អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាកាសធាតុ៖ វិស័យ​ហិរញ្ញវត្ថុ​បៃតង​ កំពុង​រីកឡើង​ តែ​ត្រូវ​ការ​វិធាន​រួម​គ្រប់គ្រង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិស័យហិរញ្ញវត្ថុ  មូលធនវិនិយោគ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញឲ្យមានការអភិវឌ្ឍន៍ នូវប្រភេទថាមពលស្អាតស្អំ។ ផលិតផលហិរញ្ញវត្ថុ ដែលមានទិសដៅដើម្បីបរិស្ថាន និងអាកាសធាតុនេះ គឺត្រូវគេហៅថា ជាវិស័យហិរញ្ញវត្ថុបៃតង។ នៅថ្ងៃចន្ទ ទី១១ ធ្នូ ក្រុមការងាដែលធ្វើការក្នុងវិស័យនេះ​ ក៏បានជួបប្រជុំគ្នា នៅទីក្រុងប៉ារីស ដើម្បីពិនិត្យមើលពីការរីកចំរើន ព្រមទាំងកង្វះខាតនានា។ គេសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការបោះទុនវិនិយោគក្នុងវិស័យបៃតងនេះ បានកើនឡើងកាន់តែខ្លាំង តែយ៉ាងណា វាហាក់នៅមានភាពរប៉ាត់រប៉ាយ ពុំមានវិធានរួម គ្រប់គ្រងទីផ្សារនៅឡើយ។

វេទិកា​ស្តីពី​អាកាសធាតុ ​​នៅក្រុង​បារីស​ឆ្នាំ២០១៥
វេទិកា​ស្តីពី​អាកាសធាតុ ​​នៅក្រុង​បារីស​ឆ្នាំ២០១៥ AFP
ផ្សាយពាណិជ្ជកម្ម

មួយថ្ងៃ មុនបើកសន្និសីទកំពូល One Planet Summit បារាំងបានរៀបចំវេទិកាមួយទៀត ឈ្មោះថា Climate Finance Day ក្រោមពាក្យស្លោកថា “ធ្វើឲ្យវិស័យហិរញ្ញវត្ថុ មានពណ៌បៃតង”។ វាគឺជាវេទិកា ដែលមានទិសដៅ បង្ហាញ និង វិភាគ ទៅលើទំរង់ថ្មីនៃវិស័យហិរញ្ញវត្ថុពិភពលោក ដែលកំពុងតែបោះជំហាន ក្នុងការទប់ស្កាត់ ការកើនឡើងនូវកំដៅផែនដី។ ក្នុងចំណោមនោះ គឺមាន « Green Bonds » ដែលប្រែថាជា កាតព្វកិច្ច ឬហ៊ុនបៃតង។

កាតព្វកិច្ចឬហ៊ុនបៃតង « Green Bonds »

Green Bonds នេះ គឺជាផលិតផលហិរញ្ញវត្ថុមួយប្រភេទ ដែលក្រុមហ៊ុនរដ្ឋ ឬឯកជនដាក់លក់ ដើម្បីប្រមូល​ថវិកា យកទៅអនុវត្តគំរោងណាមួយ ដែលមានទិសដៅជួយសំរួល ដល់ការផ្លាស់ប្តូរប្រភេទថាមពល ពីថាមពលដែលបញ្ចេញឧស្ម័នពុល មកជាថាមពលស្អាតស្អំ។ ក្នុងវិស័យនេះ ទាំងអ្នកដាក់លក់ ទាំង​អ្នក​ទិញ សុទ្ធតែបានចំណេញ ក៏ព្រោះតែអាចកសាងកេរ្តិ៍ឈ្មោះ ថាខ្លួនបានធ្វើវិនិយោគ ជួយវិស័យ​​បរិស្ថាន​​ធម្មជាតិ។

នៅក្នុង​ឆ្នាំ២០១៧នេះ បំណុលហិរញ្ញវត្ថុបៃតងនេះ មានចំនួនគិតជាទឹកប្រាក់ ប្រមាណ១២៥ពាន់លានអឺរ៉ូ។​ បើប្រៀបធៀបទៅឆ្នាំ២០១៦ គឺមាន៩០ពាន់លានអឺរ៉ូ។ នេះបើយោងតាមប្រសាសន៍របស់លោក Stéphan Marciel អ្នកទទួលខុសត្រូវផ្នែកកាតព្វកិច្ចបៃតងនេះ នៅឯធនាគារSociété Générale។ ចំនួននៃការបោះទុនវិនិយោគ ទិញកាតព្វកិច្ចបៃតងនេះ បានកើនឡើងខ្លាំងបំផុត នៅអឺរ៉ុប។ បារាំងបានធ្វើគំរូល្អជាងគេ ដោយនៅដើមឆ្នាំ២០១៧ មានការទិញលក់កាតព្វកិច្ចបៃតងនេះ ក្នុងទឹកប្រាក់សរុប ប្រមាណ៧ពាន់លានអឺរ៉ូ។ ក្រុមហ៊ុនបារាំងធំៗជាច្រើន បានបើកទ្វារលក់កាតព្វកិច្ចបៃតងនេះ។

International Capital Market Association បានសរសេររបាយការណ៍មួយ ដោយបានបញ្ចូលនូវបទវិធានទូទៅមួយចំនួន​ ដែលទាក់ទងនឹងការទិញលក់កាតព្វកិច្ច ឬហ៊ុនប្រភេទនេះ។ ក្រោយមកគេបានបង្កើត ឲ្យមានឡាបែល ពិសេសមួយ សំដៅទៅដល់កាតព្វកិច្ច ឬហ៊ុន ដែលឆ្លើយតបទៅនឹងលក្ខខណ្ឌច្បាស់លាស់ ដែលគេកំណត់។ ឆ្នាំ២០១៧ កាតព្វកិច្ចហ៊ុន ដែលត្រូវគេប្រគល់ឡាបែល Climate Bonds Initivative មានកំរិតប្រមាណ២២១ពាន់លានដុល្លារ។ ក៏ប៉ុន្តែកាតព្វកិច្ចហ៊ុន ដែលពុំមានឡាបែល មានដល់ទៅ៦៧៤ពាន់លានដុល្លារឯណោះ។ ដូច្នេះ វាន័យថា ទីផ្សារនេះ នៅមានភាពរប៉ាត់រប៉ាយ ខ្លាំងណាស់។

គ្មានវិធានរួម ដើម្បីគ្រប់គ្រងផលិផលហិរញ្ញវត្ថុប្រភេទថ្មីនេះ

ជាការពិតណាស់ ដើម្បីប្រយុទ្ធ កុំឲ្យផែនដីឡើងកំដៅលើសពី°c បើគ្រាន់តែកាត់បន្ថយការបញ្ចេញឧស្ម័នពុលនោះ គឺវាមិនគ្រប់គ្រាន់ទេ តែត្រូវតែបញ្ឈប់រាល់គំរោងទាំងឡាយណា ដែលសំដៅបន្តប្រើថាមពលដែលបញ្ចេញផ្សែងពុល ។ ក្នុងទិសដៅនេះ គេសង្កេតឃើញថា គំរោងវិនិយោគនានា ដែលសំដៅបោះបង់ចោលការផលិតថាមពល ដោយប្រើធ្យូងថ្ម ឬប្រើប្រេងឥន្ធនៈ បានកើនចំនួនកាន់តែខ្លាំង។ ហើយស្របគ្នា គំរោងសំដៅជំរុញការផលិតថាមពលដើរដោយព្រះអាទិត្យ ដើរដោយខ្យល់ ឬក៏ការប្រើប្រាស់សាឡើងវិញ បានកើនឡើងកាន់តែច្រើន។ ដែលនេះក៏ដោយសារមានការជំរុញ ពីទីផ្សារហិរញ្ញវត្ថុ ជាអ្នកបើកផ្លូវ ឲ្យងាយស្រួលក្នុងការស្វែងរកថវិកា។

មូលនិធិឯកជន ការដាក់ហ៊ុ​នវិនិយោគ មានតួនាទីចាំបាច់បំផុត ដើម្បីជំរុញការធ្វើរបត់ថ្មី ឈានទៅ ផលិតថាមពល និងប្រើប្រាស់ថាមពល ដែលស្អាតស្អំ។ បើយោងតាមតួលេខរបស់​វិទ្យាស្ថាន Novethic បង្ហាញថា ក្នុងឆ្នាំ២០១៦កន្លងទៅ នៅបារាំង មានមូលនិធិឯកជនប្រមាណជា ៣៦១ ដែលត្រូវបានគេដាក់លក់ លើទីផ្សារហិរញ្ញវត្ថុ ដែលគិតជាទឹកប្រាក់ប្រមាណជា១១០ពាន់លានអឺរ៉ូ។

ក៏ប៉ុន្តែ ទោះបីជាផលិតផលហិរញ្ញវត្ថុប្រភេទថ្មីនេះ កំពុងពេញនិយម ហើយរីកចំរើនខ្លាំង ក៏ប៉ុន្តែមិនមែនមានន័យថា វានឹងមកបង្កហានិភ័យនោះដែរ។ គឺត្រង់ចំណុចនេះហើយ ដែលគេត្រូវការឲ្យមានការត្រួតពិនិត្យទីផ្សារឲ្យបានច្បាស់លាស់ ហើយ នឹងត្រូវធ្វើការសិក្សាគំរោងនីមួយៗ ដើម្បីស្វែងយល់ពីផលវិបាលរបស់វា ទៅលើបរិស្ថាន​ និងទៅលើកត្តាហិរញ្ញវត្ថុរបស់អ្នកទិញ។ ផលិតផលហិរញ្ញវត្ថុបៃតង ជាទូទៅ នៅមិនទាន់មានស្តង់ដារនៅឡើយ។

តែយ៉ាងណា វាជារឿងគួរឲ្យសោកស្តាយដែរ ដែលរដ្ឋមិនបានចូលរួម គ្រប់គ្រង បង្កើតឲ្យមានស្តង់ដាររួម ទុកឲ្យវិស័យឯកជនជាអ្នកចាត់ចែងទៅវិញ។ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន មានដូចជា អង្គការ Altermondialiste ATTAC បានលើកឡើងពីការព្រួយបារម្ភ ដោយហេតុថាគ្មានការត្រួតពិនិត្យ ទៅលើប្រភពនៃហិរញ្ញវត្ថុ ដែលគេយកមកចាក់បញ្ចូល ក្នុងកាតព្វកិច្ចបៃតង់នេះ។ អ្វីដែលជាការព្រួយបារម្ភ គឺខ្លាចថាជាសកម្មភាពលាងលុយក្រខ្វក់ ពីខ្មៅទៅជាបៃតង « Greenwashing »។

អ្វីៗទើបតែចាប់ផ្តើម

ជាងនេះទៅទៀត ការបើកចំហរទីផ្សារ ដោយគ្មានវិធានរួមគ្រប់គ្រង ក្នុងវិស័យហិរញ្ញវត្ថុបៃតងនេះ អាចនឹងធ្វើឲ្យបំណុលឡើងប៉ោង ហើយអាចធ្វើឲ្យទីផ្សារហិរញ្ញវត្ថុរង្គោះរង្គើរទៅថ្ងៃក្រោយ។ ហ៊ុនវិនិយោគបៃតង មានវ័យក្មេងនៅឡើយ។ នៅមានចំណុចជាច្រើនដែលត្រូវកែលំអ តួយ៉ាង គឺទាក់ទិននឹងវិធីសាស្ត្រ ក្នុងការធ្វើរបាយការណ៍ ស្តីពីផលប៉ះពាល់ របស់គំរោងនីមួយៗ។

យើងទទួលស្គាល់ថា វាជំហានមួយបោះទៅមុខធំណាស់។ ក៏ប៉ុន្តែបើយើងក្រលេកទៅមើល ទីផ្សារហ៊ុននិងកាតព្វកិច្ច គ្រប់ប្រភេទទាំងអស់ ទូទាំងពិភពលោក យើងឃើញថា ហ៊ុន ឬកាតព្វកិច្ចហិរញ្ញវត្ថុ ដែលមានលក្ខខណៈជួយបរិស្ថានធម្មជាតិនោះ មានមិនដល់១%ផងទេ។ ក្រុមហ៊ុនវិនិយោគ មូលនិធិ ឬធានាគារទាំងអស់ ដែលទិញលក់ ហ៊ុន ឬកាតព្វកិច្ចបៃតង មិនប្រាដក ថាគេឈប់ ធ្វើវិនិយោគ ក្នុងវិស័យប្រេងឥន្ធនៈ ឬធ្យូងថ្មនោះទេ។ នៅមានធនាគារ ឬក្រុមហ៊ុនច្រើនណាស់ ដែលបន្តចាក់បញ្ចូលហ៊ុនវិនិយោគរបស់គេ ទៅក្នុងវិស័យថាមពល ដែលបញ្ចេញឧស្ម័នពុល។

ផ្ទុយទៅវិញ នៅមានវិស័យ​ចាំបាច់ជាច្រើន ដូចជាវិស័យដឹកជញ្ជូនសាធារណៈ វិស័យសំណង់អចលនទ្រព្យ ដោយគោរពតាមបែបបទបរិស្ថាន និងវិស័យផលិតថាមពលស្អាតស្អំជាដើម នៅទូទាំងពិភពលោក  ដែលកំពុងតែរងចាំប្រាក់វិនិយោគ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ