អានតួអត្ថបទ

ហុងកុង៖ អតីតបុគ្គលិក​កុងស៊ុល​អង់គ្លេស​ម្នាក់ អះអាងថា​ចារកិច្ច​ចិន​បាន​ធ្វើ​ទារុណកម្ម​​សួរ​ចម្លើយ

អតីតបុគ្គលិកស្ថានកុងស៊ុលអង់គ្លេសប្រចាំនៅហុងកុងម្នាក់ ឈ្មោះ Simon Cheng ដែលបានបាត់ខ្លួនជាច្រើនថ្ងៃ កាលពីខែសីហា បានចេញមុខអះអាង នៅលើទំព័រFacebookថា លោក​ត្រូវបានក្រុមចារកិច្ចចិនចាប់ខ្លួន ហើយបានធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ ដើម្បីសួរចម្លើយទាក់ទិនបញ្ហាវិបត្តិនៅហុងកុង។ ក្រោយដំណឹងនេះ រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន BBC ថាលោកបានកោះអញ្ជើញឲ្យអគ្គរដ្ឋទូតចិន​ មកបំភ្លឺជុំវិញបញ្ហានេះ។

ស្រ្តី​ហុងកុងម្នាក់ លើកបដា រូបលោក Simon Cheng ក្រោយបាត់ខ្លួន​មួយថ្ងៃ។ ថ្ងៃទី​ ៩ សីហា ២០១៩​
ស្រ្តី​ហុងកុងម្នាក់ លើកបដា រូបលោក Simon Cheng ក្រោយបាត់ខ្លួន​មួយថ្ងៃ។ ថ្ងៃទី​ ៩ សីហា ២០១៩​ REUTERS/Willy Kurniawan
ផ្សាយពាណិជ្ជកម្ម

នៅលើទំព័រ Facebook របស់ខ្លួន លោក Simon Cheng អតីតបុគ្គលិកស្ថានកុងស៊ុល​អង់គ្លេស ប្រចាំនៅហុងកុង បានសរសេរថា លោកត្រូវបានសមត្ថកិច្ចចិន​ចាប់ខ្លួន និង​ធ្វើទារុណកម្ម ដើម្បីសួរចម្លើយ ស្តីពីបញ្ហាហុងកុង។ លោកអះអាងថា លោកត្រូវគេចងភ្នែកនឹងក្រណាត់ខ្មៅ ក្នុងរយៈពេលសួរចម្លើយម្តងៗ ដ៏យូរ។ លោកអះអាងទៀតថា ពេលខ្លះ គេបានចងដៃទាំង២ របស់លោកទាញព្យួរឡើងទៅលើ​ផុតជើងពីដី រហូតទាល់តែឈាមលែងរត់ដល់ចុងដៃ ធ្វើឲ្យមានការឈឺចុកចាប់ជាខ្លាំង។

លោក Simon Cheng លើកឡើងថា ក្រុមសួរចម្លើយ បានព្យាយាមឆ្កិះកកាយ ជជីកសួរលោក ថាតើស្ថានកុងស៊ុលអង់គ្លេសប្រចាំនៅ​ហុងកុង បានដើរតួនាទីអ្វីខ្លះ នៅក្នុងចលនាបាតុក​ម្មនៅហុងកុង ហើយថាតើ មានជនជាតិចិនណាខ្លះ ដែលបានចូលរួមក្នុងសកម្មភាពបះបោរនេះ។ អតីតបុគ្គលិកស្ថានកុងស៊ុលអង់គ្លេសរូបនេះ បញ្ជាក់ទៀតថា លោកបានសម្រេចចិត្តទំលាយរឿងនេះ នៅពេលនេះ គឺដោយសារលោកយល់ថា វាមានសារៈសំខាន់ ដើម្បីឲ្យមតិសាធារណៈធ្វើការត្រិះរិះពិចារណា ថាតើ​ចិនហ៊ានធ្វើអ្វីខ្លះ​។

ភ្លាមៗក្រោយការទំលាយ​រឿងនេះ លោករដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស បានបញ្ជាក់ប្រាប់បណ្តាញ​ព័ត៌មានBBC ថា ការអះអាងរបស់លោក Simon Cheng គឺមានលក្ខណៈគួរឲ្យជឿ យកជាការបាន។ លោករដ្ឋមន្ត្រីបានបញ្ជាក់ដែរ ថាលោកបានកោះអញ្ជើញ​លោកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងឡុង ដើម្បី​សាកសួរពីបញ្ហានេះ ព្រោះករណីធ្វើទារុណកម្មលើបុគ្គលិកស្ថានទូតអង់គ្លេស ពីសំណាក់អាជ្ញាធរចិនបែបនេះ គឺជារឿងមួយ​គួរឲ្យអាម៉ាស និងផ្ទុយពី​ច្បាប់អន្តរជាតិ។

គួរកត់សំគាល់ផងដែរ ថាក្នុងវិបត្តិនៅហុងកុង រដ្ឋាភិបាលចិន ធ្លាប់បានលើកឡើងថា គឺប្រទេសមហាអំណាចមួយចំនួន ដូចជាសហរដ្ឋអាមេរិក និងអង់គ្លេស ដែលជាអ្នកនៅពីក្រោយ ពន្យុះបាតុករ ឲ្យបះបោរហិង្សា ប្រឆាំងនឹងរដ្ឋអំណាចចិន។

សូមរំលឹកថា លោក Simon Cheng ដែលកាន់លិខិតឆ្លងដែនហុងកុង បានបាត់ខ្លួនកាលពីថ្ងៃទី​៨ សីហា នៅពេលដែលលោកធ្វើដំណើរទៅកាន់ទីក្រុងឆិនចិន។ ក្រោយមកស្រាប់តែ អាជ្ញាធរចិន បាន​ចេញមុខទទួលស្គាល់ថា គេបានចាប់លោក Simon Cheng ដាក់ឃុំចំនួន​២សប្តាហ៍ ពីបទបំពាន​នឹងច្បាប់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ ក្រោយការលើកឡើងរបស់សាម៉ីខ្លួន ដែលអះអាងថារងទារុណកម្ម លោករដ្ឋមន្ត្រីក្រសួងការបរទេសចិន បានបញ្ជាក់ថា សិទ្ធិជាមូលដ្ឋាន របស់លោកSimon Cheng ត្រូវបានអាជ្ញាធរចិនគោរព​យ៉ាងត្រឹមត្រូវ ក្នុងពេលឃុំខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ