អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ ប្រកាសថា​នឹង​ជួប​លោក គីម ជុងអ៊ុន ជា​លើកទី២​នៅ​វៀតណាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងសន្ទរកថា ចំពោះមុខអង្គសភា​ទាំង២ នៃសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី៥កុម្ភៈ លោកដូណាល់ ត្រាំ បានប្រកាសថា ជំនួបកំពូលជាលើកទី២ រវាងលោក និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងប្រព្រឹត្តិធ្វើទៅ នៅ​ប្រទេសវៀតណាម ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ក្រៅពីបានអួត​ថា ទំនាក់ទំនងរវាងលោក ជាមួយនឹងគីម ជុងអ៊ុន គឺមានភាពល្អប្រសើរ លោកដូណាល់ ត្រាំ ក៏បានឆ្លៀតអួតផងដែរ​ ថា កុំតែបានលោក ឡើងមកកាន់តំណែងប្រធានាធិបតីទាន់ទេ កុំអីអាមេរិកនិងកូរ៉េខាងជើង ប្រហែលជាត្រូវមាន​សង្រ្គាមនុយក្លេអ៊ែរនឹងគ្នាទៅហើយ។

លោកដូណាល់ ត្រាំ ចាប់​រលាក់ដៃ ជាមួយ​មេដឹកនាំ​ផ្តាច់ការ​កូរ៉េ​ខាងជើង នៅ​សិង្ហបុរី ថ្ងៃទី​​១២ មិថុនា ២០១៨។​
លោកដូណាល់ ត្រាំ ចាប់​រលាក់ដៃ ជាមួយ​មេដឹកនាំ​ផ្តាច់ការ​កូរ៉េ​ខាងជើង នៅ​សិង្ហបុរី ថ្ងៃទី​​១២ មិថុនា ២០១៨។​ Susan Walsh/Pool via Reuters/File Photo
ផ្សាយពាណិជ្ជកម្ម

មិនរំលឹកពីពាក្យធ្លាប់ជេរគ្នា តែអួតថា​មានទំនាក់ទំនងល្អ

លោកដូណាល់ ត្រាំ បានប្រកាសថា លោក នឹងជួបជាមួយលោកគីម ជុងអ៊ុន ជាលើក​ទី​២។ ជំនួបកំពូលលើកទី២នេះ នឹងត្រូវប្រព្រឹត្តិធ្វើទៅនៅក្នុងប្រទេសវៀតណាម។ នៅក្នុងសន្ទរកថា​នោះ លោកដូណាល់ ត្រាំ និយាយថា ក្នុងសំណុំរឿងកូរ៉េខាងជើង គឺនៅមានរឿងច្រើនដែលត្រូវធ្វើបន្តទៀត ក៏ប៉ុន្តែលទ្ធផលវិជ្ជមានក្នុងរយៈពេលប្រមាណជាង១ឆ្នាំកន្លងមកនេះ គឺគួរជាទីគាប់ប្រសើរណាស់។

លោកដូណាល់ ត្រាំ បន្ថែមថា ទំនាក់ទំនងរវាងលោក និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នាពេលបច្ចុប្បន្ននេះ គឺមានភាពល្អណាស់។ សម្តីនេះ មិនបានធ្វើឲ្យអ្នកស្តាប់ទាំងអស់​ ភ្លេចនឹកទៅដល់ ពាក្យជេរ ពាក្យគំរាមគ្នាទៅវិញទៅមក រវាងមេដឹកនាំទាំង​២​នេះទេ។ លោកដូណាក់ ត្រាំ និយាយបែបអួតសរសើរខ្លួន​​ឯងថា ក្នុងសំណុំរឿងកូរ៉េខាងជើងនេះ បើកុំតែបានគាត់ឡើងមកធ្វើជាប្រធានាធិបតីទាន់ទេ កុំអីម្លេះអាមេរិក និងកូរ៉េខាងជើង មានជម្លោះ មានសង្រ្គាមនុយក្លេអ៊ែរនឹងគ្នាទៅហើយ។

អ្នកជំនាញអង្គការសហប្រជាជាតិ មិនទុកចិត្តកូរ៉េខាងជើង​

តើដំណើរការរុះរើ កម្មវិធីនុយក្លេអ៊ែរ ដែលមេដឹកនាំកូរ៉េខាងជើង បានសន្យា កាលពីជំនួបកំពូលនៅសឹង្ហបុរីនោះ ពិតជាបានដំណើរការទៅមុខបានល្អមែន ឬយ៉ាងណា? អ្នកដែល​បាន​ស្តាប់ សម្តីរបស់លោកដូណាល់ ត្រាំ មិនសូវជាទុកចិត្តប៉ុន្មានទេ។ ព្រោះថា បើមើល​លើ​សកម្មភាពជាក់ស្តែង គឺថាការចរចាស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរនេះ នៅជាប់គាំង មិនទាន់ទៅមុខបានច្រើនទេ។

បើយោងតាមរបាយការណ៍ផ្លូវការ របស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ ទទួលបន្ទុកតាមដានទណ្ឌកម្មអន្តរជាតិ ទៅលើកូរ៉េខាងជើង គឺគេបានចារថា គេមិនទុកចិត្តកូរ៉េខាង​ជើងទេ ថាមានចេតនារំសាយកម្មវិធី អាវុធនុយក្លេអ៊ែរ ដោយពិតប្រាកដនោះ។ របាយការណ៍​ដដែល លើកឡើងថា សកម្មភាពការងារ និងប្រតិបត្តិការផ្សេងនៃកម្មវិធី​នុយក្លេអ៊ែរ ឬកាំជ្រួច​បាលីស្ទីក របស់កូរ៉េខាងជើង គឺនៅតែដំណើរការដដែល។ ហើយបើតាមស្មាន គឺកូរ៉េខាងជើង បានរៀបចំប្រព័ន្ធការពារយ៉ាងមាំទៀត ផង ក្នុងករណី ដែលមាន​ការ​វាយប្រហារណាមួយ ទៅលើទីតាំងនុយក្លេអ៊ែរទាំងនោះ។

លោកដូណាល់ ត្រាំ បាន​អះអាងថា ឆាប់ៗនេះ លោក Stephen Biegun ដែល​ជា​​ប្រេសិតពិសេស ទទួលបន្ទុកសំណុំរឿងកូរ៉េខាងជើងនេះ នឹងទៅជួបជាមួយលោក Kim Hyok Chol តំណាងខាងភាគីកូរ៉េខាងជើង ដើម្បីរៀបចំជំនួបកំពូល ព្រមទាំងនិយាយគ្នា អំពីវិធានការ ដែលអាចស្រុះស្រួលគ្នាធ្វើទៅបាន។​ តែយ៉ាងណា យោងតាមអ្នកវិភាគជាច្រើន បានលើកឡើងថា អ្វីដែលអាចសម្រេចបាន នៅក្នុងជំនួបកំពូលលើកទី២ រវាង​ដូណាល់ ត្រាំ និងគីម ជុងអ៊ុននេះ គឺបញ្ហា​កិច្ចព្រមព្រៀង​សន្តិភាព​​ជាស្ថាពរ រវាងអាមេរិក និង​កូរ៉េខាងជើង។

វៀតណាម អាចជាគំរូសម្រាប់​ កូរ៉េខាងជើង

មានមូលហេតុ​ងាយយល់ច្រើន ដែលវៀតណាម ត្រូវបានគេសម្រេចជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះ នៃជំនួបកំពូលលើកទី២ រវាងដូណាល់ ត្រាំ​ និងគីម ជុងអ៊ុន។

វៀតណាម ជាប្រទេសស្និទនឹងកូរ៉េខាងជើង តាំងតែពីដើមរៀងមក។ សេនាប្រមុខគីម អ៊ីល​ស៊ុង ជីតារបស់គីម ជុងអ៊ុន ធ្លាប់មកវៀតណាមម្តង នៅក្នុងឆ្នាំ១៩៥៨។ កូរ៉េខាងជើង ក៏បាន​ជួយជ្រោមជ្រែងរបបហូជីមិញ ឲ្យវាយប្រយុទ្ធដណ្តើមយកវៀតណាមខាងត្បូង​ពី​ដៃ​អាមេរិកដែរ។ ក្នុងន័យជានិម្មិតរូប វៀតណាម និង កូរ៉េខាងជើង មានលក្ខណៈស្រដៀង​គ្នាច្រើន។ ក្នុងអំឡុង ពេលសង្រ្គាមត្រជាក់ វៀតណាម និងកូរ៉េ ត្រូវបានពុះចែកជា​២ដូចគ្នា​​ ដោយការប្រទាញប្រទង់ នៃរវាងរបប​កុម្មុយនីស្តិ និងរបបសេរី។

ហេតុផល មួយទៀត ក្នុងន័យសេដ្ឋកិច្ច គឺ​វៀតណាម អាចត្រូវកូរ៉េខាងជើង សម្លឹងមើល​យកជាគំរូ។ គឺគំរូ នៃការធ្វើកំណែរទម្រង់ ចេញពីរបបនយោបាយ​កុម្មុយនីស្តិ សេដ្ឋកិច្ចផែនការ មកជារបបសេដ្ឋកិច្ចទីផ្សារសេរី តែដោយរក្សាទុក នូវរបបនយោបាយកុម្មុយនីស្តិដដែល។ យ៉ាងណាមិញ កាលពីខែ វិច្ឆិកាចុងឆ្នាំទៅនេះ លោក Ri Yong Ho រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង បានធ្វើដំណើរទៅហាណូយ ដើម្បីចាប់ផ្តើមស្រង់​យក​បទពិសោធន៍ខ្លះ​​ ពី​វៀតណាម។ ទាក់ទិននឹងហេតុផលសេដ្ឋកិច្ចនេះដែរ​ លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​តែម្តង បាននិយាយនៅវៀតណាម ក្នុងឱកាសវេទិកាសេដ្ឋកិច្ចសកល ដោយបានផ្ញើរសារដោយផ្ទាល់ ទៅកាន់មេដឹកនាំកូរ៉េខាងជើង តែម្តង ថាកូរ៉េខាងជើង គួរដើរតាម​គំរូ របស់​វៀតណាម។

ក្រៅពីនេះ នៅមានហេតុផលមួយទៀត ​ដែលជាហេតុផលយុទ្ធសាស្ត្រ។ អាមេរិក អាច​មានបំណង ទាញកូរ៉េខាងជើង​​ ឲ្យងាកមករកវៀតណាម ព្រមទាំងរង្វង់សេដ្ឋកិច្ចរបស់អាមេរិក ដើម្បីកាត់បន្ថយឥទ្ធិពលរបស់ចិន។ លោក Cheon Seong Whun អ្នកស្រាវជ្រាវនៅ វិទ្យាសា្ថនសិក្សានយោបាយ ក្រុងសេអ៊ូល យល់ឃើញថា លោកដូណាល់ អាចចង់ផ្ញើរសារទៅកាន់មេដឹកនាំចិន ថា កូរ៉េខាងជើង​ មិនស្ថិតនៅក្រោមឃ្លៀក​របស់ចិន តែម្នាក់​ឯ​ង​នោះទេ។

ជារួម ទោះ​ក្នុង​ហេតុផល​ណាក៏ដោយ តែ​សម្រាប់វៀតណាម វាគឺ​ជាកិត្តិយសធំណាស់ ដែលទទួលកម្មវិធីធំៗរបៀបនេះ។ ឆ្នាំ២០១៧ វៀតណាមធ្វើជាម្ចាស់ផ្ទះជំនួបកំពូលសេដ្ឋកិច្ច តំបន់អាស៊ីប៉ាស៊ីហ្វិក។ ឆ្នាំ២០១៨ រៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក។ ឥឡូវឆ្នាំ២០១៩នេះ គឺជំនួបកំពូលរវាងគីម ជុងអ៊ុន និងដូណាល់ ត្រាំទៀត។ វៀតណាម ដូចត្រូវឆ្នោតរង្វាន់ធំអញ្ចឹង។​ យីអ៊ុន​វៀតណាមកំពុងឡើងខ្លាំង ទាំងផ្នែកសេដ្ឋកិច្ច​ ទេសចរណ៍​ និង​មុខមាត់​លើ​ឆាក​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ