អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វាសនា​មិន​ប្រាកដ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​TPP​ ក្រោយ ​លោក​ដូណាល់ ត្រាំ​ សម្រេច​ដក​ខ្លួន​អាមេរិក​ចេញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បីថ្ងៃ​បន្ទាប់​ពីបាន​ចូលកាន់​តំណែង ​ជា​ប្រធានាធិបតី​ជា​ផ្លូវការ ​របស់​សហរដ្ឋ​អាមេរិក​ លោក​ដូណាល់ត្រាំ ​ទើបតែ​បាន​ចុះ​ហត្ថលេខា​លើ​ក្រិត្យ​ដំបូង​បំផុត​របស់​លោក ​ដើម្បី​សម្រេច​ដក​សហរដ្ឋ​អាមេរិក​ ចេញ​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរ​ប៉ាស៊ីហ្វិក​ ហៅកាត់​ថា​TPP។ នេះគឺ​ជា​ការ​អនុវត្ត​ ទៅ​តាម​គោលការណ៍ ​យក​ប្រយោជន៍​អាមេរិក​ជា​ចំបង​ ដែល​លោក​ដូណាល់ត្រាំ ​តែងតែ​ទន្ទេញ​និង​ប្រកាស​យ៉ាង​រត់​មាត់ ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត។ សម្រាប់​លោក​ប្រធានាធិបតី​ថ្មី ​កិច្ច​ព្រមព្រៀង​TPP ​មិន​ផ្តល់​ប្រយោជន៍​សម្រាប់​សហរដ្ឋ​អាមេរិក​ទេ ​ផ្ទុយ​ទៅ​វិញ​គឺ​វា​មក​បំផ្លាញ​ទីផ្សារ​ការងារ​របស់​ប្រជាជន​អាមេរិក។

លោក ដូណាល់ ត្រាំ ក្នុងពេល​ចុះហត្ថលេខា​លើក្រិត្យ​លប់អាមេរិក​ចេញពី TPP ថ្ងៃទី​២៣ មករា ២០១៦
លោក ដូណាល់ ត្រាំ ក្នុងពេល​ចុះហត្ថលេខា​លើក្រិត្យ​លប់អាមេរិក​ចេញពី TPP ថ្ងៃទី​២៣ មករា ២០១៦ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ដូច​ការ​សន្យា ​ កាល​ពី​ពេល​ឃោសនា​បោះឆ្នោត ​លោក​ដូណាល់ត្រាំ ​ បាន​ធ្វើ​ពិតមែន ​គឺ​ លោក​បាន​សម្រេច ​ដកខ្លួន​អាមេរិក ​ចេញ​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​អន្តរ​ប៉ាស៊ីហ្វិក ​ហៅកាត់​ថា​TPP។ តើ​កិច្ច​ព្រមព្រៀង​ដែល​មាន​ប្រទេស​សមាជិក​១២​ប្រទេស ​នៅ​តំបន់​អាស៊ី ​និង​ប៉ាស៊ីហ្វិក ​ ដែល​លោក​អូបាម៉ា ​ខិត​ខំ​កសាង​ឡើង​មក​នេះ ​មាន​អ្វី​មិន​ល្អ ​ក្នុង​ក្រសែ​ភ្នែក​លោក ​ដូណាល់ ត្រាំ?

 
« America first ! »
ពាក្យ​មួយ​ឃ្លា ​ដែល​លោក​ដូណាល់ ត្រាំ ​តែងតែ​ស្រែក​ក្តែងៗ ​ ហើយ​ដែល​មាន​ន័យ​អត្មានិយម​បំផុត​នោះ គឺ​ « Amarica first » ។ លោក​ដូណាល់ ត្រាំ ​ចង់​សំដៅ​ថា ​អ្វី​ក៏​ដោយ ​ត្រូវ​តែ​ប្រយោជន៍​អាមេរិក​មាន​មុន​ដំបូង​គេ​បង្អស់។ ដូច្នេះ ​ជា​រួម​មាន​ន័យ​ថា ​ លោក​ដូណាល់ ត្រាំ ​យល់​ថា ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​អន្តរ​ប៉ាស៊ីហ្វិក ​ហៅកាត់​ថា​ TPP​ នេះ ​ ធ្វើ​ឲ្យ​អាមេរិក​ខាត​ប្រយោជន៍ ​ អញ្ចឹង​ អាមេរិក​ត្រូវ​តែ​ដក​ខ្លួន​ចេញ។

កិច្ច​ព្រមព្រៀង​TPP ​នេះ ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ ដោយ​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា ​ដើម្បី​បង្កើត​តំបន់​ដោះដូរ​ពាណិជ្ជកម្ម​សេរី​ ដែល​មាន​សហរដ្ឋ​អាមេរិក​ជា​​មេ​កម្លាំង ​ជាមួយ​ប្រទេស​១១​ផ្សេង ​ទៀត​ក្នុង​តំបន់​អាស៊ី -​ ប៉ាស៊ីហ្វិក។ ប្រទេស​ទាំង​១១​ នោះ​មាន​ អូស្ត្រាលី  ញូហ្សឺលែន ​ជប៉ុន​ កាណាដា​ ប៊្រុយណេ ​ឈីលី ​ម៉ាឡេស៊ី ​ម៉ិចស៊ិក​ ប៉េរូ ​សឹង្ហបុរី​ និង​វៀតណាម។ ប្រទេស​ហត្ថលេខី​ទាំង​១២​នេះ ​គឺជា​ប្រភព​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​សេរី ​ស្មើនឹង​៤០% ​ទូទាំង​ពិភពលោក។ ដូច្នេះ ​ទីផ្សារ​នេះ​ធំណាស់​សម្រាប់​សហរដ្ឋ​អាមេរិក។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ​ជា​អាទិភាព​ធំ​ណាស់​ របស់​រដ្ឋាភិបាល​លោក​អូបាម៉ា ​ព្រោះ​គាត់​ចង់​ឲ្យ​អាមេរិក​ឈរ​ជើង​ដឹកនាំ​ពាណិជ្ជកម្ម​សេរី ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ឲ្យ​រឹងមាំ ​ដើម្បី​ប្រឈមមុខ​ជាមួយ​នឹង​ចិន។ ដូច​យើង​ឃើញ​ហើយ ​ក្នុង​ចំណោម​ប្រទេស​ហត្ថលេខី​ទាំង​១២ ​គឺ​មិន​មាន​ចិន​ទេ។ ក្រៅពី​មាន​បង្កើត​ជា​បទដ្ឋាន​ពាណិជ្ជកម្ម​រួម ​ តាម​រយៈ​ការ​ធ្វើ​ឲ្យ​មាន​ស្តង់ដារ​ទំនិញ​រួមគ្នា​ លប់​ចោល​នូវ​ឧបសគ្គ​នានា ​មិនថា​ឧបសគ្គ​ផ្នែក​ពន្ធអាករ​ ​រឺ​ឧបសគ្គ​ក្រិត្យ​ក្រម​ផ្សេងទៀត ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ចរាចរណ៍​ទំនិ  ​កិច្ច​ព្រមព្រៀង​TPP​ នេះ ​ក៏​មាន​កំណត់​ពី​កម្រិត​ស្តង់ដារ​បរិស្ថាន ​និង​ការ​គោរព​ច្បាប់​ការងារ​ផងដែរ។

តែទោះ​យ៉ាង​នេះ​ក្តី ​មិនមែន​មាន​ន័យ​ថា ​កិច្ច​ព្រមព្រៀង​TPP​របស់​លោក​អូបាម៉ា ​ល្អ​ឥតខ្ចោះ​នោះ​ទេ។ វា​មាន​ចំណុច​ខ្វះខាត​ខ្លះ ​ដែល​មាន​គេ​រិះគន់។​ ឧទាហរណ៍​ ដូច​ជា​ភាព​ស្រពិចស្រពិល ​នៃ​បទដ្ឋាន​ច្បាប់​ការងារ​ និង ​បទដ្ឋាន​ស្តង់ដារ​គោរព​បរិស្ថាន​ធម្មជាតិ​ជាដើម ​ដែល​កិច្ច​ព្រមព្រៀង​នេះ ​នៅ​មិន​ទាន់​ល្អ​ដល់​កម្រិត។ តែ​ក៏​មិនមែន​ដល់​ថ្នាក់ ​ដក​ខ្លួន​ចេញ​ទាំង​ដែល​ សហរដ្ឋ​អាមេរិក​ខ្លួនឯង ​ជា​អ្នក​ផ្តើម​គំនិត​បង្កើត​វាដំបូង​ឡើយ។

តែ​​សម្រាប់​លោក​ដូណាល់ ត្រាំ ​អ្វី​ដែល​គាត់​យល់​គឺ​ កិច្ច​ព្រមព្រៀង​នេះ ​នឹង​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​ បាត់​បង់​ការងារ​ធ្វើ​ ព្រោះ​ប្រទេស​ហត្ថលេខី​ផ្សេងទៀត ​អាច​នាំ​ទំនិញ​ចូល​អាមេរិក​ ដោយ​សេរី។ លោក​ត្រាំ ​ចង់​តម្លើង​ពន្ធ​ឲ្យ​ខ្ពស់​បំផុត​ លើ​ទំនិញ​បរទេស​ដែល​នាំចូល​អាមេរិក។ តាមពិត​ទៅ ​កិច្ច​ព្រមព្រៀង​នេះ ​មិនទាន់​ត្រូវ​បាន​សភា​ Congres​ របស់​សហរដ្ឋ​អាមេរិក​ ផ្តល់​សច្ចាប័ន​នៅ​ឡើយ​ផង ​ឥឡូវ​ស្រាប់តែ​លោក​ដូណាល់​ត្រាំ ​សម្រេច​លប់​ឈ្មោះ​អាមេរិក ​ចេញ​ពី​ប្រទេស​ហត្ថលេខី​តែ​ម្តង។
 
អ្នក​កាច់​ចង្កូត ​លោត​ចោល​នាវា​ ឲ្យ​តែលតោល​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក៖
តើ​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក ​នឹង​រលាយ​បាត់បង់​រូបរាង្គ​រឺ​យ៉ាងណា ?​ ​នេះ​គឺ​ជា​សំណូរ​ ដែលគេ​កំពុងតែ​ចោទ​សួរ​គ្រប់គ្នា ​ជាពិសេស ​នៅ​តាម​បណ្តា​ប្រទេស​ហត្ថលេខី​ផ្សេងទៀត ​នៃ​កិច្ច​ព្រមព្រៀង​នេះ​តែម្តង។
បើតាម​ការស្មាន​ ប្រទេស​ហត្ថលេខី​ផ្សេងទៀត ​តួយ៉ាង​ប្រទេស​ធំៗ​ ដូចជា​ជប៉ុន​ អូស្ត្រាលី  ​សឹង្ហបុរី ​និង​ញូហ្សឺលែន ​គេ​មិន​ចង់​ឲ្យ​កិច្ច​ព្រមព្រៀង​នេះ​ស្លាប់​ទេ។ គេ​ចង់​ស្រោចស្រង់​កិច្ច​ព្រមព្រៀង​នេះ​ បើ​ទោះបី​ជា​គ្មាន​សហរដ្ឋ​អាមេរិក​ក៏ដោយ។​ មេដឹកនាំ​ប្រទេស​ទាំង​បួន​ខាងលើ​នេះ ​ សុទ្ធតែ​មាន​គោល​ជំហរ​ប្រហាក់​ប្រហែល​គ្នា​ថា ​ត្រូវ​រក្សា​កិច្ច​ព្រមព្រៀង​TPP​នេះ ​ ក្រែង​លោហ៍​សហរដ្ឋ​អាមេរិក​ប្តូរចិត្ត ​ រឺមួយ​ក៏​រដ្ឋាភិបាល​ថ្មីមួយ​ទៀត ​នៅ​អាណត្តិ​ក្រោយ ​ គេ​មិន​គិត​ប្រយោជន៍​អត្មានិយម​ជ្រុល ​ដូច​លោក​ដូណាល់ ត្រាំ​នេះ។

ចាប់ពីពេល​នេះ​ទៅ​ រដ្ឋាភិបាល​លោកត្រាំ​  មាន​បំណង​​ធ្វើ​កិច្ច​ព្រមព្រៀង​ទ្វេរ​ភាគី​ ជាមួយ​ប្រទេស​ដទៃ​វិញ ​ ដើម្បី​ចរចា​ធ្វើម៉េច ​ឲ្យ​អាមេរិក​ចំណេញ​ច្រើន​បំផុត។ តែយើង​កំភ្លេច​ថា​ អ្នក​ផ្សេង​ក៏​គេ​ចង់​ចំណេញ​ដែរ។ គោល​ជំហរ​អត្មានិយម​ជ្រុល ​គិត​ប្រយោជន៍​ខ្លួន​ជ្រុល​ហួសហេតុ​របស់​លោកត្រាំ ​ បាន​ធ្វើ​ឲ្យ​គេខ្លាច​រអារ​ គ្មាន​អ្នក​ណា​ចង់​មក​ចរចា​ជាមួយ​ទេ។ ជាក់ស្តែង ​លោក​ Bill English ​នាយករដ្ឋមន្ត្រី​ញូហ្សឺលែន ​បាននិយាយ​ថា ​គេ​គ្រាន់តែ​ឃើញ​អត្តចរិក​និង​សម្តី​របស់​លោក​ដូណាល់ ត្រាំ​ គេ​លែង​ចង់​ចរចា​ធ្វើ​កិច្ច​ព្រមព្រៀង​ទ្វេរភាគី​ ជាមួយ​អាមេរិក​​បាត់​ទៅហើយ។

លោកត្រាំ ​ហុច​ដងដាវ​ឲ្យចិន៖
អ្វី​ដែល​គេ​ច្បាស់​ក្នុង​ចិត្ត​ជាង​គេ ​គឺ​មាន​ប្រទេស​មួយ​ដែល​កំពុង​ញញឹម​ គឺ​ចិន។ ចិន​គ្មាន​មាន​ឈ្មោះ​ក្នុង​នេះ​ទេ ​តែ​ចិន​សង្ឃឹម​ជានិច្ច​ថា​ បើ​អាមេរិក​ដកខ្លួន​ មាន​ន័យ​ថា ​ចិន​អាច​មាន​ឱកាស​បោះមេ​ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ត្រង់​ចំណុច​នេះ​ហើយ ​ដែល​គេ​រិះគន់​លោក​ដូណាល់ ត្រាំ​ ថា​ស្រែក​ក្តែងក្តែង​ជេរ​ចិន​ ចង់​ឲ្យ​អាមេរិក​មាន​ប្រយោជន៍​ខ្លាំង​ជាង​គេ​ តែ​ផ្ទុយ​ទៅវិញ​បែរ​ជា​ដក​ខ្លួន​ចេញ​ពីកិច្ច​ព្រមព្រៀង TPP​ ​ធ្វើ​ឲ្យ​អាមេរិក​ បាត់បង់​ភាព​ជាអ្នក​ដឹកនាំ ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ទៅ​វិញ។ ធ្វើ​បែប​នេះ ​គឺ​មិន​ខុស​ពី​ហុច​ដង​ដាវ​ទៅ​ឲ្យ​ចិន​ទៅវិញ។

សំណួរ​ដែល​គេ​កំពុង​សួរ ​ថា​តើ​គេ​នឹង​បើក​ផ្លូវ​ឲ្យ​ចិន​ ចូល​មក​ក្នុង​កិច្ច​ព្រមព្រៀង TPP ​នេះ​ដែរ​រឺ​ទេ? តាម​ពិត​ចិន​ ចង់​ទាញ​ប្រទេស​សមាជិក​របស់​ TPP ​រួម​ជាមួយ​ប្រទេស​អាស៊ាន​ទាំង​១០ ​ទៅ​បើក​កិច្ច​ព្រមព្រៀង​ផ្សេង​មួយ​ទៀត ​ដែល​មាន​ចិន​ជា​អ្នក​ចាត់ចែង​ការ​ចរចា។​ តែ​តាម​ការ​វិភាគ​របស់​អ្នក​ជំនាញ ​ផែនការ​កិច្ចព្រមព្រៀង​របស់​ចិន​ មិនល្អ​ដូច​TPP​ ទេ​ ព្រោះ​ចិន​មិន​បាន​ខ្វល់​លំអិត​ អំពី​បទដ្ឋាន​គោរព​បរិស្ថាន​ធម្មជាតិ​ និង​បទដ្ឋាន​ច្បាប់​ការងារ​ទេ។

ទាំង​លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ​និង​នាយករដ្ឋ​មន្ត្រី​ញូហ្សឺលែន ​សុទ្ធ​តែ​បាន​ថ្លែង​ថា ​គេ​ត្រៀម​ផ្តល់​កន្លែង​ឲ្យចិន ​ដើម្បី​ចូល​មក​ក្នុង​TPP​ ជាមួយ​គេ។ ហើយ​បើ​តាម​ដំណឹង​ច្បាស់ការ​មួយ​ទៀត ​គឺ​ បើសិន​ឥណ្ឌូណេស៊ី​ចង់ ​ ក៏គេ​អាច​ទទួល​បាន​ដែរ។ ក៏​ប៉ុន្តែ​ សំណួរ​សួរថា ​តើ​ជប៉ុន ​សុខចិត្ត​ឲ្យ​ចិន​ចូល​មក​ដែរ​រឺទេ? ​ត្រង់​នេះ​ហើយ ​ ដែល​យើង​នៅ​មិន​ច្បាស់។

ចំណុច​មួយទៀត ​អាច​យក​មក​ពិចារណាដែរ ​គឺថា​ មក​ត្រឹម​ពេល​នេះ ​កិច្ច​ព្រមព្រៀង ​TPP​ នេះ ​នៅ​មិន​ទាន់​ចូល​ជា​ធរមាន​ទេ ​ដោយសារ​គេ​ត្រូវ​ការ​ប្រទេស​ហត្ថលេខី​យ៉ាង​ហោច​ណាស់ ​៦ប្រទេស​ផ្តល់​សច្ចាប័ន ​ហើយ​ប្រទេស​ទាំង៦​ ​ត្រូវ​មាន​ផលិត​ផល​ដុល​ផ្ទែ​ក្នុង​សរុប​ (PIB ) ៨៥%  ក្នុង​ចំណោម​ប្រទេស​ហត្ថលេខី​ទាំងអស់។ ដូច្នេះ ​បើសិន ​ចិន​ចូល ​វា​អាច​ជំរុញ​ឲ្យ​TPP​ ចូលជា​ធរមាន ​បាន​រហ័ស ​ព្រោះ​ចិន​មាន​PIB​ ធំប្រហែល​នឹង​អាមេរិក។ តែ​យ៉ាងណា ​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ធ្លាប់​និយាយ​ថា ​បើ​ទ័ល​ណាស់ ​ព្យួរ​TPP​ សិន​ក៏​បានដែរ ​ចាំ​រដ្ឋាភិបាល​អាមេរិក​អាណត្តិ​ក្រោយ​ ចាំ​អនុវត្ត​វា​ ក៏បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ