ថៃ៖ ក្រោយបោះឆ្នោតរួច ទិដ្ឋភាពនយោបាយកាន់តែបែកបាក់គ្នា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១៣
លទ្ធផលបោះឆ្នោតបឋម នៅប្រទេសថៃ បានបង្ហាញថាបក្ស "ផាឡាំងប្រាឆារ៉ាត់" របស់លោកប្រាយុទ្ធ ចាន់អូចា ទទួលបានសម្លេងឆ្នោតនាំមុខគេ ខណៈដែលបក្ស "ភឿថៃ" បានទទួលសម្លេងឆ្នោតលំដាប់ទី២។ តែយ៉ាងណា ពុំមានបក្សណាមួយ បានសម្លេងឆ្នោតគ្រប់គ្រាន់ ដើម្បីឈានទៅបង្កើតរដ្ឋាភិបាលតែម្នាក់ឯងនោះទេ។ ការប្រមូលកៀងគ ការចូលរួមពីគណបក្សផ្សេងទៀត បានចាប់ផ្តើមហើយ។ ចំណែកការតវ៉ា ស្តីពីភាពមិនប្រក្រតី ក្នុងដំណើរការបោះឆ្នោត ក៏កំពុងតែកើនឡើងដែរ។ ក្រោយការបោះឆ្នោតលើកនេះ ទិដ្ឋភាពនយោបាយថៃ កាន់តែបែកបាក់គ្នាខ្លាំង រវាងប្រជាជនអ្នកគាំទ្រក្រុមយោធាអភិរក្សនិយម និងប្រជាជនដែលគាំទ្រ ខាងក្រុមប្រជាធិបតេយ្យនិយម។ វិបត្តិនយោបាយថៃ មិនទាន់ចប់នៅឡើយទេ ជាមួយនឹងការបោះឆ្នោតនេះ។
ខុសពីការរំពឹងទុក ចំនួនអ្នកទៅបោះឆ្នោតនៅថៃ កាលពីថ្ងៃអាទិត្យទី២៤មីនា មានប្រមាណតែ៦៤%ទេ។ ជាងនេះទៅទៀត សន្លឹកឆ្នោតដែលត្រូវបានចាត់ទុកថាមិនបានការ គឺមានដល់ទៅ៥សែនសន្លឹក។ នេះគឺជាចំនួនមួយខ្ពស់ណាស់ ព្រោះវាស្មើនឹង៥,៦% នៃសន្លឹកឆ្នោតរួមទាំងអស់។ ការបោះឆ្នោតមុនៗ សន្លឹកឆ្នោតមិនបានការ មានប្រមាណចន្លោះ ពី២ ទៅ ៣%ប៉ុណ្ណោះ។
គណបក្សនយោបាយខ្លះ ចាប់ផ្តើមចោទសួរ ពីភាពប្រក្រតីនៃការបោះឆ្នោតនេះ។ អ្នកខ្លះចោទសួរ ពីភាពអព្យាក្រិត្យ នៃគណកម្មការជាតិរៀបចំការបោះឆ្នោតថៃ ដែលគេសង្ស័យថា បំរើឲ្យក្រុមបក្សពួករបស់លោកប្រាយុទ្ធ ចាន់អូចា។ គណកម្មការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលខុស ម្តងប៉ុណ្ណេះ ម្តងប៉ុណ្ណោះ កាលពីយប់ថ្ងៃទី២៤ មីនា។ នៅលើអ៊ីនធើនែត មានមនុស្ស៧សែននាក់ បានចុះហត្ថលេខា ធ្វើញតិ្តឲ្យរំលាយគណកម្មការនេះចោល ទៀតផង។
លទ្ធផលបោះឆ្នោតផ្លូវការ នឹងត្រូវប្រកាស នៅរវាងថ្ងៃទី៩ឧសភា ខាងមុខ។ តែលទ្ធផលបឋម ដែលគេដឹងឮ សឹងតែផ្លូវការទៅហើយនោះ បានបង្ហាញថា គណបក្ស ផាឡាំងប្រាឆារ៉ាត់ របស់ក្រុមយោធាថៃ ដែលមានលោក ប្រាយុទ្ធ ចាន់អូចា ជាតំណាងនោះ បានទទួលសម្លេងឆ្នោតលើសគេ គឺមានចំនួនប្រមាណ៧លាន៦សែនសន្លឹក។ ចំណែកគណបក្ស ភឿថៃ ដែលជាអតីតបក្សនៃបងប្អូនគ្រួសារ ថាក់ស៊ីន ស៊ីណាវ៉ាត្រា វិញ បានទទួលសម្លេងឆ្នោតប្រមាណ ៧លាន១សែនសន្លឹក ពោលគឺតិចជាង ក្រុមយោធា ចំនួន៥សែនសន្លឹក។
ក៏ប៉ុន្តែ យោងតាមការគុណគូរ លើលទ្ធផលបឋមនេះ បក្សដែលមានចំនួនអាសនៈសភា នាំមុខគេគឺបក្ស ភឿថៃ ដែលអាចប្រមូលបាន ១៣៨កៅអី។ រីឯបក្ស ផាឡាំង ប្រាឆារ៉ាត់ របស់លោក ប្រាយុទ្ធ អាចបានចំនួន១១៩កៅអី។ នៅសល់ប្រមាណ១៥០កៅអីទៀត គឺត្រូវបែងចែកទៅឲ្យគណបក្សតូចៗផ្សេងទៀត។ ដូច្នេះ ទាំងបក្សផាឡាំង ប្រាឆារ៉ាត់ ទាំងបក្សភឿថៃ សុទ្ធតែមិនបានទទួលសម្លេងភាគច្រើនក្នុងសភា។ ការដណ្តើមគ្នា ចាប់ផ្តើមមានទៅហើយ ដោយម្នាក់ៗ ទាមទារសិទ្ធិ ក្នុងការដឹកនាំការបង្កើតរដ្ឋាភិបាលចម្រុះ។ ម្នាក់មានសម្លេងសន្លឹកឆ្នោតនាំមុខ ម្នាក់មានចំនួនអាសនៈសភា នាំមុខ។
បក្សធំទាំង២នេះ ត្រូវការការចូលរួម ពីគណបក្សផ្សេងទៀត ដើម្បីបង្រ្គប់អាសនៈ ឲ្យគ្រប២៥០អាសនៈ មានសម្លេងភាគច្រើន អាចបង្កើតរដ្ឋាភិបាលចំរុះបាន។ គណបក្ស អាណាគត់មៃ ដែលជាគណបក្សវ័យក្មេង ដឹកនាំដោយមហាសេដ្ឋីឈ្មោះ ថានាថន បានប្រមូលអសនៈ ប្រមាណ៨៧។ បក្សនេះ បានប្រកាសគោលជំហរយ៉ាងច្បាស់ ក្នុងការប្រឆាំងនឹងអំណាចក្តោបក្តាប់របស់ពួកយោធា។ ដូច្នេះ ប្រាកដណាស់ ថាបក្សអាណាគត់ម៉ៃ អាចនឹងទៅចូលរួមជាមួយបក្សភឿថៃ ព្រមជាមួយនឹងបក្សតូចៗ២ទៀត។ តាមការសន្និដ្ឋាន បើធ្វើដូចនេះ បក្សភឿថៃ អាចប្រមូលប្រមូលអាសនៈសរុប២៤០អាសនៈ។
ចំណែកបក្សរបស់លោកប្រាយុទ្ធ ចាន់អូចាវិញ អាចសង្ឃឹមទទួលបានការចុះចូល ពីបក្សប្រជាធិបតេយ្យរបស់លោកអាភីសីទ។ បក្សនេះ កន្លងមកគឺជាបក្សស្តាំអភិរក្សនិយម ធ្លាប់ប្រកាសគាំទ្ររដ្ឋប្រហារយោធា ដោយហេតុថាខ្លួនស្អប់បក្សភឿថៃ របស់លោកថាក់ស៊ីន។ បូកបន្ថែមជាមួយបក្សប្រជាធិបេយ្យ និងតូចៗ២ទៀត បក្សផាឡាំង ប្រាឆារ៉ាត់ អាចប្រមូលអាសនៈបាន១៩០។ ១៩០ ក៏នៅតែមិនគ្រប់។
ក្នុងពេលនេះ ក្រសែភ្នែកគ្រប់គ្នា កំពុងតែសម្លឹងទៅរកគណបក្ស ភូមចៃថៃ ដែលស្ថិតនៅចន្លោះកណ្តាល ហើយដែលមិនទាន់បង្ហាញជំហរលំអៀង ទៅខាងណាមួយនោះទេ។ បក្សនេះ មានអាសនៈប្រមាណ៥២អាសនៈ។ តាមការសន្និដ្ឋាន អនាគតរដ្ឋាភិបាលចម្រុះថៃ គឺអាចរំពឹងលើការសម្រេចចិត្តរបស់បក្សនេះ ថារើសយកខាងណា ខាងក្រុមយោធា ឬខាងក្រុមនិយមលោកថាក់ស៊ីន!
តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលថ្មី ព្រមទាំងបេក្ខភាពនាយករដ្ឋមន្ត្រី ត្រូវតែឆ្លងកាត់ការបោះឆ្នោតទទួលយល់ព្រមពីសំណាក់ សមាជិកសភាជាតិ និងព្រឹទ្ធសភា សរុបយ៉ាងហោច ៣៧៦សម្លេង។ ត្រង់ចំណុចនេះ បក្សលោកប្រាយុទ្ធ មានប្រៀបលើសបក្សភឿថៃ ដោយសារតែសាមិក២៥០នាក់ នៃព្រឹទ្ធសភា គឺសុទ្ធសឹងតែជាមនុស្សស្និទនឹងក្រុមកងទ័ព។ យុទ្ធសាស្ត្រនេះ លោកប្រាយុទ្ធ ចាន់អូចា បានត្រៀមបម្រុងទុករួចមកហើយ តាមរយៈការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ប្តូរលក្ខខន្តិកៈនៃព្រឹទ្ធសភា ព្រមទាំងកែប្រែច្បាប់បោះឆ្នោត។
ជារួម វិបត្តិនយោបាយថៃ មិនទាន់ចប់នៅឡើយទេ ផ្ទុយទៅវិញ គឺវាកំពុងតែដើរដល់ដំណាល់កាលថ្មីមួយទៀត ដែលកាន់តែស្មុគស្មាញ។ ទោះយ៉ាងណា ឆ្លងកាត់ការបោះឆ្នោតនេះ ក្រុមយោធាថៃ អាចស្រែកអបអរជ័យជំនះខ្លួន ព្រោះថាវាបានបង្ហាញពីភាពស្របច្បាប់ និងការគាំទ្រពីសំណាក់ប្រជាជនថៃ បើទោះបីជាកងទ័ពបានធ្វើរដ្ឋប្រហារដណ្តើមអំណាចក៏ដោយ។
តែលទ្ធផលនេះ ក៏បានស្តែងឲ្យឃើញដែរ ពីការពុះចែកសម្លេងគាំទ្រនយោបាយ រវាងក្រុមអាវក្រហម និងក្រុមអាវលឿង នៅក្នុងទិដ្ឋាភាពនយោបាយថៃ។ ភាគច្រើននៃប្រជាជនតាមទីជនបទ គឺជាអ្នកគាំទ្របក្សភឿថៃ។ សម្រាប់អ្នកនៅតាមទីក្រុងធំៗ ដែលមានជីវភាពស្តុកស្តម្ភ មានឋានៈក្នុងសង្គមវិញ ភាគច្រើន គឺមានទំនោរគាំទ្របក្សអភិរក្សរាជានិយម និងក្រុមកងទ័ពថៃ។
ប៉ុន្តែជាមួយគ្នានេះ ពណ៌សំបុរនយោបាយថ្មីមួយ កំពុងលេចរូបរាងឡើង នោះពណ៌សំបុរយុវជន។ យុវជនអាយុចន្លោះ១៨ ទៅ ២៥ឆ្នាំ ជាច្រើនលាននាក់ បានចូលរួមបោះឆ្នោត ដោយមានគំនិតចង់បានការផ្លាស់ប្តូរមួយឲ្យពិតប្រាកដ ដោយពួកគេនឿយណាយ នឹងក្រុមបក្សនយោបាយចាស់ៗ ដែលតែងតែដណ្តើមអំណាចគ្នា។ ភាពពុះកញ្ជ្រោលរបស់យុវជន បានស្តែងឲ្យឃើញ តាមរយៈសម្លេងឆ្នោតប្រមាណ៥លាន២សែនសន្លឹក ដែលគណបក្សអាណាគត់ម៉ៃ បានប្រមូលបាន។ ការពុះចែកគំនិតគាំទ្រនយោបាយ មិនមែនមានតែត្រឹម រវាងក្រុមអាងលឿង ឬក្រុមអាវក្រហមទេ។ ចាប់ពីពេលនេះទៅ គឺវាជាការយល់ខុសគ្នា រវាងមនុស្សវ័យចំណាស់ និងយុវជនជំនាន់ថ្មី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ