អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កំណើន​សង្គម-សេដ្ឋកិច្ច ​ដ៏​ស្តួចស្តើង​ របស់​រដ្ឋាភិបាល​លោកស្រី​អ៊ុងសាន ស៊ូជី​ រយៈពេល​២​ឆ្នាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បើគិតមកត្រឹមដំណាច់ខែមីនា កន្លង​មកនេះ គឺ​រដ្ឋាភិបាល​ថ្មី​របស់​ភូមា ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ របស់​លោកស្រី​អ៊ុងសាន ស៊ូជី  ​មាន​អាយុ​២​ឆ្នាំ​គត់។ ជាមួយ​នឹង​​វិបត្តិ​ជន​ភៀស​​ខ្លួន​រ៉ូហ៊ីងយ៉ា លោកស្រី​អ៊ុងសាន​​ស៊ូជី ត្រូវបាន​សហគមន៍​អន្តរជាតិ​ រិះគន់​ជាខ្លាំង​ ​ថា​លោកស្រី ​អសមត្ថភាព​ក្នុង​ការ​ជួយ​សង្រ្គោះ​​ជនជាតិ​រ៉ូហ៊ីងយ៉ា។ ចំណែក​នៅ​ភូមា​វិញ​ ​មនុស្ស​​មួយ​ចំនួន ​ដែល​ធ្លាប់​គាំទ្រ​លោកស្រី ​ហើយ​សង្ឃឹមថា​លោកស្រី ​​នឹង​ជួយ​ជំរុញ​​ការ​​រីកចំរើន​​សេដ្ឋកិច្ច ​និង​​សង្គម​​នេះ​ ក៏​មាន​ការ​ខកចិត្ត​មិន​ស្ទើរ​ដែរ។​ ពួកគេ​ខកចិត្ត​ ដោយសារ​​​លទ្ធផល​​​សម្រេច​​បាន​២ឆ្នាំ​​មកនេះ ​បាន​បង្ហាញ​ថា រដ្ឋាភិបាល​លោកស្រី​អ៊ុងសាន ស៊ូជី ​នៅមាន​​ចំណុច​ខ្វះខាត​ច្រើន​ណាស់។

លោកស្រី Aung San Suu Kyi ទីប្រឹក្សារដ្ឋ និង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​​ភូមា
លោកស្រី Aung San Suu Kyi ទីប្រឹក្សារដ្ឋ និង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​​ភូមា Mark Metcalfe/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

ពីអ្នករាយការណ៍ពិសេស របស់វិទ្យុបារាំងអន្តរជាតិ ប្រចាំទីក្រុងរ៉ង់ហ្គូន ឈ្មោះ Antoine Clapik បានឲ្យដឹងថា ការខកបំណង ការខកចិត្ត ចំពោះលោកស្រីអ៊ុងសាន ស៊ូជី ដែលប្រជាជនភូមាទូទៅ ធ្លាប់បានចាត់ទុក ថាជាមាតាជាតិភូមានោះ គឺមានកាន់តែច្រើនទៅៗ។ ទាំងនេះ ក៏ដោយសារតែ​ ប្រជាជនភូមា មិនបានឃើញ​ពីភាពប្រែប្រួលរីកចំរើន ឬការប្រសើរឡើងណាមួយឡើយ ជាពិសេស ក្នុងវិស័យសង្គម និងវិស័យសេដ្ឋកិច្ច។

អយុត្តិធម៌សង្គមនៅតែមាន

បុរសម្នាក់ឈ្មោះ Than Sein អាយុ៦៨ឆ្នាំ មានមុខរបរជាអ្នករត់ស៊ីក្លូ​ ធ្លាប់បានចូលរួមយ៉ាងសកម្ម ដោយទឹកចិត្តត្រេកអរ កាលពីក្នុងអំឡុងពេលឃោសនាបោះឆ្នោត នាឆ្នាំ២០១៥។ ប៉ុន្តែថ្ងៃនេះ អ្វីដែលលោកសង្កេតឃើញ ពីភាពអយុត្តិធម៌សង្គម នៅតែមានដដែល។ បុរសចំណាស់ម្នាក់នេះ បានលើកឡើងថា​ ប្រជាជនក្រីក្រ ដែលរស់នៅតាមសំណង់អាណាធិបតេយ្យ ជាយក្រុងរ៉ង់ហ្គូន ត្រូវគេដេកចេញ​ ដោយចោទថាគ្មានច្បាប់អនុញ្ញាតិសាងសង់។ លោកបានព្រលយពាក្យថា៖ គណបក្សសម្ព័ន្ធប្រជាធិបតេយ្យ ដែលមកកាន់តំណែងថ្មីនេះ មិនខ្វល់ពីអ្នកក្រទេ

ដោយឡែក អ្នកជំនាញការបរទេសម្នាក់ ប្រចាំភូមា បានលើកឡើងថា យើងដឹងថា៖ កិច្ចការនយោបាយដឹកនាំភូមា គឺគណបក្សលោកស្រីអ៊ុងសាន ស៊ូជី ត្រូវបែកចែកអំណាច ជាមួយពួកកងទ័ព។ ក៏ប៉ុន្តែទាក់ទិន​និងបញ្ហាសង្គម ក៏ដូចជាបញ្ហា​សេដ្ឋកិច្ច គឺវាស្ថិតក្នុងដៃ​របស់រដ្ឋាភិបាល​លោកស្រីអ៊ុងសាន ស៊ូជី។ គឺត្រង់ចំណុចទាំង២នេះហើយ ដែលជាមូលហេតុ​នៃការ​ខកបំណង​របស់ប្រជាជនទូទៅ ព្រោះលទ្ធផល២ឆ្នាំមកនេះ វាគ្មានអ្វីប្រសើរសោះ

គ្មានអាទិភាពការពារកម្មករ និងកសិករ

លោក Wanna Soe មន្ត្រីទទួលបន្ទុកម្នាក់ នៅអង្គារ WE Generation Network ដែលជាអង្គការការពារនោយោជិតកម្មករ និង កសិករ បានលើកឡើងថា៖ ទាក់ទិននឹងបញ្ហាសង្គម គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានការយល់ឃើញ មិនសូវជាខុសគ្នាណាស់ណា ពីរដ្ឋាភិបាលមុន ដែលដឹកនាំដោយលោកមេទ័ព ធាន សេន ទេ។ មន្ត្រីអង្គការ​ក្រៅរដ្ឋាភិបាលរូបនេះ អះអាងថា រដ្ឋាភិបាលថ្មី របស់លោកស្រីអ៊ុងសាន ស៊ូជី មិន​បានដាក់ចុះនូវការជួយជ្រោមជ្រែងជីវភាព​របស់កម្មករ កសិករ ឬនិស្សិត ជាអាទិភពរបស់ខ្លួននោះទេ។

មន្ត្រីអង្គការសង្គមស៊ីវីល ដែលធ្លាប់ជាប់ពន្ធនាគាររូបនេះ បានលើកឡើងបន្ថែមថា៖ ក្នុងចំណោមចំណុចធំៗទាំង១២ចំណុច នៅក្នុងកម្មវិធីនយោបាយ ដែលរដ្ឋាភិបាលថ្មី បានប្រកាស​ កាលពីខែកក្កដា ឆ្នាំ២០១៦ ក្នុងនោះមានជាអាថទិ៍ គឺការលើកកំពស់សមត្ថភាព និងធនធានមនុស្ស និង ការធ្វើកំណែទម្រង់ច្បាប់ការងារ។ តែផ្ទុយទៅវិញ មួយឆ្នាំក្រោយ​​មក និយោជកនៅតែអាចបណ្តេញនិយោជិត ដោយគ្មានមូលហេតុដដែល ដោយគ្រាន់តែ​បង់ប្រាក់ពិន័យចំនួន ១លាន ខ្ចាត់ ដែលស្មើប្រមាណជា៧០០ដុល្លារសហរដ្ឋ​អាមេរិក តែប៉ុណ្ណោះ។ ជាងនេះទៅទៀត យោងតាមស្ថិតិស្រាវជ្រាវ ថៅកែ ឬនិយោជកប្រមាណ៨៣% មិនទាំងបង់ប្រាក់ពិន័យ ដែលតុលាការសម្រេចនេះផងទេ

កំអែលរបបផ្តាច់ការ និង អំណាចប្រមូលផ្តុំតែនៅថ្នាក់លើ

ទាក់ទិននឹង​វិស័យអប់រំ ថ្វីបើមានចំណុចវិជ្ជមានខ្លះ តែនៅតែមានការខកបំណងជាទូទៅ។ លោក Tim Aye-Hardy ស្ថាបនិកគំរោង “ថ្នាក់រៀនចល័ត” ដែលបានរៀបចំឲ្យមានថ្នាក់រៀនក្នុងរថយន្តក្រុង ហើយបើក​ចល័តទៅតាមទីជនបទឆ្ងាយៗ ដែលកុមារក្រីក្រ គ្មានលទ្ធភាពមកសាលារៀននោះ បានលើកឡើងថា៖ ថ្វីបើអង្គការលោក ព្យាយាម​ជួយ​នាំ​ថ្នាក់រៀន និងគ្រូបង្រៀន ឲ្យទៅដល់តាមភូមិដាច់ស្រាយ៉ាលក៏ដោយ តែអង្គការលោកជួបឧបសគ្គជាច្រើន ដែលបង្កឡើងដោយរដ្ឋបាលរបស់ក្រសួង។ លោកលើកឡើងថា៖ មន្រ្តី​ក្រសួងអប់រំ ភាគច្រើន​ អសមត្ថភាព។ ជាងនេះទៅទៀត ក្រសួងរដ្ឋ ស្ថិតក្នុងអំណាចប្រមូលផ្តុំ ជ្រុលហួសហេតុ ដែលអំណាចប្រមូលផ្តុំតែនៅថ្នាក់លើនេះ គឺជាការចង់បានរបស់លោកស្រីអ៊ុងសាន ស៊ូជី ព្រោះលោកស្រី មិនទុកចិត្តមន្ត្រីថ្នាក់ក្រោយ។ តែយ៉ាងណា លោក Tim Aye-Hardy បានកត់សំគាល់នូវចំណុចវិជ្ជមានខ្លះដែរ តួយ៉ាងកញ្ចប់ថវិកា ក្នុងវិស័យអប់រំ បានកើនឡើង ពី ១% មកដល់ ២,៥% នៃចំណូលជាតិសរុប។

ក្រៅពីបញ្ហាសង្គម រដ្ឋាភិបាលលោកស្រីអ៊ុងសាន ស៊ូជី ក៏បានធ្វើឲ្យមានមន្ទិលសង្ស័យច្រើនផងដែរ ក្នុងវិស័យ​ម៉ាក្រូសេដ្ឋកិច្ច។ អ្នកជំនាញភាគច្រើនបានលើកឡើងថា រដ្ឋាភិបាល​​របស់លោកស្រីអ៊ុងសាន ស៊ូជី ខ្វះទស្សនវិស័យរួម ក្នុងវិស័យសេដ្ឋកិច្ច។ លោក Zaw Naing អគ្គនាយក ក្រុមហ៊ុនបច្ចេកវិទ្យាមួយ នៅក្រុងម៉ាន់ដាឡេ បានលើកឡើងថា៖ លោកបារម្ភណាស់ ថា រដ្ឋាភិបាលភូមា ពុំមានទស្សនវិស័យសេដ្ឋកិច្ច មិនថាក្នុងរយៈពេលខ្លី ឬរយៈពេលវែងទេ។ លោកបន្ថែមថា៖ មន្ត្រីរដ្ឋាភិបាល ពុំមានសមត្ថភាពវាយតំលៃ តថៈភាពសេដ្ឋកិច្ចជាក់ស្តែង និងធ្វើអ្វីមួយ ដែលឆ្លើយតបទៅនឹងបញ្ហាចំពោះមុខបាននៅឡើយទេ។ មិនត្រឹមតែប៉ុណ្ណោះ នៅមានបញ្ហាការិយាល័យធិបតេយ្យ បែបចាស់គំរិល ដែលនៅសេសសល់ ពីរបបដឹកនាំចាស់ ដែលបង្កការលំបាក ដល់ការធ្វើជំនួញ ក៏ដូចជាការវិនិយោគ។

ចូល​ចិត្តនិយាយ តែមិនមិនចូលចិត្តស្តាប់គេ

ជាការពិត បើសម្លឹងពីចំងាយ យើងមិនអាចដឹង ថាការពិតជាក់ស្តែង នៃជីវិតរស់នៅប្រចាំថ្ងៃ របស់ប្រជាជនភូមា មានការប្រសើរឡើងកម្រិតណានោះទេ។ គឺមានតែជនជាតិភូមាប៉ុណ្ណោះ ដែលដឹង។ ក៏ប៉ុន្តែ ទន្ទឹមនឹងនេះ សម្រាប់មនុស្សមួយចំនួន ដែលនៅបន្តគាំទ្រលោកស្រីអ៊ុងសាន ស៊ូជី ពួកគេលើកឡើងថា​យើងមិនអាចបន្ទោស លោកស្រី ឬគណបក្សរបស់លោកស្រីទាំងស្រុងបានទេ។ រដ្ឋាភិបាលលោកស្រី អ៊ុង​សាន ស៊ូជី ត្រូវស្ថិតក្នុងគំនៀប​ដ៏តឹងតែង របស់ក្រុមយោធា ដែលមានបណ្តាញ មានឥទ្ធិពលលើគ្រ​ប់វិស័យ។ គំរោងធ្វើកំណែទម្រង់ដែលលោកស្រីចង់បាន មានអាចសម្រេចបានទាំងស្រុងនោះឡើយ។ ភូមា ទើបតែងើបចេញពីរបបផ្តាច់ការយោធា ដែលមានអាយុជិតកន្លះសតវត្ស។ ដូច្នេះ មិនមែនមួយឆ្នាំ ឬ២ឆ្នាំ អាចធ្វើអ្វីឲ្យប្រសើរបានភ្លាមនោះទេ។

មិនខុសទេ ២ឆ្នាំនៃអំណាចរដ្ឋាភិបាល គឺខ្លីណាស់។ តែយ៉ាងណាក៏ដោយ សម្រាប់ពេលនេះ អារម្មណ៍ខកចិត្ត បានដក់ជាប់ ក្នុងការយល់ឃើញ របស់ប្រជាជនភូមាមួយចំនួនទៅហើយ។ អាចមកពីពួកគេ សង្ឃឹម នឹងរំពឹងលើលោកស្រីច្រើនជ្រុលពេក ក៏ថាបាន។ លោក Yan Myo Thein អតីតអ្នកវិភាគនយោបាយភូមា ដ៏ល្បីឈ្មោះ​​ម្នាក់ និងដែលធ្លាប់បាន​ចូលរួមចលនានយោបាយ ទាមទារលទ្ធិប្រជាធិបតេយ្យ ​ក្នុងជំនាន់ដែលលោកស្រីអ៊ុងសាន ស៊ូជី ជាប់ឃុំនោះ បានលើកឡើងថា៖ លោកស្រីស៊ូជី ដែលប្រជាជនភូមា ចាត់ទុកជាមាតាជាតិនោះ ជាមនុស្សចូលចិត្តនិយាយណាស់ តែមិនចូលចិត្តស្តាប់គេផ្សេងឡើយ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ