អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រោយ​ហេតុការណ៍​បាញ់រះ ​​នូវែលសេឡង់ សន្យា​​​ធ្វើ​​កំណែ​ទ​ម្រង់​​ច្បាប់​កាន់​កាប់អាវុធ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃសុក្រ ទី១៥មីនានេះ មានមនុស្ស៤៩នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់រះ ដ៏ព្រៃផ្សែមួយ នៅក្នុងវិហារអ៊ីស្លាម២កន្លែង ក្នុងទីក្រុងក្រៃឆឺច ប្រទេសនូវែលសេឡង់។​ វាជាអំពើភេរវកម្មបាញ់​រះដ៏កម្របំផុត សម្រាប់ប្រទេសដ៏ស្ងប់ស្ងាត់មួយនេះ។ នៅថ្ងៃសោរ៍នេះ លោកស្រីនាយករដដ្ឋមន្ត្រី​នូវែលសេឡង់ បានប្រកាសសន្យាថា រដ្ឋាភិបាលលោកស្រី នឹងជំនះធ្វើកំណែទម្រង់ច្បាប់កាន់កាប់​អាវុធ ឲ្យ​បាន​សម្រេច ដើម្បីបង្ការហេតុការណ៍​អកុសល​បែបនេះ​ទៅថ្ងៃមុខ។​ សូមរំលឹកថា ជនសង្ស័យ ដែលជាជនជាតិអូស្ត្រាលី អាយុ២៨ឆ្នាំ ត្រូវបាននគរបាលចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី​១៦មីនា​។

យុវជន យកបាច់​ផ្កា​​មករំលឹកវិញ្ញាណខន្ទអ្នកស្លាប់​ ខាង​មុខ​​វិហារអ៊ីស្លាម​​ Masjid Al Noor ក្រុង​​Christchurch ថ្ងៃ​ទី​​១៦​មីនា ​២០១៩
យុវជន យកបាច់​ផ្កា​​មករំលឹកវិញ្ញាណខន្ទអ្នកស្លាប់​ ខាង​មុខ​​វិហារអ៊ីស្លាម​​ Masjid Al Noor ក្រុង​​Christchurch ថ្ងៃ​ទី​​១៦​មីនា ​២០១៩ REUTERS/Jorge Silva
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍ បានកើតឡើងក្នុងពេលរសៀល ថ្ងៃសុក្រ ដែលជាពេលមានពិធី ជួបជុំសូត្រធម៌ របស់អ្នកកាន់សាសនាអ៊ីស្លាម។ ឃាតករ បើតាមការសន្និដ្ឋានបឋម គឺអាចជាមនុស្ស​តែម្នាក់ ដែល​បានធ្វើសកម្មភាព​​បាញ់រះ នៅទីតាំង វិហារអ៊ីស្លាម២កន្លែង មួយនៅកណ្តាល​ក្រុងក្រៃឆឺច ដែលមានមនុស្សស្លាប់​ ៤១នាក់ និងមួយកន្លែងទៀត នៅជាយក្រុង ចំងាយប្រមាណ៥គីឡូម៉ែត្រ ពីគ្នា ដែលមានមនុស្សស្លាប់​៧នាក់ នៅនឹងកន្លែង។ ជនរងគ្រោះដែលស្លាប់ម្នាក់ទៀត គឺបានស្លាប់នៅឯមន្ទីរពេទ្យ។

ជនរងគ្រោះ ដែលបានស្លាប់ក្នុងការបាញ់រះនេះ គឺមានចំរុះជាតិសាសន៍ ដែលភាគច្រើន មាន​ដូចជាជនជាតិតួកគី បង់ក្លាដែស ឥណ្ឌូណេស៊ី ម៉ាឡេស៊ី។ មានជនជាតិ អារ៉ាប៊ីសាអូឌីត​ម្នាក់ និងជនជាតិហ្សកដានី២នាក់ដែរ។ ក្រៅពីអ្នកស្លាប់ គឺនៅមានមនុស្ស​​របួស​ដោយសារគ្រាប់កាំភ្លើង ប្រមាណ៣៩នាក់ទៀត ដែលកំពុងស្ថិតក្នុងការសង្រ្គោះ​បន្ទាន់។ ក្នុងចំណោមអ្នករបួសធ្ងន់ ក៏មានក្មេងប្រុសអាយុ២ខួបម្នាក់ និងក្មេងស្រីអាយុ​៤ខួប​ម្នាក់ទៀត។ បុគ្គលិកមន្ទីរពេទ្យក្រុងក្រៃឆឺច បានធ្វើការសង្រ្គោះ វះកាត់ ដេរមុខរបួស អស់ពេញមួយយប់ថ្ងៃសុក្រ ឆ្លងចូលថ្ងៃសោរ៍នេះ។

Brenton Tarrant ជានរណា?

ប្រមាណជា៣៦នាទី ក្រោយហេតុការណ៍បាញ់រះនេះ ជនសង្ស័យដែលជាឃាតករម្នាក់ ត្រូវបានសមត្ថកិច្ច​នូវែលសេឡង់ ​ចាប់បានភ្លាមៗ។ ការពិតទៅ អត្តសញ្ញាណរបស់ជនសង្ស័យ​ គឺមិនជាពិបាកយល់ទេ សម្រាប់សមត្ថកិច្ច ព្រោះថាជនដៃដល់ខ្លួនឯង បានប្រកូកប្រកាសផ្សាយតាមបណ្តាញសង្គម ថាខ្លួនជាអ្នកណា។ ជននេះ ឈ្មោះ​Brenton Harrison Tarrant ជាជនជាតិអូស្ត្រាលី មានអាយុ២៨ឆ្នាំ។ ជននេះគឺជាសមាជិកនៃក្រុមបណ្តាញ​ពួកស្បែកស ដែលផ្សព្វផ្សាយចរន្តគំនិត ឲ្យស្អប់ជនជាតិផ្សេង ជាពិសេស គឺអ្នកកាន់សាសនាអ៊ីស្លាម។

ជនសង្ស័យ ឈ្មោះBrenton Tarrant នៅ​តុលាការ​​ក្រុង​​Christchurch ថ្ងៃទី​១៦​មីនា​​២០១៩
ជនសង្ស័យ ឈ្មោះBrenton Tarrant នៅ​តុលាការ​​ក្រុង​​Christchurch ថ្ងៃទី​១៦​មីនា​​២០១៩ Mark Mitchell/New Zealand Herald

មុនចេញធ្វើសកម្មភាព ជននេះបានបង្ហោះលើអ៊ីនធើនែត នូវអត្ថបទមួយ កម្រាស់ជាង៧០ ដែលមានចំណងជើងថា “The Great replacement” ប្រែថា ការជំនួសដ៏ធំធេង។ ការជំនួសនេះ គឺជននេះចង់សំដៅថា គឺពួកអ្នកកាន់សាសនាអ៊ីស្លាម កំពុង​តែ​រីកសាយភាយ ពាសពេញពិភពលោក ដើម្បីជំនួសពួកស្បែកស ដែលកាន់សាសនាគ្រិស្ត។ សម្រាប់​ជន​នេះ គឺពួកអ្នកកាន់សាសនាអ៊ីស្លាម កំពុងតែទន្ទ្រានអុកឡុកពិភពលោក​ទាំងមូល ដូច្នេះខ្លួនធ្វើសកម្មភាព សម្លាប់អ្នកកាន់សាសនាអ៊ីស្លាម គឺដើម្បីសង្រ្គោះ​ពួកស្បែកស។

អំពើបាញ់រះនេះ ជាអំពើដែលបានប្រុងប្រៀបត្រៀមរៀបចំទុក ជាមុនយ៉ាងល្អិតល្អន់ ព្រោះជនដៃដល់ បានរៀបចំថតផ្សាយផ្ទាល់តាមបណ្តាញFacebook អំពីសកម្មភាព​របស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ នៅមុនថ្ងៃចេញធ្វើសកម្មភាពមួយថ្ងៃ ជនដៃដល់ បានសរសេរសារលើទំព័រTwitter និងបានបង្ហោះរូបថតជាច្រើនសន្លឹក ដែលសុទ្ធសឹងតែជារូបកាំភ្លើង។

Brenton Tarrant រស់នៅក្រុង Dunedin ភាគខាងត្បូងនូវែលសេឡង់ ហើយជាសមាជិកនៃក្លឹប​ហាត់បាញ់កាំភ្លើងមួយឈ្មោះ Bruce Rifle Club។ នៅក្នុងសវនាកា នៅថ្ងៃសៅរ៍នេះ ជនសង្ស័យឈ្មោះ Brenton Tarrant នេះ មិនបានសម្តែងភាពតក់ស្លុតទាល់តែសោះ ផ្ទុយទៅវិញ គឺបានបង្ហាញភាពជាម្ចាស់ការ ក្នុងន័យមានមោទនភាព នូវអ្វីដែលខ្លួនបានធ្វើ។ តុលាការបានសម្រេច​ចោទជននេះ ពីបទមនុស្សឃាតុ។ នៅមាន​ជនសង្ស័យ២នាក់ផ្សេងទៀត តែតុលាការមិនទាន់អាចកំណត់បានទេ ថាមានជាប់ពាក់ព័ន្ធរបៀបណា ជាមួយជនឈ្មោះBrenton Tarrant នេះ។

កំណែទម្រង់ច្បាប់​កាន់កាប់អាវុធ

បញ្ហាកាន់កាប់អាវុធ គឺជាបញ្ហាចំបង ដែលត្រូវតែពិនិត្យឡើងវិញជាបន្ទាន់។ ក្នុងពេលធ្វើសកម្មភាព​ សមត្ថកិច្ចបានអះអាងថា ជនដៃដល់ មានអាវុធដល់​ទៅ៥ដើម ក្នុងនោះ មាន២ដើមជាអាវុធពាក់កណ្តាលស្វ័យប្រវត្តិ ម៉ាកAR-15 ហើយ២ដើមទៀត ជាកាំភ្លើងហ្វ៊ុយស៊ីលបរបាញ់សត្វ។ សាក្សីបានឃើញនឹងភ្នែកថា ជនដៃដល់ មានគ្រាប់កាំភ្លើងរុំសឹងតែពេញខ្លួន ក្នុងពេលធ្វើការបាញ់រះ។

នូវែលសេឡង់ មានប្រជាជនតែ៥លាននាក់ទេ។ ប៉ុន្តែ កាំភ្លើងនៅក្នុងប្រទេសនេះ មានប្រមាណជា១លាន៥សែនដើម​។ ប្រទេសនេះ ជាប្រទេសព្រៃភ្នំ ហើយដែលសកម្មភាព​បរបាញ់សត្វ គឺជាការពេញនិយមខ្លាំងណាស់។ ដូច្នេះហើយទើបបានជាមានកាំភ្លើង ច្រើនដូចនេះ។

ប៉ុន្តែបញ្ហាចោទ គឺការកាន់កាប់កាំភ្លើងប្រភេទ​ពាក់កណ្តាលស្វ័យប្រវត្តិ ដែលកាំភ្លើងធននេះ អាចបាញ់រះចេញគ្រាប់បានយ៉ាងច្រើន និងយ៉ាងងាយបំផុត។ នៅក្នុងឱកាសជួបជាមួយគ្រួសារជនរងគ្រោះ នៅព្រឹកថ្ងៃសៅរ៍នេះ លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលសេឡង់ ក្នុងទឹកមុខស្រងូតស្រងាត់ ទទូលក្រណាត់ខ្មៅ បានសន្យាថា លោកស្រីនឹងព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីធ្វើកំណែទម្រង់ច្បាប់គ្រប់គ្រងអាវុធនេះ​ឲ្យបាន​។ លោកស្រីអះអាងថា អាវុធធនពាក់កណ្តាលស្វ័យប្រវត្តិនេះ អាចនឹងត្រូវហាមឃាត់។

នៅអូស្ត្រាលី ចាប់ពីឆ្នាំ១៩៩៦មក គេបានធ្វើកំណែទម្រង់ ដោយហាមយ៉ាងដាច់ខាត នូវការប្រើអាវុធធនពាក់កណ្តាលស្វ័យប្រវត្តិ។ ការធ្វើកំណែទម្រង់នេះ គឺក្រោយពេលមានហេតុការណ៍បាញ់រះសម្លាប់មនុស្ស​៣៥នាក់ នៅកំពង់ផែ Arthur។ តាំងពីនោះមក អូស្រ្តាលី មិនដែលមានហេតុការណ៍បាញរះសម្លាប់រង្គាល របៀបនេះទៀតទេ។

ចំណែកនៅនូវែលសេឡង់ តាមពិតទៅ ការធ្វើកំណែទម្រង់ច្បាប់កាន់កាប់អាវុធនេះ រដ្ឋាភិបាលមុនៗ ក៏ធ្លាប់សាកល្បងធ្វើដែរ តែនៅតែមិនឈ្នះ ឥទ្ធិពលរបស់ពួកឈ្មួញលក់អាវុធ។ បច្ចុប្បន្ននៅនូវែលសេឡង់ មនុស្សអាយុ​ចាប់ពី១៦ឆ្នាំឡើងទៅ អាចមានសិទ្ធិកាន់អាវុធ លើកលែងតែអាវុធធនពាក់កណ្តាល​ស្វ័យ​ប្រវត្តិ​ ដែលច្បាប់តម្រូវឲ្យមានអាយុពី១៨ឆ្នាំឡើងទៅ។

ជាទូទៅ ក្រុមLobbyជំនួញអាវុធនេះ មានឥទ្ធិពលណាស់ អាចអូសទាញសមាជិកសភា និងមតិសាធារណៈឲ្យគាំទ្រអាវុធបាន។ ក្រោយហេតុការណ៍ ថ្ងៃសុក្រ លោកប្រធានសមាគមនគរបាលនូវែលសេឡង់ បានលើកឡើងថា ចាប់ពីពេលនេះទៅ ក្រុមអ្នកគាំទ្រការកាន់កាប់​អាវុធ គ្មានសិទ្ធិអ្វីមកចូលរួម ក្នុងការដេញដោល ធ្វើកំណែទម្រង់ច្បាប់កាន់អាវុធឡើយ។ លោកម្នាក់នេះ បន្ថែមថា ឧទាហរណ៍នៅអាមេរិក មានស្រាប់ហើយ ថាកាលណាក្រុមLobby អាវុធនេះចូលមករៅឆាន គឺគ្មានអ្វីអាចធ្វើចេញនោះទេ។ អ្វីៗនឹងនៅដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ