ថៃ៖ លោក ថាណាថន ប្រធានបក្សអនាគត់ម៉ៃ ជាប់ចោទពីបទ “ញុះញង់ បំបះបំបោរ”
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២៩
នៅប្រទេសថៃ ខណៈដែលលទ្ធផលបោះឆ្នោត ផ្លូវការ នៅមិនទាន់ដឹងនៅឡើយនោះ នៅថ្ងៃសោរ៍ទី៦មេសានេះ នគរបាលថៃបានចោទប្រកាន់ លោក ថាណាថន ប្រធានគណបក្សវ័យក្មេង ឈ្មោះបក្ស អាណាគត់ម៉ៃ ពីបទ ញុះញង់ឲ្យមានការបះបោរ និងបង្កអស្ថិរភាពជាតិ។ សូមរំលឹកថា គណបក្សវ័យក្មេងរបស់លោកថាណាថន ជាបក្សដែលមានជំហរប្រឆាំងនឹងក្រុមយោធាថៃ ហើយបានទទួលសម្លេងឆ្នោតលំដាប់ទី៣ កាលពីពេលបោះឆ្នោតថ្ងៃទី២៤មីនាកន្លងមកនេះ។ នេះបើយោងតាមលទ្ធផលបឋម។ ហើយថ្មីៗនេះ គណបក្សអនាគត់ម៉ៃនេះ បានសន្យាចូលរួមបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយនឹងគណបក្សភឿថៃទៀតផង។
នៅព្រឹកថ្ងៃសៅរ៍ ទី៦មេសា លោកថាណាថន បានចូលខ្លួនទៅកាន់ ស្នងការនគរបាលនៅសង្កាត់ ប៉ាធំវ៉ាន់ កណ្តាលក្រុងបាងកក ទៅតាមការកោះហៅរបស់សមត្ថកិច្ចថៃ។ នៅខាងក្រៅអាគារស្នងការនគរបាលនេះ មានមនុស្សជាច្រើនរយនាក់ បានមកឈរកកកុញ ដើម្បីសំដែងការគាំទ្រ នឹងលើកទិកចិត្តលោក ថាណាថន ដោយសឹងតែគ្រប់គ្នា មានកាន់បដា សរសេរថា « #SAVETHANATHORN »។
“ញុះញង់ឲ្យមានការបះបោរ នៅឆ្នាំ២០១៥”
លោក ថាណាថន បានចូលទៅក្នុងស្នងការនគរបាល អស់រយៈពេលប្រមាណជាង២ម៉ោង។ បើតាមការផ្តល់ព័ត៌មាន ពីអ្នកកាសែតបារាំង ប្រចាំក្រុងបាងកក បានអះអាងថា គឺជានីតិវិធីសួរនាំ និងផ្តិតមេដៃ លើពាក្យចោទប្រកាន់ របស់សមត្ថកិច្ចនគរបាល។ លោក ថាណាថន បានផ្តិតមេដៃ ដោយមានវត្តមានពី តំណាងអង្គទូតបរទេស និងតំណាងរបស់អង្គការសហប្រជាជាតិ នៅទីនោះដែរ។ នេះបើតាមរូបថតជាច្រើនប៉ុស្តិ ដែលសមាជិកគណបក្សអនាគត់ម៉ៃ បានបង្ហោះផ្សាយនៅលើទំព័រTwitter។
ពេលចេញមកវិញ នៅខាងមុខស្នងការនគរបាល លោកថាណាថន បាននិយាយទៅកាន់អ្នកកាសែត និង ហ្វូងមនុស្ស ដែលសុទ្ធតែជាអ្នកគាំទ្រលោក ថា លោកត្រូវបាននគរបាលចោទពីបទ “ញុះញង់ ឲ្យមានការបះបោរ ជួយជនសង្ស័យឲ្យគេចខ្លួន និងរៀបចំការជួបជុំមនុស្សលើសពី១០នាក់ ដោយគ្មានច្បាប់អនុញ្ញាត”។ ការចោទប្រកាន់នេះ គឺដោយផ្អែកទៅលើអង្គហេតុ នៅឆ្នាំ២០១៥ ដែលកាលណោះ លោកថាណាថន បានអំពាវនាវ ឲ្យមានការធ្វើបាតុកម្ម ប្រឆាំងនឹងក្រុមយោធាថៃ ដែលបានឡើងកាន់អំណាច ដោយការធ្វើរដ្ឋប្រហារ។
“ថាណាថន តស៊ូ! ថាណាថន តស៊ូ!”
គ្មានអ្វីភ្ញាក់ផ្អើលទេ ព្រោះថាលោកថាណាថន ដឹងខ្លួនប៉ុន្មានថ្ងៃមកហើយ ថានគរបាលថៃ និងចោទលោកពីបទល្មើសញុះញង់ឲ្យមានការបះបោរនេះ។ យ៉ាងណាមិញ កាលពីដើមសប្តាហ៍នេះ លោកក៏បានសរសេរនៅលើFacebook ដែរថា នគរបាលកោះហៅលោក ឲ្យចូលប៉ុស្តិនៅថ្ងៃសៅរ៍នេះ ដើម្បីផិ្តមេដៃ។
នៅចំពោះមុខអ្នកគាំទ្រលោករាប់រយនាក់ នៅខាងក្រៅស្នងការនគរបាល លោកថាណាថន បានប្រកាសថា ការចោទប្រកាន់ របស់នគរបាលនេះ គឺ “មានលក្ខណៈនយោបាយសុទ្ធសាធ”។ លោកអះអាងទៀតថា វាច្បាស់ណាស់ ដែលថាលោកស្អាតស្អំ ពុំបានធ្វើខុសនោះទេ ហើយលោកបដិសេធចោល រាល់ការចោទប្រកាន់ទាំងអស់។ លោកនិយាយបន្តថា អ្វីដែលលោកធ្វើកន្លងមក គឺក្នុងទឹកចិត្តមួយស្មោះត្រង់ និងមានទំនុកចិត្តដើម្បីជួយប្រជាជាតិថៃ។
សម្តីស្រែកប្រកាសរបស់លោកថាណាថន បានជំរុញឲ្យមានសម្លេងកងរំពងស្រែកឡើងថា “ថាណាថនតស៊ូ! ថាណាថនតស៊ូ!” ពីសំណាក់អ្នកគាំទ្រលោក។ មានបដាខ្លះសរសេរថា “ពួកទាហាន ត្រូវតែដើរចេញ!”។ លោកថាណាថន និងអ្នកគាំទ្រ បានទាំងលើកម្រាមដៃ៣ជាសញ្ញា ដើម្បីបញ្ជាក់ ពីទឹកចិត្តប្រឆាំងទៅនឹងអំណាចផ្តាច់ការ របស់អំណាចរដ្ឋាភិបាលយោធាថៃ ដឹកនាំដោយលោកប្រាយុទ្ធ ចាន់អូចា។
ក្រុមយោធា ចង់រារាំងលោកថាណាថន មិនឲ្យចូលរួមក្នុងរដ្ឋាភិបាលចម្រុះ?
វាពិបាកជឿណាស់ ថាបញ្ហានេះ មិនពាក់ព័ន្ធនឹងការបោះឆ្នោត ក៏ដូចជាការរៀបចំរដ្ឋាភិបាលចំរុះ នៅក្នុងពេលខាងមុខ។ អ្នកគាំទ្រម្នាក់ របស់លោក ថាណាថន បានលើកឡើងថា ការដែលនគរបាល សុខៗបែរជាយករឿងចាស់ កើតឡើងនៅឆ្នាំ២០១៥ មកបំប៉ោងប៉ាតម្សៅ ដើម្បីចោទប្រកាន់មកលើលោកថាណាថន នាពេលនេះ គឺវាមានមូលហេតុតែមួយគត់ គឺចង់រារាំងលោកថាណាថន និងបក្សអនាគត់ម៉ៃ មិនឲ្យចូលរួម ក្នុងរដ្ឋាភិបាលចំរុះ។
កាលពីមុន របបសិកថៃ មិននឹកស្មានដល់ទេ ថាលោកថាណាថន អាចទទួលបានប្រជាប្រិយភាព ប្រមូលសម្លេងឆ្នោតបានច្រើនដូចនេះ។ យោងតាមលទ្ធផលបឋម បក្សអនាគត់ម៉ៃ អាចបានសម្លេងឆ្នោតសរុប លំដាប់ទី៣ ប្រមាណ៦លានសន្លឹក។ បើគិតជាអាសនៈ គឺប្រហែលជា៨៧អាសនៈ នៅក្នុងរដ្ឋសភាថ្មី។ ជាងនេះទៀត កាលពីសប្តាហ៍មុននេះ គណបក្សអនាគត់ម៉ៃ បានប្រកាសថា និងចូលរួមក្នុងរដ្ឋាភិបាលចម្រុះ ដែលដឹកនាំដោយគណបក្សភឿថៃ ដែលជាអតីតបក្សរបស់លោកថាក់ស៊ីន។ សម្ព័ន្ធភាពនេះ គឺត្រូវបានលោកថាណាថន ប្រកាសថា គឺដើម្បីបណ្តេញក្រុមយោធាឲ្យចេញពីអំណាច ហើយកសាងលទ្ធិប្រជាធិបតេយ្យនៅថៃឡើងវិញ។
ដូចយើងដឹងហើយ ថាមកត្រឹមពេលនេះ បក្សភឿថៃ និងបក្សផាឡាំងប្រាឆារ៉ាត់ សុទ្ធតែទាមទារសិទ្ធិបង្កើតរដ្ឋាភិបាលចម្រុះដូចគ្នា។ បក្សភឿថៃអះអាងថាខ្លួន បានអាសនៈច្រើនជាងគេ ឯបក្សផាឡាំងប្រាឆារ៉ាត់វិញ អះអាងថាខ្លួន បានសម្លេងឆ្នោតច្រើនជាងគេ។ តែបញ្ហាគឺថា បក្សទាំង២នេះ ត្រូវការប្រមូលបក្សផ្សេងឲ្យចូលរួម ដើម្បីបានសម្លេងភាគច្រើនក្នុងសភា និងឈានទៅតែងតាំងនាយកដ្ឋមន្ត្រីថ្មី និងបង្កើតរដ្ឋាភិបាលថ្មី។ ដូច្នេះ ក្នុងអំឡុងពេលនេះ ការប្រមូលដណ្តើមបក្សតូចៗឲ្យចុះចូល គឺជារឿងសំខាន់ណាស់។ ការរំខានបក្សផ្សេង មិនឲ្យទៅចូលរួមជាមួយបក្សមួយទៀត ក៏អាចជាមធ្យោបាយ ដើម្បីយកឈ្នះដែរ។
បក្សណានឹងដឹកនាំបង្កើតរដ្ឋាភិបាលចម្រុះ?
គិតត្រឹមពេលនេះ គឺវាពិបាកស្មានណាស់។ បើគិតតាមតួលេខបឋម គណបក្សផាឡាំងប្រាឆារ៉ាត់ របស់លោកប្រាយុទ្ធ ចាន់អូចា អាចមានប្រៀបខ្លាំង ព្រោះលោកមានព្រឹទ្ធសភាជាបង្អែក។ សមាជិកព្រឹទ្ធសភាចំនួន២៥០ គឺត្រូវបានកងទ័ពជាអ្នកតែងតាំង។ ហើយដើម្បីអាចធ្វើនាយករដ្ឋមន្ត្រីបាន គឺទាល់តែបានសម្លេងភាគច្រើន ទាំងរដ្ឋសភា ទាំងព្រឹទ្ធសភាបញ្ចូលគ្នា ពោលគឺត្រូវការសម្លេងឆ្នោតសរុប៣៧៦ លើ៧៥០។
ដូច្នេះ មានន័យថាលោកប្រាយុទ្ធ ត្រូវការអាសនៈក្នុងរដ្ឋសភាបន្ថែមទៀត ប្រមាណជា១២៦អាសនៈ ខណៈដែលបក្សភឿថៃ ត្រូវការដល់ទៅ២៥០អាសនៈ។ បើបាត់បង់បក្សអាណាគត់ម៉ៃ គឺមានន័យថា បក្សភឿថៃ កាន់តែលំបាកខ្លាំងថែមទៀត។ ចំណែកគណបក្ស ភូមចៃថៃ ដែលស្ថិតនៅកណ្តាល មិនទាន់ប្រកាសចុះចូលទៅខាងណានៅឡើយទេ។ តែតាមការស្មាន បក្សនេះក៏ដូចជាបក្សប្រជាធិបតេយ្យ របស់លោកអភីសីទ្ធ ប្រហែលជាងាកទៅរកលោកប្រាយុទ្ធ ចាន់អូចាច្រើនជាង។
តែយ៉ាងណាក៏ដោយ ក្រៅពីការចុះចូលរបស់បក្សតូចៗ លទ្ធផលផ្លូវការនៅមិនទាន់ចេញទេ ហើយអាសនៈសភា ប្រមាណ១៥០ទៀត កំពុងស្ថិតនៅចំណុចរងចាំ មិនទាន់ប្រាកដ ថាប្រគល់ទៅឲ្យបក្សណានៅឡើយទេ។ នយោបាយថៃ អាចក្រឡាប់ផ្ងារ បានគ្រប់ពេលវេលា។ បាតុកម្មតវ៉ា ទ្រង់ទ្រាយធំរបស់ប្រជាជន ក៏អាចកើតមានដែរ ដូចយើងធ្លាប់ឃើញកន្លងមក។ សូម្បីតែលោកថាក់ស៊ីន ដែលភៀសខ្លួននៅក្រៅស្រុក ក៏បាននិយាយដែរ នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃទី៣០មីនាថា លោកមិនអាចសន្និដ្ឋានស្មានអ្វីបានទាំងអស់ ក្នុងពេលនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ