អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ម៉ាឡេស៊ី៖ ទោះ​មិនសូវ​មាន​ប្រជាប្រិយ ​តែ​បក្ស​លោក​ណាជីប រ៉ាហ្សាក់ ​អាច​នឹង​ឈ្នះឆ្នោត​ជាថ្មី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃពុធ ម្សិលមិញ ប្រជាជនម៉ាឡេស៊ី បានចូលរួមបោះឆ្នោតជ្រើសរើសសមាជិកសភា អាណត្តិថ្មី និងដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មី។ លោក ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្ត្រីបច្ចុប្បន្ន កំពុងសង្ឃឹមយ៉ាងខ្លាំង ថានឹងបានដឹកនាំរដ្ឋាភិបាលមួយអាណត្តិ បើទោះបីជាប្រជាប្រិយភាព បានធ្លាក់ចុះក៏ដោយ។ ចំណែកសម្ព័ន្ធគណបក្សប្រឆាំង ដែលមានលោក ម៉ាហាធា ម៉ូហាម៉េដ ជាអ្នកដឹកនាំវិញ ត្រូវបានគេរំពឹងថានឹងឡើងសន្ទុះសំឡេងឆ្នោតច្រើន។ តែយ៉ាងណា តាមការវិភាគ បក្សរបស់លោល ណាជីប រ៉ាហ្សាក់ នៅតែអាចប្រមូលបាន អាសនៈភាគច្រើន​ក្នុងសភាដែរ ដោយមានហេតុផលមួយចំនួន ដែលធ្វើឲ្យបក្សនេះមានប្រៀប លើក្រុមប្រឆាំង។

លោក Najib Razak និង លោល Mahathir Mohamad.
លោក Najib Razak និង លោល Mahathir Mohamad. REUTERS/Olivia Harris REUTERS/Lai Seng Sin(R)/File Photos
ផ្សាយពាណិជ្ជកម្ម

វាជារឿងមួយគួរឲ្យភ្ញាក់ផ្អើលណាស់ ដែលលោក ម៉ាហាធា ម៉ូហាម៉េដ ដែលមានវ័យ​៩២ឆ្នាំហើយនោះ បានសម្រេចត្រឡប់ចូល មកក្នុងឆាកនយោបាយវិញ។ ត្រលប់ចូលមកលើកនេះ លោក ម៉ាហាធា ម៉ូហាម៉េដ បានជ្រើសរើសក្រុមបក្សនយោបាយ ដែលពីមុនធ្លាប់មាននិន្នាកាប្រឆាំងនឹងលោកផ្ទាល់។ តែលើកនេះ លោកបានសម្រេចចិត្តគាំទ្រ ជួយក្រុមប្រឆាំង ដោយសារតែលោក មើលឃើញអំពីចំណុចអវិជ្ជមានរបស់រដ្ឋាភិបាលកាន់អំណាចបច្ចុប្បន្ន ដែលដឹកនាំដោយលោក ណាជីប រ៉ាហ្សាក់។

តើជាមួយនឹងកម្លាំងប្រជាប្រិយភាពរបស់លោក ម៉ាហាធា ម៉ូហាម៉េដ តើក្រុមសម្ព័ន្ធបក្សប្រឆាំងនេះ អាចយកឈ្នះបក្សរដ្ឋាចំរុះ របស់លោកណាជីប រ៉ាហ្សាក់ដែរឬទេ។ បើតាមការវិភាគ លទ្ធផលឆ្នោត កាលពីថ្ងៃពុធ ទី៩ឧសភា គឺមានភាពប្រកៀកប្រកិតគ្នាសម្បើមណាស់។ តួលេខស្ទាប់ស្ទង់ខ្លះ បានទាំងលើកឡើងផងថា​ បក្សលោក ណាជីប រ៉ាហ្សាក់ បានសម្លេងឆ្នោតតិចជាងបក្សប្រឆាំង។ ក៏ប៉ុន្តែ ទោះយ៉ាងណាក៏ដោយ ចំនួនអាសនៈពិតប្រាកដ អាចធ្លាក់ទៅក្នុងដៃរបស់បក្សលោកណាជីប រ៉ាហ្សាក់។

មានហេតុផលជាច្រើនចំណុច ដែលយើងអាចវិភាគឃើញថា ហេតុអ្វី បានជារដ្ឋាភិបាលម៉ាឡេស៊ីបច្ចុប្បន្ន ដែលមានប្រជាប្រិយភាពអន់ទៅៗនោះ តែនៅតែអាចឈ្នះសម្លេង​ភាគច្រើនក្នុងសភា។

ប្រជាជនមិនសូវចាប់អារម្មណ៍នឹង រឿងអាស្រូវរបស់លោក ណាជីប រ៉ាហ្សាក់

ទីមួយ ជាការពិត ដែលលោកណាជីប រ៉ាហ្សាក់ បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ។ រឿងរ៉ាងនោះ បានផ្ទុះឡើងនៅឆ្នាំ២០១៥​ ក្រោយពេលដែលកាសែត The Wall Street Journal បានចុះផ្សាយទំលាយឯកសារ ស្តីពីការផ្ទេរប្រាក់ ចេញពីមូលនិធិ 1MDB ទៅទិញអចលនទ្រព្យតម្លៃមហាសាលនៅសហរដ្ឋអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ ប្រាក់ប្រមាណ១០ពាន់លានដុល្លារ ត្រូវបានគេផ្ទេរដោយសំងាត់ ពីមូលនិធិនេះ ចូលទៅគណនីធនាគារផ្ទាល់ខ្លួន របស់លោក ណាជីប រ៉ាហ្សាក់ដោយផ្ទាល់ទៀតផង។ មូលនិធិ 1MDB នេះ ត្រូវបានបង្កើតឡើង ដោយលោកណាជីប រ៉ាហ្សាក់ ក្នុងឆ្នាំ២០០៩ នៅពេលលោក ចូលកាន់តំណែង ក្នុងគោលបំណង ជួយជំរុញការធ្វើវិនិយោគក្នុងស្រុក។

រឿងអាស្រូវដ៏ធំសម្បើមនេះ បានសំអុយកេរ្តិ៍ឈ្មោះរដ្ឋាភិបាល​ម៉ាឡេស៊ី នៅលើឆាកអន្តរជាតិ។ ក៏ប៉ុន្តែជិត២ឆ្នាំមកនេះ នៅម៉ាឡេស៊ី រឿងអាស្រូវនេះ ហាក់ស្ទើតែត្រូវប្រជាជន​ទូទៅភ្លេចទៅហើយ។ រឿងអាស្រូវនេះ មិនត្រូវបានប្រជាជនម្ចាស់ឆ្នោត ផ្តល់តំលៃ​ឲ្យប៉ុន្មានទេ។ អ្វីដែលពួកគេចាប់អារម្មណ៍នោះ គឺបញ្ហាទំនិញឡើងថ្លៃ និងជីវភាពរស់នៅប្រចាំថ្ងៃឯណោះទៅវិញទេ។ ដូច្នេះ រឿងអាស្រូវទាំងអំបាលម៉ាន របស់លោកណាជីប រ៉ាហ្សាក់ មិនសូវត្រូវបានប្រជាជន ផ្តល់តំលៃ ឬលើកមកជជែកវែកញែកឡើយ។

ប្រព័ន្ធបោះឆ្នោតអំណោយផល

ហេតុផលទី២ ដែលធ្វើឲ្យបក្សលោកណាជីប រ៉ាហ្សាក់ អាចឈ្នះអាសនៈក្នុងសភាច្រើន ក៏ដោយសារតែប្រព័ន្ធបោះឆ្នោតនៅម៉ាឡេស៊ី។ ប្រព័ន្ធនេះ ជាប្រព័ន្ធបែកឯកត្តនាម មួយមណ្ឌល មានតែមួយអាសន្នៈ ដោយមិនគិតថ្លឹងថ្លែង ជាមួយចំនួនប្រជាជនតាមមណ្ឌលនីមួយៗឡើយ។ មណ្ឌលទាំងអស់២១៩ ដែលត្រូវជាមួយនឹង អាសនៈសរុប ២១៩ដែរ។

ដោយសំឡឹងឃើញពីផលចំណេញបែបនេះហើយ បានជាកាលពីខែមីនាកន្លងទៅ គណកម្មការជាតិរៀបចំការបោះឆ្នោត រួមនឹងរដ្ឋាភិបាលម៉ាឡេស៊ី បានរៀបចំកាត់កង ពុះចែកមណ្ឌលបោះឆ្នោតសារជាថ្មី ដើម្បីប្រមូលផ្តុំ ធ្វើយ៉ាងណា ឲ្យមានអ្នកគាំទ្ររបស់ខ្លួនច្រើន ដើម្បីសង្ឃឹមដណ្តើមបានអាសនៈ។ តាមទំលាប់ អ្នកបោះឆ្នោតឲ្យបក្សសមរភូមិជាតិ របស់លោក ណាជីប​ រ៉ាហ្សាក់ គឺជាសហគមប្រជាជនម៉ាឡេ ដែលកាន់ប្រពៃណី​សាសនាអ៊ីស្លាម។

ការកាត់កង ពុះចែកមណ្ឌលបោះឆ្នោត កាលពីខែមីនាកន្លងមកនេះ ត្រូវបានគេមើលឃើញថា រដ្ឋាភិបាល​លោក ណាជីប រ៉ាហ្សាក់ មានបំណងប្រមូលផ្តុំប្រជាជនដើមកំណើតម៉ាឡេ ឲ្យបានច្រើនក្នុងមណ្ឌល់នីមួយៗ។ ចំណុចនេះហើយ បានជាអង្គការសង្គមស៊ីវីល មួយចំនួន បានលើកឡើង អំពីចេតនាកេងបន្លំសន្លឹកឆ្នោត ពីសំណាក់គណបក្សកាន់អំណាច។ ដោយសារតែការកាត់កងពុះជ្រៀកមណ្ឌលបោះឆ្នោតថ្មីនេះ បានធ្វើឲ្យអ្នកបោះឆ្នោតខ្លះ លែងមានអាស័យដ្ឋានពិតប្រាកដ ហើយអ្នកខ្លះដែលស្លាប់ទៅហើយ ក៏មានឈ្មោះក្នុងបញ្ជីដែរ។

យកចិត្ត​សហគម​ជន​ជាតិ​ដើម​ម៉ាឡេ

ហេតុផលមួយទៀតដែលផ្សារភ្ជាប់នឹងហេតុផលខាងលើ គឺរដ្ឋាភិបាលលោក ណាជីព រ៉ាហ្សាក់ បានខិតខំយកចិត្តសហគមប្រជាជនជនជាតិម៉ាឡេខ្លាំងណាស់។ ម៉ាឡេស៊ី មានប្រជាជនភាគច្រើន ដើមកំណើតម៉ាឡេ ដើមកំណើតចិន និងដើមកំណើតឥណ្ឌា ដោយក្នុងចំណោមប្រជាជនសរុបទាំង៣២លាននាក់ គឺប្រជាជនម៉ាឡេ មានដល់​ទៅ​៦០%ឯណោះ។

តាមការសង្កេត របស់អង្គការសង្គមស៊ីវីល បានឲ្យដឹងថា រដ្ឋាភិបាល បានធ្វើជាអំណោយ​ប្រាក់សុទ្ធ ឲ្យដល់មន្ត្រីបុគ្គលិករដ្ឋជនជាតិម៉ាឡេណា ដែលមានប្រាក់បៀរវត្ស៍ទាប។ មិនត្រឹមតែប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រី រ៉ាជីប ណាហ្សាក់ បានឃោសនាអំពាវនាវថា បើសិនជាក្រុមគណបក្សប្រឆាំងឈ្នះឆ្នោត នោះអ្វីៗប្រាកដជាក្រឡាប់ចាក់ ព្រោះថាពួកគណបក្សប្រឆាំង មិនផ្តល់អាទិភាពឲ្យប្រជាជនម៉ាឡេ និងសាសនាអ៊ីស្លាមទេ។ ក្រុមប្រឆាំង នឹងធ្វើឲ្យជនជាតិម៉ាឡេ ដែលជាជនជាតិដើម បាត់បង់សិទ្ធិជាអាទិភាព។

ក្រុម​ប្រឆាំងបែកសន្លឹងឆ្នោត

បន្ថែមពីការ ការរិះរកវិធី ប្រមូលផ្តុំសន្លឹកឆ្នោត ព្រមទាំងការឃោសនា ទិញទឹកចិត្តប្រជាជនដើមកំណើតម៉ាឡេនេះ គណបក្សកាន់អំណាច ក៏អាចមានច្រករកចំណេញមួយទៀត ដោយសារតែក្រុមគណបក្សប្រឆាំង មានការបែកបាក់គ្នា។

ជាការពិត បើទោះបីជាលោក ម៉ាហាធា ម៉ូហាម៉េដ ត្រូវបានប្រជាជនគោរពច្រើនក៏ដោយ តែមិនមែនមានន័យថា បេក្ខភាពរបស់គាត់ អាចជួយស្រោចស្រង់គណបក្សប្រឆាំងបាននោះដែរ។ ក្រុមសម្ព័ន្ធបក្សប្រឆាំង ដែលមានឈ្មោះថា សម្ព័ន្ធនៃក្តីសង្ឃឹម ត្រូវបានបង្កើតឡើង ដោយគណបក្សតូចៗចំនួន៤។ បេក្ខភាពរបស់លោក ម៉ាហាធា ម៉ូហាម៉េដ បានធ្វើឲ្យសម្ព័ន្ធនេះ មានសន្ទុះយ៉ាងខ្លាំង តែយ៉ាងណាក៏វានៅតែមិនគ្រប់គ្រាន់ដែរ។ សម្លេងឆ្នោត អាចនឹងបែក ដោយសារ ក្រុមប្រឆាំងនេះ បានបាត់បង់បក្សមួយឈ្មោះថា បក្សអ៊ីស្លាមម៉ាឡេស៊ី។ ហើយបក្សនេះទៀតសោត ក៏បានបាត់បង់មេដឹកនាំដ៏សំខាន់ របស់ខ្លួន គឺលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលកំពុងតែជាប់ឃុំ ក្នុងរឿងក្តីក្តាំ។

សន្ទុះសេដ្ឋកិច្ចល្អ

ដោយឡែក បើយើងក្រឡេកមើកជារួម ទៅលើសន្ទុះសេដ្ឋកិច្ច របស់ម៉ាឡេស៊ី យើងឃើញថា​រដ្ឋាភិបាលលោកណាជីប រ៉ាហ្សាក់ អាចយកវាមកបង្អួត ដើម្បីយកការគាំទ្របាន។ សេដ្ឋកិច្ចម៉ាឡេស៊ី បានកើនចំនួន ៥,៩% ក្នុងឆ្នាំ ២០១៧ ដែលនេះគឺជាលទ្ធផលល្អបំផុត​ ក្នុងរយៈពេល៣ឆ្នាំមកនេះ។

ប៉ុន្តែទន្ទឹមនឹងនេះ សន្ទុះសេដ្ឋកិច្ច បានផ្តល់ផល តែទៅលើប្រជាជនមួយចំនួនតូច ដែលមានមុខចំនួនរកស៊ី និងការងារតាមទីក្រុងធំៗតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ ប្រជាជននៅតាមជនបទ មិនសូវជាទទួលផលប៉ុន្មានទេ ហើយក៏បានងាកទៅបោះឆ្នោតឲ្យបក្សប្រឆាំងដែរ។ ហេតុដូច្នេះហើយ បានលទ្ធផលឆ្នោត ត្រូវគេរំពឹងថា ប្រាកដជាប្រផិតប្រផោយខ្លាំងណាស់។

តែទោះយ៉ាងណាក្តី គេជឿថា កំលាំងគាំទ្របក្សប្រឆាំង តំណាងដោយលោក ម៉ាហាធា ម៉ូហាម៉េដ នៅមិនទាន់គ្រាប់គ្រាន់ទេ។ ថ្វីបើតាមការស្ទាបស្ទង់បក្សនេះ អាចនឹងប្រមូលសន្លឹកឆ្នោតទូទាំងប្រទេសសរុប ចំនួន៤៣%ក៏ដោយ​ តែបក្សនេះ នឹងមិនបានឈ្នះកៅអី​សភា បានគ្រប់៥០+១ ដើម្បីឈានទៅបង្កើតរដ្ឋាភិបាលឡើយ។ បក្សលោក​ណាជីប រ៉ាហ្សាក់ ដែលអាចប្រមូលសន្លឹកឆ្នោតបាន ៣៧%នោះ នឹងនៅតែឈ្នះ តែឈ្នះដោយសារ​បានប្រព័ន្ធបោះឆ្នោតជួយ មិនមែនឈ្នះ ដោយការគាំទ្ររបស់ប្រជាជននោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ