អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន បង្ហោះយាន​ទៅ​ស្រាវជ្រាវ​ជា​លើកទីមួយ នៅ​ចំហៀង​ម្ខាង​ទៀត​ របស់​ព្រះចន្ទ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចិនកំពុងបោះជំហានទៅមុន នៅលើវិស័យសា្រវជ្រាវអវកាស។​ កាលពីថ្ងៃទី​៩ ធ្នូ ក្រុមស្រា​វជ្រាវអវកាសចិន បានបង្អោះយានអវកាស ឆាងអ៊ឺ ទី៤ (Chang’e 4) ទៅកាន់ព្រះចន្ទ ដើម្បីស្រាវជ្រាវនៅផ្នៃកលើផ្ទៃចំហៀងម្ខាងទៀតនៃព្រះចន្ទ ដែលបាំងជាប់ជានិច្ច។ នេះគឺជាលើកទៅមួយហើយ ដែលមានបេសកកម្មទៅស្រាវជ្រាវដល់ ចំហៀងម្ខាងទៀតរបស់ព្រះចន្ទ ព្រោះជាបេសកកម្មដ៏លំបាក។ តាមរយៈបេសកកម្មនេះ ចិន កំពុងតែបង្ហាញឲ្យឃើញអំពីមហិច្ឆិតា ដើរឲ្យទាន់ ឬក៏អាចលឿន ​ជាងមហាអំណាចអវកាសដ៏ទៃ ដែលមាន អាមេរិក រុស្ស៊ី ឬអឺរ៉ុបជាដើម។

កាំជ្រួច Chang Zheng 3B ហោះ​នាំ​យកយាន Chang'e 4 ទៅ​លើ​ព្រះចន្ទ។ ស្ថានីយ៍​អវកាស​ ខេត្តស៊ីឈាន់ ថ្ងៃទី​៩ ធ្នូ ២០១៨
កាំជ្រួច Chang Zheng 3B ហោះ​នាំ​យកយាន Chang'e 4 ទៅ​លើ​ព្រះចន្ទ។ ស្ថានីយ៍​អវកាស​ ខេត្តស៊ីឈាន់ ថ្ងៃទី​៩ ធ្នូ ២០១៨ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ការស្រាវជ្រាវអវកាសរបស់ចិន កំពុងតែបោះជំហានទៅមុខ​ដោយស្ងាត់ៗ ក៏ប៉ុន្តែប្រកប​ដោយភាពច្បាស់លាស់។ ថ្វីបើមកក្រោយគេ ក្នុងវិស័យនេះ តែចិនគឺជាប្រទេស ដែលត្រូវគេមើលឃើញថា មានការប្រឹងប្រែងខ្លាំងបំផុត ទោះបីជានៅមានបទពិសោធន៍ក្មេងខ្ចីជាងគេក៏ដោយ។

ចុះចតលើកទីមួយ នៅម្ខាងទៀតនៃព្រះចន្ទ

កាលពីថ្ងៃទី៩ធ្នូ ក្រុមអ្នកស្រាវជ្រាវអវកាសចិន បានបាញ់បង្ហោះ ចេញពីស្ថានីយអវកាស​Xichang នូវយានចុះចតមួយឈ្មោះ Chang’e 4។ យាននេះ ដែលមានទំងន់ជិត៤តោននេះ នឹងមានបេសកកម្ម ទៅស្រាវជ្រាវ នៅលើផ្ទៃម្ខាងទៀតនៃព្រះចន្ទ ដើលមិនបែរមុខ​មក​ចំផែនដីយើង។ មិនត្រឹមតែកាសែតក្នុងស្រុករបស់ចិនទេ ដែលអួតសរសើរ តែសូម្បី​តែ​អ្នក​ជំនាញអន្តរជាតិ ក៏បានសរសើរដែរ ថានេះគឺជាលើកទីមួយហើយ ដែលមានយានទៅ​ចុះចត ដើម្បីស្រាវ​ជ្រាវនៅមួយចំហៀងទៀតនៃព្រះចន្ទ។ រហូតមកដល់ពេលនេះ ទាំង​រុស្ស៊ី​ ទាំងអាមេរិក គឺបានត្រឹមតែធ្វើបេសកកម្ម ទៅចុះចត នៅលើផ្ទៃព្រះចន្ទ ដែលបែរ​មុខមកខាងផែនដី។

វាគឺជាបេសកកម្មដែលមានការលំបាក។ ទីមួយដោយសារតែមួយចំហៀងម្ខាងទៀតនៃព្រះចន្ទនោះ មិនមែនជាមានផ្ទៃរាបស្មើល្អ ដូចនៅមួយចំហៀង ដែលបែរមុខមកខាងផែនដីទេ។ ផ្ទៃព្រះចន្ទ នៅចំហៀងដែលបែរមុខមកខាងផែនដី ភាគច្រើន គ្រប់ដណ្តប់ដោយស្រទាប់កំអែលភ្នំភ្លើង។ ផ្ទុយទៅវិញ​ បើយោងតាមរូបភាព ដែលថតបានដោយ​យាន​អវកាសសូវៀត​ នៅឆ្នាំ១៩៥៩ បានបង្ហាញថា មួយផ្ទៃ​ចំហៀងទៀតនៃព្រះចន្ទ គឺសំបូរ​ទៅដោយរណ្តៅ ក្រហូងធំៗ ព្រមជាមួយនឹងទីទួល និងជ្រលងយ៉ាងជ្រៅទៀតផង​។ ប្រការ​នេះ បោនចោទជាការលំបាក ដល់ការចុះចតរបស់យានChang’e 4។

ជាងនេះទៅទៀត នៅលើព្រះចន្ទ ក្នុងមួយថ្ងៃ ដែលមានរយៈពេលស្មើនឹង២៨ថ្ងៃនៅលើផែនដីនោះ គឺសីតុណ្ហភាព ប្រែប្រួលខុសគ្នាយ៉ាងខ្លាំង រវាងពេលថ្ងៃនឹងពេលយប់។ ពេល​ថ្ងៃ​មានសីតុណ្ហភាព ១២៧°c ចំណែកពេលយប់វិញ សីតុណ្ហភាពអាចុះដល់ -១៧៣°c។ ការផ្លាស់ប្តូរសីតុណ្ហភាពខ្លាំងបែបនេះ អាចធ្វើឲ្យខូចប្រព័ន្ធអេឡិចត្រូនិករបស់យានចុះចតស្រាវជ្រាវ។ ដោយហេតុនេះហើយ បានជាក្រុមអ្នកអវកាសចិន បាន​ជ្រើសរើស​ទីតាំងនៅប៉ូលខាងត្បូងនៃព្រះចន្ទ ជាទីចុះចត ដើម្បីកាត់បន្ថយការប្រែប្រួលនៃសីតុណ្ហភាព។

មិនអាចតភ្ជាប់រលកសញ្ញាវិទ្យុ

ការលំបាកមួយទៀត និងដ៏ធំបំផុតនោះ គឺប្រព័ន្ធទំនាក់ទំនង រលកសញ្ញាវិទ្យុ រវាងផែនដី និង ទីតាំងចតនៅលើព្រះចន្ទ។ ដោយសារតែទីតាំងនៅ ស្ថិតនៅមួយចំហៀងទៀត នៃព្រះចន្ទ ហើយមិនបែរមុខមករកផែនដី គឺគេពុំអាចតភ្ជាប់រលកវិទ្យុ ដោយផ្ទាល់បានទេ។ រលកសញ្ញាវិទ្យា ផ្ញើចេញ ឬក៏ចាប់បាន តាមរយៈខ្សែត្រង់ ក៏ប៉ុន្តែក្នុងករណីនេះ គឺវាត្រូវបាំងដោយព្រះចន្ទខ្លួនឯង។

ដើម្បីអាចបញ្ជា និងទទួលទិន្នន័យពីយាន Chang’e 4 បាន អ្នកអវកាស​ចិន បានបង្ហោះផ្កាយរណបមួយជាពិសេស ដើម្បីធ្វើជាស្ពានបញ្ជូនបន្តនូវរលកសញ្ញាវិទ្យុ រវាងផែនដីស្ថានីយ៍យានអវកាសចិន និង យានChang’e 4។ ផ្កាយរណប ដែលមានឈ្មោះថា Quequiao ត្រូវបានបង្ហោះទៅកាលពីចុងខែឧសភា ឆ្នាំនេះ ឲ្យស្ថិតនៅចំងាយ ផុតពីព្រះចន្ទទៅ ប្រមាណជា៦ម៉ឺន៥ពាន់គីឡូម៉ែត្រ។

សិក្សាពីស្រទាប់របស់ព្រះចន្ទ និងដែនរលកសញ្ញាវិទ្យុ​នៃចក្រវាឡ

បើតាមការលើកឡើង របស់លោក Bernard Foing អ្នកជំនាញស្រាវជ្រាវលើព្រះចន្ទ ប្រចាំ​នៅ​ទីភ្នាក់ងារអវកាសអឺរ៉ុប បានឲ្យដឹងថា បេសកកម្មរបស់ចិននេះ មានលក្ខណៈគួរឲ្យចាប់អារម្មណ៍ណាស់ ព្រោះទីតាំងស្រាវជ្រាវរបស់ យានChang’e 4 គឺតំបន់ដែលមានរណ្តៅជ្រៅ និងមានអង្កត់ផ្ចិត​ប្រមាណ២៥០០គីឡូម៉ែត្រ។ យាននេះ អាច​ផ្តល់នូវទិន្នន័យស្តីពីធាតុផ្សំ នៃស្រទាប់របស់ព្រះចន្ទ។ បេសកកម្មរបស់ចិននេះ គឺដើម្បីស្រាវជ្រាវពីធាតុផ្សំ នៃស្រទាបដី និងថ្មរបស់ព្រះចន្ទ តាមរយៈការទៅដល់ទីតាំង ដែលមានរណ្តៅនឹងក្រហែងជ្រៅៗ។

ក្រៅពីនេះ យានChang’e 4 បាននាំយកទៅជាមួយ នូវកញ្ចប់ទំងន់៣គីឡូក្រាម ដែលក្នុងនោះ មានដូចជាគ្រាប់ដំឡូង គ្រាប់ផ្កាArabidopsis ព្រមទាំងសំបក​ស្នូកដង្កូវនាង ដើម្បីសិក្សា​ពី​ទំនាញ របស់ព្រះចន្ទ ដែលនៅតំបន់នោះ។

កម្មវត្ថុ​មួយទៀត នៃបេសកកម្ម Chang’e 4 គឺធ្វើការសិក្សាអំពីដែននៃរលកសញ្ញាវិទ្យុ នៃលំហអវកាសទាំងមូល។ ដោយហេតុថា មួយចំហៀងដែលមិនបែរមុខមកចំផែនដីនោះ គឺវា​បែរ​មុខទៅរកលំហចក្រវាឡ​ទាំងមូល ដូច្នេះនៅទីនោះ អាចចាប់បានរលកសញ្ញាវុទ្យុ ក្នុងកំរិតហ្វ្រេកង់ស៍បានខ្ពស់។ ចំណែកការចាប់កម្រិតរលកសញ្ញារបៀបនេះ ពី​ផែនដី គឺមិនអាចធ្វើទៅបានល្អទេ ដោយសារនៅជុំវិញផែនដី មានពោរពេញទៅដោយ​រលក​សញ្ញា​ផ្សេងៗ ដែលមករំខាន។ ក្នុងន័យនេះដែរ ផ្កាយរណប Quequiao ក៏មានបំពាក់ដោយ Radiotéléscope ដើម្បីធ្វើការស្រង់ទិន្ន័យរកសញ្ញាវិទ្យុ នៃលំហអាកាសដែរ។

ព្រះចន្ទ ជាទីតាំងហាត់សម យកបទពិសោធន៍បច្ចេកទេស

គួរ​កត់​សំគាល់​ថា នេះមិនមែនជាលើកទីមួយទេ ដែលចិនបានបញ្ជូនយានទៅសិក្សា នៅ​លើ​ឋាន​​ព្រះចន្ទ។ កាលពីឆ្នាំ២០១៣ ចិនបានបញ្ជូនយានឈ្មោះ Yutu ម្តងរួចហើយ តែ​យាន​នោះ អាចដំណើរការបានតែប្រមាណតែ២ថ្ងៃ២យប់ នៅលើព្រះចន្ទប៉ុណ្ណោះ។ ទើប​តែ​បង្ហោះ​យាន​Chang’e 4 ចិនបានប្រកាសឲ្យដឹងអំពីផែនការ បង្ហោះយានChang’e 5 រួចទៅហើយ។

រដ្ឋាភិបាល​ចិន ចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងវិស័យនេះ ដោយមានកងទ័ព ជាអ្នក​ត្រួត​ពិនិត្យគ្រប់គ្រង។ វិស័យអាវកាសចិន បានរីកចំរើនយ៉ាងលឿន ដោយចិន បានបង្ហោះ​នូវ ផ្កាយរណបផ្ទាល់ខ្លួន ជាច្រើនគ្រឿង។ លោក Philippe Coué​ អ្នកសិក្សាស្តីពីកម្មវិធី​អវកាស​របស់ចិន បានលើកឡើងថា តាមពិតទៅ ការសិក្សាស្រាវជ្រាវនៅលើឋានព្រះចន្ទ ពុំសូវមានអត្ថប្រយោជន៍វិទ្យាសាស្ត្រធំដុំប៉ុន្មានទេ។ ដូ​ច្នេះហើយ បានជាមហាអំណាចផ្សេងៗទៀត មិនបន្តធ្វើ។ តែយ៉ាងណា ចិននៅតែប្រឹងធ្វើ ព្រោះវាបើកឱកាស ឲ្យចិនមានបទពិសោធន៍បច្ចេកទេស និងការស្រាវជ្រាវ។ អ្នកជំនាញម្នាក់នេះ លើកឡើងថា នៅរវាងឆ្នាំ២០៣០ ចិនមានគំរោងកសាងមូលដ្ឋានអវកាសនៅលើព្រះចន្ទ ដោយបញ្ជូនមនុស្ស ឲ្យទៅធ្វើការស្រាវជ្រាវនៅទីនោះដោយផ្ទាល់ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ កាលពីខែវិច្ឆិកាកន្លងទៅ ចិនបានបង្ហាញឲ្យដឹង នូវគំរោងមួយទៀត គឺគំរោងសាងសង់ ស្ថានីយ៍អវកាសអន្តរជាតិក្នុងលំហ ជាលើកទីមួយរបស់ខ្លួន សម្រាប់ឆ្នាំ២០២២។ តាមការគ្រោងទុក ស្ថាននីយ៍នេះ នឹងមកជំនួសស្ថានីយ៍អវកាសអន្តរជាតិ ISS ដែលជាការសហការរវាងអាមេរិក រុស្ស៊ី​ អឺរ៉ុប ជប៉ុន និងកាណាដា ហើយដែលស្ថាននីយ៍ និងត្រូវចប់បេសកកម្មនៅឆ្នាំ២០២៤។ លោក Philippe Coué លើកឡើងថា “មេដឹកនាំចិន គេជឿក្នុងចិត្តថា ប្រទេសមួយដែលខ្លាំង អាចគ្រប់គ្រងពិភពលោកបាន គឺប្រទេសនោះត្រូវចេះគ្រប់គ្រងស្ថានីយ៍អវកាសក្នុងលំហ និងនៅលើភពផ្សេង”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ