អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកស្រី​ស៊ូជី ប្រឈម​នឹង​ការ​រិះគន់ ​ក្រោយ​ការ​កាត់ទោស​អ្នក​កាសែត​ដែល​ស៊ើប​រឿង​រ៉ូហ៊ីងយ៉ា

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពីតុលាការភូមា បានកាត់ទោសអ្នកកាសែត២រូប ឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ដោយសារពួកគេបានធ្វើការស៊ើបអង្កេត ស្តីពីសកម្មភាពកាប់សម្លាប់របស់កងទ័ពភូមា​ ធ្វើទៅលើជនស្លូតត្រង់រ៉ូហ៊ីងយ៉ានោះ រដ្ឋាភិបាលភូមា​កំពុងទទួលរង នូវការរិះគន់ជាខ្លាំង។ សហគមអន្តរជាតិ និងអង្គការសិទ្ធិមនុស្សនានា ​បានរិះគន់ថា រដ្ឋាភិបាលភូមា កំពុងតែបំបិទសិទ្ធិសេរីភាពសារព័ត៌មាន។ លោកស្រីអ៊ុងសាន ស៊ូជី ជ័យលាភីពានរង្វាន់ណូបែល នឹងជាប្រធានបក្សដឹកនាំរដ្ឋាភិបាលភូមា ក៏កំពុង រងនូវការរិះគន់ជាខ្លាំង ថាលោកស្រី ហាក់ដូចជាបានបើកដៃ ឲ្យកងទ័ពភូមា ធ្វើសកម្មភាពឧក្រិដ្ឋទៅលើប្រជាជនរ៉ូហ៊ីងយ៉ា និងមិនធ្វើសោះក្នុងការជួយការពារសិទ្ធិសេរីភាពសារព័ត៌មាន។

លោកស្រី Aung San Suu Kyi
លោកស្រី Aung San Suu Kyi Mark Metcalfe/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

លោក Wa Lone អាយុ៣២ឆ្នាំ និងលោក Kyaw Soe Oo អាយុ២៨ឆ្នាំ ត្រូវបានតុលាការក្រុងរ៉ង់ហ្គូន កាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ពីបទកាន់កាប់ឯកសារសំងាត់ ដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ។ អ្នកកាសែតទាំងពីរ ត្រូវបានចាប់ដាក់ឃុំតាំងតែ​ពី​ខែធ្នូ ចុងឆ្នាំ២០១៧ បន្ទាប់ពីពួកគេបានស៊ើបអង្កេតស្រាវជ្រាវ ​ទាក់ទិននឹងហេតុការណ៍ កាប់សំលាប់ជនជាតិរ៉ូហ៊ីងយ៉ាជាច្រើននាក់ ក្នុងរដ្ឋរ៉ាឃីន នៅរវាងដើមខែកញ្ញា ឆ្នាំ២០១៧។

ក្រោយការចេញសាលក្រមសម្រេចទោសនេះ ប្រតិកម្មបានធ្លាក់មកជាបន្តបន្ទាប់ ពីសំណាក់អង្គការសហប្រជាជាតិ ប្រទេសធំៗនៅបច្ចឹមលោក ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលជាច្រើនផ្សេងទៀត។ គ្រប់គ្នាសុទ្ធតែបានលើកឡើង ថាភូមាកំពុងរំលោភសិទ្ធិសេរីភាពសារព័ត៌មាន។

អ.ស.ប. ​ចោទកងទ័ពភូមា ធ្វើ​សកម្មភាពប្រល័យពូជសាសន៍

​ពេលគេបញ្ជូនចេញពី​អង្គសាវនាការ លោក Kyaw Soe Oo បានស្រែកថា “រដ្ឋាភិបាល អាចចាប់យើងដាក់គុកបាន តែមិនអាចខ្ទប់ភ្នែកប្រជាជន មិនឲ្យមើលឃើញអំពើអយុត្តិធម៌បានទេ”។ ជាការពិត ភស្តុតាង សាក្សី សក្ខីកម្ម មានគ្រប់ទាំងអស់ ដែលបញ្ជាក់ យ៉ាង​ច្បាស់អំពីសកម្មភាពឃោរឃៅ ព្រៃផ្សៃរបស់កងទ័ពភូមា ដែលបានធ្វើទៅលើប្រជាជនរ៉ូហ៊ីងយ៉ាស្លូតត្រង់។

អង្គការសហប្រជាជាតិ បានចេញរបាយការណ៍មួយ កាលពីថ្ងៃចន្ទទី២៧សីហា ដោយបានចោទដោយត្រង់ៗ ទៅលើកងទ័ពភូមា ថាបាន​ធ្វើ​សកម្មភាព សម្លាប់រង្គាល ប្រល័យ​ពូជសាសន៍ លើប្រជាជនអ៊ីស្លាមរ៉ូហ៊ីងយ៉ា។ ក្រុមប្រឹក្សាសន្តិសុខ បានពិភាក្សាគ្នា ពីបំណងដាក់ពាក្យប្តឹង ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីកាត់ទោស មន្ត្រីទ័ពភូមាធំៗ ដែលក្នុងចំណោមនោះ ក៏មានឈ្មោះលោក មីន អុងឡាំង មេបញ្ជាការកងទ័ពភូមាទៀតផងដែរ។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ សកម្មភាពបោសសំអាតជាតិសាសន៍ ធ្វើឡើងដោយកងទ័ពភូមានេះ មិនមែនមាន​នៅតែក្នុងរដ្ឋរ៉ាឃីនទេ គឺមានរួមទាំង រដ្ឋហ្សាន និង​រដ្ឋ​កាហ្ស៊ីនទៀតផង។

ភូមា មិនទទួលស្គាល់ការបង្កាច់បង្ខូច

ឆ្លើយតបនឹងរបាយការណ៍ ចោទប្រកាន់នេះ លោក Zaw Htay អ្នកនាំពាក្យរដ្ឋាភិបាលភូមា បានលើកឡើងថា រដ្ឋាភិបាលភូមា មិនទទួលស្គាល់របាយការណ៍នេះទេ ព្រោះថាភូមា មិនបានអនុញ្ញាតឲ្យក្រុមអ្នកជំនាញ របស់អង្គការសហប្រជាជាតិចុះមកអង្កេតទេ។ អ្នកនាំពាក្យរូបនេះ អះអាងថា របាយការណ៍របស់អង្គការសហប្រជាជាតិ គឺសំអាងតែលើព័ត៌មាននិងសាក្សីក្លែងក្លាយ ក្នុងន័យបង្កាច់បង្ខូច តែកងទ័ពភូមា ប៉ុណ្ណោះ។

ការប្រកែកច្រានចោល ម្តងហើយម្តងទៀត ពីសំណាក់រដ្ឋាភិបាលភូមា ស្តីពីសកម្មភាពកាប់សម្លាប់ បោសសំអាតជនរ៉ូហ៊ីងយ៉ានេះ បានធ្វើឲ្យសហគមអន្តរជាតិ ហួសចិត្តរកអ្វីមក​ថ្លែងមិនបាន។ មិនត្រឹមតែប៉ុណ្ណោះ ការចាប់អ្នកកាសែតរបស់Reuters កាត់ទោសឲ្យជាប់គុក ដោយសារពួកគេបានស៊ើបអង្កេតរឿងនេះ គឺរឹងរិតតែធ្វើឲ្យសហគមអន្តរជាតិ និងអង្គការឃ្លាំមើលសិទ្ធិមនុស្សរិះគន់ភូមា។ មនុស្សតែម្នាក់ ដែលស្ថិតនៅជួរមុខគេ និងរងការរិះគន់នេះ គឺលោកស្រីអ៊ុងសាន ស៊ូជី។

ភាពស្ងាត់ស្ងៀម របស់លោកស្រីអ៊ុងសាន ស៊ូជី ទាក់ទិននឹងបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា ព្រមទាំងការកាត់ទោសអ្នកកាសែតទាំង២នាក់នេះ បានធ្វើឲ្យមនុស្សជាច្រើនចោទសួរ ថាតើលោកស្រី មិនហ៊ាន មិនអាចធ្វើអ្វីបាន ឬក៏លោកស្រីមិនចង់ ហើយបណ្តោយតែម្តង?

កងទ័ពកៀបជាប់?

ជាង២ឆ្នាំមកហើយ ដែលគណបក្សរបស់លោកស្រីអ៊ុងសាន ស៊ូជី បានចូលសភា ហើយដឹកនាំរដ្ឋាភិបាល។ ថ្វីត្បិតតែលោកស្រីស៊ូជី មិនមែនជាប្រធានាធិបតីមែន តែនរណាក៏ដឹងដែរ ថាមនុស្សក្នុងបក្សរបស់លោកស្រី ចាត់ទុកលោកស្រីជាមេធំ និងជាអ្នកគូលវាស កិច្ចការរបស់រដ្ឋាភិបាល​។ ដូច្នេះ ការស្ងាត់ស្ងៀមរបស់រដ្ឋាភិបាលភូមា ការប្រកែកមិនទទួលស្គាល់ការពិត ការមិនអើរពើលើការកាត់ទោសអ្នកកាសែត គឺជាការទទួលខុសត្រូវរបស់លោកស្រីស៊ូជី ទាំងស្រុង។

តែយ៉ាងណា សម្រាប់លោក ម៉ូង សូងខា ជាអ្នកនិពន្ធ និងជាប្រធានអង្គការមួយឈ្មោះ Athan  បានលើកឡើងថា បើយើងមើលពីក្រៅ យើងគិតថា លោកស្រីអ៊ុងសាន ស៊ូជី បានចូលដៃជាមួយកងទ័ព។ ប៉ុន្តែលោកយល់ឃើញថា ការពិតមិនដូច្នោះទេ។ លោកពន្យល់ថា លោកស្រីអ៊ុងសាន ស៊ូជី បានជ្រើសរើសយកផ្លូវដើរមួយ​ ដោយសុខចិត្តធ្វើសម្បទានអំណាចជាមួយពួកកងទ័ព ដើម្បីអាចមានឱកាស ធ្វើកំណែ​ទម្រង់​ប្រទេស បន្តិចម្តងៗ។ ដូច្នេះ លោកស្រីគ្មានលទ្ធភាពណាច្រើន នឹងអាចរិះគន់ ឬប្រឆាំងសកម្មភាពរបស់ក្រុមកងទ័ពទេ។

ជាការពិត ក្រសួង៣សំខាន់ៗ ស្ថិតក្នុងដៃក្រុមយោធាភូមា។ ក្នុងនោះមានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងកិច្ចការព្រំដែន។ ពោលគឺកងកម្លាំងប្រដាប់អាវុធ របស់ភូមាទាំងស្រុង មិនស្ថិតនៅក្នុងរងដៃ របស់មនុស្សបក្សលោកស្រីអ៊ុង សានស៊ូជីទេ។ សកម្មភាពកាប់សម្លាប់ធ្វើបាបជនរ៉ូហ៊ីងយ៉ា និងការចាប់អ្នកកាសែត គឺធ្វើឡើងដោយបក្សពួករបស់កងទ័ពទាំងអស់។

មកពីគ្មានឆន្ទៈ?

ក៏ប៉ុន្តែ លោក Aaron Connelly អ្នកស្រាវជ្រាវម្នាក់ នៅវិទ្យាស្ថានLowy របស់អូស្ត្រាលី បានលើកឡើងថា រឿងដែលថាលោកស្រីអ៊ុងសាន ស៊ូជី មិនអាចធ្វើអ្វីបាន​ ព្រោះកងទ័ពកៀបជាប់ គឺជារឿងចេះតែស្មានៗ និយាយតៗគ្នាប៉ុណ្ណោះ។ អ្នកជំនាញរូបនេះ អះអាងថា មានសំណុំរឿងជាច្រើន ដែលស្ថិតក្នុងដៃរបស់ កងទ័ព តែលោកស្រីអ៊ុងសាន ស៊ូជី នៅតែអាចរកវិធីធ្វើចេញ។ លោកថា លោកស្រីអ៊ុងសាន ស៊ូជី ជាមនុស្សឆ្លាតណាស់ ដូច្នេះ បើលោកស្រីចង់យកប្រៀប លើក្រុមកងទ័ព លើសំណុំរឿងណាមួយ គឺលោកស្រីពិតជាអាចធ្វើបាន។

ប៉ុន្តែ បញ្ហាជនជាតិរ៉ូហ៊ីងយ៉ា គឺលោកស្រីមិនចង់ធ្វើតែម្តង។ អ្នកជំនាញរូបនេះ ពន្យល់ថា លោកស្រីអ៊ុងសាន ស៊ូជី កំពុងស្ថិតនៅក្នុង ក្រញ៉ាំនៃផ្នត់គំនិត បែបពុទ្ធសាសនាជ្រុលនិយម ដូចប្រជាជនភូមាមួយភាគធំ។ ដូច្នេះ ការបណ្តេញជនរ៉ូហ៊ីងយ៉ា ដែលជាអ្នកកាន់សាសនាអ៊ីស្លាម វាហាក់ដូចជារឿងសាមញ្ញទៅហើយ។ សម្រាប់លោក Aaron Connelly ទោះមានហេតុផល១០០ជំពូកមកអះអាងក៏ដោយ តែការ​ឈរឱបដៃរបស់លោកស្រីអ៊ុងសាន ស៊ូជី ឲ្យគេចាប់អ្នកកាសែតដាក់គុក គឺជារឿងមិនអាចអភ័យទោសឲ្យបានទេ។

ដូចគ្នាដែរ លោក Andrea Grogetta អ្នកតំណាងសហពន្ធ័អន្តរជាតិការពារសិទ្ធិមនុស្សប្រចាំអាស៊ី បានលើកឡើងថា ក្នុងនាមជាមេបក្សកាន់អំណាចនៅភូមា លោកស្រីអ៊ុងសាន ស៊ូជី ពិតជាមានលទ្ធភាព ក្នុងការបិទបញ្ចប់រឿងក្តីដ៏អយុត្តិធម៌នេះ។

គួរកត់សំគាល់ដែរថា មានអ្នកជំនាញការបរទេសជាច្រើននាក់ ដែលបានសម្តែងការខកចិត្ត នឹងលោកស្រីអ៊ុងសាន ស៊ូជី។ ជាក់ស្តែង លោកBill Richardson មន្ត្រីការទូតអាមេរិក​ ដែលត្រូវភូមាអញ្ជើញឲ្យចូលរួមកិច្ចប្រជុំ ដើម្បីបង្កើតគណកម្មការឯករាជ្យ ស៊ើបអង្កេតសំណុំរឿងរ៉ូហ៊ីងយ៉ា។ លោកម្នាក់នេះ បានដើរចេញពីការប្រជុំ ដែលលោកចាត់ទុកថា គ្រាន់តែជាការឆាកល្ខោន។ លោក Richardson បានលើកឡើង អំពីកំហឹងរបស់លោកស្រីអ៊ុងសាន ស៊ូជី នៅពេលដែលលោកបានចាប់ផ្តើមនិយាយ អំពីការចាប់អ្នកកាសែតទាំង២នាក់ដាក់ឃុំ។ លោកថា លោកស្រីអ៊ុងសាន​ ស៊ូជី បានទាំងចោទ អ្នកកាសែតទាំង២នោះ ថាជាជនក្បត់ជាតិ ទៀងផង។

សិទ្ធិសេរីភាពធ្លាក់ចុះ?

លោកមេធាវី Khin Maung Zaw ដែលការពារក្តីឲ្យអ្នកកាសែតទាំង២រូប បានលើកឡើងថា លោកមានការខកបំណងយ៉ាងខ្លាំង ទៅនឹងលោកស្រីអ៊ុងសាន ស៊ូជី ក៏ដូចជាគណបក្សកាន់អំណាច។ លោកថា​ ជាង២ឆ្នាំមកនេះ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិបានថយចុះយ៉ាងខ្លាំង។ ករណីចាប់អ្នកកាសែត ដើលស៊ើបរឿងជនជាតិរ៉ូហ៊ីងយ៉ានេះ គឺជាសក្ខីកម្មស្រាប់។

លោកមេធាវីបន្ថែមថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោកស្រីស៊ូជី បានចូលសភា មានសម្លេងភាគច្រើន ក៏ប៉ុន្តែបក្សនេះគ្មានចេតនា ចង់លប់ចោលច្បាប់ចាស់ ដែលរិតត្បិតសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិទេ។ តួយ៉ាងច្បាប់ស្តីពីការគ្រប់គ្រង់ប្រព័ន្ធទូរគមនាគមន៍ ដែលក្រុមយោធាតែងតែប្រើជាឧបករណ៍ ដើម្បីចេញចាប់អ្នករិះគន់ តាមអ៊ីនធើនែត។ កាលពីក្រុមយោធានៅកាន់អំណាច មានមនុស្ស១១នាក់​បានជាប់អន្ទាក់ច្បាប់នេះ តែក្រោយពេលបក្សលោកស្រីស៊ូជីកាន់អំណាច មានមនុស្សយ៉ាងហោច​១០៧​នាក់ហើយ ដែលត្រូវគេប្រើច្បាប់នេះ មកចាប់ដាក់ឃុំ ដោយក្នុងនោះមាន១៤នាក់ គឺជាអ្នកកាសែតឯករាជ្យ។

ទាក់ទិនសិទ្ធិសេរីភាពសារព័ត៌មាននេះដែរ ក្រសួងព័ត៌មានភូមា កាន់កាប់យ៉ាងផ្តាច់​មុខ នូវកាសែតដ៏ធំរបស់ភូមា គឺកាសែត Global News Light of Myanmar។ កាសែតនេះបានចុះផ្សាយ ជារឿយៗ ថាបណ្តាញ​​សារព័ត៌មានអន្តរជាតិ បានឃុបឃិតគ្នាបង្កាច់​បង្ខូចកិត្តិយសភូមា។ តែលោក Swe Win និពន្ធនាយក នៃទស្សនាវត្តី Myanmar Now បានលើកឡើងថា នៅពីក្រោយលេសត្អូញត្អែរ ថាក្រុមយោធាកៀបជាប់ ធ្វើអ្វីមិនកើតនោះ គឺធាតុពិត គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលលែងមានមនសិកា ក្នុងការ​ការពារតម្លៃសិទ្ធិសេរីភាព ឲ្យប្រជាជន​ភូមាទូទាំងប្រទេស មិនថាអ្នកនោះកាន់សាសនាអ្វីនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ