អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ខួប​៧៥​ឆ្នាំ នៃ​ការ​វាយ​ប្រហារ​រ​បស់​ជប៉ុន ​នៅ​Pearl Harbor

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី​៧ ធ្នូ​ ឆ្នាំ​១៩៤១ ​ជា​ថ្ងៃ​ដែល​ទាហាន​ជប៉ុន ​បាន​ធ្វើការ​វាយ​ឆ្មក់​យ៉ាង​សាហាវ​​ ​ទៅ​លើ​មូលដ្ឋាន​ទ័ព​អាមេរិក ​នៅ​Pearl Harbor ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ គឺពេល​នោះ​ហើយ ​ដែល​សហរដ្ឋ​អាមេរិក ​បាន​សម្រេច​ចិត្ត​ប្រកាស​សង្រ្គាម​ជា​ផ្លូវការ ​ ជាមួយ​ជប៉ុន ​និង​អាល្លឺម៉ង់ ​ហើយ​បាន​ចូល​ប្រឡូក ​ក្នុង​សង្រ្គាម​លោក​លើក​ទី២។ ៧៥​ឆ្នាំ​កន្លង​មក​នេះ ​ជប៉ុន​ បាន​ក្លាយ​ជា​សម្ព័ន្ធមិត្ត​ របស់​អាមេរិក​ ហើយ​មហា​អំណាច​ទាំងពីរ ​ហាក់​កំពុង​តែ​ចាប់​ដៃ​គ្នា​យ៉ាង​ស្អិត ​ដើម្បី​កសាង​កម្លាំង​ការពារ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ពី​មហិច្ចិតា​របស់​មហា​អំណាច​ផ្សេង​ទៀត ​ក្នុង​តំបន់។

នាវាចម្បាំង និងយន្តហោះចម្បាំង​អាមេរិក​​ នៅមូលដ្ឋាន​Pearl Harbor ឆេះ​ខ្ទេច​ដោយ​សារ​​គ្រាប់​បែក​របស់​ជប៉ុន ថ្ងៃ​ទី​៧ ធ្នូ ​១៩៤១
នាវាចម្បាំង និងយន្តហោះចម្បាំង​អាមេរិក​​ នៅមូលដ្ឋាន​Pearl Harbor ឆេះ​ខ្ទេច​ដោយ​សារ​​គ្រាប់​បែក​របស់​ជប៉ុន ថ្ងៃ​ទី​៧ ធ្នូ ​១៩៤១ The U.S. National Archives/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ៧​ធ្នូ ១៩៤១ ​គ្រាប់បែក​ជប៉ុន​ធ្លាក់​ពី​លើ​មេឃ​ ដូច​គ្រាប់​ភ្លៀង ​នៅPearl Harbor

ការ​វាយ​ប្រហារ​នៅ ​ pearl Harbor ​ថ្ងៃ​ទី​៧ ធ្នូ​ ឆ្នាំ​១៩៤១​ គឺជា​ការ​វាយ​ប្រហារ​ទៅ​លើ​កងទ័ព​អាមេរិក ​ ​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ទេ។ ជា​ការ​វាយ​ប្រហារដ៏​ធំ​​ ហើយ​ជា​ការ​វាយឆ្មក់​ដោយ​គ្មាន​នរណា​ អាច​ស្មាន​ដឹង​មុន​ទាល់តែ​សោះ។ កងទ័ព​របស់អាណាចក្រ​ជប៉ុន ​បាន​រៀបចំ​ការ​វាយ​ប្រហារ​នេះ ​យ៉ាង​សំងាត់​បំផុត។

មូលដ្ឋាន​ទ័ព​អាមេរិក Pearl Harbor  គឺស្ថិតនៅ​ក្នុង​ប្រជុំ​កោះ​ហាវ៉ៃ ​កណ្តាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក ​ ចំងាយ​ពី​ដី​ជប៉ុន​ដល់​ទៅ​ជាង​៥ពាន់ ​គីឡូម៉ែត្រ​ឯណោះ។ គ្មាន​នរណា​នឹក​ស្មាន​ដល់​ទេ ​ ថា​ជប៉ុន​បញ្ជូន​កម្លាំង​មក​កម្ទេច​ដល់​ទីនោះ។ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ ​ ម៉ោង​ប្រមាណ​ជា ​៧ ៥៥នាទី​ យន្តហោះ​ជប៉ុន​បាន​ហោះ​យ៉ាង​ប្រសាច​នៅ​លើ​មេឃ ​ទំលាក់​គ្រាប់​បែក​កម្ទេច ​Pearl Harbor។ មិនដល់​មួយ​ម៉ោង​ក្រោយ​មកផង ​ យន្តហោះ​ទំលាក់​គ្រាប់​ជប៉ុន​ ហោះ​មក​មួយ​ក្រុម​ទៀត ​បន្ត​ទំលាក់​គ្រាប់​បែក ​ប្រសាច​ដូច​ទឹក​ភ្លៀង។

គ្រាន់តែ​ចន្លោះ​ពី​ ម៉ោង​៨ ​ដល់​ម៉ោង​៩ព្រឹក ​ ខាង​អាមេរិក​មាន​ស្លាប់​ជាង​ ២៤០០​នាក់ ​ដែល​ភាគ​ច្រើន​សុទ្ធ​តែ​ទាហាន​ទាំងអស់។ នាវា​ចម្បាំង​អាមេរិក ​ត្រូវ​កំទេច​ចោល​អស់​២១​គ្រឿង ​ព្រម​ទាំង​យន្តហោះ​ចម្បាំង​៣២៨​គ្រឿង ​ក៏ត្រូវ​ខ្ទេច​ជាមួយ​ដែរ។ ចំណែក​ខាង​ជប៉ុន​វិញ ​គឺ​មាន​ស្លាប់​៦៤​នាក់ ​ដែល​សុទ្ធតែ​ជា​ពីឡុត​យន្តហោះ​ចម្បាំង ​ ហើយ​ជប៉ុន​បាន​ចំណាយ​យន្តហោះ​ចម្បាំង​អស់​២៩​គ្រឿង ​និង​នាវា​មុជទឹក​បាទ​សមុទ្រ​៥គ្រឿង។
 

យន្តហោះ​ចម្បាំងជប៉ុន​ ត្រៀមចេញ​ទៅ​ទំលាក់​គ្រាប់​បែក​ នៅ​ក្នុង​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ថ្ងៃទី​៧ ធ្នូ ​១៩៤១
យន្តហោះ​ចម្បាំងជប៉ុន​ ត្រៀមចេញ​ទៅ​ទំលាក់​គ្រាប់​បែក​ នៅ​ក្នុង​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ថ្ងៃទី​៧ ធ្នូ ​១៩៤១ Reuters

ថ្ងៃ៨ ធ្នូ ១៩៤១ ​អេមេរិក​ប្រកាស​ចូលធ្វើ​សង្រ្គាម​លោក​លើកទី២៖
នៅ​ឆ្នាំ​១៩៤១ ​ អាមេរិក​ នៅ​មិន​ទាន់​ចូល​ប្រឡូក​ក្នុង​សង្រ្គាម​ពេញ​ទំហឹង​ទេ។ អាមេរិក​ គ្រាន់​តែ​បាន​ថ្កោល​ទោស​ជប៉ុន ​និង​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ជប៉ុន។ គឺ​ការ​វាយ​ប្រហារ​នៅPearl Harbor ​នេះ​ហើយ ​ដែល​ជំរុញ​ឲ្យ​អាមេរិក​ ចូល​ប្រឡូក​ក្នុង​សង្រ្គាម។ ថ្ងៃ​ទី​៨ ​ធ្នូ ​១៩៤១ ​ពោលគឺ​ក្រោយ​វាយ​ប្រហារ​នៅ​ Pearl Harbor ​មួយថ្ងៃ ​សហរដ្ឋ​អាមេរិក ​ បាន​ប្រកាស​សង្រ្គាម​ជាមួយ​ជប៉ុន ​ ហើយ​៣ថ្ងៃ​ក្រោយ​មក​ទៀត ​ ​ទើប​អាល្លឺម៉ង់​ណាហ្ស៊ីស​របស់​អ៊ីត្លែរ ​ បាន​ប្រកាស​សង្រ្គាម​ជាមួយ​អាមេរិក។

គឺ​ក្នុង​ពេល​នោះ​ហើយ ​ ដែល​សង្រ្គាម​លោក​លើកទី​ពីរ ​ចាប់​ផ្តើម​ចេញ​រូបរាង្គ​កាន់​តែ​ច្បាស់។ ចាប់ពី​ពេល​នោះ​មក​ អាមេរិក​ បាន​បង្កើន​ការ​ផលិត​សម្ពាវុធ ​គ្រាប់បែក​ យន្តហោះ​ចម្បាំង ​យ៉ាង​សន្ធិកសន្ធាប់​ ហើយ​បាន​ប្រមូល​កម្លាំង​មនុស្ស​ទូទាំង​ប្រទេស ​ដើម្បី​ចេញ​ទៅ​វាយ​ជប៉ុន ​ និង​អាល្លឺម៉ង់។
 

Franklin Roosevelt ប្រធានាធិបតី​អាមេរិក​ ចុះ​ហត្ថលេខា​​ប្រកាស​​សង្រ្កាម​​ជាមួយ​​ជប៉ុន ថ្ងៃទី​៨​ ធ្នូ​ ១៩៤១
Franklin Roosevelt ប្រធានាធិបតី​អាមេរិក​ ចុះ​ហត្ថលេខា​​ប្រកាស​​សង្រ្កាម​​ជាមួយ​​ជប៉ុន ថ្ងៃទី​៨​ ធ្នូ​ ១៩៤១ Reuters

លោក​ Roosevelt  ​ប្រធានាធិបតី​អាមេរិក ​ និង​លោក ​Churchill នាយករដ្ឋមន្ត្រី​អង់គ្លេស ​បាន​ប្រកាស​ចាប់​ដៃ​គ្នា ​​ រួម​កម្លាំង​គ្នា​តែមួយ​ ដើម្បី​យក​ឈ្នះ​អាល្លឺម៉ង់ ​និង​ជប៉ុន។ ក្នុង​រយៈពេល​៣ខែ​បន្ទាប់​មក​ ជប៉ុន​បាន​ចាប់​ផ្តើម​វាយ​លុក​ ​ឈ្លានពាន​នៅ​ពាស​ពេញ​អាស៊ី ​ប៉ាស៊ីហ្វិក ​ដូចជា​នៅ​កូរ៉េ ​នៅ​ចិន ​ហ្វីលីពីន ​ថៃ ​និង​កម្ពុជា​យើង ​និង​នៅតាម​ដែនដី​របស់​អង់គ្លេស ​ដូចជា​សឹង្ហបុរី ​ហុងកុង​ជាដើម។ គឺ​ដោយសារ​គ្រាប់បែក​បរមាណូ ​២​គ្រាប់​របស់​អាមេរិក ​មួយ​ទំលាក់​នៅ​ហ៊ីរូហ្ស៊ីម៉ា ​ថ្ងៃ​ទី​ ​៦​ សីហា​ ១៩៤៥ ​និង​មួយ​ទៀត​ទំលាក់​នៅ​ណាហ្កាសាគី​ថ្ងៃទី​ ៩​សីហា ​ឆ្នាំ​១៩៤៥ ​ទើប​ជប៉ុន​បាន​ប្រកាស​លើក​ទង់​ជ័យ​ស ​សូម​ចុះចាញ់។
 

ស៊ិនហ្សូ ​អាបេ ​និង ​អូបាម៉ា​ ទៅ ​ Pearl Harbor ​ថ្ងៃទី​២៧​ធ្នូ៖
តាមការ​ឲ្យដឹង​ នៅ​ថ្ងៃ​ទី​៧ ធ្នូ​នេះ ​គឺ​ពុំមាន​ពិធី​ រំលឹក​ខួប​ទេ ​ ​តែ​នៅ​ថ្ងៃ​២៧ ​ធ្នូ ​ខាង​មុខ​នេះ ​ លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ​ ស៊ិនហ្សូ អាបេ ​និង​អញ្ជើញ​ទៅ​ដល់ ​Pearl Harbor ​ផ្ទាល់តែ​ម្តង ​ដើម្បី​ធ្វើ​ពិធី​រំលឹក​ខួប​ជាមួយ​នឹង​លោក ​ អូបាម៉ា។ មានន័យ​ថា ​វា​នឹង​ក្លាយ​ជា​លើក​ទីមួយ​ហើយ ​ដែល​មេ​ដឹក​នាំ​ជប៉ុន​ បាន​ទៅ​ដល់ ​Pearl Harbor ​ហើយ​វា​ក៏​ជា​កាយ​វិការ​ជា​ប្រវត្តិសាស្ត្រ​ដែរ។

យោង​តាម​ការ​ឲ្យដឹង​ពី​លោក ​ Yoshihide Suga ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ជប៉ុន ​ បាន​ឲ្យ​ដឹង​ថា ​លោក​ ស៊ិនហ្សូ អាបេ​ ទៅ ​Pearl Harbor ​មែន ​តែ​មិនមែន​ទៅ​ថ្លែង​សារ​សុំទោស ​ដែល​ជប៉ុន​​បាន​វាយ​អាមេរិក​ទេ។ អ្នក​នាំពាក្យ​រូបនេះ​បញ្ជាក់​ថា ​កម្មវត្ថុ​នៃ​វត្តមាន​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ​គឺ​ដើម្បី​រំលឹក​វិញ្ញាណខន្ធ ​របស់​ជន​រងគ្រោះ ​ហើយ​ជា​និមិ្មតរូប​នៃ​ការ​ចាប់ដៃ​គ្នា​កសាង​សន្តិភាព ​មិន​ត្រូវ​ដើរ​ផ្លូវ​ខុស ​ដូច​កាល​ពី​អតីតកាល។ យ៉ាង​ណាមិញ ​កាល​ពី​ខែ​សីហា​កន្លង​ទៅ ​ លោក​អូបាម៉ា ​ក៏​បាន​មក​ធ្វើ​គារវកិច្ច​នៅ​ហ៊ីរូស៊ីម៉ា ​ដែរ​ ហើយ​លោក​អូបាម៉ា ​មិន​បាន​សុំទោស​ជប៉ុន​ទេ។

មិនសុំទោសគ្នា​ តែ​ចាប់ដៃគ្នា​កសាង​មិត្តភាព៖
ជាការពិត ​ ប្រទេស​ទាំងពីរ ​មិន​បាន​សុំទោស​គ្នា​ទៅ​វិញ​ទៅ​មក​មែន ​ ​តែ​ប្រទេស​ទាំងពីរ​ បាន​ចាប់​ដៃ​គ្នា​យ៉ាងណែន​​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​យោធា។ តាម​ការ​វិភាគ ​សមត្ថភាព​យោធា​របស់​ជប៉ុន ​គឺ​មាន​កាន់​តែខ្ពស់​ ហើយ​មួយ​ផ្នែក​ក៏​ដោយសារ​សហប្រតិបត្តិការ​ជាមួយ​អាមេរិក។យើងមិន​បាច់​និយាយ​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទេ​​ គឺ​ច្បាស់​ណាស់​ថា ​​ជប៉ុន​និង​អាមេរិក ​ បាន​ក្លាយ​ជា​មិត្ត​នឹង​គ្នា។ ក្នុង​ក្របខណ្ឌ​សន្តិសុខ​យោធា​ការពារ​ជាតិ​ ក៏​ដូច្នេះដែរ​ គឺ​មហា​អំណាច​ទាំងពីរ ​បាន​ចាប់​ដៃ​គ្នា​យ៉ាង​ខ្លាំង។

យោង​តាម​ប្រសាសន៍​លោក ​Kyle Mizokami ​អ្នក​ជំនាញ​វិភាគ​យុទ្ធសាស្ត្រ​កងទ័ព​របស់​ជប៉ុន ​ បាន​លើក​ឡើង​ថា ​បច្ចុប្បន្ន​នេះ ​កម្រិត​សហប្រតិបត្តិការ​យោធា ​រវាង​អាមេរិក​ និង​ជប៉ុន ​ ​គឺ​មាន​ទំហំ​ធំជាង​រវាង​អាមេរិក​ និង​អង់គ្លេស​ទៅ​ទៀត។

យើង​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ទេ ​គឺ​ដោយសារ​បច្ចុប្បន្ន​នេះ ​ជប៉ុន​ និង​អាមេរិក​ មាន​សត្រូវរួម​ គឺ​ចិន​ រុស្ស៊ី ​និង ​កូរ៉េ​ខាងជើង។ គឺ​ប្រទេស​ទាំង​បី​នេះ ​ដែល​កំពុង​ធ្វើ​ផ្គរ​ធ្វើ​ភ្លៀង​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក។ ចិន ​កំពុងវាទី​ នៅ​តំបន់​ឈូង​សមុទ្រ​ចិន​ខាងត្បូង ​ កសាង​មូលដ្ឋាន​ទ័ព ​រំលោភ​អធិបតេយ្យ ​ប្រទេស​ក្នុង​តំបន់។ ចំណែក​រុស្ស៊ី​វិញ ​ កំពុង​កសាង​មូលដ្ឋានទ័ព​ដ៏​ធំ​នៅ ​Vladivostok មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ជប៉ុន ​ រី​ឯ​កូរ៉េ​ខាងជើង ​វិញ ​ ធ្វើបាញ់​សាក​គ្រាប់​មីស៊ីល​​និង​នុយក្លេអ៊ែរ ​ជាញឹក​ញាប់។

ជប៉ុន ​និង​ការ​ងើប​ឡើងវិញ​ នៃ​មហិច្ឆិតា​យោធា៖
តើអាច​ទៅ​រួច​ទេ ​ ដែល​ថ្ងៃណា​មួយ​​ ជប៉ុន​ នឹង​ក្លាយ​ជា​មហាអំណាច​យោធា​ សារ​ជាថ្មី?​ ក្រោយ​សង្រ្គាម​លោក​លើក​ទីពីរ ​ អាមេរិក ​បាន​ដាក់​កំហិត​ជប៉ុន​ មិន​ឲ្យ​ប្រើប្រាស់​អាវុធ ​រឺ​មាន​កំលាំង​ទ័ព​ច្រើន​ទេ។ ក៏​ប៉ុន្តែ​កាលៈទេសៈ​បច្ចុប្បន្ន​នេះ ​យើង​ឃើញ​ថា ​ជប៉ុន​កាន់​តែ​មាន​ចិត្ត​ចង់​បាន​អំណាច​ទ័ព​របស់​ខ្លួន​ ត្រលប់​មក​វិញ។ ជា​ពិសេស ​ក្នុង​អាណត្តិ​គ្រប់គ្រង​របស់​លោក ​ស៊ិនហ្សូ អាបេ ​នេះតែ​ម្តង ​ ដែល​ចលនា​ជាតិ​និយម​ហាក់​រស់​ឡើងវិញ។ ជាក់​ស្តែង​ជប៉ុន​បាន​កែប្រែ​រដ្ឋធម្មនុញ្ញ ​ដើម្បី​អាច​ធ្វើ​អន្តរាគមន៍​យោធា​ ប្រើប្រាស់​អាវុធ​បាន ​ក្នុង​ពេល​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។

យោងតាម​ប្រសាសន៍​លោក ​ Johan Kuehn ​សាស្ត្រាចារ្យ​ផ្នែក​យុទ្ធសាស្ត្រ​កងទ័ព​នៅ​អាមេរិក ​បាន​និយាយ​ថា ​សូម​កុំមើល​ស្រាល​ជប៉ុន ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ជប៉ុន​មាន​គ្រប់​យ៉ាង​ទាំងអស់​  ទាំង​ធនធាន​មនុស្ស ​ទាំង​សម្ភារៈ ​វត្ថុ​ធាតុ​ដើម ​ និង​បច្ចេកវិទ្យា ​ដើម្បី​ក្លាយ​ជា​មហា​អំណាច​យោធា ​ដ៏​ធំ​ជាង​គេ។ អ្នក​វិភាគ​រូប​នេះ ​បន្ថែម​ថា ​កន្លង​មក​ច្រើន​ឆ្នាំ​មក​នេះ ​ជប៉ុន​ ចាប់​ដៃ​ជាមួយ​អាមេរិក។ ទាហាន​ជប៉ុន ​ហ្វឹកហាត់​ជាមួយ​ទាហាន​អាមេរិក​ ហើយ​បច្ចេកវិទ្យា​ផលិត​សព្វាវុធ ​ក៏​គេ​បែងចែក​គ្នា។

ដូច្នេះ ​ពេលណា ​ជប៉ុន​សម្រេច​ចិត្ត​ប្រឡូក​ក្នុង​សង្វៀន ​នោះ​គ្រប់គ្នា​នឹង​ភ្លឺ​ភ្នែក។ តែ​យ៉ាងណា ​ គេសង្ឃឹម​​ថា​ជប៉ុន ​នឹង​មិន​ដើរ​ផ្លូវខុស​ ដូច​កាល​ពី​អតីតកាល​ ទៅចុះ។ តែ​​អ្វីដែល​ជា​គ្រោះថ្នាក់​សម្រាប់​អាមេរិក ​ និងពិភពលោកយើង​​ គឺ​នយោបាយ​ថ្មី​របស់​លោក​ដូណាល់ត្រាំ ​ដែល​ចង់​ព្រលែង​ជប៉ុន​ ឲ្យដើរ​តែ​ម្នាក់​ឯង។ ធ្វើ​បែប​នេះ ​គឺ​មិនខុស​ពី​ព្រលែង​ខ្លា​ឲ្យ​ចេញ​ពី​រូង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ