អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកស៊ី ជីនពីង ទៅទស្សនកិច្ចនៅព្យុងយ៉ាង ប្រជ្រៀតខ្លួននៅចន្លោះ​កូរ៉េខាងជើង និងអាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី​២០មិថុនា លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានទៅដល់រដ្ឋធានីព្យុងយ៉ាង សាធារណរដ្ឋប្រជាមានិត​កូរ៉េខាងជើង ដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ។ នេះគឺជាទស្សនកិច្ចដ៏កម្របំផុត ខណៈ​ដែល​ កូរ៉េខាងជើង កំពុងតែប្រឈមមុខជាមួយនឹងសហរដ្ឋអាមេរិក ទាក់ទិននឹងសំណុំរឿងនុយក្លេអ៊ែរ។ ជានិច្ចជាកាល ចិន តែងតែចេញមុខការពាររបបកូរ៉េខាងជើង​ ហើយចិន ក៏គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ របស់ប្រទេស​មួយនេះ ក្នុងខណៈដែលសហរដ្ឋអាមេរិក ក៏ដូចជាសហគមន៍អន្តរជាតិ នាំគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើកូរ៉េខាងជើង។

ទូរទស្សន៍ CCTV ផ្សាយ​រូបភាព​ជំនួប​​រវាង​លោក​ស៊ី ជីនពីង និង​​លោក​គីម ជុងអ៊ុន។ ហាងទំនិញ ក្នុង​ក្រុង​ប៉េកាំង ថ្ងៃទី​២០ មិថុនា ២០១៩
ទូរទស្សន៍ CCTV ផ្សាយ​រូបភាព​ជំនួប​​រវាង​លោក​ស៊ី ជីនពីង និង​​លោក​គីម ជុងអ៊ុន។ ហាងទំនិញ ក្នុង​ក្រុង​ប៉េកាំង ថ្ងៃទី​២០ មិថុនា ២០១៩ REUTERS/Jason Lee/File Photo
ផ្សាយពាណិជ្ជកម្ម

​មហាមិត្តចិន មិនបានទៅលេង១៤ឆ្នាំ

១៤ ឆ្នាំមកហើយ​ ដែលប្រធានាធិបតីចិន មិនបានទៅជាន់ដីទីក្រុងព្យុងយ៉ាង។ ទស្សនកិច្ច​របស់ លោកប្រធានាធិបតីស៊ី ជីនពីង នាពេលនេះ ទទួលបានការតាមដានខ្ពស់ណាស់់។ តែយ៉ាងណា អ្នកកាសែតបរទេស មិនត្រូវបានគេអនុញ្ញាត ឲ្យតាមដានផ្ទាល់ ឬក៏ទៅយកព័ត៌មាននេះទេ។ មានតែទូរទស្សន៍ CCTV របស់ចិនតែប៉ុណ្ណោះ ដែលមានសិទ្ធិចុះទៅផ្តិតរូបភាព​ នៃជំនួបរបស់លោកស៊ី ជីនពីង និងលោក គីម ជុងអ៊ុន នៅឯរដ្ឋធានីព្យុងយ៉ាង។

នៅក្នុងរូបភាពផ្សាយដោយ ទូរទស្សន៍CCTV យើងឃើញ តាមបណ្តោយមហាវិថីនៅព្យុងយ៉ាង មានដាក់ទង់ជាតិចិន យ៉ាងស្អេកស្កះ។ នៅព្រលានយន្តហោះវិញ មានក្រាលកំរាល​ព្រំក្រហម យ៉ាងវែងអន្លាយ។ អមដំណើរដោយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន លោកស៊ី ជីនពីង និងភរិយា បានទៅដល់ព្យុង​យ៉ាង នៅមុនពេលថ្ងៃត្រង់ ថ្ងៃទី​២០មិថុនា។ តែយ៉ាងណា ខ្លឹមសារនៃការនិយាយគ្នា រវាងលោក ស៊ី ជីនពីង និង គីម ជុងអ៊ុន គឺគេមិនបាន​ផ្សាយឲ្យដឹងទេ។

ចង់និយាយជាមួយកូរ៉េខាងជើង ត្រូវឆ្លងកាត់ចិនជាមុន

ទស្សនកិច្ចនេះ បានទទួលការតាមដានខ្ពស់ គឺដោយសារតែ បរិបទនយោបាយការបរទេស ក្នុងពេលនេះ។ កន្លងមក ចិន គឺជាមហាមិត្តដ៏សំខាន់ របស់កូរ៉េខាងជើង។ ក៏ប៉ុន្តែ បន្ទាប់ពីកូរ៉េខាងជើង បានសុខចិត្តចរចា ជាមួយអាមេរិក ស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរ យើងឃើញថា ចិន ហាក់ដូចជាឃ្លាតឆ្ងាយបន្តិច ពីកូរ៉េខាងជើង។

បើតាមការវិភាគ ការដែលលោកស៊ី ជីនពីង ទៅជួបជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នាពេលនេះ គឺដើម្បីបង្ហាញប្រាប់ទៅសហរដ្ឋអាមេរិកថា សំណុំរឿងនុយក្លេអ៊ែរ កូរ៉េខាងជើង មិនអាចដោះស្រាយចេញទេ បើសិនជា​គ្មានអន្តរាគមន៍ ពីចិនទេនោះ។ ចង់មិនចង់ កូរ៉េខាងជើង គឺជាអតីតកូនចៅរបស់ចិន ហើយនឹងនៅតែជាកូនចៅរបស់​ចិនជានិច្ច។ នេះគឺ​ជាសារដ៏សំខាន់ ដែលចិន ចង់ផ្ញើរទៅកាន់អាមេរិក ក៏ដូ​ចជាទៅកាន់​រុស្ស៊ី។

“មិត្តភាពចិន-កូរ៉េខាងជើង គ្មានអ្វីមកបំបែកបាន”

មុនទៅដល់ ព្យុងយ៉ាង កាសែត Rodong Sinmun របស់កូរ៉េខាងជើង បានចុះផ្សាយថា លោកស៊ី ជីនពីង បានធានាអះអាងថា មិត្តភាពរវាងចិន និងកូរ៉េខាងជើង មិនមានអ្វីមកអាចបំបែកបានជាដាច់ខាត។ កុំថាឡើយលុយរាប់ពាន់ម៉ឺនលានដុល្លារ។ សំដីនេះ គឺលោកស៊ី ជីនពីង ចង់សំដៅដោយផ្ទាល់ ទៅ​ដល់ការសន្យាអះអាងរបស់លោកដូណាល់ ត្រាំ ដែលបាន​អួតថា ឲ្យតែកូរ៉េខាងជើង សុខចិត្តធ្វើតាមគាត់ គាត់នឹងឲ្យអាមេរិក វិនិយោគសេដ្ឋកិច្ចនៅកូរ៉េខាងជើង ក្នុង​ទឹកប្រាក់រាប់ម៉ឺនលានដុល្លារ។

សម្តីលោកស៊ី ជីនពីននេះ គឺចំអកម្យ៉ាងទៀត ដល់លោកដូណាល់ ត្រាំ ដែលសន្យាតែខ្យល់រឿងអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េខាងជើង។ ការពិតជាក់ស្តែង ជាច្រើនទសវត្សមកនេះ អ្នកដែលជួយសេដ្ឋកិច្ចកូរ៉េខាងជើង គឺចិនឯណេះទេ។ រាល់ថ្ងៃនេះ ជំនួញប្រមាណ​៩០% គឺកូរ៉េខាងជើងធ្វើជាមួយចិន។ ដូច្នេះ ចិនគឺជាដង្ហើមសេដ្ឋកិច្ចសំខាន់ណាស់ របស់កូរ៉េខាងជើង។ ជាងនេះទៀត បើផ្អែកតាម​កាសែតកូរ៉េខាងត្បូង គឺចិន អាចមានគម្រោងផ្តល់ជំនួយស្បៀងអង្ករ ប្រមាណ​១សែនតោន ឲ្យកូរ៉េខាងជើង ព្រោះថាឆ្នាំនេះកូរ៉េខាងជើងប្រមូលទិន្នផលបានតិច ហើយត្រូវជាប់ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិ។

បើនិយាយពីមិត្តភាពរវាងចិន និងកូរ៉េខាងជើង គឺវាជាកេរតំណែលប្រវត្តិសាស្ត្រ និងមនោគមវិជ្ជានយោបាយ។ ចិន ជាអ្នកជួយការពាររបបកុម្មុយនីស្តកូរ៉េខាងជើង កាលពីជំនាន់សង្រ្គាមកូរ៉េ ឆ្នាំ១៩៥០ ដោយបានលើកទ័ពទៅជួយច្បាំង ទល់នឹងកងទ័ព​របស់អាមេរិក​។ ដូច្នេះ ជាប្រវត្តិសាស្ត្រ ចិន និងកូរ៉េខាងជើង មានសត្រូវរួមគ្នា គឺមហាអំណាចចក្រពត្តិអាមេរិក។

ប្រើសំណុំរឿងកូរ៉េខាងជើង ប្តូរយកសម្បទានក្នុងសំណុំរឿងពាណិជ្ជកម្ម​

កំឡុងពេលនេះ ចិនក៏កំពុងតែមានបញ្ហា វឹកវរនឹងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ វាអាចដែរ ដែលថា លោក ស៊ី ជីនពីង ចង់ ប្រើយុទ្ធសាស្ត្រនេះ ដើម្បីទទួល​បាននូវសម្បទានខ្លះ ពីសំណាក់ លោកដូណាល់ ត្រាំ ទាក់ទិននឹងបញ្ហាសង្រ្គាមពាណិជ្ជកម្ម។ នៅសប្តាហ៍ក្រោយនេះ តាមការគ្រោងទុក លោកស៊ី ជីនពីង និងជួបលោក​ដូណាល់ ត្រាំ នៅក្នុងជំនួបកំពូល ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 នៅប្រទេសជប៉ុន។ ដូច្នេះ កាលបរិច្ឆេទនេះ វាហាក់ដូចជាជួនគ្នាដែរ។

លោក Ryu Yongwook អ្នកវិភាគ​ទំនាក់ទំនងអន្តរជាតិម្នាក់ នៅសកលវិទ្យាល័យសិង្ហបុរី បានលើកឡើងថា បើចិនជួយបញ្ចុះបញ្ចូលកូរ៉េខាងជើង ឲ្យរំសាយកម្មវិធីនុយក្លេអ៊ែរ ដោយ​ទទេៗ នោះគឺប្រៀបបីដូចជាចិន​ ធ្វើកាដូឲ្យលោកដូណាល់ ត្រាំ ដោយឥតគិតថ្លៃ។ ដូច្នេះ ចិនមិនចង់ធ្វើទេ បើខ្លួនមិនបានអ្វីមកវិញខ្លះ។

សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង ការចរចារវាងកូរ៉េខាងជើង និងអាមេរិក នៅជាប់គាំងទាំងស្រុង ដែលរដ្ឋបាលរបស់លោកដូណាល់ ត្រាំ មិនទាន់រកផ្លូវចេញបានទេ។ ដូច្នេះ បើចិនលូកដៃ ចូលមកជួយបើកផ្លូវ គឺទាល់តែអាមេរិក ផ្តល់ការចំណេញខ្លះដល់ចិន។ ម្លោះហើយ ការធ្វើសម្បទានពីសំណាក់លោកដូណាល់ ត្រាំ ជុំវិញសង្រ្គាមពាណិជ្ជកម្មជាមួយចិននេះ គឺអាចជាកម្មវត្ថុមួយដែរ ដែលលោកស៊ី ជីនពីង ចង់បាន។

បើវិភាគឲ្យមែនទែនទៅ ចិន ក៏ចង់ឲ្យកូរ៉េខាងជើង រំសាយកម្មវិធីនុយក្លេអ៊ែរដែរ។ តែចិន ចង់ឲ្យកូរ៉េខាងជើង ធ្វើដោយផ្អែកលើផលប្រយោជន៍របស់ចិន។ ពោលគឺបើកផ្លូវអភិវឌ្ឍន៍​​សេដ្ឋកិច្ច វិនិយោគ ដែលក្រុមហ៊ុនចិនជាអ្នកធ្វើ។ មិនមែនបើកផ្លូវសេដ្ឋកិច្ច បែបកូរ៉េខាងត្បូង ដែលក្រុមហ៊ុនអាមេរិក ឬអឺរ៉ុបជាអ្នកវិនិយោគនោះទេ។ ដូច្នេះ ការដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីកូរ៉េខាងជើង ចិនក៏ចង់បានដែរ ព្រោះថាចិននឹងមានឱកាសពេញមុខ ក្នុងការធ្វើជំនួញជាមួយកូរ៉េខាងជើង មិនចាំបាច់លួចលាក់ ដូចពេលកន្លងមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ