អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិ​រ៉ូហ៊ីងយ៉ា៖ វិញ្ញាសា​នយោបាយ​ ដ៏​លំបាក ​សម្រាប់​លោកស្រី​ អ៊ុងសាន ស៊ូជី

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិ​ជនជាតិ​រ៉ូហ៊ីងយ៉ា ​នៅ​រដ្ឋ​អារ៉ាខាន់ ​ភាគ​ខាង​លិច​ភូមា ​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ​ ចោទ​ប្រកាន់​រដ្ឋា​ភិបាល​ និង​កងទ័ព​ភូមា ​ថាបាន​កំពុង​ធ្វើ​អំពើ​បោស​សំអាត​ជនជាតិ​ភាគ​តិច ​ តាម​រយៈ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ ​ទៅ​លើ​ជនជាតិ​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា។ លោកស្រី ​អ៊ុងសាន ស៊ូជី ​ស្ថិត​ក្នុង​តំណែង ​ជា​ទី​ប្រឹក្សា​ពិសេស​របស់​រដ្ឋាភិបាល ​ក៏ត្រូវ​បាន​មតិ​អន្តរជាតិ​មួយ​ចំនួន​រិះគន់ ​ថាបាន​បិទ​ភ្នែក​ចូល​ដៃ​ជាមួយ​កងទ័ព​ភូមា ​ធ្វើ​អំពើ​បាប​នេះ ​ទៅ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ស្លូតត្រង់។​ តើអ្វី​ទៅ ជា​ការ​យល់ឃើញ​ពិត​ប្រាកដ ​និង​ជា​ទស្សនវិស័យ​របស់​លោកស្រី​អ៊ុងសាន ស៊ូជី ​ទាក់ទិន​នឹង​វិបត្តិ​រ៉ូហ៊ីងយ៉ា​នេះ?

លោកស្រី អ៊ុងសាន ស៊ូជី ក្នុងពេល​​ធ្វើ​សន្ទរកថា ​ថ្ងៃទី​១៩ ​កញ្ញា ២០១៧​
លោកស្រី អ៊ុងសាន ស៊ូជី ក្នុងពេល​​ធ្វើ​សន្ទរកថា ​ថ្ងៃទី​១៩ ​កញ្ញា ២០១៧​ REUTERS/Soe Zeya
ផ្សាយពាណិជ្ជកម្ម

ម្ចាស់​ពាន​រង្វាន់​ណូបែល​សន្តិភាព ​ជា​មនុស្ស​គ្មាន​មេត្តាធម៌?

ទុក្ខ​សោក​វេទនា​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា ​រាប់សែន​នាក់ ​ដែល​ត្រូវ​បាន​ក្រុម​យោធា​ភូមា​ ធ្វើទុក្ខ​បុក​​ម្នេញ​ កំពុង​តែ​ធ្វើ​ឲ្យ​ប្រឡាក់​ប្រឡូស ​ដល់​កេរ្តិ៍​ឈ្មោះ​របស់​លោកស្រី ​អ៊ុងសាន ស៊ូជី ​ដែល​ជា​ជ័យ​លាភី ​ពាន​រង្វាន់​ណូបែល​សន្តិភាព។

ការ​ស្ងាត់​បាត់​សម្លេង​របស់​លោក​ស្រី ​ដែល​​មិនព្រម​ចេញ​មុខ​មក​តវ៉ា​រិះគន់​ ទៅលើ​សកម្មភាព​ហិង្សា ​ដែល​កងទ័ព​ភូមា ​បាន​ធ្វើ​ទៅ​លើ​សហគម​រ៉ូហ៊ីងយ៉ា​​នោះ ​បាន​ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​ គិតថា​ លោកស្រី​ស៊ូជី ​ជា​មនុស្ស​គ្មាន​មេត្តា​ធម៌ ​ ហើយថាលោកស្រី ​​​បាន​​គាំទ្រ​​​ដល់​សកម្មភាព​របស់​កងទ័ព​ភូមា។ មាន​​អ្នក​ខ្លះ​​ដែល​ខឹង​ខ្លាំង ​ហ៊ាន​ទាំង​និយាយ​ទៀត​ថា ​ត្រូវ​តែ​ដក​ហូត ​ពាន​រង្វាន់​ណូបែល​សន្តិភាព​ ពី​លោកស្រី​វិញ។ លោក​ស្រី​ ស៊ូជី ​ដែល​ធ្លាប់​ជា​និម្មិតរូប​នៃ​ការ​តស៊ូ​ប្រជាធិបតេយ្យ ​ដើម្បី​សន្តិភាព​នោះ ​ កំពុង​ត្រូវ​បាន​គេ​ចោទ​ថា​ មិន​ខុស​ពី​ពួក​យោធា​ភូមា​ ដ៏​ផ្តាច់ការ​នោះ​ទេ។

តែ​យើង​អាច​សួរ​ត្រលប់​ទៅ​វិញ​ថា​ តើ​នរណាខ្លះ​ ដឹង​ពី​ទឹកចិត្ត​ពិត​ប្រាកដ ​របស់​លោកស្រី​ស៊ូជី? តើ​លោក​ស្រី ​ស៊ូជី ​យល់​យ៉ាងណា ​ចំពោះ​សាសនា​អ៊ីស្លាម​នៅ​ភូមា?​ តើ​ការ​ដែល​លោកស្រី ​ស៊ូជី ​ទ្រាំ​នៅ​ស្ងាត់​ស្ងៀម​កន្លង​មក​នេះ ​ មាន​ន័យ​ថា ​លោកស្រី ​គាំទ្រ​ចំណាត់ការ​របស់​កងទ័ព​ភូមា ​ដែល​ធ្វើ​ទៅ​លើ​ក្រុម​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ឬ​យ៉ាងណា?

ការគិត​ថា ​លោកស្រី ​អ៊ុងសាន ​ស៊ូជី​ ចូល​ដៃ​គាំ​ទ្រ​ជា​មួយ​កងទ័ព​ភូមា​នោះ ​គឺ​ជា​ការ​វិភាគ​មួយ ​ដែល​ងាយ​ស្រួល​ពេក​ហើយ។​ ជា​ការ​ពិត​ បើ​យើង​យក​ទឹក​ចិត្ត​ពុះ​កញ្ជ្រោល​មក​វិភាគ ​បន្ទាប់​ពី​បាន​ឮ​ព័ត៌មាន​នានា ​បាន​ឃើញ​រូបភាព​ផ្សេងៗ ​ដែល​បង្ហាញ​ពី​សេចក្តី​ទុក្ខវេទនា ​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ប្រមាណ​ជា​៥​សែន​នាក់ ​ដែល​បាន​រត់​ទៅ​ជ្រក​នៅ​បង់ក្លេដែស​នោះ ​ នោះ​យើង​ពិត​ជា​ អត់ទ្រាំ​មិន​ខឹង​មិន​បាន​ទេ​ ​ថា​ហេតុអ្វី​បាន​ជា​លោកស្រី ​អ៊ុងសាន ស៊ូជី ​មិនព្រម​ធ្វើ​អ្វី​សោះ? ហេតុអ្វី​បាន​ជា​លោកស្រី ​នៅ​ស្ងៀម ​ទុក​ឲ្យ​កងទ័ព​ភូមា​ ធ្វើ​បាប​ជនជាតិ​រ៉ូហ៊ីងយ៉ា​ដូច្នេះ?​ ឬមួយ​ក៏​លោកស្រី ​ក៏​ជា​មនុស្ស​ម្នាក់ ​ដែល​ប្រកាន់​ពូជ​សាសន៍​ ប្រកាន់​សាសនា ​ស្អប់​ខ្ពើម​អ្នក​កាន់​សាសនា​អ៊ីស្លាម ​ដូច​ពួក​ជ្រុល​និយម​ភូមា​ដែរ?

ប្រឆាំង​រិះគន់​កងទ័ព​ មិន​បានផល ​ព្រោះ​កងទ័ព​មិន​ស្តាប់​លោកស្រី

​បើ​យោង​តាម​ការ​វិភាគ​របស់ ​អ្នក​ជំនាញ​មួយ​ចំនួន ​លោកស្រី​អ៊ុងសាន ស៊ូជី​ គ្មាន​អ្វី​អាច​ទៅ​តតាំង​ជាមួយ​កងទ័ព​ភូមា​ទេ ​ហើយ​បើ​លោក​ស្រី ​ចេញ​មក​ប្រឆាំង​ រិះគន់​សកម្មភាព​ធ្វើ​ទុក្ខ​បុក​ម្នេញ ​របស់​កងទ័ព ​ទៅ​លើ​ប្រជាជន​រ៉ូហ៊ីងយ៉ា ​ក៏​ពួក​មេទ័ព​គ្រាក់ៗ​ ផ្កាយ​ពេញ​ស្មា​អស់​ទាំង​នោះ​ មិន​ស្តាប់​លោក​ស្រី​ដែរ។ ផ្ទុយ​ទៅ​វិញ ​ គឺវា​នឹង​ធ្វើ​ឲ្យ​លោកស្រី ស៊ូជី ​មើល​មុខ​គ្នា​មិន​ត្រង់ ​ជាមួយ​នឹង​ក្រុម​កងទ័ព​ភូមា។ គឺ​ត្រង់​ចំណុច​នេះ​ហើយ ​ដែល​លោកស្រី​ស៊ូជី ​គិត​ថា​ វា​នឹង​ខាត​ប្រយោជន៍​ធំ​របស់​ប្រទេសជាតិ​ភូមា ​មួយ​ទាំង​មូល។ ប្រយោជន៍​ធំ​នោះ ​គឺ​ផែនការ​ផ្លាស់ប្តូរ​ដោយ​សន្សឹមៗ​ ដើម្បី​ឲ្យ​ភូមា ​ឈាន​ទៅ​កសាង​សង្គម​នីតិរដ្ឋ​ សន្តិភាព ​និង​ប្រជាធិបតេយ្យ។ ដើម្បី​ធ្វើ​ទៅបាន​ លោកស្រី​ត្រូវ​តែ​ប្រយ័ត្ន ​មិន​ត្រូវ​ធ្វើ​ឲ្យ​កងទ័ព​មាន​ការ​អាក់​អន់​ចិត្ត​ឡើយ។

ប្រហែល​ជាមាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា ​ថ្វី​បើ​គណបក្ស​របស់​លោកស្រី ​ស៊ូជី ​បាន​គ្រប់គ្រង​រដ្ឋាភិបាល​មែនពិត ​តែ​សម្រាប់​អ្នក​ដែល​ស្គាល់​ស្ថានការណ៍​នៅ​ភូមា​ច្បាស់ ​ដូចជា​លោក​ស្រី ​Sophie Boisseau du Rocher ​ដែល​ជា​អ្នក​ជំនាញ​ស្រាវជ្រាវ ​នៅ​វិទ្យាស្ថាន​បារាំង​ សិក្សា​អន្តរជាតិ ​គឺ​ភូមា​រាល់​ថ្ងៃ ​មាន​រដ្ឋា​ភិបាល​ពីរ​ មួយ​គឺ​រដ្ឋាភិបាល​ស៊ីវីល​ ដែល​ដឹកនាំ​ដោយ​បក្ស​លោកស្រី​ស៊ូជី ​និង​មួយ​ទៀត​គឺ​រដ្ឋាភិបាល​កណ្តាប់​ដៃ​ដែក​ របស់​ពួក​កង​ទ័ព​ភូមា។ កងទ័ព​ភូមា ​ក្តោបក្តាប់​អំណាច​សឹងតែ​ទាំង​ស្រុង ​ហើយ​គ្មាន​អ្វី​មួយ​អាច​ធ្វើ​ទៅ​បាន​ទេ ​បើសិន​ជា​ពួក​កងទ័ព​ខាត​ប្រយោជន៍។ ក្រុម​យោធា​ទាំង​នេះ ​អាច​កំចាយ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោកស្រី ​អ៊ុងសាន ​ស៊ូជី​បាន​គ្រប់​ពេល​វេលា។ ច្រក​ប្រជាធិបតេយ្យ ​ក៏​អាច​បិទ​ទ្វារ​ទៅវិញ​បាន​ គ្រប់​ពេល​ដែរ​ បើសិន​ជា​កងទ័ព​ភូមា ​យល់ថា​វា​នឹង​ខាត​បង់​ប្រយោជន៍​របស់​គេ។

ច្រក​ផ្លូវដ៏​តូច​ចង្អៀត​ ដែល​កងទ័ព​ភូមា​ ទុកឲ្យ​លោកស្រី​អ៊ុងសាន ស៊ូជីដើរ

រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨ ​បាន​ចង​លោកស្រី​ស៊ូជី ​ឲ្យស្ថិត​នៅ​ច្រក​ផ្លូវដើរ​មួយ​ដ៏​តូច​ចង្អៀត។ ថ្វី​បើ​លោកស្រី​មាន​សម្លេង​ភាគច្រើន​ក្នុង​សភា ​តែ​ការពិត​ ក្រុម​កងទ័ព​ភូមា ​នៅតែ​មាន​សិទ្ធិ​បោះឆ្នោត​វ៉េតូ។ ជាង​នេះ​ទៅទៀត​ រដ្ឋធម្មនុញ្ញ​នេះ ​បាន​ធានា​ការពារ​ក្រុម​យោធា ​ឲ្យមាន​ក្រសួង​សំខាន់ៗ​៣ ​ក្រសួង​ការពារ​ជាតិ ​ក្រសួង​មហាផ្ទៃ ​និង​ក្រសួង​កិច្ចការ​ព្រំដែន។ សួរថា ​តើក្នុង​លក្ខខណ្ឌ​បែប​នេះ ​លោកស្រី​អ៊ុងសាន ស៊ូជី​ អាច​ទៅ​ធ្វើ​អ្វី​បាន​ទេ​ ដើម្បី​ជួយ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា?

ចូរកុំភ្លេចថា​ ភូមា​ជា​ប្រទេស​ដែល​មាន​កត្តា​ភូមិសាស្ត្រ ​និង​កត្តា​ប្រជាជន​ ដ៏ស្មុគស្មាញ​បំផុត។ តាំងតែ​ពីបាន​ឯករាជ្យ ​នៅឆ្នាំ​១៩៤៨​មក​ ភូមា​មិន​ទាន់​ស្គាល់​សន្តិភាព​ទេ។​ សង្រ្គាម​ផ្ទៃក្នុង ​រវាង​អំណាច​កណ្តាល​ដែល​ដឹកនាំ​ដោយ​ជនជាតិ​ភូមា ​ដែល​ជា​ជនជាតិ​ភាគ​ច្រើន​ជាង​គេ ​ជាមួយ​នឹង​ជនជាតិ​ភាគ​តិច​ផ្សេង​ទៀត ​ បាន​បន្ត​យាយី ​ភូមា​ឲ្យ​ស្ថិត​ក្នុង​គ្រោះថ្នាក់។ ដើម្បី​កសាង​ប្រទេស​ប្រជាធិបតេយ្យ ​នីតិរដ្ឋ​និង​សន្តិភាព ​ភូមា​ត្រូវតែ​ធ្វើ​ការ​ផ្សះផ្សារ​គ្នា ​រវាង​ជនជាតិ​ភាគ​តិច​ទាំង​អស់។

ស៊ូអត់ទ្រាំ​ ដើម្បី​​ប្រយោជន៍​ជាតិ​ដ៍ធំ ​ទៅ​យូរអង្វែង

គោល​បំណង​ធំ​បំផុត​របស់​លោកស្រី ស៊ូជី ​គឺធ្វើ​យ៉ាង​ណា ​ធ្វើការ​ផ្លាស់ប្តូរ​ផ្នត់​គំនិត​កងទ័ព​ភូមា ​ដោយ​សន្សឹមៗ ​ដើម្បី​ឈាន​ទៅ​រក​ការ​យល់ដឹង​លើ​លទ្ធិ​ប្រជាធិបតេយ្យ។ ក្នុង​សន្ទរកថា ​កាល​ពី​ថ្ងៃ​ទី ​១៩ ​ខែ​កញ្ញា ​ថ្វីបើ​លោកស្រី ​មិន​បាន​ថ្កោលទោស​ក្រុម​យោធា ​ស្តីពី​ការ​ធ្វើបាប​ប្រជាជន​រ៉ូហ៊ីងយ៉ា​មែន ​ តែ​លោកស្រី ​បាន​និយាយ​ពាក្យ​មួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​អ្នក​វិភាគ​ខ្លះ ​សរសើរ​ថា ​លោកស្រី​មាន​ភាព​ក្លាហាន ​ហើយធ្វើ​​អ្វី​ដែល​លោក​ស្រីអាច​ធ្វើ​ទៅបាន ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ។

ក្នុង​សន្ទរកថា​ នោះ​លោកស្រី ​បាន​និយាយ​ថា ​ភូមា​ ត្រូវ​ពិចារណា​វិភាគ​ពី​ប្រវត្តិសាស្ត្រ​រួម ​របស់​ប្រទេស​ជាតិ​ខ្លួន​ឡើង​វិញ​ ដើម្បី​កសាង​ជាតិ​ឲ្យ​មាន​សន្តិភាព។ លោកស្រី​បន្ថែម​ថា ​ភូមា​មិន​ត្រូវ​បែកបាក់​គ្នា ​ដោយសារ​តែ​ការ​ប្រកាន់​ពូជ​សាសន៍ ​ជម្លោះ​សាសនា ​ឬ​នយោបាយ​ឡើយ។ ក្នុង​ន័យ​នេះ ​លោកស្រី​​អ៊ង​សាន ​ស៊ូជី ​បាន​លាត​ត្រដាង ​ដោយ​ស្ងាត់ស្ងៀម ​នូវ​ទឹកចិត្ត​របស់​លោកស្រី ​ដែល​ចង់​ដោះស្រាយ​បញ្ហា​ជំលោះ​ជាតិសាសន៍ ​ជំលោះ​សាសនា​នេះ ​ដោយ​សន្សឹមៗ។

លោកស្រី​ដឹង​ថា ​បើលោក​ស្រី​ចេញ​មុខ​ការពារ​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ក៏មិន​បាន​ផល​ដែរ ​ព្រោះថា​ក្រុម​យោធា​ភូមា ​មិន​ទទួល​ស្គាល់​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ជា​ប្រជាជន​ភូមា​ពេញ​សិទ្ធិ​ ដូច​ជនជាតិ​ទាំង​១២៣​ផ្សេង​ទៀត​ទេ។​ ដូច្នេះ​ដើម្បី​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា ​មាន​សិទ្ធិ​ដូចគេ ​គឺ​ត្រូវ​ចាប់ផ្តើម​ពី​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ ​ថា​ពួកគេ​ជា​ប្រជាជន​ភូមា។ ត្រង់​នេះ​ហើយ ​ដែល​លោកស្រី​ចង់​សំដៅ​ទៅដល់​ការ​សើររើ​ប្រវត្តិសាស្ត្រ​ឡើងវិញ ​ហើយ​អាន​ប្រវត្តិសាស្ត្រ​ដោយ​អព្យាក្រិត្យ ​មិនមែន​ដោយ​លំអៀង​ ដោយ​ចិត្ត​ស្អប់​ទៅ​ម្ខាងៗ។

"បំបែកបំបាក់​ ដើម្បី​ងាយ​គ្រប់គ្រង"​ គឺ​ជា​យុទ្ធសាស្ត្រ​របស់​កងទ័ព​ភូមា

យើង​មិន​ត្រូវ​ភ្លេច​ទេ​ថា ​នៅ​ពីក្រោយ​សកម្មភាព​ធ្វើ​បាប​ទៅ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ពី​សំណាក់​កងទ័ព​ គឺ​មាន​ហេតុ​ផល​សេដ្ឋកិច្ច​ដ៏​ធំ​មហាសាល។ រដ្ឋ​រ៉ាឃីន​ ឬ​អារ៉ាខាន់ ​គឺជា​ដែនដី ​សំបូរ​ទៅ​ដោយ​ធនធាន​រ៉ែ ​ប្រេង​ និង​ឧស្ម័ន​បាត​សមុទ្រ ​យ៉ាង​សន្ធឹក​សន្ធាប់។ គឺ​ទី​នេះ​ហើយ​ ដែល​ចិន​ មាន​គំរោង​សាងសង់​កំពង់ផែ​ដ៏ធំ ​ដើម្បី​ជា​ច្រក​ចេញ​ចូល​ ក្នុង​គំរោង​ខ្សែ​ក្រវ៉ាត់​សេដ្ឋកិច្ច​របស់​គេ។ គឺ​ក្នុង​រដ្ឋ​រ៉ាឃីន​នេះដែរ​ ដែល​ចិន​មាន​គំរោង​សាងសង់ ​បំពង់​បង្ហូរប្រេង​ និង​បង្ហូរ​ឧស្ម័ន។

កងទ័ព​ភូមា ​កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​ ក្តោបក្តាប់​អំណាច ​នៅក្នុង​រដ្ឋ​នេះ​ តាម​រយៈ​ការ​អូសទាញ​ក្រុម​ជនជាតិ​រ៉ាឃីន​ម្ចាស់ស្រុក ​ឲ្យ​ស្ថិត​នៅ​ពីក្រោយ​ខ្លួន។​ តាម​រយៈ​ការ​បញ្ឆេះ​កំហឹង​ឲ្យ​ស្អប់​ជនជាតិ​រ៉ូហ៊ីងយ៉ា​អ៊ីស្លាម ​កងទ័ព​ភូមា ​បាន​យក​លេស​នេះ​ ទៅ​ជួយ​ការពារ​ជនជាតិ​រ៉ាឃីន​ម្ចាស់​ស្រុក ​ដែល​ជា​អ្នក​កាន់​ពុទ្ធ​សាសនា។ នេះជា​យុទ្ធសាស្ត្រ​ដែល​កងទ័ព​ភូមា​ បាន​ធ្វើ​ជា​រឿយៗ ​ជាមួយ​រដ្ឋ​ភាគ​ខាង​ជើង​ឯទៀត ​តួយ៉ាង​ ដើម្បី​គ្រប់គ្រង​ចរាចរណ៍​ជួញដូរ​អាភៀន​ជាដើម។

ពួក​មេទ័ព​ភូមា ​មិន​ខ្វល់​ថា អង្គការ​សហប្រជាជាតិ ​ឬ​សហគម​អន្តរជាតិ ​រិះគន់​ ថ្កោលទោស​គេ​យ៉ាងណា​ទេ។ ​អ្វី​ដែល​គេ​បារម្ភ ​គឺ​ធ្វើ​យ៉ាង​ណា ​រក្សា​អំណាច ​ដែល​អាច​នាំលាភ​នាំប្រាក់​ ចូល​ហោប៉ៅ​គេ​តែ​ប៉ុណ្ណោះ។ ដូច្នេះ​ លោក​ស្រី​អ៊ុងសាន ស៊ូជី ​គ្មាន​ប្រយោជន៍​អ្វី ​ដែល​ទៅ​ប្រឆាំង​ តវ៉ា​ ជាមួយ​នឹង​កងទ័ព​ភូមា​ឡើយ ​នៅ​ក្នុង​វិបត្តិ​នេះ។​ ភាព​ស្ងាត់ស្ងៀម​របស់​លោកស្រី ​ត្រូវ​អ្នក​ដែល​វិភាគ​ដែល​ស្គាល់​ស្ថានការ​ពិត​នៅ​ភូមា ​ចាត់ទុក​ថា​ ជា​ភាព​រឹងមាំ​ទៅ​វិញ​ទេ។ គឺ​ភាព​រឹងមាំ ​មិន​ធ្វើអ្វី​ដោយ​ឆេវឆាវ ​យក​អារម្មណ៍​អាណិត​អាសូរ​មួយ​គ្រា ​ទៅ​បញ្ចេញ​ចោល ​ធ្វើ​ឲ្យ​ខាតបង់​ប្រយោជន៍​ជាតិ​យូរ​អង្វែង។​

គេ​អាច​ថា ​គ្រា​នេះ ​លោកស្រី​ស៊ូជី ​មិន​អាណិត​អាសូរ​ដល់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ក៏​ថា​បាន​ តែ​ធាតុ​ពិត​ សេចក្តី​អាណិត​អាសូរ​របស់​លោកស្រី​ស៊ូជី ​គឺមាន​ជូន​ប្រជាជាតិ​ភូមា​មួយ​ទាំង​មូល​តែ​ម្តង ​ព្រោះ​លោកស្រី​មិន​ចង់​​ឲ្យ​ផែនការ​សន្តិភាព​របស់​គាត់​ ជួប​បរាជ័យ​ ហើយ​ប្រជាជាតិ​ភូមា​នេះ ​ទៅថ្ងៃ​មុខ ​ក៏​លោកស្រី​មាន​បំណង​រាប់​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ចូល​​មក​ជាមួយ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ