អានតួអត្ថបទ

សហព័ន្ធសិទ្ធិមនុស្ស​អន្តរជាតិ ​អំពាវនាវ​ឲ្យ​ជប៉ុន​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌

ទាក់ទិននឹងរឿងរ៉ាវជុំវិញ លោក កាឡូស ហ្គោន អតីតអគ្គនាយកក្រុមហ៊ុនផលិតរថយន្ត Renault របស់បារាំង និងជាប្រធានក្រុមហ៊ុនNissan ដែលត្រូវបានតុលាការជប៉ុន ឃុំខ្លួនដោយចោទពីបទ កេងបន្លំពន្ធ និងរំលោភលើសេចក្តីទុកចិត្តនោះ កាលពីថ្ងៃទី២០កុម្ភៈ សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ រួមជាមួយនឹងមជ្ឈមណ្ឌលការពារសិទ្ធិអ្នកជាប់ឃុំ បានចេញមុខ មកអំពាវនាវថា ដល់ពេលហើយ ដែលជប៉ុន ត្រូវតែធ្វើកំណែទំរង់ប្រព័ន្ធយុត្តិធម៌ ឲ្យត្រឹមត្រូវតាមស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ។

នៅក្នុងបទសម្ភាសន៍មួយឲ្យកាសែត Nikkei លោក Carlos Ghosn លើ់កឡើង​ថារឿងនេះ​ ជា​រឿង "ឃុបឃិតគ្នា ដើម្បីកំចាយ"
នៅក្នុងបទសម្ភាសន៍មួយឲ្យកាសែត Nikkei លោក Carlos Ghosn លើ់កឡើង​ថារឿងនេះ​ ជា​រឿង "ឃុបឃិតគ្នា ដើម្បីកំចាយ" REUTERS/Issei Kato/
ផ្សាយពាណិជ្ជកម្ម

លោកកាឡូស ហ្គោន (Carlos Ghosn) អតីតប្រធានអាណាចក្រ ក្រុមហ៊ុនផលិតរថយន្ត Renault Nissan និង Mitsubishi Motors ត្រូវបានគេឃាត់ខ្លួននៅក្រុងតូក្យូ ថ្ងៃទី​១៩វិច្ឆិកា។ ៣ខែមកហើយ ដែលរឿងរ៉ាវនេះ បានធ្វើឲ្យរញ្ជួយវិស័យសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។

នៅថ្ងៃទី២០កុម្ភៈ សហព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិ ហៅកាត់ថា FIDH រួមជាមួយនឹងមជ្ឈមណ្ឌលការពារសិទ្ធិអ្នកជាប់ឃុំនៅជប៉ុន បានអំពាវនាវថា រដ្ឋាភិបាលជប៉ុន ត្រូវតែកំណត់វិធានការជាបន្ទាន់ និងឲ្យ​បាន​ច្បាស់លាស់ ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ជប៉ុន ឲ្យត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ។ លោកស្រី Maiko Tagusari អគ្គលេខានៃមជ្ឈមណ្ឌលការពារសិទ្ធិអ្នកជាប់ឃុំជប៉ុន បានលើកឡើងថា ការដែលសមត្ថកិច្ចជប៉ុន បដិសេធមិនឲ្យលោក កាឡូស ហ្គោន មានមេធាវីអមនៅជាមួយ ក្នុងពេលសួរចម្លើយ ព្រមទាំងការបន្តឃុំខ្លួនលោក​ រយៈពេលយ៉ាងវែងដូចនេះ គឺបង្ហាញយ៉ាងច្បាស់ អំពីចំណុចខ្វះខាត នៃ​ប្រព័ន្ធយុត្តិធម៌ជប៉ុន ដែលមានជាយូរមកហើយ។

​ដូចគ្នាដែរ លោក Junichiro Hironaka មេធាវីរបស់លោក កាឡួស ហ្គោន ក៏បានលើកឡើងថា ៣ខែមកហើយ ដែលរដ្ឋអាជ្ញាជប៉ុន បានឃុំលោក កាឡូស ហ្គោន ដោយសារតែលោកមិនព្រមសារភាព នូវអ្វីដែលគេចោទប្រកាន់។ លោកមេធា​វីចោទសួរថា តើការធ្វើដូច្នេះ វាសមស្របទៅតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិដែរឬទេ? លោកបន្ថែមថា នេះជាឱកាសដ៏ល្អមួយ​ ដែលរដ្ឋាភិបាល និងសភាជប៉ុន ត្រូវតែចាប់ផ្តើម​​ធ្វើកំណែទម្រង់ លើប្រព័ន្ធតុលាការ។

សូមរំលឹក ថាតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានជប៉ុន លោកកាឡូស ហ្គោន អ្នកជំនួញជនជាតិបារាំងវ័យ៦៤ឆ្នាំ ត្រូវសមត្ថកិច្ចជប៉ុនដាក់ឃុំ ក្នុងលក្ខខណ្ឌដ៏លំបាក ដោយពុំឲ្យមាននរណាចូលទៅសួរសុខទុក្ខ ហើយពុំអាចនិយាយអ្វីជាមួយអ្នកកាសែតបានទេ។ តុលាការជប៉ុន បានបដិសេធម្តងហើយម្តងទៀត មិនឲ្យលោក បង់ប្រាក់ធានាដើម្បីចេញមកនៅ​ក្រៅឃុំ។ តាមការអះអាងពីមេធាវីរបស់លោកកាឡូស ហ្គោន សវនាការអាចនឹងបើកនៅរវាងខែកញ្ញា។

លោក កាឡូស ហ្គោន ត្រូវជាប់ចោទពីបទកិបកេងមិនប្រកាសពន្ធឲ្យបានគ្រប់ និងពីបទរំលោភលើសេចក្តី​ទុកចិត្ត។ ដោយសារតែរឿងរ៉ាវនេះ ក្រុមហ៊ុន Renault ក្រុមហ៊ុន Nissan និងក្រុមហ៊ុនMitsubishi បានសម្រេច​ដកលោក ចេញពីតំណែងប្រធាន។ បើផ្អែកតាមការអះអាងរបស់លោក កាឡូស ហ្គោន បញ្ហានេះ គឺជាការរៀបចំទាំងស្រុង ពីមនុស្ស​មានឥទ្ធិពលក្នុងក្រុមហ៊ុនNissan ព្រោះពួកគេចង់កំចាយលោកចេញ ដើម្បីរារាំងកុំឲ្យលោកសម្រេច ច្របាច់បញ្ចូលក្រុមហ៊ុន Renault Nissan និង Mitsubishiចូលគ្នាជាក្រុមហ៊ុន​តែមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ