ប្រជាជនហុងកុង ធ្វើបាតុកម្មបរិហាររបបផ្តាច់ការចិន នៅថ្ងៃបុណ្យជាតិចិន
កាលពីថ្ងៃអាទិត្យទី ១ តុលា ម្សិលមិញ គឺជាថ្ងៃបុណ្យជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន។ ឆ្លៀតឱកាសនេះ ប្រជាជនហុងកុង បានជួបជុំគ្នាដង្ហែរក្បួនបាតុកម្ម ដើម្បីបរិហារអំពីនយោបាយផ្តាច់ការ របស់រដ្ឋាភិបាលកុម្មុនីស្តិចិនប៉េកាំង មកលើដែនដីស្វយ័តហុងកុង។ បាតុកម្មនេះ ធ្វើឡើងក៏ដើម្បីប្រឆាំង និងការកាត់ទោសសកម្មជនប្រជាធិបតេយ្យហុងកុង ៣រូប ដែលត្រូវបានតុលាការផ្តាន្ទាទោសជាប់ពន្ធនាគារ កាលពីខែសីហាកន្លងទៅ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៦
ដើម្បីអបអរបុណ្យជាតិ នៃសាធារណៈរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃអាទិត្យ លោកស្រី ការី ឡាំ ដែលទើបតែក្លាយជាប្រមុខរដ្ឋាភិបាលដែនដីហុងកុង កាលពីខែកក្កដា បានថ្លែងសន្ទរកថាអំពាវនាវ ឲ្យប្រជាជនហុងកុង ត្រូវរួបរួមគ្នា ក្រោមដំបូលរដ្ឋាភិបាលចិនតែមួយ ដើម្បីកសាងអភិវឌ្ឍន៍ ឲ្យហុងកុងកាន់តែរឹងមាំ អស្ចារ្យ តទៅទៀត។
ទន្ទឹមគ្នានេះ នៅរសៀលថ្ងៃដដែល មានក្បួនបាតុកម្មដ៏ធំ បានរៀបចំឡើងដោយយុវជនហុងកុង ដើម្បីបរិហារអំពីអំណាចផ្តាច់ការរបស់រដ្ឋាភិបាលចិនប៉េកាំងនេះតែម្តង។ កំរាស់នៃសិទ្ធិសេរីភាព របស់ប្រជាជនហុងកុង កាន់តែរិចរិល ស្តើងទៅៗ ដោយសារគោលនយោបាយកាន់តែផ្តាច់ការ របស់រដ្ឋាភិបាលចិនកុម្មនីស្តិប៉េកាំង។ នេះគឺជាការស្រែកតវ៉ា របស់សកម្មជនប្រជាធិបតេយ្យហុងកុង ដែលបានមកជួបជុំគ្នា ប្រមាណជា៥ពាន់នាក់ កាលពីថ្ងៃអាទិត្យទី ១ តុលា។
ក្រុមបាតុករហុងកុង ហៅការជួបជុំនេះថា ជាការរួបរួមគ្នា ប្រឆាំងនឹងរបបដឹកនាំផ្តាច់ការ។ បាតុករម្នាក់ បានប្រាប់អ្នកយកព័ត៌មានបារាំងថា របបផ្តាច់ការ មានពិតជាក់ស្តែងហើយក្នុងសង្គមហុងកុង ដែលនេះគឺជាចេតនារបស់បក្សកុម្មុយនីស្តិចិន។ លោក Benny Tai បាតុករម្នាក់ ដែលជាសាស្ត្រាចារ្យច្បាប់ បានលើកឡើងថា កម្មវត្ថុនៃបាតុកម្មនាពេលនេះ គឺដើម្បីពញ្ញាក់ស្មារតីរបស់ប្រជាជនហុងកុងទូទៅ ឲ្យភ្លឺភ្នែក យល់អំពីការពិតជាក់ស្តែង ដែលកើតមានឡើង ក្នុងសង្គមហុងកុង។
និស្សិត វ័យ២១ឆ្នាំម្នាក់ បានថ្លែងថា កណ្តាប់ដៃដែករបស់បក្សកុម្មនីស្តិប៉េកាំង ដែលប្រើមកបំបិតសិទ្ធិសេរីភាពរបស់ប្រជាជនហុងកុង កាន់តែខ្លាំងទៅៗ គឺនឹងរុញទឹកចិត្តប្រជាជនហុងកុង ឲ្យកាន់តែពុះកញ្ជ្រោលតវ៉ា។ តែយ៉ាងណា ស្ត្រីវ័យ ៦៤ឆ្នាំ ដែលមកចូលរួមបាតុកម្មដែរ បាននិយាយថា គាត់គ្មានសង្ឃឹមថា ក្មេងៗសិស្សនិស្សិតទាំងនេះ អាចមានអ្វី យកទៅតទល់ជាមួយ បក្សកុម្មុយនីស្តិដ៏ធំមហិមា នោះបានទេ។ តែបើទោះជាគ្មានសង្ឃឹម ក៏គាត់មកចូលរួមបាតុកម្ម ដើម្បីសម្តែងមតិ និងសាមគ្គីជាមួយយុវជនក្មេងៗ ដែរ។
គួររំលឹកដែរថា កាលពីឆ្នាំ២០១៤ ចលនាបាតុកម្មរបស់យុវជនប្រជាធិបតេយ្យហុងកុង អស់រយៈពេលដល់ទៅ១១សប្តាហ៍ បានធ្វើឲ្យល្បីរន្ទឺ ដល់មតិសាធារណអន្តរជាតិ។ សកម្មជនហុងកុង ៣រូប ត្រូវបានតុលាការហុងកុង សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កាលពីខែសីហាកន្លងទៅ។ ថ្វីបើ មេដឹកនាំចលនានេះ កំពុងស្ថិតក្នុងឃុំ តែយុវជនហុងកុង នៅតែបន្តធ្វើបាតុកម្មជារឿយៗ ដើម្បីទាមទារ ឲ្យក្រុងប៉េកាំង គោរពសិទ្ធិស្វយ័ត របស់ដែនដីហុងកុង មានជាអាថទិ៍ គឺសិទ្ធិបោះឆ្នោតជ្រើសរើសមេដឹកនាំហុងកុង ដោយសេរី តាមបែបប្រជាធិបតេយ្យពេញលេញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ