អានតួអត្ថបទ
ចិន-សិទ្ធិសេរីភាព

ចិនហាម​ឃាត់​ព្រឹត្តិបត្រ​ស្រាវជ្រាវ​២​ នៃ​សកលវិទ្យាល័យ​Cambridge ​មិន​ឲ្យ​ផ្សាយ​ក្នុង​ប្រទេស​ខ្លួន

បន្ទាប់ពី​បាន​បញ្ជា​ឲ្យ​សកលវិទ្យាល័យ ​Cambridge ​ដកចេញ​ពី​បណ្តាញ​អ៊ីនធើនែត ​នូវ​ព្រឹត្តិបត្រ​ស្រាវជ្រាវ ​មួយ ​ កាលពី​សប្តាហ៍​មុន ​នៅ​ថ្ងៃ​អង្គារ​នេះ ​រដ្ឋាភិបាល​ចិន ​ទើប​បាន​បញ្ជា​ឲ្យ​ដក​ចេញ ​នូវ​ព្រឹត្តិបត្រ​ស្រាវជ្រាវ ​មួយទៀត ​ចេញ​ពី​ការ​ផ្សាយ​ នៅ​តាម​បណ្តាញ​អ៊ីនធើនែត​ នៅ​ក្នុង​ប្រទេស​ចិន។ សហគម​អ្នក​ស្រាវជ្រាវ ​នៅ​តាម​សកលវិទ្យាល័យ​ជាច្រើន ​បាន​រួមគ្នា​ធ្វើ​ញត្តិ ​ប្រឆាំង​នឹង​ការ​ហាមឃាត់​នេះ ​ព្រោះវា​បាន​ប៉ះពាល់ ​ដល់​សិទ្ធិ​សេរីភាព ​នៃ​ការ​ស្រាវជ្រាវ ​និង​ការ​ចែក​រំលែក​ចំណេះដឹង។

Cambridge University Press
Cambridge University Press CUP
ផ្សាយពាណិជ្ជកម្ម

បើគិត​មក​ទល់​ថ្ងៃ​នេះ ​គឺមាន​ព្រឹត្តិបត្រ​ស្រាវជ្រាវ​ នៃ​សកលវិទ្យាល័យ​ Cambridge ​ចំនួន​២​ហើយ ​ ដែល​ត្រូវ​បាន​រដ្ឋា​ភិបាល​ចិន ហាមឃាត់ ​ មិនឲ្យ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធើនែត ​ ក្នុង​ប្រទេស​ខ្លួន។ កាល​ពី​សប្តហ៍​មុន ​ អាជ្ញាធរ​ចិន​ បាន​បញ្ជា​ឲ្យ​ការិយាល័យ​បោះពុម្ព​ផ្សាយ ​ Cambridge University Press (CUP)​ ត្រូវ​ដក​ចេញ​ នូវ​ព្រឹត្តិបត្រ​ស្រាវជ្រាវ​មួយ​ឈ្មោះថា​ China Quaterly ​ចេញ​ពី​វែបសាយត៍​របស់​ខ្លួន។ ស្រាប់តែ​នៅ​ថ្ងៃ​សៅរ៍​កន្លង​ទៅ ​ Cambridge University Press ​បាន​សម្រេច​ធ្វើតាម​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ចិន ​ ដោយ​បាន​លើក​ឡើង​ថា ​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ប៉ះពាល់ ​ទៅដល់​អត្ថបទ​ស្រាវជ្រាវ​ផ្សេង​ទៀត ​ ​ជា​ភាសា​ចិន ​របស់​សកលវិទ្យាល័យ​ខ្លួន។

ការនេះ ​បាន​បង្ក​ជា​ការ​តវ៉ា​យ៉ាងខ្លាំង ​ពី​សំណាក់​ក្រុម​អ្នក​ស្រាវជ្រាវ​នៅតាម​សកលវិទ្យា​ល័យ​នានា។ សាស្ត្រាចារ្យ​សេដ្ឋកិច្ច ​នៃ​សាលា​ពាណិជ្ជកម្ម ​នៅ​ទីក្រុង​ឈិនចិន​ បាន​ផ្តួច​ផ្តើម​គំនិត​ ធ្វើ​ញត្តិ​មួយ ​ សំណូមពរ ​កុំឲ្យ ​សកល​វិទ្យាល័យ​Cambridge ​ ធ្វើតាម​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ប្រឈមមុខ​នឹង​ការ​តវ៉ា​ របស់​សាស្ត្រាចារ្យ ​និង​អ្នក​ស្រាវជ្រាវ​ជាច្រើន​ បែបនេះ​​ សកលវិទ្យាល័យ Cambridge ​បាន​សម្រេច​កាល​ពី​ថ្ងៃចន្ទ​ ថា​ គេ​នឹង​ដាក់​ផ្សាយ​ព្រឹត្តិបត្រ ​China Quaterly​ ​ឡើងវិញ។

ស្រាប់តែ​នៅ​ថ្ងៃ​អង្គារ​នេះ​ រដ្ឋាភិបាល​ចិន​ បាន​ចេញ​លិខិត​មួយ​ទៀត ​បញ្ជា​ឲ្យ​ Cambridge University Press ​ដក​ចេញ​នូវ​អត្ថបទ​ប្រមាណ​ជា​ជាង​១០០​អត្ថបទ​ ដែល​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​ស្រាវជ្រាវ ​ ​Journal of Asian Studies

បើតាម​ការ​ផ្តល់​ដំណឹង​ពី​សកលវិទ្យាល័យ​ Cambridge ​ អត្ថបទ​ដែល​ចិន​បាន​ទាមទារ​ឲ្យ​ដក​ចេញ​ទាំង​នោះ ​គឺ​ជា​អត្ថបទ​ស្រាវជ្រាវ ​វិភាគ​អំពី​បញ្ហា​សង្គម ​អំពី​ប្រវត្តិសាស្ត្រ ​និង​បញ្ហា​នយោបាយ ​នៅ​ក្នុង​ប្រទេស​ចិន ​ មាន​ជា​អាថទិ៍ ​ អត្ថបទ​ស្រាវជ្រាវ ​ស្តីពី​ចលនា​បះបោរ​ដើម្បី​ប្រជាធិបតេយ្យ ​ដែល​ឈាន​ទៅ​ដល់​ការ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ធានអានមិន ​ក្នុងឆ្នាំ​១៩៨៩ ​ព្រមទាំង​ការងារ​ស្រាវជ្រាវ​ផ្សេងៗ ​ស្តីពី​តំបន់​ទីបេ​ជាដើម។

សកលវិទ្យាល័យ​ដ៏​ល្បី​នេះ ​នៅ​មិន​ទាន់​ឆ្លើយ​តប​យ៉ាង​ណាទេ​ ចំពោះ​ការ​ទាមទារ​លើក​ទី​ពីរ​នេះ។​ តែ​យ៉ាងណា ​សមាគម​អ្នក​ស្រាវជ្រាវ​ជាច្រើន​បាន​អំពាវនាវ​ឲ្យ​ សកលវិទ្យាល័យ ​Cambridge ​កុំ​ឲ្យ​ចុះញ៉ម ​ចាញ់​ការ​សំឡុត​ របស់​រដ្ឋាភិបាល​កុំម្មុយនីស្តិ​ចិន​ឲ្យ​សោះ។ ប្រជាជនចិន​ ត្រូវតែ​ទទួល​បាន​ នូវ​សិទ្ធិ​ទទួល​បាន​ចំណេះដឹង ​នឹង​សិទ្ធិ​ផ្សព្វផ្សាយ​ស្នាដៃ​ស្រាវជ្រាវ​របស់​ខ្លួន ​ដូចគ្នា​នឹង​ប្រជាជន​ដ៏ទៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ