តល់ប្រឹក្សាពីរបៀបសរសេរ របៀបនិយាយ និងសមត្ថភាពភាសាអង់គ្លេស អ្នកជំនាញក៏អាចផ្តល់ប្រឹក្សា ឲ្យសិស្សជនជាតិចិន ត្រូវចូលរួមធ្វើសកម្មភាពសង្គម ដើម្បីបង្ហាញពីទឹកចិត្តមនុស្សធម៌។ ខុសពីសិស្សចិនសាមញ្ញ ដែលធ្វើសកម្មភាពស្ម័គ្រចិត្តនៅតាមសាលារៀនក្រីក្រជនបទ ដើម្បីឲ្យល្អប្លែកគេ យុវតី Fu Rao បានមកធ្វើការស្ម័គ្រចិត្ត នៅក្នុងមណ្ឌលកុមារកំព្រាមួយកន្លែង នៅប្រទេសកម្ពុជា។ បទពិសោធន៍ទាំងនេះ នឹងជួយលើកកំពស់ប្រវត្តិរូបយុវតីនេះ ឲ្យល្អដាច់គេ និងទទួលបានការវាយតម្លៃខ្ពស់ នៅពេលយុវតីនេះ ដាក់ពាក្យចូលរៀននៅសាលាឯបរទេស។
មានតែបរិមាណ?
គួរកត់សំគាល់ថា សេវាកម្មថ្នាក់រៀនត្រៀមចេញទៅបរទេសនេះ កំពុងតែរីកធំធាត់យ៉ាងខ្លាំង។ ឆ្នាំ២០១៧ វិស័យនេះមានចំណូលសរុប ២ម៉ឺន៨ពាន់លានដុល្លារ។ នៅរវាងឆ្នាំ២០២១ ចំណូននៃវិស័យនេះ នឹងកើនឡើងដល់៣ម៉ឺន៥ពាន់លានដុល្លារ។ នេះបើយោងតាមតួលេខផ្លូវការ របស់សមាគមនិស្សិតនិងសកលវិទ្យាល័យចិន។
មិនមែនតែនៅតាមទីក្រុងធំៗទេ សូម្បីតែនៅតាមខេត្តឆ្ងាយ ឪពុកម្តាយដែលមានជីវភាពធូរធា បានចាប់ផ្តើមងាកមកជម្រុញឲ្យកូន ឆ្ពោះទៅរៀននៅសាលាឯបរទេស ជាជាងរៀននៅសកលវិទ្យាល័យក្នុងស្រុក ដែលមានកម្មវិធីសិក្សា ឬវិធីសាស្ត្របង្រៀនបែបចាស់គំរិល។ នៅសហរដ្ឋអាមេរិក ក្នុងចំណោមនិស្សិតបរទេសទាំងអស់ និស្សិតជនជាតិចិន មានចំនួន១ភាគ៣។ នៅអង់គ្លេសវិញ និស្សិតចិន បានកើនឡើង ដល់ទៅ៣០% កាលពីឆ្នាំ២០១៨។ ឆ្លើយតបនឹងសំណួររបស់អ្នកកាសែត AFP ឪពុកម្តាយជនជាតិចិនភាគច្រើន អះអាងថា ពួកគេមិនខ្លាចនឹងរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណា ឲ្យតែកូនបានចេញមករៀននៅតាមសាលាធំៗ មិនថានៅអាមេរិក អូស្ត្រាលី បារាំង ឬអង់គ្លេស។
ជាការពិត ឪពុកម្តាយតែងតែចង់ឲ្យកូនខ្លួន បានល្អ រៀនវែងឆ្ងាយ មានសមត្ថភាព មានអនាគត មានការងារ និងចំណូលច្រើន។ ទាំងអស់នេះគឺជាក្តីស្រម៉ៃរបស់ឪពុកម្តាយ។ តែពេលខ្លះការចង់បាននេះ វាហួសហេតុ ឬពេលខ្លះដែលផ្ទុយស្រលះពីការចង់បាន ក៏ដូចជាចំណង់ចំណូលចិត្តរបស់កូន។ លុយអាចជាមធ្យោបាយ ដើម្បីទទួលបាននូវការបណ្តុះបណ្តាលសមត្ថភាព។ តែសមត្ថភាពពិតប្រាកដ ត្រូវតែកើតចេញពីការរៀនសូត្រ ការស្រាវជ្រាវ។ ការយកប្រាក់ទៅសូកប៉ាន់ ឬទិញសេវាកម្ម ដើម្បីឲ្យកូនខ្លួនបានពិន្ទុល្អ គឺហាក់បីដូចជាការមើលងាយ និងមិនទុកចិត្ត ដល់សមត្ថភាពរបស់កូនខ្លួន ទៅវិញទេ។ ហើយវាក៏ជាទង្វើមួយដ៏អយុត្តិធម៌ សម្រាប់កូនអ្នកដទៃ ដែលមានសមត្ថភាព មានទេពកោសល្យ តែគ្មានលទ្ធភាព៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ