អានតួអត្ថបទ

ថៃ៖​លោក​ប្រាយុទ្ធ​ អះអាងថា ច្បាប់​សន្តិសុខ​អ៊ីនធើនែត មិន​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ទេ

រដ្ឋសភាថៃ ទើបតែបានអនុម័តដាក់ឲ្យប្រើប្រាស់ នូវច្បាប់ថ្មីមួយ ស្តីពីការគ្រប់គ្រងសន្តិសុខ​ លើបណ្តាញអ៊ីនធើនែត។ ប្រឈមមុខនឹងការរិះគន់ ដែលលើកឡើងថា​ ច្បាប់នេះ នឹងបើកដៃឲ្យអាជ្ញាធរថៃ លបស្តាប់ការឆ្លងឆ្លើយពីបញ្ហានយោបាយ ខណៈដែលការបោះឆ្នោត កាន់តែខិតជិតមកដល់នោះ លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានចេញមុខអះអាង កាលពីថ្ងៃទី​១៤មីនាថា ច្បាប់សន្តិសុខអ៊ីនធើនែតនេះ គ្មានបំណងទៅស្តាប់ការឆ្លងឆ្លើយតាមទូរស័ព្ទ របស់ពលរដ្ឋថៃ ម្នាក់ៗនោះទេ។

លោកប្រាយុទ្ធ ចាន់អូចា រាំចង្វាក់ប្រពៃណី ជាមួយនឹងអ្នកគាំទ្រ ក្នុង​ពេល​​ឃោសនា​បោះឆ្នោត នៅស្ថានីយ៍​រថភ្លើង ខេត្ត​ខនគែន ថ្ងៃ​ទី​១៣ មីនា ​២០១៩​
លោកប្រាយុទ្ធ ចាន់អូចា រាំចង្វាក់ប្រពៃណី ជាមួយនឹងអ្នកគាំទ្រ ក្នុង​ពេល​​ឃោសនា​បោះឆ្នោត នៅស្ថានីយ៍​រថភ្លើង ខេត្ត​ខនគែន ថ្ងៃ​ទី​១៣ មីនា ​២០១៩​ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

កាលណាខ្ញុំនិយាយពីសន្តិសុខអ៊ីនធើនែត សូមកុំយល់ច្រឡំថាវាប៉ះពាល់ រំលោភសិទ្ធិមនុស្សឲ្យសោះ។ គ្មាននរណា នឹងទៅអង្គុយចាំស្តាប់ ឬអានការឆ្លងឆ្លើយ របស់ប្រជាជនម្នាក់ៗនោះទេ។ ច្បាប់នេះ គឺដើម្បីការពារក្រុមហ៊ុន សហគ្រាស ដោយសារតែវាអាចមានសកម្មភាពខុសច្បាប់ណាមួយ”។ នេះគឺជាប្រសាសន៍ របស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ថ្លែងនៅចំពោះ​មុខការប្រជុំ​ ក្រុមអ្នកវិនិយោគ នៅទីក្រុងបាងកក កាលពីថ្ងៃ​ព្រហស្បតិ៍ទី១៤មីនា។

សូមរំលឹកថា ច្បាប់សន្តិសុខអ៊ីនធើនែត ត្រូវបានសភាថៃអនុម័ត កាលពីថ្ងៃទី​២៨កុម្ភៈ។ ច្បាប់ថ្មីនេះ បានបង្កើតអង្គភាពពិសេសមួយ ក្រោមចំណុះរដ្ឋាភិបាល ដែលអង្គភាពនេះ ​មានអំណាចយ៉ាងទូលាយ ដូចជា អាចតាមដានអង្កេត នូវចរាចរណ៍ទិន្នន័យអ៊ីនធើនែត ដោយមិនចាំបាច់មានការអនុញ្ញាតិពីតុលាការ។ អង្គការភាពនេះ ក៏អាចមានអំណាចចាប់បង្ខំ បុគ្គលឯកជន ឬនីតិបុគ្គលទាំងអស់ ឲ្យផ្តល់នូវទិន្នន័យ ហើយក៏អាចចាប់បង្ខំឲ្យលុប​ចោលនូវទិន្នន័យ និងអាចរិបអូសយកថាសរឹង ដែលផ្ទុកទិន្នន័យទៀតផង។

សកម្មជនសិទ្ធិម​នុស្ស បានសម្តែងការព្រួយបារម្ភថា ច្បាប់នេះមានខ្លឹមសារបើកឱកាស ឲ្យសមត្ថកិច្ចថៃរិតបន្តឹងសិទ្ធិសេរីភាព ​នៅលើបណ្តាញអ៊ីនធើនែត ច្រើនជាងការការពារសហគ្រាស ពីសកម្មភាពទុច្ចរិតណាមួយ។ អង្គការ Asia Internet Coalition ដែលមានការចូលរួម ពី Google និង Facebook ផងដែរនោះ ក៏បានលើកឡើងដែរ ​ពីការព្រួយបារម្ភ ចំពោះខ្លឹមសារនៃច្បាប់ថ្មីនេះ ដែលមានន័យទូលំទូលាយជ្រុលពេក។ ភាពទូលំទូលាយនេះ នឹងបើកដៃ ឲ្យអំណាចរដ្ឋាភិបាលយកទៅ​បកស្រាយ អនុវត្តទៅតាមចិត្តចង់របស់ខ្លួន។

គួរកត់សំគាល់ថា ខណៈដែលការបោះឆ្នោតសភា នៅថ្ងៃទី២៤មីនា កាន់តែខិតជិតមកដល់ រដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ចាន់អូចា ត្រូវបានគេមើលឃើញថា ចង់បំភ័យការបញ្ចេញមតិនានា នៅលើបណ្តាញសង្គមតាមរយៈច្បាប់ថ្មីនេះ។

លោកស្រី Katherine Gerson តំណាងអង្គការ Amnesty International យល់ឃើញថា ច្បាប់ថ្មីស្តីពីការគ្រប់គ្រងសន្តិសុខអ៊ិនធើនែតនេះ គឺជាការគំរាមមួយ ដល់សិទ្ធិសេរីភាពបញ្ចេញមតិ របស់ប្រជាជនថៃ។ កន្លងមក រដ្ឋាភិបាល​របស់​លោក​ប្រាយុទ្ធ ចាន់អូចា បានចាប់ឃាត់ខ្លួនមនុស្ស និងកសាងសំណុំរឿងជាច្រើនទៅកាន់តុលាការ ដោយសំអាងលើ ពាក្យថា “សន្តិសុខជាតិ”។​ តែសម្រាប់លោកស្រី Katherine Gerson ករណីទាំងនោះ គឺប្រជាជនគ្មានបានធ្វើអ្វី ឲ្យប៉ះពាល់ដល់សន្តិសុខ​ជាតិ​ទេ។ គឺពួកគេគ្រាន់តែ​បញ្ចេញមតិ​យោបល់ តែប៉ុណ្ណោះ!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ