ក្រោយហេតុការណ៍បាញ់រះ នូវែលសេឡង់ សន្យាធ្វើកំណែទម្រង់ច្បាប់កាន់កាប់អាវុធ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០៥
កាលពីថ្ងៃសុក្រ ទី១៥មីនានេះ មានមនុស្ស៤៩នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់រះ ដ៏ព្រៃផ្សែមួយ នៅក្នុងវិហារអ៊ីស្លាម២កន្លែង ក្នុងទីក្រុងក្រៃឆឺច ប្រទេសនូវែលសេឡង់។ វាជាអំពើភេរវកម្មបាញ់រះដ៏កម្របំផុត សម្រាប់ប្រទេសដ៏ស្ងប់ស្ងាត់មួយនេះ។ នៅថ្ងៃសោរ៍នេះ លោកស្រីនាយករដដ្ឋមន្ត្រីនូវែលសេឡង់ បានប្រកាសសន្យាថា រដ្ឋាភិបាលលោកស្រី នឹងជំនះធ្វើកំណែទម្រង់ច្បាប់កាន់កាប់អាវុធ ឲ្យបានសម្រេច ដើម្បីបង្ការហេតុការណ៍អកុសលបែបនេះទៅថ្ងៃមុខ។ សូមរំលឹកថា ជនសង្ស័យ ដែលជាជនជាតិអូស្ត្រាលី អាយុ២៨ឆ្នាំ ត្រូវបាននគរបាលចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី១៦មីនា។
ហេតុការណ៍ បានកើតឡើងក្នុងពេលរសៀល ថ្ងៃសុក្រ ដែលជាពេលមានពិធី ជួបជុំសូត្រធម៌ របស់អ្នកកាន់សាសនាអ៊ីស្លាម។ ឃាតករ បើតាមការសន្និដ្ឋានបឋម គឺអាចជាមនុស្សតែម្នាក់ ដែលបានធ្វើសកម្មភាពបាញ់រះ នៅទីតាំង វិហារអ៊ីស្លាម២កន្លែង មួយនៅកណ្តាលក្រុងក្រៃឆឺច ដែលមានមនុស្សស្លាប់ ៤១នាក់ និងមួយកន្លែងទៀត នៅជាយក្រុង ចំងាយប្រមាណ៥គីឡូម៉ែត្រ ពីគ្នា ដែលមានមនុស្សស្លាប់៧នាក់ នៅនឹងកន្លែង។ ជនរងគ្រោះដែលស្លាប់ម្នាក់ទៀត គឺបានស្លាប់នៅឯមន្ទីរពេទ្យ។
ជនរងគ្រោះ ដែលបានស្លាប់ក្នុងការបាញ់រះនេះ គឺមានចំរុះជាតិសាសន៍ ដែលភាគច្រើន មានដូចជាជនជាតិតួកគី បង់ក្លាដែស ឥណ្ឌូណេស៊ី ម៉ាឡេស៊ី។ មានជនជាតិ អារ៉ាប៊ីសាអូឌីតម្នាក់ និងជនជាតិហ្សកដានី២នាក់ដែរ។ ក្រៅពីអ្នកស្លាប់ គឺនៅមានមនុស្សរបួសដោយសារគ្រាប់កាំភ្លើង ប្រមាណ៣៩នាក់ទៀត ដែលកំពុងស្ថិតក្នុងការសង្រ្គោះបន្ទាន់។ ក្នុងចំណោមអ្នករបួសធ្ងន់ ក៏មានក្មេងប្រុសអាយុ២ខួបម្នាក់ និងក្មេងស្រីអាយុ៤ខួបម្នាក់ទៀត។ បុគ្គលិកមន្ទីរពេទ្យក្រុងក្រៃឆឺច បានធ្វើការសង្រ្គោះ វះកាត់ ដេរមុខរបួស អស់ពេញមួយយប់ថ្ងៃសុក្រ ឆ្លងចូលថ្ងៃសោរ៍នេះ។
Brenton Tarrant ជានរណា?
ប្រមាណជា៣៦នាទី ក្រោយហេតុការណ៍បាញ់រះនេះ ជនសង្ស័យដែលជាឃាតករម្នាក់ ត្រូវបានសមត្ថកិច្ចនូវែលសេឡង់ ចាប់បានភ្លាមៗ។ ការពិតទៅ អត្តសញ្ញាណរបស់ជនសង្ស័យ គឺមិនជាពិបាកយល់ទេ សម្រាប់សមត្ថកិច្ច ព្រោះថាជនដៃដល់ខ្លួនឯង បានប្រកូកប្រកាសផ្សាយតាមបណ្តាញសង្គម ថាខ្លួនជាអ្នកណា។ ជននេះ ឈ្មោះBrenton Harrison Tarrant ជាជនជាតិអូស្ត្រាលី មានអាយុ២៨ឆ្នាំ។ ជននេះគឺជាសមាជិកនៃក្រុមបណ្តាញពួកស្បែកស ដែលផ្សព្វផ្សាយចរន្តគំនិត ឲ្យស្អប់ជនជាតិផ្សេង ជាពិសេស គឺអ្នកកាន់សាសនាអ៊ីស្លាម។
មុនចេញធ្វើសកម្មភាព ជននេះបានបង្ហោះលើអ៊ីនធើនែត នូវអត្ថបទមួយ កម្រាស់ជាង៧០ ដែលមានចំណងជើងថា “The Great replacement” ប្រែថា ការជំនួសដ៏ធំធេង។ ការជំនួសនេះ គឺជននេះចង់សំដៅថា គឺពួកអ្នកកាន់សាសនាអ៊ីស្លាម កំពុងតែរីកសាយភាយ ពាសពេញពិភពលោក ដើម្បីជំនួសពួកស្បែកស ដែលកាន់សាសនាគ្រិស្ត។ សម្រាប់ជននេះ គឺពួកអ្នកកាន់សាសនាអ៊ីស្លាម កំពុងតែទន្ទ្រានអុកឡុកពិភពលោកទាំងមូល ដូច្នេះខ្លួនធ្វើសកម្មភាព សម្លាប់អ្នកកាន់សាសនាអ៊ីស្លាម គឺដើម្បីសង្រ្គោះពួកស្បែកស។
អំពើបាញ់រះនេះ ជាអំពើដែលបានប្រុងប្រៀបត្រៀមរៀបចំទុក ជាមុនយ៉ាងល្អិតល្អន់ ព្រោះជនដៃដល់ បានរៀបចំថតផ្សាយផ្ទាល់តាមបណ្តាញFacebook អំពីសកម្មភាពរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ នៅមុនថ្ងៃចេញធ្វើសកម្មភាពមួយថ្ងៃ ជនដៃដល់ បានសរសេរសារលើទំព័រTwitter និងបានបង្ហោះរូបថតជាច្រើនសន្លឹក ដែលសុទ្ធសឹងតែជារូបកាំភ្លើង។
Brenton Tarrant រស់នៅក្រុង Dunedin ភាគខាងត្បូងនូវែលសេឡង់ ហើយជាសមាជិកនៃក្លឹបហាត់បាញ់កាំភ្លើងមួយឈ្មោះ Bruce Rifle Club។ នៅក្នុងសវនាកា នៅថ្ងៃសៅរ៍នេះ ជនសង្ស័យឈ្មោះ Brenton Tarrant នេះ មិនបានសម្តែងភាពតក់ស្លុតទាល់តែសោះ ផ្ទុយទៅវិញ គឺបានបង្ហាញភាពជាម្ចាស់ការ ក្នុងន័យមានមោទនភាព នូវអ្វីដែលខ្លួនបានធ្វើ។ តុលាការបានសម្រេចចោទជននេះ ពីបទមនុស្សឃាតុ។ នៅមានជនសង្ស័យ២នាក់ផ្សេងទៀត តែតុលាការមិនទាន់អាចកំណត់បានទេ ថាមានជាប់ពាក់ព័ន្ធរបៀបណា ជាមួយជនឈ្មោះBrenton Tarrant នេះ។
កំណែទម្រង់ច្បាប់កាន់កាប់អាវុធ
បញ្ហាកាន់កាប់អាវុធ គឺជាបញ្ហាចំបង ដែលត្រូវតែពិនិត្យឡើងវិញជាបន្ទាន់។ ក្នុងពេលធ្វើសកម្មភាព សមត្ថកិច្ចបានអះអាងថា ជនដៃដល់ មានអាវុធដល់ទៅ៥ដើម ក្នុងនោះ មាន២ដើមជាអាវុធពាក់កណ្តាលស្វ័យប្រវត្តិ ម៉ាកAR-15 ហើយ២ដើមទៀត ជាកាំភ្លើងហ្វ៊ុយស៊ីលបរបាញ់សត្វ។ សាក្សីបានឃើញនឹងភ្នែកថា ជនដៃដល់ មានគ្រាប់កាំភ្លើងរុំសឹងតែពេញខ្លួន ក្នុងពេលធ្វើការបាញ់រះ។
នូវែលសេឡង់ មានប្រជាជនតែ៥លាននាក់ទេ។ ប៉ុន្តែ កាំភ្លើងនៅក្នុងប្រទេសនេះ មានប្រមាណជា១លាន៥សែនដើម។ ប្រទេសនេះ ជាប្រទេសព្រៃភ្នំ ហើយដែលសកម្មភាពបរបាញ់សត្វ គឺជាការពេញនិយមខ្លាំងណាស់។ ដូច្នេះហើយទើបបានជាមានកាំភ្លើង ច្រើនដូចនេះ។
ប៉ុន្តែបញ្ហាចោទ គឺការកាន់កាប់កាំភ្លើងប្រភេទពាក់កណ្តាលស្វ័យប្រវត្តិ ដែលកាំភ្លើងធននេះ អាចបាញ់រះចេញគ្រាប់បានយ៉ាងច្រើន និងយ៉ាងងាយបំផុត។ នៅក្នុងឱកាសជួបជាមួយគ្រួសារជនរងគ្រោះ នៅព្រឹកថ្ងៃសៅរ៍នេះ លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលសេឡង់ ក្នុងទឹកមុខស្រងូតស្រងាត់ ទទូលក្រណាត់ខ្មៅ បានសន្យាថា លោកស្រីនឹងព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីធ្វើកំណែទម្រង់ច្បាប់គ្រប់គ្រងអាវុធនេះឲ្យបាន។ លោកស្រីអះអាងថា អាវុធធនពាក់កណ្តាលស្វ័យប្រវត្តិនេះ អាចនឹងត្រូវហាមឃាត់។
នៅអូស្ត្រាលី ចាប់ពីឆ្នាំ១៩៩៦មក គេបានធ្វើកំណែទម្រង់ ដោយហាមយ៉ាងដាច់ខាត នូវការប្រើអាវុធធនពាក់កណ្តាលស្វ័យប្រវត្តិ។ ការធ្វើកំណែទម្រង់នេះ គឺក្រោយពេលមានហេតុការណ៍បាញ់រះសម្លាប់មនុស្ស៣៥នាក់ នៅកំពង់ផែ Arthur។ តាំងពីនោះមក អូស្រ្តាលី មិនដែលមានហេតុការណ៍បាញរះសម្លាប់រង្គាល របៀបនេះទៀតទេ។
ចំណែកនៅនូវែលសេឡង់ តាមពិតទៅ ការធ្វើកំណែទម្រង់ច្បាប់កាន់កាប់អាវុធនេះ រដ្ឋាភិបាលមុនៗ ក៏ធ្លាប់សាកល្បងធ្វើដែរ តែនៅតែមិនឈ្នះ ឥទ្ធិពលរបស់ពួកឈ្មួញលក់អាវុធ។ បច្ចុប្បន្ននៅនូវែលសេឡង់ មនុស្សអាយុចាប់ពី១៦ឆ្នាំឡើងទៅ អាចមានសិទ្ធិកាន់អាវុធ លើកលែងតែអាវុធធនពាក់កណ្តាលស្វ័យប្រវត្តិ ដែលច្បាប់តម្រូវឲ្យមានអាយុពី១៨ឆ្នាំឡើងទៅ។
ជាទូទៅ ក្រុមLobbyជំនួញអាវុធនេះ មានឥទ្ធិពលណាស់ អាចអូសទាញសមាជិកសភា និងមតិសាធារណៈឲ្យគាំទ្រអាវុធបាន។ ក្រោយហេតុការណ៍ ថ្ងៃសុក្រ លោកប្រធានសមាគមនគរបាលនូវែលសេឡង់ បានលើកឡើងថា ចាប់ពីពេលនេះទៅ ក្រុមអ្នកគាំទ្រការកាន់កាប់អាវុធ គ្មានសិទ្ធិអ្វីមកចូលរួម ក្នុងការដេញដោល ធ្វើកំណែទម្រង់ច្បាប់កាន់អាវុធឡើយ។ លោកម្នាក់នេះ បន្ថែមថា ឧទាហរណ៍នៅអាមេរិក មានស្រាប់ហើយ ថាកាលណាក្រុមLobby អាវុធនេះចូលមករៅឆាន គឺគ្មានអ្វីអាចធ្វើចេញនោះទេ។ អ្វីៗនឹងនៅដដែល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ