អានតួអត្ថបទ
ហុងកុង-សិទ្ធិមនុស្ស

ស្រ្តី​ធ្វើការ​តាម​ផ្ទះ​រាប់ម៉ឺន​នាក់​នៅ​ហុងកុង ​ត្រូវ​គេ​ជិះជាន់​ជា​ទាសករ

ស្រ្តី​បរទេស ​ ដែល​ធ្វើការ​បំរើ​តាម​ផ្ទះនៅ​ហុងកុង ​ជាច្រើន​ម៉ឺន​នាក់ ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក ​ ដោយ​ត្រូវ​ថៅកែ​បំបិទ​សិទ្ធិ​សេរីភាព ​និង​ចាប់​បង្ខំ​ឲ្យ​ធ្វើការ​ដូច​ជា​ទាសករ។ ​នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ ​ ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌​នៅ​ហុងកុង​ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ធ្វើការ​ឃ្លាំមើល​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ហុងកុង។ ហុងកុង ​គ្រាន់តែ​ជា​ករណី​មួយ​ ក្នុង​ចំណោម​ករណី​ជា​ច្រើន​ទៀត ​ ដូច​ជា​ម៉ាឡេស៊ី​ តៃវ៉ាន់​ និង​កូរ៉េ​ខាង​ត្បូង​ជាដើម ​ដែល​មាន​កម្មករ​កម្មការិនី ​ជាច្រើន​ម៉ឺន​នាក់ ​មក​ពីតាម​ប្រទេស​ក្រីក្រ ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ស្ត្រីអ្នកបំរើជនជាតិឥណ្ឌូណេស៊ី ឈ្មោះ​ Erwiana Sulistyaningsih ដែល​ត្រូវ​ថៅ​កែ​​ចិន​ហុងកុង​ ធ្វើទារុណកម្ម
ស្ត្រីអ្នកបំរើជនជាតិឥណ្ឌូណេស៊ី ឈ្មោះ​ Erwiana Sulistyaningsih ដែល​ត្រូវ​ថៅ​កែ​​ចិន​ហុងកុង​ ធ្វើទារុណកម្ម DR 中文网络照片
ផ្សាយពាណិជ្ជកម្ម

យ៉ាង​ហោច​ណាស់​ មាន​ស្ត្រី​បំរើ​តាម​ផ្ទះ​ចំនួន​ ៥ម៉ឺននាក់ ​ក្នុង​ចំណោម​ទាំងអស់​៣សែន​នាក់ ​ ដែល​កំពុង​ធ្វើ​ការនៅ​តាម​ផ្ទះ​ប្រជាជន​ចិន​ហុងកុង ​ ត្រូវ​បាន​គេ​ប្រើ​ជិះជាន់​ប្រៀប​បាន​នឹង​ទាសករ។ ក្នុង​ចំណោម​ស្ត្រី​រងគ្រោះ​ទាំង​នោះ ​ភាគច្រើន​ ​ជា​ស្ត្រី​ជនជាតិ​ហ្វីលីពីន ​និង​ជន​ជាតិ​ឥណ្ឌូណេស៊ី។ របាយការណ៍​របស់​មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌​នៅ​ហុងកុង​ (www.justicecentre.org.hk) ​បាន​បង្ហាញ​ទៀត​ថា ​ ក្នុង​ចំណោម​ស្ត្រី​បំរើ​តាម​ផ្ទះ​ទាំងអស់​នេះ ​ ​គឺ​មាន​១៤% ​ត្រូវបាន​គេ​លក់​បញ្ជូន​ពី​ប្រទេស​ដើម ​ តាម​រយៈ​ក្រុមហ៊ុន​ជួញដូរ​មនុស្ស​ខុស​ច្បាប់។

 
ការ​ចាប់​បង្ខំ​ឲ្យ​ធ្វើការ ​ដែល​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​ ត្រូវ​បាន​របាយការណ៍​នេះ​ពន្យល់​ថា ​គឺ​ជា​ករណី​ដែល​អ្នក​ធ្វើការ​ម្នាក់​ត្រូវគេ​ចាប់​បង្ខំ ​បញ្ជូន​ឲ្យ​ទៅ​ធ្វើការ ​ដែល​ពួក​គេ​គ្មាន​សិទ្ធិ​ជ្រើសរើស ​ហើយ​គ្មាន​សិទ្ធិ​ឈប់​សំរាក​ទៅ​តាម​ការ​កំណត់​របស់​ច្បាប់។ របាយការណ៍​ដែល​បាន​ធ្វើ​តាម​រយៈ​បទ​សម្ភាសន៍ ​ជាមួយ​ស្ត្រី​រងគ្រោះ​ប្រមាណ​ជា​១០០០​នាក់ ​បាន​បង្ហាញ​ផងដែរ​ថា ​ ការ​ជិះជាន់​ចាប់​បង្ខំ ​មិនមែន​ជា​ទារុណកម្ម​ ដែល​ធ្វើឡើង​ត្រឹមតែ​ទៅ​លើ​រូបរាង​កាយ​ប៉ុណ្ណោះទេ​ ​តែ​វា​ក៏​ជា​ទារុណកម្ម​ ទៅ​លើ​ផ្លូវចិត្ត​ សតិ​អារម្មណ៍​របស់​ស្រី្ត​រងគ្រោះ​ទាំង​នោះ ​យ៉ាង​ធ្ងន់ធ្ងរ​ទៀត​ផង។

យោងតាម​របាយការណ៍​ដដែល​បាន​បង្ហាញ​ថា ​ស្រ្តី​បំរើ​តាម​ផ្ទះ​នៅ​ហុងកុង ​ ត្រូវ​ថៅកែ​បង្ខំ​ឲ្យ​ធ្វើ​ការ​ មួយ​សប្តាហ៍​៧០​ម៉ោង ​ជា​ទូទៅ ​ដោយ​គ្មាន​សិទ្ធិ​ឈប់​សម្រាក​សូម្បីតែ​មួយ​ថ្ងៃ ​ដូច​ដែល​ច្បាប់​នៅ​ហុងកុង​បាន​កំណត់​ទេ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ​ពួក​ថៅកែ ​បាន​ដក​ហូត​យក​លិខិត​ឆ្លងដែន​របស់​កម្មការិនី​ ដើម្បី​ចាប់​បង្ខំ​មិន​ឲ្យ​ស្ត្រី​ទាំងនោះ​រត់​គេច​។ លោកស្រី ​Piya Muqit ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌ ​នៅ​ហុងកុង​បាន​អំពាវនាវ​ ​ថា​រដ្ឋបាល​ក្រុង​ហុងកុង​ ត្រូវ​ទទួល​ស្គាល់​ចំណុច​អវិជ្ជមាន ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​នេះ។ អាជ្ញាធរ​ត្រូវ​រិត​បន្តិង​ការ​អនុវត្ត​ច្បាប់ ​និង​សើររើ​ច្បាប់​មួយ​ចំនួន​ចោល ​ដើម្បី​ធានា​ការពារ​ដល់​ស្រី្ត​រងគ្រោះ។

ខាងឆ្វេង អ្នកបំរើជនជាតិឥណ្ឌូណេស៊ី ឈ្មោះ Erwiana និងខាងស្តាំ គឺថៅកែ​ចិត្ត​​អប្រិយ​​ជនជាតិ​​​ហុងកុង​ដែល​​​បាន​ធ្វើ​​ទារុណកម្ម​​នាង
ខាងឆ្វេង អ្នកបំរើជនជាតិឥណ្ឌូណេស៊ី ឈ្មោះ Erwiana និងខាងស្តាំ គឺថៅកែ​ចិត្ត​​អប្រិយ​​ជនជាតិ​​​ហុងកុង​ដែល​​​បាន​ធ្វើ​​ទារុណកម្ម​​នាង 网络DR

គួរ​រំលឹក​ផង​ដែរ​ថា ​ ករណី​ស្ត្រី​អ្នក​បំរើ​ជនជាតិ​ឥណ្ឌូណេស៊ី ​ឈ្មោះ ​Erwiana Sulistyaningsih  ​ដែល​ត្រូវ​បាន​ថៅកែ​ចិន​ហុងកុង​វាយ​ដំ​ ធ្វើបាប​យ៉ាង​ព្រៃផ្សៃ ​ត្រូវ​បាន​ធ្វើ​ឲ្យ​មតិ​មហាជន ​ជា​ពិសេស​តាម​បណ្តាញ​អ៊ីនធើណែត ​ទូទាំង​ពិភពលោក ​មាន​ការ​អាណិត​អាសូរ​ ព្រមទាំង​ធ្វើ​ការ​តវ៉ា​ដើម្បី​រក​យុត្តិធម៌​ជូន​ស្ត្រី​រងគ្រោះ។ ស្តី្រ​ជនជាតិ​ហុងកុង​ ដែល​ជា​ថៅកែ​នោះ ​ត្រូវ​បាន​តុលាការ​ហុងកុង ​កាត់ទោស​ដាក់​ពន្ធនាគារ​រយៈពេល​៦ឆ្នាំ។

ដោយឡែក ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៥ ​របាយការណ៍​មួយ​របស់​អង្គការ​សហប្រជាជាតិ​បាន​ថ្កោលទោស​រដ្ឋាភិបាល​ហុងកុង​ផងដែរ ​ទាក់ទិន​ទៅ​នឹង​ករណី​ធ្វើ​ទារុណកម្ម​ទៅ​លើ​ស្រី្ត​អ្នក​បំរើ​តាម​ផ្ទះ។ អង្គការ​សហប្រជាជាតិ​បាន​ទាមទារ​ ឲ្យ​អាជ្ញាធរ​ហុងកុង ​ចាត់​វិធានការ​អនុវត្ត​ច្បាប់​ដើម្បី​ការពារ​ជន​រងគ្រោះ ​និង​ផ្តល់​ជំនួយ​ផ្លូវច្បាប់​ដល់​អ្នក​រងគ្រោះ​ទាំងនោះ។ មួយវិញ​ទៀត​ ក្រុមហ៊ុន​រឺ​បណ្តាញ​បញ្ជូន​កម្មករ​បរទេស​មក​ធ្វើការ​នៅ​ហុងកុង ​ ត្រូវតែ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឲ្យបាន​តឹងរឹង។ របាយការណ៍​ជាច្រើន​បង្ហាញ​ថា ​បណ្តាញ​ជួញដូរ​មនុស្ស ​ដែល​រៀបចំ​ប្រទាក់​ក្រឡា​ពី​ប្រទេស​ដើម​ រហូត​ដល់​ហុងកុង ​បាន​ធ្វើ​គំនៀប​លើ​ស្រ្តី​រងគ្រោះ ​ដែល​ត្រូវ​ជាប់​ជំពាក់​បំណុល​ក្រុមហ៊ុន​ទុច្ចរិត​ទាំង​នោះ ​ដោះ​ខ្លួន​មិន​រួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ