ហុងកុង៖ មហាបាតុកម្ម បានបង្ខំឲ្យសភាហុងកុង លើកការប្រជុំពិភាក្សា លើច្បាប់បត្យាប័ន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៥៣
នៅថ្ងៃពុធ ទី១២មិថុនានេះ សភាហុងកុង បានសម្រេចលើកការប្រជុំពិភាក្សា លើច្បាប់បត្យាប័ន បន្ទាប់ពីប្រជាជនហុងកុង បានធ្វើបាតុកម្មបិទផ្លូវ និងទីសាធារណៈសឹងតែទាំងស្រុង។ សូមបញ្ជាក់ថា ប្រជាជនហុងកុង ក្មេងចាស់ប្រុសស្រី ប្រមាណ១លាននាក់ ដែលបានចូលរួមបាតុកម្មនេះ បានប្តេជ្ញាប្រឆាំងទៅនឹងការអនុម័តច្បាប់ថ្មីមួយ ដែលជាច្បាប់អនុញ្ញាតិឲ្យមានការធ្វើបត្យាប័ន ផ្ទេរជនជាប់ចោទ ពីហុងកុង ទៅកាន់ទឹកដីផ្សេង ក្នុងនោះមានចិនដីគោក តៃវ៉ាន់ និងម៉ាកាវ។ សម្រាប់ប្រជាជនហុងកុង ច្បាប់ថ្មីនេះ នឹងរំលាយឯករាជភាព នៃប្រព័ន្ធយុត្តិធម៌ហុងកុង ហើយថាច្បាប់នេះ គ្រាន់តែជាអាវុធ ដែលចិនប៉េកាំងប្រើ ដើម្បីតាមចាប់អ្នកណា ដែលខ្លួនចង់ចាប់តែប៉ុណ្ណោះ។
សភាហុងកុងលើកការប្រជុំ ដោយគ្មានកាលកំណត់
កម្លាំងសាមគ្គី របស់ប្រជាជនហុងកុង ក្មេងចាស់ប្រុសស្រី ប្រមាណ១លាននាក់ ដែលបានធ្វើបាតុកម្ម ៤ថ្ងៃមកនេះ ហាក់បានហុចផ្លែផ្កាហើយ។ កាលពីថ្ងៃអាទិត្យ ទី៩មិថុនា ប្រជាជនហុងកុង បានចាប់ផ្តើមធ្វើបាតុកម្ម ដើម្បីប្រឆាំងនឹងការប្រជុំពិភាក្សា លើសេចក្តីព្រាងច្បាប់ស្តីពីបត្យាប័ន ដែលសភាហុងកុងគ្រោងបើកការប្រជុំកាលពីថ្ងៃចន្ទទី១០មិថុនា។
នៅថ្ងៃពុធទី១២មិថុនា សភាហុងកុងក៏គ្រោងបើកការប្រជុំពិភាក្សា ជាលើកទី២ លើអត្ថបទនៃសេចក្តីព្រាងច្បាប់នេះដែរ។ ក៏ប៉ុន្តែ នៅឯខាងក្រៅ ឯណោះ នៅតាមផ្លូវធំៗ ទីលានខាងមុខសភាហុងកុង ប្រជាជនហុងកុងរាប់ម៉ឺននាក់ ភាគច្រើន ស្លៀកខ្មៅពាក់ខ្មៅ មានក្មេងមានចាស់ អ្នកខ្លះមកទាំងគ្រួសារតែម្តង ដើម្បីបង្ហាញពីការកើតទុកមិនសុខចិត្តរបស់ពួកគេ។ កណ្តាលក្រុងហុងកុងទាំងមូល សឹងតែត្រូវរាំងខ្ទប់ទាំងស្រុង។ ហាងទំនិញ ភោជនីយដ្ឋានជាច្រើនបានបិទទ្វារ ជាសញ្ញាគាំទ្រ ដល់ក្រុមបាតុករ។
កំឡុងពេល ដែលអាជ្ញាធរសមត្ថកិច្ច កំពុងប្រឈមមុខខ្លាំង ជាមួយនឹងក្រុមបាតុករ នៅរសៀលថ្ងៃពុធ ស្រាប់តែបណ្តាញព័ត៌មានហុងកុង បានផ្សព្វផ្សាយថា ប្រធានសភាហុងកុង បានសម្រេចមិនបើកសម័យប្រជុំពិភាក្សា លើអត្ថបទសេចក្តីព្រាងច្បាប់នេះទេ ដោយលើកពេលប្រជុំ ទៅថ្ងៃក្រោយ ដោយពុំមានកាលបរិច្ឆេទកំណត់។ ដូច្នេះ យើងអាចនិយាយបានថា ការដកថយមួយជំហាន របស់សភាហុងកុងនេះ គឺដោយសារកម្លាំងបាតុកម្មក៏ខ្លាំងក្លា របស់ប្រជាជនហុងកុង។
“ច្បាប់បត្យាប័ន គឺជាអាវុធរបស់ចិនដីគោក ក្នុងការតាមចាប់អ្នកប្រឆាំងនៅហុងកុង”
សម្រាប់ហុងកុង ដែលមានប្រជាជនប្រមាណ៧លាននាក់ ការធ្វើបាតុកម្មដែលមានមនុស្សចូលរួមដល់ទៅ១លាននាក់បែបនេះ គឺជារឿងកម្រណាស់។ បាតុកម្មនេះជាមហាបាតុកម្ម ដែលពុំមាននរណានឹកស្មានដល់ទេ សូម្បីតែអាជ្ញាធរហុងកុងខ្លួនឯង ក៏មិនបាននឹកស្មានដល់ដែរ។
សេចក្តីព្រាងច្បាប់ស្តីពីបត្យាប័ននេះ គឺមានការបកស្រាយ២ខុសគ្នា មួយពីខាងរដ្ឋបាលហុងកុង ដែលជាអ្នករៀបចំតាក់តែងអត្ថបទច្បាប់នេះ និងម្ខាងទៀត គឺប្រជាជនហុងកុង ដោយមានការគាំទ្រ ពីគណបក្សប្រជាធិបតេយ្យនិយម ដែលជាគណបក្សប្រឆាំង។
លោកស្រី Carrie Lam ប្រធានរដ្ឋបាលហុងកុង និងជាអ្នកការពារសេចក្តីព្រាងច្បាប់នេះ បានអះអាងថា ច្បាប់បត្យាប័ននេះ គឺជាច្បាប់ដែលនឹងបិទបញ្ចប់ ចំណុចប្រហោងគតិយុត្តិ ដែលហុងកុងមានរាប់ឆ្នាំមកហើយ។ ហុងកុង ពុំមានច្បាប់ធ្វើបត្យាប័ន ជាមួយនឹងចិនដីគោក តៃវ៉ាន់ និងម៉ាកាវទេ។ ប្រការនេះ បានធ្វើឲ្យហុកកុង ក្លាយជាជង្រុកលាក់ខ្លួនពួនសំងំ របស់ជនទុច្ចរិតមួយចំនួន ព្រោះអាងថាតុលាការហុងកុង នឹងមិនបញ្ជូនពួកគេ តាមរយៈការធ្វើបត្យាប័នទេ។
ក៏ប៉ុន្តែ សម្រាប់បក្សប្រឆាំង ក៏ដូចជាប្រជាជនហុងកុង ដែលបានធ្វើបាតុកម្ម គឺពួកគេយល់ថា ច្បាប់បត្យាប័ននេះ គ្រាន់តែជាលេសរបស់អំណាចចិនប៉េកាំង ក្នុងការបង្រ្កាបសម្លេងប្រឆាំងតវ៉ា នៅហុងកុងតែប៉ុណ្ណោះ។ ពួកគេគិតថា ច្បាប់បត្យាប័ននេះ នឹងធ្វើឲ្យរលំរលាយ នូវឯករាជភាពនៃប្រព័ន្ធយុត្តិធម៌ហុងកុង។
ប្រជាជនហុងកុង គិតថា បើតុលាការចិនដីគោក អាចទាមទារឲ្យតុលាការហុងកុង ធ្វើបត្យាប័ន បញ្ជូនជនជាប់ចោទ នរណាក៏ដោយឲ្យតែគេទាមទារ នោះមានន័យថា ចិនដីគោក អាចចាប់អ្នកនយោបាយប្រឆាំង សកម្មជនសិទ្ធមនុស្ស អ្នកកាសែត អ្នកនិពន្ធ សិល្បៈករ និងមនុស្សសាមញ្ញទាំងអស់ ដែលរស់នៅហុងកុង ហើយបញ្ជូនខ្លួនទៅចិនដីគោក។ គឺត្រង់ចំណុចនេះហើយ ដែលបានជំរុញ ឲ្យប្រជាជនហុងកុង ចេញធ្វើបាតុកម្មភ្លូកទឹកភ្លូដីបែបនេះ។
ស្ត្រីបាតុករម្នាក់ ឈ្មោះ Pensy Tsoi បានលើកឡើងថា គាត់ចាស់ហើយគាត់មិនខ្វល់នឹងខ្លួនគាត់ប៉ុន្មានទេ តែអ្វីដែលគាត់បារម្ភ គឺអនាគតក្មេងជំនាន់ក្រោយនៅហុងកុង។ គាត់ថា បើប្រជាជនហុងកុង មិនងើបប្រឆាំងពេលនេះទេ ថ្ងៃមុខកូនចៅជំនាន់ក្រោយ នឹងរស់នៅក្រោមគំនៀបផ្តាច់ការ របស់ចិនកុម្មុយនីស្តប៉េកាំង។ ជាងនេះទៀត នរណាក៏ដឹងដែរ ថាប្រព័ន្ធតុលាការចិនដីគោក មិនខ្វល់ខ្វាយរឿងគោរពសិទ្ធិមនុស្សឡើយ។
“បញ្ជូនជនជាប់ចោទឲ្យអាជ្ញាធរចិន ដូចយកសាច់ទៅផ្ញើមាត់ខ្លា”
អ្នកតវ៉ាប្រឆាំង បានលើកឡើងថា តុលាការចិនដីគោក មិនគោរពសិទ្ធិមនុស្សទេ។ បើសិន ជាមានច្បាប់បត្យាប័នជាមួយហុងកុង មានន័យថា ហុងកុងនឹងបញ្ជូនមនុស្ស ទៅឲ្យអាជ្ញាធរចិន ដែលវាហាក់ដូច ជាយកសាច់ទៅផ្ញើនឹងមាត់ខ្លា។ ឆ្លើយតបនឹងការព្រួយបារម្ភនេះ សភាហុងកុង បានធ្វើការកែប្រែខ្លឹមសារខ្លះ ដោយបានរំកិលបទល្មើសដែលអាចធ្វើបត្យាប័នបាន ពីបទព្រហ្មទណ្ឌចាប់ពីទោស៣ឆ្នាំ ឲ្យឡើងដល់៧ឆ្នាំ។
មួយទៀតនោះ គេបានបន្ថែមមាត្រាមួយ ដោយសរសេរយ៉ាងច្បាស់ថា បើក្នុងករណីធ្វើបត្យាប័ន គឺប្រព័ន្ធយុត្តិធម៌ដែលស្នើសុំបត្យាប័ន មានកាតព្វកិច្ចធានាឲ្យបាន នូវការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន របស់ជនជាប់ចោទ។
មាត្រានេះចែងច្បាស់មែនហើយ តែសួរថា ចុះបើតុលាការចិន មិនគោរពសិទ្ធិមនុស្សជាមូលដ្ឋានរបស់ជនជាប់ចោទ តើប្រព័ន្ធយុត្តិធម៌ហុងកុង ឬក៏រដ្ឋបាលហុងកុង អាចសិទ្ធិធ្វើអី្វបាន? នេះជាសំណួរមួយ ដែលក្រុមបាតុករចោទសួរ។ ក្រុមបាតុករលើកឡើងថា ច្បាប់នេះបានត្រឹមតែដាក់កំហិត តែការពិតជាក់ស្តែង តែប្រគល់ជនជាប់ចោទ ទៅឲ្យខាងចិនដីគោកហើយ គឺគេអាចយកទៅធ្វើអ្វីក៏បានដែរ!
ប្រជាជនហុងកុង ប្តេជ្ញាចិត្តខ្លាំង!
ប្រជាជនហុងកុង មានទំលាប់ មិនឱនក្បាលខ្លាច របបចិនប៉េកាំងទេ។ ពីមុនមក បាតុកម្មរបស់ប្រជាជនហុងកុង ធ្លាប់បានជោគជ័យ ធ្វើឲ្យរដ្ឋបាលហុងកុង ដែលស្ថិតក្រោមបង្គាប់ប៉េកាំង រាថយខ្លះដែរ។ ជាក់ស្តែងកាលពីឆ្នាំ២០០៣ ទាក់ទិននឹងច្បាប់ទប់ស្កាត់នឹងសកម្មភាពប្រឆាំងចិន នៅហុងកុង។ ក្រោយមកនៅឆ្នាំ២០១២ ប្រជាជនហុងកុង បានទាមទារបានសម្រេច មិនឲ្យគេបញ្ចូលទៅក្នុងកម្មវិធីសិក្សា នូវមុខវិជ្ជាស្នេហាជាតិនិយមជ្រុល ដែលលើកសរសើរតែពីរបបចិនកុម្មុយនីស្តប៉េកាំង។
តែកាលពីឆ្នាំ២០១៤ មហាបាតុកម្មឆ័ត្រលឿង ដែលទាមទារឲ្យមានការបោះឆ្នោតជាសកលនិងផ្ទាល់ ដើម្បីជ្រើសរើសអភិបាលកោះហុងកុងនោះ បានបិទបញ្ចប់ដោយបរាជ័យ ហើយមេបាតុករមួយចំនួន ត្រូវបានគេចាប់ខ្លួន។ សម្រាប់លើកនេះ យើងមិនអាចស្មានបានទេ ថាបាតុកម្មលើកនេះ នឹងក្លាយទៅជាយ៉ាងណា។
ទោះយ៉ាងនេះក្តី ជាមួយនឹងសន្ទុះនៃការចូលរួមរបស់ប្រជាជន៤ ថ្ងៃមកនេះ យើងសង្កេតឃើញថា ប្រជាជនហុងកុងមានការប្តេជ្ញាចិត្តខ្ពស់។ មហាបាតុកម្មដ៏ធំ អូសបន្លាយពេលយូរ ដូចឆ្នាំ២០១៤ អាចនឹងកើតមាន ហើយធំជាងមុនផង បើសិនជារដ្ឋាបាលហុងកុង នៅតែចង់ឈ្នះ។ លោក Lee Wing-Tat អតីតប្រធានគណបក្សប្រជាធិបតេយ្យ បានលើកឡើងថា ប្រជាជនហុងកុងមិនអាចអត់ទ្រាំបានទេ។ តែគាត់ក៏បារម្ភដែរ ថានឹងអាចមានការប៉ះទង្គិចដោយហិង្សា រវាងបាតុករនិងអាជ្ញាធរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ