អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតីហ្វីលីពីន ឌុយទែរតឺ ​បំពេញ​ទស្សនកិច្ច​លើក​ដំបូង នៅ​អ៊ីស្រាអែល

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកឌុយទែរតឺ ប្រធានាធិបតីហ្វីលីពីននឹងទៅដល់ ទឹកដីអ៊ីស្រាអែល ក្នុងដំណើរទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ មុននឹងបន្តដំណើរទៅប្រទេសហ្សកដានី។ នេះគឺជាទស្សនកិច្ចលើកទីមួយ ដំបូងបំផុត សម្រាប់ប្រធានាធិបតីហ្វីលីពីន ក្រោយពេលដែលហ្វីលីពីន និងអ៊ីស្រាអែល​បានភ្ជាប់ចំណងការទូតនឹងគ្នា ប្រមាណ៦០ឆ្នាំមកនេះ។ បើតាមការរំពឹងទុក លោកប្រធានាធិបតីឌុយទែរតឺ ដែលត្រូវអមដំណើរ ដោយអ្នកជំនួញហ្វីលីពីនជាច្រើននាក់នោះ នឹងយកឱកាសនេះ ចរចាកិច្ចសន្យា ទិញគ្រឿងសព្វាវុធទំនើបៗ ពីអ៊ីស្រាអែល។

លោក Rodrigo Duterteកាន់កាំភ្លើ់ងអួត នៅក្បែរ​អគ្គ​មេបញ្ជាការ​នគរបាល​ជាតិ​ (ឆ្វេង) ក្នុងពិធី​នៅ​ក្រុង​ម៉ានីល ថ្ងៃទី​១៩ មេសា​ ២០១៨​
លោក Rodrigo Duterteកាន់កាំភ្លើ់ងអួត នៅក្បែរ​អគ្គ​មេបញ្ជាការ​នគរបាល​ជាតិ​ (ឆ្វេង) ក្នុងពិធី​នៅ​ក្រុង​ម៉ានីល ថ្ងៃទី​១៩ មេសា​ ២០១៨​ NOEL CELIS / AFP
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ចលើកទីមួយ ក្នុងប្រវត្តិសាស្ត្រ

ទស្សនកិច្ចនេះ មានសារៈសំខាន់ ដោយសារទីមួយ គឺមិនដែលធ្លាប់មានប្រធានាធិបតីហ្វីលីពីនណា បានទៅបំពេញទស្សនកិច្ចផ្លូ​វរដ្ឋបែបនេះទេ ចាប់តាំងពីការទទួលស្គាល់រដ្ឋអ៊ីស្រាអែលមក។ សំខាន់ទី២​ គឺថាហ្វីលីពីន ជាប្រទេសដែលមានប្រជាជនភាគច្រើន​ គោរព​សាសនាគ្រិស្ត។ ចំណែកអ៊ីស្រាអែល គឺជាទឹកដីកំណើតរបស់ព្រះយេស៊ូ។

ទីសក្ការៈបូជាក្នុងប្រពៃណីសាសនាគ្រិស្តិ នៅលើទឹកដីអ៊ីស្រាអែល ដូចជានៅក្រុង​បេត្លេហិម ក្រុងយេរុយសាឡឹម ក្រុងណាហ្សារ៉េតជាដើម សុទ្ធសឹងតែមានតម្លៃ និងទទួលបាន​ការ​គោរពយ៉ាងខ្លាំងក្លា ពីសំណាក់ប្រជាជនហ្វីលីពីនអ្នកកាន់សាសនាគ្រិស្ត។ ដែនដីអ៊ីស្រាអែល គឺជាដែនដីព្រះរបស់ពួកគេ ដូច្នេះការទៅដល់ប្រធានាធិបតីហ្វីលីពីន នៅអ៊ីស្រាអែល​ គឺប្រជាជនហ្វីលីពីន តាមដានយកចិត្តទុកដាក់ និងមានមោទនភាព ជាទីបំផុត។

អ្នកអួតខ្លួនថាដូចអ៊ីត្លែរ ទៅលេងប្រទេសរបស់ជនជាតិជ្វីស

ទស្សនកិច្ចរបស់លោកឌុយទែរតឺនេះ ក៏បានធ្វើឲ្យអ្នកជាតិនិយមអ៊ីស្រាអែលខ្លះមិនពេញចិត្តដែរ។ គេមិនពេញចិត្ត ទៅលើបុគ្គលិកលក្ខណៈច្រង៉េងច្រង៉ាង និងសម្តីនិយាយគ្មានការពិចារណា មិនសមជាអ្នកដឹកនាំ របស់លោកឌុយទែរតឺនេះ។ ជាក់ស្តែង កាលពីចុងឆ្នាំ២០១៦ លោកឌុយទែរតែនេះ បាននិយាយប្រៀបប្រដូច ថាខ្លួនគាត់ មិនខុសពីអ៊ីត្លែរទេ។​ អ៊ីត្លែរ បានសម្លាប់ជនជាតិជ្វីហ្វ៣លាននាក់ សម្រាប់គាត់វិញ បើមានពួកញៀនថ្នាំ៣លាន់ ក៏គាត់សម្លាប់ដូចគ្នា។

សម្តីនេះ បានធ្វើឲ្យមានការរិះគន់ ទូទាំងពិភពលោក។ ជាសម្តីដែលគ្មានការពិចារណា ហើយនិយាយទាំងខុសលើគោក។ ទីមួយជនជាតិជ្វីហ្វ​​ដែលស្លាប់ដោយស្នាដៃអ៊ីត្លែរ មិនមែន៣លាននាក់ទេ គឺមានប្រហែល៦លាននាក់ឯណោះ។ ទី២ទៀត គេមិនអាចប្រៀបធៀប ការសម្លាប់រង្គាលលើប្រជាជនជ្វីហ្វ​ស្លូតត្រង់ ទៅនឹងការសម្លាប់អ្នកញៀនថ្នាំញៀន ដូចនេះបានទេ។ សម្តីរបៀបនេះ គឺជាសម្តីដែលប្រមាថទៅលើប្រវត្តិសាស្ត្រដ៏ជូរចត់ របស់ប្រជាជនជ្វីហ្វ។ ហើយហ្វីលីពីនខ្លួនឯង កាលពីជំនាន់សង្រ្គាមលោកលើកទី២ ក៏បានបើកទ្វារទទួលយក ជនជាតិជ្វីហ្វ ប្រមាណ១៣០០នាក់ដែរ។

ថ្វីបើលោក ឌុយទែរតឺ បានសុំទោសប្រជាជនជ្វីហ្វ ជាសាធារណៈក៏ដោយ តែយ៉ាងសម្តីមើលងាយនេះ បាននិយាយហួសទៅហើយ ហើយសម្រាប់ប្រជាជនអ៊ីស្រាអែលខ្លះ គឺគេមិនអាចបំភ្លេចបានទេ ហើយគេមិនចង់ឲ្យប្រធានាធិបតីមាត់ដាចដូចលោកឌុយទែរតឺនេះ ទៅជាន់ដីប្រទេសគេដែរ។

មករកម៉ូយអាវុធថ្មី

សម្រាប់រដ្ឋាភិបាលអ៊ីស្រាអែល ទស្សនកិច្ចនេះនឹងបើកផ្លូវជំនួញ រវាងអ៊ីស្រាអែល និងហ្វីលីពីន ឲ្យកាន់តែធំ​ ជាពិសេស គឺទីផ្សារនាំចេញអាវុធ របស់អ៊ីស្រាអែល តែម្តង។សម្រាប់ពេលនេះ​ អ្វីផ្សេងគេទុកមួយឡែក ដោយគេលើកយក តែរឿងជំនួញមកនិយាយ​តែ​ប៉ុណ្ណោះ។ បើតាមប្រភព ពីក្រសួងការបរទេស​ហ្វីលីពីន និងអ៊ីស្រាអែល លោក ឌុយទែរតឺ មកអ៊ីស្រាអែល​ ដោយមានអមដំណើរដោយគណប្រតិភូ តំណាងក្រុមហ៊ុនឯកជន​រាប់រយនាក់។ ហើយបានតាមការអះអាង របស់លោក Henelito Sevilla ទីប្រឹក្សា​ផ្នែក​កិច្ចការបរទេស​ របស់ប្រធានាធិបតីហ្វីលីពីន បានឲ្យដឹងថា លោកឌុយទែរតឺ ទៅអ៊ីស្រាអែល​នេះ គឺជាឱកាសដើលនឹងធ្វើឲ្យលោក បានស្គាល់ និងពិនិត្យមើលអ្នកផ្គត់ផ្គង់អាវុធមួយទៀត ដើម្បីធ្វើទំនើបកម្ម ឲ្យដល់កងទ័ព និងនគរបាលហ្វីលីពីន។

ដូចយើងដឹងហើយ កន្លងមក អ្នកផ្គត់ផ្គត់ សម្ភារៈយោធា និងគ្រឿងសព្វាវុធឲ្យហ្វីលីពីន គឺអាមេរិក ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះ ទំនាក់ទំនងរវាងអាមេរិក និងហ្វីលីពីនមិនសូវជាល្អទេ។ បញ្ហាបានកើតឡើង កាលពីឆ្នាំ២០១៦ ក្រោយពេលលោកអូបាម៉ា បានរិះគន់លោកឌុយទែរតឺ ថាបានធ្វើអំពើឧក្រិដ្ឋសម្លាប់មនុស្សរាប់រយនាក់ ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន។ លោកឌុយទែរតឺ បានសងសឹកវិញ ដោយបានលប់ចោលកិច្ចសន្យាទិញកាំភ្លើងហ្វ៊ុយស៊ីល ចំនួន២ម៉ឺន៧ពាន់ដើម ពីអាមេរិក។ លោកឌុយទែរតឺ ក៏បានកាច់ចង្កូតការទូត ងៀកទៅរកចិន និងរុស្ស៊ីដែរ។

គួរដឹងដែរថា អ៊ីស្រាអែល ជាប្រទេសផលិតអាវុធដ៏ធំមួយ ក្នុងចំណោមប្រទេសនាំចេញអាវុធធំៗ។ បើយោងតាមតួលេខ របស់ក្រសួងការពារជាតិអ៊ីស្រាអែល អាវុធនិងសម្ភារៈយោធា ដែលអ៊ីស្រាអែលលក់ចេញទាំងអស់ គឺមាន៦០% លក់ចេញមកតំបន់អាស៊ីប៉ាស៊ីហ្វិកយើងនេះ។ ហ្វីលីពីន បានចាប់ផ្តើមទិញសម្ភារៈ និងអាវុធអ៊ីស្រាអែល ខ្លះរួចទៅហើយ។ តួយ៉ាង ក្នុងឆ្នាំ២០១៧កន្លងទៅ ហ្វីលីពីន បានទិញប្រព័ន្ធរ៉ាដាការពារគ្រាប់មីស៊ីល និងប្រព័ន្ធរ៉ាដាការពារកាំភ្លើងធំ និងរថពាសដែក របស់អ៊ីស្រាអែល ក្នុងទឹកប្រាក់ប្រមាណ២១លានដុល្លារ។ ហើយអ្វីដែលយើងដឹង ពេលនេះ គឺរដ្ឋាភិបាលហ្វីលីពីន មានគំរោង ធ្វើទំនើបកម្មបន្ថែមទៀត ឲ្យដល់កងទ័ព និងកងនគរបាលជាតិ​ ដែលតាមការស្មាន គេអាចមានកញ្ចប់ប្រាក់ រាប់ពាន់លានដុល្លារ ដើម្បីទិញសម្ភារៈ និងអាវុធទំនើបៗ ពីអ៊ីស្រាអែល។

ពលករហ្វីលីពីន បំរើការតាមផ្ទះនៅអ៊ីស្រាអែល មាន៣ម៉ឺននាក់

ក្រៅពីវិស័យជំនួញ និងគ្រឿងសព្វាវុធ យើងដឹងថា នៅអ៊ីស្រាអែល​ មានអ្នកបំរើការងារតាមផ្ទះ ជនជាតិហ្វីលីពីន ជាច្រើននាក់។ បញ្ហានេះ ក៏គឺជាសំណុំរឿងមួយដ៏ធំដែរ ក្នុងកម្មវត្ថុនៃដំណើរទស្សនកិច្ចនេះ។ បុគ្គលិកបំរើការនៅក្រៅប្រទេស​ជនជាតិហ្វីលីពីន ទាំងអស់មានដល់ទៅ១០លាននាក់ ហើយនៅអ៊ីស្រាអែល មានយ៉ាងហោចណាស់ ៣ម៉ឺននាក់។ បុគ្គលិកពលករជនជាតិហ្វីលីពីន ដែលធ្វើចំណាកស្រុក ទៅធ្វើការនៅក្រៅប្រទេស គឺជាប្រភពចំណូល​សេដ្ឋកិច្ចដ៏សំខាន់ របស់ហ្វីលីពីន។ ក្នុងឆ្នាំ២០១៧ បើយោងតាមធនាគារកណ្តាលហ្វីលីពីន ចំណូលបានមកពីបុគ្គលិកចំណាកស្រុកហ្វីលីពីន មានយ៉ាងហោច ២៨ពាន់​លានដុល្លារ។ ដូច្នេះបញ្ហានេះ មិនមែនជារឿងតូចតាចទេ។

លោកឌុយទែរតឺ អាចនឹងយកកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ ជាថ្នូរនឹងការសន្យាពីសំណាក់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការជួយសម្រួល ដល់លក្ខខណ្ឌការងារ របស់បុគ្គលិក​ពលករ​ជនជាតិហ្វីលីពីន។ អ៊ីស្រាអែល ជាប្រទេសបិទជិត ហើយមានច្បាប់តឹងតែងណាស់។ កុំថាឡើយមកធ្វើការ សូម្បីតែមកដើរលេងកម្សាន្ត ក៏មានការត្រួតពិនិត្យ​តឹងតែង មិនងាយទទួលបានទិដ្ឋាការចូលទេ។

ការងារដែលពលករហ្វីលីពីនធ្វើ នៅអ៊ីស្រាអែល មានភាគច្រើនលើសលប់ គឺការងារថែរក្សា មើលថែទាំមនុស្សចាស់ជរា នៅតាមផ្ទះ។ ជាទូទៅ គឺមានក្រុមហ៊ុន ដែលជាអ្នកទាក់ទង រៀបចំ​ឯកសារ បញ្ជូនពលករទាំងនោះមកពីហ្វីលីពីន។ ក៏ប៉ុន្តែ ពលករម្នាក់ៗ ត្រូវបង់ប្រាក់កំរៃជើងសារ ដល់ក្រុមហ៊ុនឯកជនដល់ទៅ៨៥០០ដុល្លារ ដើម្បីអាចមកបាន។ នេះបើតាមការអះអាង របស់ស្រ្តីពលករម្នាក់ ប្រាប់អ្នកយកព័ត៌មាន RFI នៅយេរូសាឡឹម។

បង់ប្រាក់សន្ធឹកសន្ធាប់ ទាំងដោយមិនដឹងថាអាចធ្វើការយូរប៉ុណ្ណាទេ ព្រោះវាអាស្រ័យ​លើ​សុខភាព​របស់មនុស្សចាស់ជរា ដែលត្រូវមើលថែរទាំ។ ហើយបើមនុស្សចាស់ជរានោះ ស្លាប់ក្នុងរយៈពេល៥ឆ្នាំ គឺពលករ​មិនអាច​បន្តធ្វើការ ជាបុគ្គលិកធម្មតាបានទៀតទេ។ គឺពួកគេ ត្រូវសុំទិដ្ឋាការ​ការងារពិសេសមួយផ្សេងទៀត ដែលជាទូទៅ គឺអាជ្ញាធរអ៊ីស្រាអែល គេអនុញ្ញាតឲ្យធ្វើ​ការងារណា ដែលលំបាកលំបិនបំផុត។

ទាំងអស់នេះ គឺជាលក្ខខណ្ឌការងារដ៏លំបាក សម្រាប់ពលករហ្វីលីពីន ដែលបំរើការនៅអ៊ីស្រាអែល។ បើតាមការឲ្យដឹង ពីក្រសួងការបរទេសហ្វីលីពីន គឺក្នុងដំណើរទស្សនកិច្ចនេះ លោកឌុយទែរតឺ អាចនឹងចុះហត្ថលេខា ជាមួយលោកនាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ លើកិច្ចព្រមព្រៀងមួយ ដើម្បីលប់ចោល នូវការបង់ប្រាក់កំរៃជើងសារ ដើម្បីជួយសម្រាល​បន្ទុក របស់បុគ្គលិកពលករហ្វីលីពីន។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ