អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សេដ្ឋកិច្ច៖ បន្ទាប់​ពី​អាមេរិក ទីផ្សារ​មូលបត្រ​អាស៊ី​កំពុង​ដាំក្បាល​ចុះ គួរឲ្យ​បារម្ភ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានជួបភាពរំជើបរំជួលយ៉ាងខ្លាំង ដែលបានបណ្តាល​ឲ្យ ទីផ្សារភាគហ៊ុនអាមេរិក ធ្លាក់ថ្លៃយ៉ាងទាបបំផុត មិនធ្លាប់មានទេ ពេញមួយសប្តាហ៍ បើរាប់ចាប់ពីវិបត្តិសេដ្ឋកិច្ច កាលពីឆ្នាំ២០០៨មក។ នៅថ្ងៃអង្គារ​ទី​២៥​ធ្នូ ភាពមិនប្រាកដប្រជា នៃទីផ្សារអាមេរិកនេះ បានជះឥទ្ធិពលរាលដាល ទៅដល់ទីផ្សារ​ហិរញ្ញវត្​ថុនៅអាស៊ី។ ទីផ្សារភាគហ៊ុនជប៉ុន នៅតូក្យូ បានបិទទ្វារ ជាមួយការធ្លាក់ថ្លៃភាគហ៊ុន ដល់ទៅជាង៥%។ ចំណែកផ្សារហ៊ុនអាស៊ី នៅតាមប្រទេសមួយចំនួនទៀត បាន​បិទទ្វារ​សម្រាក ក្នុងថ្ងៃបុណ្យណូអែល ក៏ប៉ុន្តែគេព្រួយបារម្ភណាស់ ថាទីផ្សារទាំងនោះ អាចនឹងបើកទ្វារមក​វិញ ជាមួយនឹងការខាតបង់យ៉ាងសន្ធឹកសន្ធាប់។

បុរសម្នាក់​ដើរកាត់​មុខ​តារាង​តម្លៃហ៊ុន​​នៅទីផ្សារ​ Nikkei average និង Dow Jones Industrial Average។ តូក្យូ ថ្ងៃ​ទី​​ ២៤​ធ្នូ ២០១៨​
បុរសម្នាក់​ដើរកាត់​មុខ​តារាង​តម្លៃហ៊ុន​​នៅទីផ្សារ​ Nikkei average និង Dow Jones Industrial Average។ តូក្យូ ថ្ងៃ​ទី​​ ២៤​ធ្នូ ២០១៨​ REUTERS/Issei Kato
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃចន្ទ​ទី២៤ធ្នូ ដែលជាថ្ងៃត្រៀមឆ្លងបុណ្យណូអែល ទីផ្សារមូលបត្ររបស់អាមេរិក បានរង្គើយ៉ាងខ្លាំង និងបានធ្លាក់ថ្លៃស្រឺតៗ បង្កភាពច្របូកច្របល់។ អត្រាតម្លៃគោលនៃទីផ្សារមូលបត្រអាមេរិក Dow Jones Industrial Average បានធ្លាក់ចុះចំនួន២,៩២%។ ចំណែកនៅ Nasdaq បានធ្លាក់ចុះ ២,២១%។ វាជាការដាំក្បាលចុះ យ៉ាងគំហុក មិនធ្លាប់មានទេ បើគិតពីឆ្នាំ២០០៨មក នៅពេលដែលមានវិបត្តិសេដ្ឋកិច្ចពិភពលោក។

ផ្សារមូលបត្រជប៉ុន ដាំក្បាលចុះ៥%

ផ្សារហ៊ុនអាមេរិកជ្រួលច្របល់ គ្មានផ្សារហ៊ុនណា អាចរួចខ្លួនបានទេ។ ជាក់ស្តែងនៅអាស៊ីតែម្តង។ នៅជប៉ុន​ពេលបិទទ្វារ កាលពីយប់ថ្ងៃចន្ទ ទី២៤ ធ្នូ​ ទីផ្សារមូលបត្រ Nikkei ក្រុងតូក្យូ បានដាំក្បាលចុះ ដល់ទៅ៥,០១% ដែលកម្រិតនេះ គឺ​វាធ្លាក់ទាបបំផុត ក្នុងរវាង២០ខែចុងក្រោយនេះ។ ស្ថានភាពនេះ បានរុញ​ផ្សារមូលបត្រជប៉ុន ឲ្យធ្លាក់ចុះ ក្នុងលំដាប់ទីផ្សារដែលអួរអាប់បំផុត។ ក្រុមហ៊ុនធំៗរបស់ជប៉ុន មានHonda Sony Toyota Nissan Panasonic ម្នាក់ៗ គឺសុទ្ធធ្លាក់តម្លៃហ៊ុន ជាង៥%ទាំងអស់គ្នា។

លោក Makoto Sengoku អ្នកវិភាគ​នៅ​វិទ្យាស្ថាន Tokai Tokyo បានលើកឡើងថា លោកស្មានមិនដល់ទេ ថាទីផ្សារ ដាំក្បាលចុះយ៉ាងលឿនបែបនេះ។ មិនត្រឹមតែប៉ុណ្ណោះ លោកសម្លឹងមិនឃើញសោះ ថានឹងមានអ្វី មកជួយសម្រួល ឲ្យបានប្រសើរវិញ ក្នុងពេលឆាប់ៗខាងមុខនេះទេ។

ចំណែកនៅទីផ្សារមូលបត្រចិនវិញ ក៏បានធ្លាក់ចុះក្រោមបន្ទាត់ក្រហមដែរ។ ទីផ្សារ មូលបត្រ​នៅសៀងហៃ​ និងនៅឆិនចិន  បានធ្លាក់ចុះចំនួន១%។ រីឯផ្សារមូលបត្រផ្សេងៗទៀត នៅហុងកុង កូរ៉េខាងត្បូង អូស្ត្រាលី សឹង្ហបុរី និងណូវែល ហ្សេឡង់ជាដើម គឺត្រូវ​បិទទ្វារ​សម្រាក ក្នុងឱកាសបុណ្យណូអែល។ ក៏ប៉ុន្តែទោះបិទទ្វារក៏ដោយ ក៏មិនមែន​មានន័យថា គឺមិនព្រួយបារម្ភ ពីការខាតបង់នោះទេ។

ដូណាល់ ត្រាំ បង្កចលាចល

មានហេតុផលច្រើន ដែលជារួម គឺស្ថិតនៅក្នុងទីផ្សាររបស់អាមេរិក។ លោក Makoto Sengoku ពន្យល់ថា ទីផ្សារចលាចលខ្លាំងបែបនេះ ដោយសារមានបញ្ហាបូកបញ្ចូលគ្នា ដូចជា ផលវិបាក នៃសង្រ្គាមពាណិជ្ជកម្ម​ រវាងអាមេរិក និងចិន ដែលចាប់ផ្តើមលេចចេញជារូបរាង្គ ហើយចុងក្រោយគឺបណ្តាលមកពីបញ្ហាហិរញ្ញវត្ថុ និងវិបត្តិផ្ទៃក្នុងនៅអាមេរិក បង្កឡើងដោយរដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ។ បញ្ហាទាំងអស់នេះ គឺធ្វើឲ្យអ្នកវិនិយោគ ព្រួយបារម្ភ លែងទុកចិត្តទីផ្សារមូលបត្ររបស់អាមេរិក។

នៅអាមេរិក បន្ទាប់ពីបានធ្វើឲ្យរដ្ឋមន្ត្រីការពារជាតិ លោក Jim Mattis លាចេញពីតំណែង លោក​ដូណាល់ ត្រាំ បានបង្កឲ្យមានរឿងរ៉ាវមួយទៀត កាលពីចុងសប្តាហ៍កន្លងទៅ ទាក់ទិន​នឹង​បំណង ចង់ដកតំណែង លោកអគ្គទេសាភិបាលធនាគារកណ្តាល​។ ដំណឹងលេចឮថា លោកដូណាល់ ត្រាំ ខឹងនឹងអគ្គទេសា​ភិបាល​​ធនាគារ​កណ្តាល ដែលបានសម្រេច តំឡើងអត្រាការប្រាក់ប្រាក់។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ខំចេញមុខមកបកស្រាយ ថាដំណឹងនេះមិនពិតទេ។ តែទន្ទឹមនឹងនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក បានអះអាង​ថា លោកបានជួបប្រជុំបន្ទាន់ ជាមួយនឹងតំណាងធនាគារធំៗទាំង៦របស់អាមេរិក។

អ្នកវិភាគទីផ្សារជាច្រើន បានលើកឡើងដូចៗគ្នា ថាការដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុ ហៅតំណាងធនគារធំៗទាំង៦ទៅជួប គឺវាប្រាកដជាមានបញ្ហាអ្វីមួយហើយ ហើយរឿងនេះ គឺវាធ្វើឲ្យទីផ្សារកាន់តែជ្រួលច្របល់។ ស្រាប់តែនៅល្ងាចថ្ងៃចន្ទ ម្សិលមិញនេះ លោក​ដូណាល់ ត្រាំ បានបន្ថែមបញ្ហាមួយទៀត ដោយបានសរសេរសារ លើទំព័រTwitter ថា៖ “កំហុសគ្រប់យ៉ាង ដែលធ្វើឲ្យសេដ្ឋកិច្ចអាមេរិក​ជួបបញ្ហា គឺបណ្តាលមកពីធនាគារកណ្តាល”។ លោកត្រាំ សរសេរបន្តថា៖ “ធនាគារកណ្តាល មិនចេះស្មានទីផ្សារ​ ហើយមិនយល់ពីការធ្វើសង្រ្គាមពាណិជ្ជកម្ម”។ សម្តីសរសេរបន្ទោសស្ថាបន័គ្រប់គ្រងទីផ្សារហិរញ្ញវត្ថុជាតិ នៅតាមទំព័រTwitter បែបនេះ គឺរិតតែបង្ហាញថា រវាងលោកដូណាល់ ត្រាំ និងនាយក​ធនាគារកណ្តាល គឺកំពុងតែមើលមុខគ្នា មិនត្រង់ ដូចពាក្យចចាមអារ៉ាមមែនហើយ។

លោកស្រី Nancy Pelosi ប្រធានក្រុមប្រជាធិបតេយ្យនៅសភាអាមេរិក បានលើកឡើងថា លោកដូណាល់ ត្រាំ ​កំពុងធ្វើឲ្យប្រទេសមានចលាចល តាមរយៈការប្រកាស​សង្រ្គាម ឈ្លោះគ្នាជាមួយធនគារកណ្តាល ខណៈដែលហិរញ្ញវត្ថុអាមេរិក កំពុងតែជួបបញ្ហា​ស្រាប់ទៅហើយ។ ច្បាប់កញ្ចប់ថវិកា នៅជាប់គាំង ដែលធ្វើឲ្យស្ថាប័ន ក្រសួងនានារបស់​អាមេរិក​ ត្រូវបិទទ្វារដោយសារតែគ្មានប្រាក់ចំណាយ។ មន្ត្រីរដ្ឋការ នៃក្រសួងមួយចំនួន ​ប្រមាណ​៨សែននាក់ ត្រូវសម្រាកនៅផ្ទះ ដោយសារតែស្ថាប័នខ្លួនបិទទ្វារ។ ស្ថាប័ន​ធំៗ របស់អាមេរិក បិទទ្វារមិនដំណើរការបែបនេះ តើអ្នកវិនិយោគមួយណា ដែលមិន​ភ័យ​នោះ? លោក Stephen Innes អ្នកវិភាគហិរញ្ញវត្ថុនៅ Oanda Asia-Pacifique បានលើកឡើងថា អ្នកវិនិយោគភ័យ ព្រោះគេមិនទុកចិត្តរដ្ឋាភិបាលលោកដូណាល់ ត្រាំទេ។

ដរាបណា ផ្សារមូលបត្រអាមេរិកនៅរំជើបរំជួល អ្នកវិនិយោគនៅតែភ័យ

គេពិបាកស្មាន ណាស់ ថាបញ្ហាធ្លាក់ថ្លៃមូលបត្រនេះ និងចប់នៅពេលណា ព្រោះថា នៅមានបញ្ហាមួយទៀត​ ក៏កំពុងចោទដែរ។ គឺបញ្ហាតម្លៃប្រេងឆៅ ដែលធ្លាក់ថ្លៃខ្លាំង។ អ្នកវិនិយោគ នៅលើផ្សារមូលបត្រ័ប្រេង នៅតែមិនទាន់ទុកចិត្ត ចំពោះចំណាត់ការរបស់អង្គការ​OPEPទេ។ តែយ៉ាងណាក៏ដោយ អាជ្ញាធរសេដ្ឋកិច្ច​ជប៉ុន បានសម្តែងសុទិដ្ឋិនិយម។ លោក Taro Aso រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុជប៉ុន បានលើកឡើងថា ទីផ្សារបញ្ចេញ​​ប្រតិកម្ម​​រាងជ្រុលពេក បើប្រៀបធៀបទៅនឹង បញ្ហាជាក់ស្តែង។

ទោះយ៉ាងនេះក្តី ប្រភពបញ្ហាចំបង គឺមកពីភាពមិនប្រាកដប្រជា នៅក្នុងទីផ្សារមូលបត្ររបស់អាមេរិក។ ដូច្នេះ បញ្ហានេះនៅបន្តយូរកម្រិតណា គឺវាអាស្រ័យលើ សុខភាពទីផ្សារហិរញ្ញវត្ថុអាមេរិក។ ដរាបណា លោកដូណាល់ ត្រាំ នៅតែមានៈ ឈ្លោះគ្នាដោយ​ចំហរ ជាមួយធនាគារកណ្តាល ដោយគ្មានការជជែក រកដំណោះស្រាយ ក្នុងភាពស្ងប់ស្ងាត់​ទេនោះ នោះអ្នកវិនិយោគ នៅតែមិនទុកចិត្តដដែល។ តែបើនិយាយមួយបែបទៀត គឺថា ​នៅពីក្រោយការចេញមុខឈ្លោះ ជាមួយនឹងធនាគារកណ្តាលអាមេរិកនេះ យើងមិនដឹងថាតើ លោកដូណាល់ ត្រាំ មានបំណង ឬយុទ្ធសាស្ត្រអ្វីឲ្យពិតប្រាកដទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ