អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តុលាការចិន​បើក​សវនាកា​បិទទ្វារ កាត់ទោស​មេធាវី​ការពារ​សិទ្ធិ​មនុស្ស ​វ៉ាង ឈាន់ចាង

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃពុធ ទី២៦ធ្នូ​ តុលាការចិន នៅក្រុងធានជីង បានបើកសវនាបិទទ្វារជិត មិនឲ្យនរណាចូលទៅស្តាប់ ដើម្បីកាត់ទោស លោកមេធាវី វ៉ាង ឈាន់ចាង ដែលជាមេធាវីការពារសិទ្ធិមនុស្ស។ លោកមេធាវីរូបនេះ ត្រូវអាជ្ញាធរចិនចាប់ឃុំខ្លួន តាំងតែពីឆ្នាំ២០១៥ ដោយចោទប្រកាន់ពីបទ ធ្វើវិទ្ធង្សនាប្រឆាំង​នឹងរដ្ឋអំណាច។ លោក វ៉ាង ឈាន់ចាង គឺជាមេធាវី ១រូប ក្នុងចំណោមមេធាវីការពារសិទ្ធិមនុស្ស ជាច្រើននាក់ទៀត ដែលត្រូវអាជ្ញាធរ​ចិន ចាប់ឃុំខ្លួន រយៈពេលវែងដោយគ្មានការជំនុំជំរះ។ ការឃុំខ្លួនទាំងនេះ ត្រូវបានប្រទេស​លោកខាងលិច និងអង្គការសិទ្ធិមនុស្សជាច្រើន លើកឡើង អំពីការប្រើអំណាចផ្តាច់ការ កាន់តែខ្លាំងឡើង ពីសំណាក់​អំណាចកុម្មុយនីស្តិចិន ដឹកនាំដោយលោកប្រធានាធិបតី ស៊ី ជីន​ពីង។

តុលាការប្រជាជនក្រុងធានជីង ដែលបើក​​សវនាកា​​កាត់ទោស​​លោក​មេធាវី​ Wang Quanzhang។ ថ្ងៃទី​២៦ ធ្នូ​២០១៨​
តុលាការប្រជាជនក្រុងធានជីង ដែលបើក​​សវនាកា​​កាត់ទោស​​លោក​មេធាវី​ Wang Quanzhang។ ថ្ងៃទី​២៦ ធ្នូ​២០១៨​ REUTERS/Thomas Peter
ផ្សាយពាណិជ្ជកម្ម

ជាប់ឃុំ បាត់ដំណឹងសូន្យ៣ឆ្នាំ

លោក វ៉ាង ឈាន់ចាង អាយុ៤២ឆ្នាំ គឺជាមេធាវី ដ៏ល្បីឈ្មោះម្នាក់ ដែលធ្លាប់បានចេញមុខ ការពារក្តីជួយប្រជាជនចិន ដែលត្រូវគេរិបអូសយកដីធ្លី ផ្ទះសម្បែង។ នៅរវាងខែកក្កដា ឆ្នាំ២០១៥ អាជ្ញាធរចិន បានចេញប្រតិបត្តិការ តាមចាប់អ្នកច្បាប់ មេធាវី និងសកម្មជនសិទ្ធិមនុស្ស ប្រមាណជា២០០នាក់។ លោក វ៉ាង ឈាន់ចាង បានរត់គេចខ្លួន ក៏ប៉ុន្តែមួយខែក្រោយមក លោកត្រូវបាននគរបាល ​ចាប់ខ្លួនបាន នៅស្រុកកំណើតលោក ក្នុងខេត្តឆាងតុង។ បន្ទាប់ពីត្រូវ​បានឃុំខ្លួននៅក្នុងផ្ទះ នៅដើមឆ្នាំ ២០១៦ លោកមេធាវី​ ត្រូវបានតុលាការចិន ចោទប្រកាន់ជាផ្លូវការ ពីបទធ្វើសកម្មភាពវិទ្ធង្សនា ប្រឆាំងអំណាចរដ្ឋ ហើយត្រូវ បានគេយកទៅឃុំខ្លួន នៅទីកន្លែងសំងាត់មួយ។

លោកស្រី Li Wenzu ភរិយាលោក Wang Quanzhang កោរសក់​ដើម្បី​ទាមទារ​យុត្តិធម៌​​ជូន​ស្វាមី​
លោកស្រី Li Wenzu ភរិយាលោក Wang Quanzhang កោរសក់​ដើម្បី​ទាមទារ​យុត្តិធម៌​​ជូន​ស្វាមី​ Reuters

អស់រយៈពេល៣ឆ្នាំ ដែលលោកស្រី លី វែនជូ ភរិយារបស់លោកមេធាវី វ៉ាង ឈាន់ចាង មិនបានដឹងដំណឹងអ្វីសោះពីស្វាមី។ ទីកន្លែងឃុំខ្លួន ត្រូវលាក់យ៉ាងសំងាត់ ក្រុមគ្រួសារមិនអាចទៅសួរសុខទុក្ខបាន ហើយលោកមេធាវី ក៏ពុំមានសិទ្ធិ អាចមានមេធាវីការពារក្តីឲ្យនោះទេ។ កាលពីសប្តាហ៍មុន ភរិយាលោកមេធាវី បានកោរសក់ ដើម្បីជានិម្មិតរូបតវ៉ា​ ទាមទារភាពយុត្តិធម៌ជូនស្វាមី។

សវនាកាបិទទ្វារ​ក្រោមហេតុផល “កិច្ចការសម្ងាត់រដ្ឋ”

ទើបតែកាលពីថ្ងៃ ២៤ធ្នូ លោកស្រី លី វែនជូ បានទទួលដំណឹងថា សវនាកាកាត់ទោសប្តីលោកស្រី នឹងប្រព្រឹត្តិធ្វើទៅ នៅតុលាការក្រុងធានជីង នៅព្រឹកថ្ងៃទី២៦ធ្នូ។ មានសមត្ថកិច្ច​នគរបាលប្រមាណជា២០នាក់ បានមកយាមជុំវិញផ្ទះលោកស្រី មិនឲ្យលោកស្រី ចេញពីផ្ទះធ្វើដំណើរទៅស្តាប់សវនាកាទេ។

ប្រឈមមុខនឹងទោស “ធ្វើវិទ្ធង្សនា” លោក មេធាវី វ៉ាង ឈាន់ចាង អាចត្រូវតុលាការ កាត់ទោសឲ្យជាប់គុកអស់មួយជីវិត។ តុលាការក្រុងធានជីង បានបញ្ជាក់ថា អង្គសវនាកា​ត្រូវបិទទ្វារជិត មិនឲ្យនរណាចូលទៅស្តាប់ទាំងអស់ ដោយសារតែជាសំណុំរឿង “កិច្ចការសម្ងាត់របស់រដ្ឋ”។ នៅបរិវេនជុំវិញតុលាការ នគរបាល​ចិន​យាមយ៉ាងជាប់ស្អិត ហាមមិនឲ្យ​មនុស្សចូលទៅជិត។ មានមនុស្សមួយចំនួន បានឈរតវ៉ា ទាមទារឲ្យ​ដោះលែង លោកមេធាវី វ៉ាង ឈាន់ចាង​នៅមិនឆ្ងាយប៉ុន្មាន​ពី​តុលាការ។

« ប្រជាជនចិន ត្រូវក្រោកឡើង កុំទ្រាំរស់​នៅក្នុងភាពភ័យខ្លាចតទៅទៀត… »

លោក Yang Chunlin ដែល​ស្រែក​តវ៉ា​ នៅខាងមុខ​​តុលាការ​ក្រុង​​ធានជីង ត្រូវ​សមត្ថកិច្ច​​ស្លៀក​ឯកសណ្ឋាន​ស៊ីវិល ចាប់ឃាត់​ខ្លួន​
លោក Yang Chunlin ដែល​ស្រែក​តវ៉ា​ នៅខាងមុខ​​តុលាការ​ក្រុង​​ធានជីង ត្រូវ​សមត្ថកិច្ច​​ស្លៀក​ឯកសណ្ឋាន​ស៊ីវិល ចាប់ឃាត់​ខ្លួន​ Reuters

បុរសម្នាក់ ឈ្មោះ យ៉ាង ឈុនលីន ដែលជាសកម្មជនសិទ្ធិមនុស្សមួយរូបដែរ បានស្រែកខ្លាំងនៅខាងក្រៅតុលាការ បរិហារថា៖ “ពួកអ្នកឯង ចាប់ខ្លួនមនុស្សស្លូតត្រង់ ហើយហាមគេមិនឲ្យចូលទៅសួរសុខទុក្ខ ទង្វើបែបនេះ មានតែរបបផ្តាច់ការហ្វាឈីស្តទេ ដែលធ្វើទៅរួច”។ ហើយ​មុននឹងត្រូវបាននគរបាល ចាប់ក្របួចរុញបញ្ចូលឡាន លោក យ៉ាង ឈុនលីន បានស្រែកទៀតថា៖ “ ប្រជាជនចិន ត្រូវក្រោកឡើង កុំទ្រាំរស់នៅក្នុងភាពភ័យខ្លាចបែបនេះតទៅទៀត ត្រូវតែក្លាហាន រួមគ្នាក្រោកឈរ តតាំងនិងការជិះជាន់ បំបិទសិទ្ធិសេរីភាព”។ នៅក្បែរនោះដែរ បុរសម្នាក់ទៀត ដែលកាន់បដា ដែលមានសរសេរថា “ដោះលែងជនស្លូតត្រង់ វ៉ាង ឈាន់ចាង” ក៏ត្រូវបាននគរបាល ចាបឃាត់ខ្លួនដែរ។ នេះ​បើ​យោង​តាមអ្នកយកព័ត៌មាន AFP ដែលស្ថិតនៅទីនោះផ្ទាល់។

ចំណែកនៅទីក្រុងហុងកុង បន្ទាប់ពីបានដឹងដំណឹង នៃការបើកសវនាកា កាត់ទោសលោកមេធាវី​ វ៉ាង ឈាន់ចាង នៅថ្ងៃទី២៦ធ្នូ ក៏មានសកម្មជនសិទ្ធិមនុស្សមួយក្រុម បានជួបជុំគ្នា នៅខាងមុខអាគារតំណាងរដ្ឋបាលចិន ដើម្បីទាមទារឲ្យដោះលែងលោកមេធាវី។ លោក ក្វុក កាគី សមាជិកសភាហុងកុង និយមប្រជាធិបតេយ្យ ដែលមានវត្តមានក្នុងការជួបជុំ បានលើកឡើងថា អស់រយៈពេល១២៦០ថ្ងៃហើយ ដែលលោកមេធាវី វ៉ាង ឈាន់ចាង បានជាប់ឃុំ ដោយគ្មានសវនាកាអ្វីទាំងអស់។ នេះគឺជារឿងមួយដ៏អាម៉ាសបំផុត សម្រាប់ប្រទេសចិន។ បន្ទាប់ពីជាប់ឃុំដល់ទៅ៣ឆ្នាំ ពេលនេះលោកមេធាវី​ ត្រូវគេបើកសវនាកាត់ទោស ដោយបិទទ្វារជិតទៀត។ មានតែរបបណាហ្ស៊ីសអ៊ីទ្លែទេ ដែលអាចធ្វើអំពើឃោរឃៅបែបនេះ ទៅលើប្រជាជនខ្លួន។

សកម្មជន​ហុងកុង ទាមទារ​ឲ្យ​ដោះលែង​លោក ​Wang Quanzhang
សកម្មជន​ហុងកុង ទាមទារ​ឲ្យ​ដោះលែង​លោក ​Wang Quanzhang Reuters

ចាប់ដាក់ឃុំ ធ្វើទារុណកម្ម គំរាមកំហែង បង្អកថ្នាំធ្វើឲ្យខូចសតិស្មារតី

សូមរំលឹកថា កាលពីថ្ងៃទី ៧កក្កដា ឆ្នាំ២០១៥ អ្នកច្បាប់ មេធាវី និងសកម្មជនសិទ្ធិមនុស្សប្រមាណ២០០នាក់ ត្រូវបានគេចាប់ឃាត់ខ្លួន។ ភាគច្រើននៃមនុស្សទាំងនោះ បានបាត់ដំណឹងឈឹងសូន្យ។ យោងតាមអង្គការ Amnesty International បានឲ្យដឹងថា អាជ្ញាធរ​ចិន បានធ្វើសកម្មភាព គំរាមកំហែង បំភិតបំភ័យក្រុមគ្រួសារ របស់អ្នកដែលគេចាប់ខ្លួន។ ចំណែក​អ្នកដែលត្រូវគេចាប់ខ្លួន មានអ្នកខ្លះ បានរងនូវទារុណកម្ម និងការចាប់បង្អក ឲ្យលេបថ្នាំធ្វើឲ្យខូចប្រព័ន្ធសសៃប្រសាទ។ មេធាវីម្នាក់ ឈ្មោះ លី ឈុនហ៊្វូ ត្រូវបានគេ​ដោះលែង​មកវិញ ក្រោយឃុំខ្លួនបាន៥០០ថ្ងៃ តែពេលចេញមកវិញ គឺមេធាវីរូបនោះ មានជំងឺ​សសៃប្រសាទជាទំងន់។

កាលពី ដើមឆ្នាំ២០១៧ មានអ្នកច្បាប់ មេធាវី និងចៅក្រមបរទេសល្បីៗ ជាង៣០នាក់ បាន​រួមគ្នា ធ្វើញត្តិមួយ ផ្ញើទៅកាន់ លោកប្រធានាធិបតិចិន ស៊ី ជីនពីង ទាមទារ​ឲ្យពិនិត្យមើល​​​ឡើងវិញ អំពីចំណាត់ការធ្វើទុក្ខបុកម្នេញ ទៅលើបណ្តាអ្នកច្បាប់ការពារសិទ្ធិមនុស្ស​​​នៅចិន។ ក្នុងញ្ញតិនោះ អ្នកច្បាប់បរទេស បានលើកឡើង អំពីករណីធ្វើទារុណកម្ម​​ ការគំរាមកំហែង ការបង្ខំឲ្យរត់គេចខ្លួន ការឃុំខ្លួន ដោយគ្មានឆ្លងកាត់ការជំនុំជំរះ និងការបដិសេធ មិនឲ្យមានមេធាវីការពារខ្លួនជាដើម។

ក្រុមអ្នកច្បាប់អន្តរជាតិ បានរំលឹកថា ចិនគឺជាប្រទេសហត្ថលេខី នៃសន្ធិសញ្ញា ប្រឆាំងនឹងការធ្វើទារុណកម្ម​ និងកតិកាសញ្ញាអន្តរជាតិ ស្តីពីការការពារសិទ្ធិស៊ីវីល និងសិទ្ធិនយោបាយ។ ដូច្នេះ សកម្មភាពចាប់ឃាត់ខ្លួន ការគំរាមកំហែង ការធ្វើទារុណកម្ម លើអ្នកច្បាប់ ឬមេធាវី គឺជាសកម្មភាព​ បំពាននឹងកាតព្វកិច្ចអន្តរជាតិ ដែលចិនត្រូវគោរព ក្នុងនាមជាប្រទេសហត្ថលេខី ហើយវាក៏ផ្ទុយពីគោលការណ៍​ច្បាប់ នៃរដ្ឋធម្មនុញ្ញរបស់ចិន ខ្លូនឯងដែរ។ បើចិន ចង់បានការគោរពពីសហគមន៍អន្តរជាតិ ក្នុងនាមជាប្រទេសមហាអំណាច ចិនត្រូវតែគោរពកាតព្វកិច្ចខ្លួន ក្នុងក្រមខណ្ឌច្បាប់អន្តរជាតិ ស្តីពី​ការ​​គោរពសិទ្ធិមនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ