សេដ្ឋកិច្ចចិនធ្លាក់សន្ទុះ ដោយសារការកាត់បន្ថយបំណុល និងការកាត់បន្ថយឧស្ម័នកាបូនិក
យោងតាមតួលេខ របស់ការិយាល័យស្ថិតិចិន បានបង្ហាញថា សន្ទុះសេដ្ឋកិច្ចរបស់ចិន បានធ្លាក់ចុះ នៅក្នុងខែតុលាកន្លងទៅ បើប្រៀបធៀនទៅនឹងតួលេខ កាលពីខែកញ្ញា។ ការធ្លាក់ចុះនេះ មិនមែនទាក់ទងតែក្នុងវិស័យផលិតផលឧស្សាហកម្មទេ សូម្បីតែការប្រើប្រាស់ក្នុងស្រុក ក៏បានធ្លាក់ចុះដែរ។ គេជឿថា ការធ្លាក់សន្ទុះសេដ្ឋកិច្ចរបស់ចិននេះ គឺមួយផ្នែក ដោយសារគោលនយោបាយ កាត់បន្ថយឧស្ម័នពុល ព្រមទាំងគោលនយោបាយ កាត់បន្ថយបំណុលសាធារណៈ និងឯកជន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៧
សន្ទុះសេដ្ឋកិច្ច របស់មហាអំណាចលំដាប់ទី២ ហាក់កំពុងតែថយក្រោយ។ ការិយាល័យស្ថិតិចិន បានបញ្ចេញតួលេខ សម្រាប់ខែតុលាកន្លងទៅ ដែលកំណើនសេដ្ឋកិច្ច មានប្រមាណ៦,២% បើប្រៀបធៀបទៅខែកញ្ញា គឺមាន ៦,៦%។ តួលេខធ្លាក់ចុះនេះ បានធ្លាក់ហួសពីការរំពឹងស្មាន របស់ គេហទំព័រ Bloomberg News ផងទៀត។
អាចមានមូលហេតុច្រើន ដែលពន្យល់ការថយចុះនេះ។ លោក Julian Evans-Pritchard អ្នកវិភាគនៅការិយាល័យ Capital Economics បានលើកឡើងថា វិស័យអលនទ្រព្យនៅចិនបានថយចុះខ្លាំង ដោយសារនៅតាមទីក្រុងធំៗ គេបានរិតត្បិត ការសាងសង់។ បន្ថែមពីនេះ ការនាំចេញរបស់ចិនក៏បានថយចុះ ដោយសារតែការបញ្ជារទិញ បានធ្លាក់ចុះ។ តួលេខរបស់ការិយាល័យស្ថិតិចិន ក៏បានបង្ហាញអំពីការថយចុះ នូវតម្រូវការប្រើប្រាស់ ក្នុងស្រុកចិនដែរ។
មួយទៀត សកម្មភាពផលិតរបស់ចិន ក៏ត្រូវជួបការរាំងស្ទះ ដោយសារតែគោលនយោបាយថ្មីរបស់រដ្ឋាភិបាលចិន ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នពុល។ ជាក់ស្តែង រដ្ឋាភិបាលចិន បានដាក់កំហិត ឲ្យរោងចក្រសហគ្រាសធំៗ ឲ្យកាត់បន្ថយការផលិតដែលលើសចំនួនត្រូវការ ក្នុងរយៈពេលរដូវរងារ ដើម្បីកាត់បន្ថយ ការប្រើប្រាស់ថាមពល និងឧស្ម័នកាបូនិកដែលបញ្ចេញចោល។ កម្មវត្ថុការពារបរិស្ថាន គឺជាអាទិភាពថ្មី របស់រដ្ឋាភិបាលចិន។
ក្រៅពីហេតុផលបរិស្ថាន នៅមានហេតុផលមួយទៀត គឺការកាត់បន្ថយនូវបំណុលសាធារណៈ និងឯកជន។ លោក លីវ អៃហ័រ អ្នកនាំពាក្យការិយាល័យស្ថិតិ ទទួលស្គាល់ថាវិស័យហិរញ្ញវត្ថុចិន ស្ថិតក្នុងស្ថានភាពមួយ ដែលពំមានតុល្យភាព។ លោកបន្ថែមថា លោកប្រធានាធិបតីចិន បានកំណត់គោលដៅថ្មីសម្រាប់ចិន ដែលឈប់ឲ្យចិន គិតតែពីផលិតដើម្បីនាំចេញទៀតហើយ តែចិននឹងត្រូវផ្តល់អាទិភាពដល់គុណភាពជាចំបង។ គុណភាពមានន័យថា ត្រូវផ្តល់តំលៃដល់កត្តាបរិស្ថានធម្មជាតិ ការស្រាវជ្រាវបង្កើតថ្មី ក្នុងវិស័យបច្ចេកវិទ្យា និងជាពិសេស គឺត្រូវសម្អាតនូវបំណុល ដែលអាចជាគ្រោះថ្នាក់ ដល់ប្រព័ន្ធហិរញ្ញវត្ថុចិន ទៅថ្ងៃមុខ។
ជាការពិត សន្ទុះសេដ្ឋកិច្ចចិនថយចុះនេះ មិនមែនមានន័យថា វាជាចំណុចអវិជ្ជមាននោះទេ។ សេដ្ឋកិច្ចចិន កំពុងតែដើរដល់ចំណុចមួយ ដែលត្រូវតែធ្វើកំណែទម្រង់។ ក្នុងឆ្នាំ២០១៦កន្លងទៅ ចិនមានបំណុលសរុប ទាំងសាធារណៈ ទាំងឯកជន ស្មើនឹង ២៣៥% នៃផលិតផលដុលក្នុងស្រុក។ បំណុលនេះ អាចឡើងរហូតដល់ ២៩០% នៅឆ្នាំ២០២០។ មូលនិធិរូបិយវត្ថុអន្តរជាតិ បានធ្វើការក្រើនរំលឹកជាញឹកញាប់ ឲ្យរដ្ឋាភិបាលចិនប្រុងប្រយ័ត្ន មិនត្រូវស្ថាបនាសេដ្ឋកិច្ច បោះទន់វិនិយោគ ដោយប្រើតែប្រាក់ បានមកពីកម្ចីឥណទាន គរដូចភ្នំនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ