អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក ​ប្រកាស​ថា​នឹង​រក​វិធី​ឆ្លើយ​តបវិញ ​បើសិន​ជា​ប៉ាគីស្ថាន ​ចង់​ធ្វើ​បាប​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

គ្រាន់តែតាមរយៈ​សារ នៅលើទំព័រTwitter តែមួយប៉ុណ្ណោះ លោកដូណាល់ ត្រាំ បានបញ្ឆេះ ឲ្យមានជំលោះការទូត រវាងសហរដ្ឋអាមេរិក និង ប៉ាគីស្ថាន ដែលធ្លាប់ជាដៃគូសម្ព័ន្ធមិត្ត​នឹងគ្នា ក្នុងយុទ្ធនាការ បោសសង្រ្គាមបោសសំអាតក្រុមតាលីបង់។ កាលពីថ្ងៃទី ​១មករា ​លោក ដូណាល់ ត្រាំ ​បាន​ចោទ​​ប៉ាគីស្ថាន ថា​ជា​ពស់​មួយ​ក្បាល​ពីរ ​យក​លុយ​អាមេរិក​ទៅចាយ តែ​ឆ្លៀត​បើកដៃ​ឲ្យក្រុម​តាលីបង់ ជ្រក​កោណ។ សហរដ្ឋ​អាមេរិក​ បាន​សម្រេច​ព្យួរ​ជំនួយ​យោធា​ទាំងអស់ នៅ​ប៉ាគីស្ថាន។ ភ្លាមៗ​នោះ ថ្នាក់ដឹកនាំ​​នយោបាយ​​ប៉ាគីស្ថាន បានអំពាវនាវថាត្រូវរកវិធីឆ្លើយតប ធ្វើបាបសហរដ្ឋ​អាមេរិក​​វិញ។ នៅថ្ងៃសៅរ៍ទី៦មករា អាមេរិកក៏បានប្រកាសបន្ថែមថា បើប៉ាគីស្ថានចង់​សាក​ អាមេរិក នឹងលៃលក រកវិធីធ្វើបាបវិញដែរ។

ប្រជាជន​ប៉ាគីស្ថាន​​ដុត​ទង់ជាតិអាមេរិក​ ​និង រូបថត​​របស់​​លោក​​ដូណាល់ ត្រាំ។ ថ្ងៃទី​៥ មករា ២០១៨
ប្រជាជន​ប៉ាគីស្ថាន​​ដុត​ទង់ជាតិអាមេរិក​ ​និង រូបថត​​របស់​​លោក​​ដូណាល់ ត្រាំ។ ថ្ងៃទី​៥ មករា ២០១៨ REUTERS/Fayaz Aziz
ផ្សាយពាណិជ្ជកម្ម

ដូណាល់ ត្រាំ ជេរប៉ាគីស្ថាន តាមTwitter ថាជាពស់ក្បាលពីរ

តែកាលណា គ្មាននរណាម្នាក់ឈប់នោះទេ គឺមានន័យថា អ្វីៗនឹងកាន់តែវែងឆ្ងាយ​ ធ្ងន់ធ្ងរ​​ទៅ។ អ្វីៗ​បាន​ចាប់ផ្តើមឡើង ដោយសារតែសារ Twitter តែមួយរបស់លោក​ដូណាល់ ត្រាំ​ប៉ុណ្ណោះ។ ក្នុងបញ្ហា សហប្រតិបត្តិការ​យោធាធំបែបនេះ គេមិនដែល​យក​មក​និយាយ ស្តីបន្ទោសគ្នា តាមរយៈTwitter បែបនេះទេ។ គ្មាននរណាម្នាក់ស នរណាម្នាក់ខ្មៅនោះទេ។ បញ្ហាវាមានភាពស្មុគស្មាញ ដែលត្រូវការឲ្យមានការពិចារណា ស្វែងយល់ និយាយគ្នា រកដំណោះស្រាយ។ ជាថ្មីម្តងទៀត លោកដូណាល់ ត្រាំ បានបង្ហាញឲ្យគ្រប់គ្នាដឹងថា លោកគឺពិតជាអ្នកជំនាញកំពូល ខាងសរសេរ បង្ករឿង និងបញ្ឆេះជំលោះ តាមរយៈទំព័រTwitter។

លោកដូណាល់ ត្រាំ បានចោទប៉ាគីស្ថាន ថាជាពស់ក្បាលពីរ យកលុយជំនួយអាមេរិកទៅចាយរាប់រយលាន តែមិនបានជួយអ្វីសោះ ក្នុងការប្រយុទ្ធបោសសំអាត ក្រុមតាលីបង់។ មិនត្រឹមតែប៉ុណ្ណោះ ប៉ាគីស្ថាន បានឃុបឃិត បើកដៃផ្តល់កន្លែងជ្រក ឲ្យពួកតាលីបង់​ទៀត។ លោកត្រាំ បានទាំងនិយាយបន្ថែមថា អាមេរិក មិនគួរណាល្ងង់ យកលុយទៅឲ្យប៉ាគីស្ថានសោះ!

នៅ​ថ្ងៃសុក្រ បន្ទាប់ពីលោកដូណាល់ ត្រាំ បាននិយាយបន្ទោសប៉ាគីស្ថាន ហើយ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក៏បានប្រកាសថា គេសម្រេចព្យួរកម្មវិធីជំនួយយោធានៅប៉ាគីស្ថាន ដែលអាចមានទំហំស្មើនឹង ២ពាន់លានដុល្លារ។ តែទន្ទឹមនឹងនេះ ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ថា អ្វីៗអាចប្រែប្រួលវិញ បើសិនជាខាងភាគីប៉ាគីស្ថាន បង្ហាញសញ្ញាវិជ្ជមាន ព្រមសហការ។

ប៉ាគីស្ថាន មិនចង់ឱនក្បាល ដាក់សហរដ្ឋអាមេរិកទេ

ខុសពីការរំពឹងទុក របស់អាមេរិក រហូតមកត្រឹមពេលនេះ ប៉ាគីស្ថាន មិនទាន់លត់ជង្គង់​សុំទោស​អាមេរិកទេ។ ផ្ទុយទៅវិញ ប៉ាគីស្ថាន មានតែចង់រកវិធីធ្វើបាបអាមេរិកវិញ។ ថ្នាក់ដឹកនាំយោបាយប៉ាគីស្ថាន ជាពិសេស ក្រុមខាងបក្សប្រឆាំង ដែលដឹកនាំដោយលោក Imran Khan បានអំពាវនាវ ឲ្យរដ្ឋាភិបាលប៉ាគីស្ថាន ត្រូវតែ រកវិធីឆ្លើយតបវិញ ចំពោះការចោទប្រកាន់ ដែលលោកដូណាល់​ ត្រាំ បាននិយាយមកលើប៉ាគីស្ថាន។

កុំភ្លេចថា ប៉ាគីស្ថាន បច្ចុប្បន្ននេះ កំពុងតែកសាងបង្អែកយ៉ាងរឹងមាំមួយ ជាមួយចិន។ ផែនការយុទ្ធសាស្ត្រ ក្នុងគំរោងខ្សែក្រវ៉ាត់សេដ្ឋកិច្ច ដែលចិន កំពុងតែកសាង ក៏មានចំណែករបស់ប៉ាគីស្ថានដែរ។ ជំនួយរបស់អាមេរិក នៅប៉ាគីស្ថាន គឺមានតែក្នុងវិស័យយោធាតែប៉ុណ្ណោះ។ បើគ្មានអាមេរិក ប៉ាគីស្ថាន ក៏មិនដាច់ពោះដែរ ព្រោះប៉ាគីស្ថាន អាចទៅរកចិន។

មន្ត្រីប៉ាគីស្ថានខ្លះ បានលើកឡើងថា​ប៉ាគីស្ថាន អាចបិទខ្ទប់ មិនឲ្យកងទ័ពអាមេរិក និងកងទ័ពអូតង់ ប្រើប្រាស់ អាគារ និងហេដ្ឋារចនាសម្ព័ន្ធរបស់ប៉ាគីស្ថាន ដែលកន្លងមក ប៉ាគីស្ថាន បានបើកឲ្យប្រើប្រាស់ ដោយឥតយកប្រាក់កំរៃ សូម្បីតែមួយសេន។ អាគារ សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធទាំងនោះ គឺ កងទ័ពអាមេរិក ប្រើប្រាស់​ជាមូលដ្ឋាន ក្នុងយុទ្ធនាការ បោសសំអាតក្រុមតាលីបង់ នៅអាហ្វហ្កានីស្ថាន។

បិទព្រំដែនគោក ទឹក និងអាកាស មិនឲ្យកងទ័ពអាមេរិកឆ្លងកាត់

អ្នកដែលកំពុងសប្បាយនាពេលនេះ គឺក្រុមតាលីបង់។ បេសកកម្មរបស់កងទ័ពអាមេរិក នៅអាហ្វហ្កានីស្ថាន ត្រូវរំពឹងសឹងតែទាំងស្រុង​លើប៉ាគីស្ថាន។ អ្វីដែលជាគ្រោះថ្នាក់បំផុតនោះ គឺនៅពេលដែល ប៉ាគីស្ថាន សម្រេចបិទផ្លូវ បិទច្រកព្រំដែន ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ក្នុងករណីនេះ កងទ័ពអាមេរិក ដែលឈរជើងនៅអាហ្វហ្កានីស្ថាន ប្រាកដជាជួបបញ្ហា ក្នុងការបញ្ជូនស្បៀង បញ្ជូនសម្ភារៈ និងអាវុធ ជាដើម។

នៅជុំវិញ អាហ្វហ្កានីស្ថាន គឺមានតែប៉ាគីស្ថាន តែមួយគត់ ដែលជាច្រកដើម្បីឲ្យអាមេរិកអាចចេញចូលបានដោយងាយ។ អាហ្វហ្កានីស្ថាន មិនមានច្រកសមុទ្រទេ។ ចំណែកព្រំដែនភាគខាងលិច គឺព័ទ្ធដោយអ៊ីរ៉ង់ ដែលជាសត្រូវសួរពូជរបស់លោកដូណាល់ ត្រាំ។ ដូច្នេះកំពង់ផែ ការ៉ាឈីនៅប៉ាគីស្ថាន និងច្រកផ្លូវអាកាសរបស់ប៉ាគីស្ថាន គឺជាច្រក ចេញចូលតែមួយគត់ សម្រាប់អាមេរិក។

តាមពិតទៅ កន្លងមក ប៉ាគីស្ថាន ធ្លាប់បិទព្រំដែនផ្លូវទឹក និងផ្លូវអាកាសម្តងរួចមកហើយ នៅឆ្នាំ២០១១ ក្រោយពេលដែលអាមេរិក បានបើកប្រតិបត្តិការសម្លាប់ប៊ីនឡានដេន នៅក្នុងទឹកដីគេ ដោយមិនមានជូនដំណឹងម្ចាស់ស្រុកគេ សូម្បីតែមួយម៉ាត់។ ប៉ាគីស្ថានខឹងណាស់ កាលនោះ ហើយបានសម្រេចបិទព្រំដែន។ ពេលនោះ អាមេរិក បានបញ្ជូនស្បៀង និងសម្ភារៈយោធា កាត់តាមប្រទេសកៀកជីស្ថាន ដែលស្ថិតនៅខាងជើង តែនេះជាផ្លូវវែងឆ្ងាយណាស់ ព្រោះត្រូវឆ្លងកាត់រុស្ស៊ី និងតំបន់កូកាសទាំងស្រុង។ ដូច្នេះ ប្រាកដជាត្រូវចំណាយពេល និងថវិកាច្រើនណាស់។

ចង់គេចពីប៉ាគីស្ថាន តែត្រូវហ៊ានចំណាយ

អាមេរិក ធ្លាប់មានជំរើស ដោយប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន នៅកៀកជីស្ថាន។ ក៏ប៉ុន្តែមូលដ្ឋាននោះ ត្រូវបានបិទទ្វារទៅហើយ កាលពីឆ្នាំ២០១៤ បន្ទាប់ពីទំនាក់ទំនង រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក បានរកាំរកូសខ្លាំង។ ដូច្នេះ អាមេរិក មិនអាចប្រើប្រាស់ច្រកកៀកជីស្ថានបានទៀតទេ។ ចំណែកប្រទេសផ្សេងទៀត ដែលមានព្រំដែនជាប់អាហ្វហ្កានីស្ថាននៅភាគជាងជើង គេមិនសង្ឃឹមថា ប្រទេសទាំងនោះ បើកទ្វារស្វាគមកងទ័ពអាមេរិកទេ ព្រោះគេសុទ្ធសឹងតែជាប្រទេសកូនចៅរុស្ស៊ីទាំងអស់។

នៅថ្ងៃសៅរ៍ ទី៦មករា លោកមេបញ្ជាការ អាមេរិកម្នាក់ ឈ្មោះ Kone Faulkner បានអះអាងថា គេមិនបារម្ភទេ។ គេបានពិចារណា អំពីវិធីបញ្ជូនសម្ភារៈ និងស្បៀងអាហារ ដើម្បីយកទៅបន្តបេសកកម្មនៅអាហ្វហ្កានីស្ថាន មិនឲ្យអាក់ខានទេ។ ដូចគ្នាដែរ លោក Jim Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ក៏បានលើកឡើងថា គាត់មិនជាបារម្ភអ្វីទេ អំពីបញ្ហាចោទស្តីពីការបញ្ជូនស្បៀងនិងសម្ភារៈទៅឲ្យទាហាននៅអាហ្វាហ្កានីស្ថាននេះ។

ដោយឡែក បើតាមមន្ត្រីក្រសួងការពារជាតិអាមេរិក ម្នាក់ បានបញ្ជាក់ថា ជំរើសមួយ ដែលគេអាចប្រើ គឺត្រូវបញ្ជូនសម្ភារៈ និងស្បៀង ទៅតាមជើងហោះហើរអាកាសចរណ៍ស៊ីវីល ដឹកអ្នកដំណើរធម្មតា។ ក៏ប៉ុន្តែមន្ត្រីរូបនេះ បានឆ្លៀតបន្ថែមថា វាជាជំរើសបណ្តោះអាសន្ន ក្នុងរយៈពេលខ្លី ប៉ុណ្ណោះ ព្រោះត្រូវការចំណាយប្រាក់ច្រើនណាស់។ ដូច្នេះ សួរថា តើរដ្ឋាភិបាលអាមេរិក មានលុយហ៊ានចំណាយដែរឬទេ បើសិនជាបញ្ហានេះ នៅរ៉ាំរ៉ៃយូរឆ្នាំ?

ដូច្នេះ សួរថាអ្នកណាជាអ្នកខាតបង់? គឺទាហានអាមេរិក ដែលឈរជើងនៅអាហ្វហ្កានីស្ថាន។ ហើយប្រតិបត្តិការបោសសំអាតក្រុមតាលីបង់ ដែលមិនសូវជាមានប្រសិទ្ធិភាពស្រាប់ទៅហើយនោះ នឹងកាន់តែធ្លាក់ទឹកថែមទៀត មិនខានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ