ប្រទេសមួយចំនួនផ្អាកប្រើយន្តហោះBoeing737max ក្រោយគ្រោះថ្នាក់នៅអេត្យូពី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២១
កាលពីថ្ងៃអាទិត្យទៅ១០មីនា ហេតុការណ៍អកុសលមួយបានកើតឡើង នៅប្រទេសអេត្យូពី ដោយយន្តហោះមួយគ្រឿង ប្រទេស Boeing737max របស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី បានធ្លាក់ក្រោយពេលហោះឡើងបានបន្តិច។ មនុស្ស សរុប១៥៧នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់នេះ។ កាលពីចុងខែតុលា ឆ្នាំ២០១៨ យន្តហោះប្រភេទនេះ បានធ្លាក់ម្តងរួចហើយ នៅប្រទេសឥណ្ឌូណេស៊ី ដោយបាននាំយកជីវិតមនុស្ស១៨៩នាក់ ទៅជាមួយ។ នៅថ្ងៃចន្ទនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវីលចិន បានចេញប្រកាស ដោយបានសម្រេច ផ្អាកយន្តហោះប្រភេទ Boeing737max នេះ មិនហោះហើរទេ ដរាបណា មិនទាន់មានការបំភ្លឺពីក្រុមហ៊ុនBoeing ទាក់ទិននឹងបញ្ហាសុវត្ថិភាព របស់យន្តហោះប្រភេទថ្មីនេះ។
ហោះឡើងបាន៦នាទី ធ្លាក់
ប្រអប់ខ្មៅទាំង២ របស់យន្តហោះ Boeing 737Max ត្រូវបានគេរកឃើញ នៅកន្លែងកើតហេតុ ចំងាយប្រមាណ៦០គីឡូម៉ែត្រ ខាងត្បូងទីក្រុង អាឌី បាបេបា។ ជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី ដែលបានចេញដំណើរ ពីទីក្រុងអាឌី អាបេបា ប្រទេសអេត្យូពី ឆ្ពោះទៅកាន់ទីក្រុងណៃរូប៊ីប្រទេសកេនយ៉ា បានធ្លាក់ ប្រមាណជា៦នាទី ប៉ុណ្ណោះ ក្រោយពេលហោះឡើងបានបន្តិច នៅវេលាម៉ោង៨និង៣៨នាទីព្រឹក។
យន្តហោះធ្លាក់បោកផ្ទប់នឹងដី បានបង្កជារណ្តៅខូង អូសចំងាយជាច្រើនសិបម៉ែត្រ។ កាលពីភ្លាមៗ ក្រោយដឹងដំណឹងថាធ្លាក់ អ្នកជំនាញអាកាសចរណ៍ស៊ីវីល របស់អេត្យូពី បានបញ្ជាក់ឲ្យដឹងថា អ្នកបើកបរយន្តហោះ បានព្យាយាមទាក់ទង ជាមួយអ្នកត្រួតពិនិត្យនៅព្រលានយន្តហោះចេញដំណើរ ដោយបានប្រាប់ថា ខ្លួនកំពុងមានបញ្ហាក្នុងការបញ្ជារយន្តហោះ ហើយសូមហោះត្រលប់ទៅចុះចតវិញ។ និយាយគ្នាបានតែប៉ុណ្ណេះ ក៏ស្រាប់តែបាត់ដំណឹងសូន្យតែម្តង។
គេត្រូវយកប្រអប់ខ្មៅទាំង២ ទៅវិភាគទិន្នន័យសិន ដើម្បីស្វែងយល់លំអិត ថាតើបញ្ហាដែលអ្នកបើកយន្តហោះបានលើកឡើងនោះ ជាអ្វីឲ្យពិតប្រាកដ។ តើវាអាចជាបញ្ហាបច្ចេកទេសរបស់យន្តហោះ ឬមួយវាអាចជាការភ័ន្តច្រឡំណាមួយ របស់អ្នកបើកបរ ឬមួយក៏អាចមានហេតុផលផ្សេងទៀត គួបផ្សំគ្នា។ មួយវិញទៀត បើតាមសាក្សីម្នាក់ បានឲ្យដឹងថា គឺនៅកន្ទុយយន្តហោះ មានភ្លើងឆេះរួចទៅហើយ មុននឹងយន្តហោះបោកផ្ទុបនឹងដី។ បើមានផ្លើងឆេះពិតមែន វាអាចបង្ហាញពីមូលហេតុផ្សេងទៀត ដែលឈានទៅដល់ការធ្លាក់ ស្លាប់មនុស្សទាំង១៥៧នាក់នេះ។
ផ្អាកយន្តហោះBoeing 737 Max មិនឲ្យហោះ
គួររំលឹកថា យន្តហោះប្រភេទ Boeing 737Max នេះ បានធ្លាក់ម្តងរួចហើយកាលពីខែតុលា ឆ្នាំ២០១៨ គឺយន្តហោះរបស់ ក្រុមហ៊ុនអាកាសចរណ៍Lion Air នៅប្រទេសឥណ្ឌូណេស៊ី។ ទោះមិនទាន់ដឹងមូលហេតុច្បាស់ តែដើម្បីបង្ការក្រែងមានគ្រោះថ្នាក់ថ្មីទៀត អាជ្ញាធរអាកាលចរណ៍ស៊ីវីល ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍ បានសម្រេចផ្អាកការហោះហើរ របស់យន្តហោះ Boeing 737Max។
ចិនដែលមានយន្តហោះប្រភេទ Boeing 737Max នេះចំនួន៧៦គ្រឿង បានចេញបញ្ជានៅព្រឹកថ្ងៃចន្ទ ទី១១មីនា ថាត្រូវតែផ្អាកការហោះហើរយន្តហោះប្រភេទនេះសិន ដើម្បីរង់ចាំការតាមដានស្រាវជ្រាវឲ្យច្បាស់ អំពីកត្តាសុវត្ថិភាព។ ដូចគ្នាដែរ អេត្យូពី និងឥណ្ឌូណេស៊ី ក៏ទើបតែបានសម្រេច ថាផ្អាក ដំណើរការហោះហើរយន្តហោះប្រភេទនេះដែរ។
យន្តហោះប្រភេទតែមួយ ធ្លាក់ក្នុងពេលដំណាក់កាលហោះឡើងដូចគ្នា
យន្តហោះប្រភេទ Boeing 737Max មួយគ្រឿង បានធ្លាក់ម្តងហើយ ក្នុងសមុទ្រ នៅឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៩ តុលា ឆ្នាំ២០១៨ ដោយបានផ្តាច់ជីវិតមនុស្ស១៨៩នាក់។ អ្វីដែលធ្វើឲ្យគេព្រួយបារម្ភ គឺថា វាជាយន្តហោះប្រភេទថ្មី តែមួយដូចគ្នា។ ហើយការធ្លាក់ទៀតសោត គឺវាកើតឡើង ក្នុងដំណាក់កាលនៃការហោះឡើង ពោលគឺទើបតែហោះឡើងបានបន្តិច មិនទាន់ទាំងតម្រង់ទិសស្រួលបួលផង ក៏ធ្លាក់។
កាលពីក្នុងករណី ធ្លាក់នៅឥណ្ឌូណេស៊ី របស់យន្តហោះLion Air ក៏អ្នកបើកយន្តហោះ បានទាក់ទងទៅក្រុមត្រួតពិនិត្យនៅព្រលាន ដោយសារតែជួបបញ្ហាលំបាក ក្នុងការបញ្ជាយន្តហោះដែរ។ យោងតាមការស្តាប់ និងការវិភាគលើប្រអប់ខ្មៅ គឺអ្នកបើកបរ បានជួបបញ្ហា ស្តីពីល្បឿនរបស់យន្តហោះ។ បញ្ហានេះ គឺដោយសារតែម៉ាស៊ីនកុំព្យូទ័រ របស់យន្តហោះ ហាក់ជួបបញ្ហាអ្វីម្យ៉ាង ដែលធ្វើឲ្យមានការភ័ន្តច្រឡំ ក្នុងការគុណគូទិន្នន័យហោះហើរ។
បញ្ហាបណ្តាលមកពី ឧបករណ៍ចាប់ល្បឿននិងមុំហោះហើរ AOA?
បើតាមការសន្និដ្ឋានបឋម របស់អាជ្ញាធរស៊ើបអង្កេត ក្នុងករណីធ្លាក់នៅឥណ្ឌូណេស៊ី គឺវាអាចមកពីឧបករណ៍ចាប់ល្បឿន និងមុំហោះហើរ (AOA, Angle of Attack Sensor) របស់យន្តហោះ ដែលមានបញ្ហា។ នៅលើយន្តហោះប្រភេទ Boeing 737Max គឺក្រុមហ៊ុនBoeing បានដាក់ឲ្យប្រើ នូវឧបករណ៍ប្រភេទថ្មី ដែលជាប្រព័ន្ធការពារ ក្នុងករណីយន្តហោះ លែងមានកម្លាំងទប់ ហើយធ្លាក់ចុះមកដី។
បើតាមការសន្និដ្ឋាន ឧបករណ៍នេះអាចចាប់ទិន្នន័យខុស ហើយបញ្ជារ កុំព្យូទ័រយន្តហោះ ឲ្យហោះដាំក្បាលចុះ ក្នុងករណីដែលយន្តហោះកំពុងតែធ្លាក់ទៅហើយ។ តាមធម្មតា ក្នុងករណីយន្តហោះដាច់ល្បឿន ធ្លាក់បែបនេះ គឺកុំព្យូរទ័រយន្តហោះត្រូវតែបញ្ជាក្បាលយន្តហោះ ឲ្យងើបហោះឡើង មិនមែនដាំក្បាលចុះទេ។ បញ្ហានេះ ត្រូវបានសហព័ន្ធអ្នកបើកយន្តហោះអាមេរិក ធ្វើការសន្និដ្ឋានថា វាអាចមកពីឧបករណ៍ចាប់ល្បឿន និងមុំហោះហើរ (AOA) របស់ Boeing 737Max។
Boeing 737 Max មានគេកុម្មង់៥០១១គ្រឿង
យន្តហោះប្រភេទ Boeing 737Max នេះ ជាយន្តហោះប្រទេសថ្មី ហើយដែលក្រុមហ៊ុនBoeing កំពុងផលិត យ៉ាងសស្រាក់សស្រាំ ដើម្បីប្រគល់ទៅតាមការកុម្ម៉ង់។ ជាមួយនឹងករណីធ្លាក់ ដល់ទៅ២ដងផ្ទួនៗគ្នា ក្នុងរវាងប្រមាណជាង៤ខែបែបនេះ ក្រុមហ៊ុនBoeing ប្រាកដ ជាកំពុងតែជួបបញ្ហា មិនស្ទើរទេ។ ក្រុមហ៊ុន ត្រូវតែដោះស្រាយបំភ្លឺ ដើម្បីកុំឲ្យអ្នកដំណើរ មានការព្រួយបារម្ភ។ ចាប់ពីពេលនេះទៅ អ្នកដំណើរ ដែលត្រៀមខ្លួនឡើងជិះយន្តហោះ ប្រភេទBoeing 737Max នេះ ប្រាកដជាត្រូវភ័យបារម្ភហើយ ពីសុវត្ថិភាពខ្លួន ដរាបណាក្រុមហ៊ុនផលិតយន្តហោះ មិនផ្តល់ការពន្យល់ច្បាស់លាស់ ទាក់ទិននឹងករណីធ្លាក់ទាំង២ដងនេះ។
យន្តហោះ Boeing 737Max នេះជាប្រភេទយន្តហោះចម្ងាយមធ្យម ហើយចែកចេញជា៤ថ្នាក់ទៀត។ តែកាលពីខែឧសភា ឆ្នាំ២០១៧ ក្រុមហ៊ុន Boeing បានសម្រេចព្យួរការហោះហើរសាកល្បងយន្តហោះនេះ ដោយសារតែមានបញ្ហា លើម៉ាស៊ីនយន្តហោះ ដែលផលិតដោយក្រុមហ៊ុន CFM។ ក្រុមហ៊ុននេះ ជាការសហការគ្នា រវាងក្រុមហ៊ុន General Electric របស់អាមេរិក និងក្រុមហ៊ុន Safran របស់បារាំង។ ក្រោយមក នៅអំឡុងឆ្នាំ ២០១៨ យន្តហោះ Boeing 737Max ត្រូវបានចាប់ផ្តើមដាក់ឲ្យដំណើរការ ដោយក្រុមហ៊ុនអាកាសចរណ៍។
បើយោងតាមឯកសាររបស់Boeing កាលពីខែមករា យន្តហោះ Boeing 737Max មានគេកុម្មង់សរុប ចំនួន៥០១១គ្រឿង ដែលត្រូវផលិតឲ្យរួចរាល់អស់ ក្នុងរវាង៧ឆ្នាំ។ បច្ចុប្បន្ន Boeing បានផលិតរួចរាល់ និងប្រគល់ឲ្យអ្នកទិញ ប្រមាណជា៣៥០គ្រឿងហើយ។ យន្តហោះមួយតម្លៃ ចន្លោះពី ៩៩ ទៅ ១២៩លានដុល្លារ។
Boeing 737 ជាប្រភេទយន្តហោះ ដែលគេនិយមប្រើបំផុត។ Boeing737 ប្រភេទចាស់ ត្រូវបានBoeingផលិតលក់ បានដល់ទៅ១ម៉ឺនគ្រឿង។ ការលក់ Boeing 737 គឺវាស្មើនឹង ៦៤%នៃចំណូលរបស់ក្រុមហ៊ុននេះ។ ដូច្នេះមិនមែនជារឿងលេងសើចទេ សម្រាប់ Boeing។ ភាគហ៊ុនរបស់ Boeing អាចនឹងធ្លាក់ថ្លៃ ព្រោះអ្នកវិនិយោគគេភ័យបារម្ភ។ មួយវិញទៀត Boeing 737Max នេះមានគូប្រជែងដ៏ធំ គឺ Airbus 320 Neo របស់បារាំង ដែលកំពុងដណ្តើមទីផ្សារគ្នាសម្បើមណាស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ