អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាហ្វហ្កានីស្ថាន៖ ភេរវកម្ម​នៅ​សាលា​នាយ​ទាហាន​ក្រុង​កាប៊ូល ​ស្នាដៃ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅអាហ្វហ្កានីស្ថាន មានអំពើភេរវកម្មមួយទៀត ទើបបានកើតឡើង នៅព្រឹកថ្ងៃចន្ទទី ២៩មករានេះ ដោយក្រុមភេរវជនមួយក្រុម បានចូលទៅបំផ្ទុះគ្រាប់បែក និងវាយប្រហារទៅលើ សាលានាយទាហាន ដ៏ធំបំផុត នៅរដ្ឋធានីកាប៊ូល។ នេះគឺជាភេរវកម្ម លើកទី៣ ហើយ ក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ ដែលបានកើតឡើងនៅអាហ្វាហ្កានីស្ថាន។ ប៉ុន្មានម៉ោងក្រោយ ក្រុម​ជីហាតអង្គការរដ្ឋអ៊ីស្លាម បានប្រកាសថា ការវាយប្រហារនៅសាលានាយទាហាន នៅ​ព្រឹក​ថ្ងៃ​ទី​​២៩ មករា ​គឺជាស្នាដៃរបស់ពួកគេ។ គួរកត់សំគាល់ថា អាហ្វហ្កានីស្ថាន កំពុងតែត្រូវយាយី ដោយក្រុមឧទ្ទាមតាលីបង់ផង និងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ដែលក្រុមទាំងពីរនេះ ហាក់កំពុងតែប្រជែងគ្នា ធ្វើភេរវកម្មសម្លាប់មនុស្ស សឹងតែគ្មានលោះថ្ងៃណាឡើយ។

ទាហានអាហ្វហ្កានីស្ថាន កំពុងការពារ​​នៅ​ជុំវិញ ​សាលា​នាយ​ទាហាន ​Marshal Fahim ខាងលិច​​ក្រុង​​កាប៊ូល ថ្ងៃទី​ ២៩ ​មករា ​២០១៨
ទាហានអាហ្វហ្កានីស្ថាន កំពុងការពារ​​នៅ​ជុំវិញ ​សាលា​នាយ​ទាហាន ​Marshal Fahim ខាងលិច​​ក្រុង​​កាប៊ូល ថ្ងៃទី​ ២៩ ​មករា ​២០១៨ REUTERS/Omar Sobhani
ផ្សាយពាណិជ្ជកម្ម

១០ថ្ងៃ ភេរវកម្ម៣ដង

ពីមួយថ្ងៃ​ ទៅមួយថ្ងៃ ស្ថានភាពសន្តិសុខ នៅអាហ្វហ្កានីស្ថាន​ ជាពិសេស នៅរដ្ឋធានីកាប៊ូល ផ្ទាល់តែម្តង គឺកាន់តែមានភាពវឹកវរខ្លាំងទៅៗ។​ កាលពីថ្ងៃទី ២០មករា មានភេរវកម្ម១កើតឡើងនៅ សណ្ឋាគារ Intercontinental  ក្រុងកាប៊ូល មានស្លាប់២៥នាក់ បន្ទាប់​មកទៀតនៅថ្ងៃសៅរ៍ ​ចុងសប្តាហ៍មុននេះ នៅក្រុងកាប៊ូលដដែល មានភេរវកម្ម ដាក់គ្រាប់បែកបំផ្ទុះរថយន្តក្រុង ស្លាប់ដល់ទៅ១០៣នាក់ និងរបួសជាង២០០នាក់ទៀត។

ចំណែកភេរវកម្មទី៣នៅព្រឹកថ្ងៃចន្ទ ទី២៩មករានេះ កើតឡើងនៅសាលានាយទាហាន Maréchal Fahim ដែលជាបណ្ឌិតសភា បណ្តុះបណ្តាយនាយទាហាន ដ៏ធំបំផុតរបស់អាហ្វហ្កានីស្ថាន។ សាលានេះ មានទំហំប្រមាណជា៤០ហិកតា ហើយមានទីតាំងស្ថិតនៅខាងលិច ក្រុងកាប៊ូល។ ក្រុមភេរវជនមួយក្រុម មានគ្នា៥នាក់​ បានសម្រុកចូលទៅ ប្រមាណជាម៉ោង ៥ព្រឹក ដោយបានដាក់គ្រាប់បែកបំផ្ទុះស​ម្លាប់ខ្លួនឯង នៅខាងមុខច្រកចូល។

បើតាមការឲ្យដឹង ពីសំណាក់ អ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្កានីស្ថាន គឺពួកភេរវជន បានសំដៅវាយប្រហារទៅលើកងពលតូច លេខ១១១ ដែលមានតួនាទីយាម​កាម​សន្តិសុខសាលានាយនាយទាហាន ហើយដែលមានបន្ទាយនៅក្បែរច្រកចូលនោះតែម្តង។ អ្នកនាំពាក្យដដែល បានបញ្ជាក់ ភេរវជន២នាក់បានស្លាប់ ដោយការបំផ្ទុះគ្រាប់បែកខ្លួនឯង ២នាក់ទៀត ត្រូវទាហានអាហ្វហ្កានីស្ថាន បាញ់សម្លាប់ និងម្នាក់ទៀត ត្រូវគេចាប់បានទាំងរស់។ ចំណែកខាងកងទ័ពអាហ្វហ្កានីស្ថានវិញ មានស្លាប់ ៥នាក់។

សូមបញ្ជាក់ដែរថា សាលានាយទាហាន Maréchal Fahim នេះ បានរងការវាយប្រហារ​ភេរវកម្ម​ជាច្រើនលើកមកហើយ។ ជាក់ស្តែង កាលពីខែតុលា ឆ្នាំ២០១៧ រថយន្តដឹកសិស្ស​ទាហានស្រី ដែលទើបតែចូលថ្មី នៅខាងមុខច្រកចូលតែម្តង ដោយសិស្សទាំង​១៥នាក់ ត្រូវស្លាប់ទាំងអស់ ដោយសារគ្រាប់បែកអត្តឃាតរបស់ពួកតាលីបង់។

ស្នាដៃ របស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម!

បើតាមការប្រកាសរបស់គេហទំព័រ Amaq​ ដែលជាបណ្តាញផ្លូវ​ការរបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម គឺភេរវកម្មនៅថ្ងៃចន្ទនេះ គឺជាស្នាដៃរបស់គេ។ ជាការពិត កន្លងមក នៅកាប៊ូល ជាដែនដី ធ្វើប្រតិបត្តិការរបស់ក្រុមតាលីបង់។​ ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម បានចាប់ផ្តើមចេញមុខ នៅរវាង​ឆ្នាំ​២០១៤ នៅភាគខាងកើតអាហ្វហ្កានីស្ថាន​ ជាប់នឹងព្រំដែន ជាមួយប៉ាគីស្ថាន។ ក៏ប៉ុន្តែ ចាប់តាំង​ពី​ឆ្នាំ​២០១៦​មក ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម បានរំកិលខ្លួនបន្តិចម្តងៗ មកធ្វើភេវកម្មនៅកាប៊ូលដែរ។ បើគិត​ចាប់ពី​ពាក់​កណ្តាល​​​ឆ្នាំ​​២០១៦​​មក គឺលើក​នេះ​ជាលើកទី១៩ហើយ ដែលក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម បានធ្វើភេរវកម្មនៅកាប៊ូល។

ភេរវកម្មរបស់ក្រុមនេះ គឺជាទូទៅសំដៅវាយប្រហារ ទៅលើសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម និកាយឈីអ៊ីត ឬអ្នកកាន់សាសនាគ្រិស្តជាដើម។ តែទន្ទឹមនឹងនេះ ក្រុមជីហាតនេះ ក៏បានសំដៅវាយប្រហារ កងកម្លាំង​អាជ្ញាធរ​អាហ្វហ្កានីស្ថានដែរ។

សាខារបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅអាហ្វហ្កានីស្ថាននេះ ត្រូវពួកវាដាក់ឈ្មោះ​ថា El Khorasan។ សមាជិកក្រុមនេះ គឺមានជាអាថទិ ពួកអតីតតាលីបង់ រួមជាមួយក្រុម​ជីហាត​មកពីប៉ាគីស្ថានខ្លះ និងមកពីតំបន់អាស៊ីកណ្តាលខ្លះ។ បើតាមអ្នក​ជំនាញ គឺជឿថា ក្រុម​​ជីហាត​​អង្គការរដ្ឋ​អ៊ីស្លាម​នៅ​អាហ្វហ្កានីស្ថាន​នេះ ពិតជាមានទំនាក់ទំនង ជាមួយនឹងក្រុមធំ ដែលមានប្រភពនៅស៊ីរី និងអ៊ីរ៉ាក់។ យ៉ាងណាមិញ គេក៏សង្កេតឃើញថា បច្ចុប្បន្ននេះ មានជនជីហាត រត់បាក់ទ័ពពីស៊ីរី និងពីអ៊ីរ៉ាក់ ទៅសំងំនៅអាហ្វហ្កានីស្ថានដែរ។

ក្រុងកាប៊ូល សំបុកថ្មី របស់ពួកជីហាតអង្គការរដ្ឋអ៊ីស្លាម

បើតាមប្រសាសន៍លោក Borhan Osman អ្នកវិភាគម្នាក់នៅ International Crisis Group បានលើកឡើងថា នៅរដ្ឋធានីកាប៊ូល ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមនេះ មិនមានការ​លំបាកច្រើនទេ ក្នុងការប្រមូលអូសទាញមនុស្ស ឲ្យជឿលង់តាមទ្រឹស្តីខ្មៅងងិតរបស់ពួកវា​ ។ លោកថា បើតាមប្រភពពីអាជ្ញាធរស៊ើបការណ៍អាហ្វហ្កានីស្ថាន នៅក្រុងកាប៊ូលបច្ចុប្បន្ននេះ មានសំបុកក្រុមជីហាតនេះ មិនតិចជាង២០សំបុកទេ។ អ្វីដែលគួរឲ្យព្រួយបារម្ភជាងនេះទៀតនោះ លោកបានបន្ថែមថា អ្នកដែលស្ម័គ្រចិត្តមកបំរើក្រុមព្រៃផ្សៃនេះ គឺមិនមែនមនុស្សក្រីក្រ គ្មានចំណេះដឹងអីណាទេ គឺក្រុមយុវជនក្មេងៗ នៅក្នុងក្រុង ដែលបានរៀនសូត្រ មានទូរស័ព្ទទំនើប ភ្ជាប់បណ្តាញអ៊ីនធើនែត ប្រើនេះតែម្តង។

បើតាមការស្រាវជ្រាវរបស់លោក យុវជនអាហ្វហ្កានីស្ថាន នៅក្រុងកាប៊ូល កាន់តែមានទំនោរហិង្សា និងជ្រុលនិយមកាន់តែខ្លាំងទៅៗ។ ហើយក្រុមទាំងនេះ ស្គាល់ក្រុងកាប៊ូលយ៉ាងច្បាស់ ហើយស្គាល់ពីចំណុចខ្សោយ​ របស់​អាជ្ញាធរ​អាហ្វហ្កានីស្ថាន ទៀតផង​ ដែលរឹតតែ​ធ្វើឲ្យ​មាន​ភាព​ងាយស្រួល ដល់ការបើកការវាយប្រហារ។ ជាក់ស្តែងភេរវកម្ម កាល​ពី​ថ្ងៃទី ៣១ ឧសភា ឆ្នាំទៅមិញ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ ដល់​ទៅ​១៥០​នាក់ និង​របួសជាង៣០០នាក់។ ភេរវកម្មនេះ គឺក្រុមដ៏ព្រៃផ្សៃនេះ បានដាក់គ្រាប់បែកបំផ្ទុះក្នុង​រថយន្ត​កាមីញ៉ុង នៅតំបន់ប្រជុំជនមួយ ក្នុងក្រុងកាប៊ូល ដែលមានការយាមកាមសន្តិសុខ យ៉ាងតឹងតែងជាទីបំផុត តែក្រុមនេះនៅតែធ្វើបានសម្រេច។

រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ទឹកដល់ច្រមុះ

ណាក្រុមឧទ្ទាមតាលីបង់ ណាក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម  ពេលខ្លះ គឺសឹងតែនិយាយ​ថា​ រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ហាក់ទំលាក់ដៃ ព្រោះអស់សង្ឃឹមទៅហើយ។ រឿងអស់សង្ឃឹម​ជារឿងមួយ​ តែធាតុពិតបញ្ហាចោទ ក៏អាចមកពីរដ្ឋាភិបាលអាហ្វហ្កានីស្ថានខ្លួនឯង​ ដែលគ្មានសមត្ថភាព គ្មានការរៀបចំត្រឹមត្រូវ ដើម្បីការពារសន្តិសុខ ប្រយុទ្ធប្រឆាំង​នឹងក្រុមភេរវកម្មទាំងនេះទេ។​ កន្លងមក អាហ្វហ្កានីស្ថាន រំពឹងទាំងស្រុង ទៅលើកម្លាំងការពាររបស់កងទ័ពអាមេរិក។ ឥឡូវកងទ័ពអាមេរិក ដកចេញទៅវិញសឹងតែទាំងអស់ហើយ។ ក៏ប៉ុន្តែមន្ត្រីនគរបាល និងយោធាអាហ្វហ្កានីស្ថាន ពុំមានលទ្ធភាពការពារសន្តិសុខ ដោយប្រសិទ្ធិភាពនោះទេ។

កុំថាឡើយដល់ទៅតំបន់ដែលគ្មានការពារ សូម្បីទីតាំងបន្ទាយទាហាន ឬសង្កាត់ ដែលមានស្ថានទូតបរទេសច្រើន ដែលសម្ថកិច្ចយាមស្អេកស្កះ ក៏បណ្តោយឲ្យរបូតគ្រាប់បែកផ្ទុះ​បានដែរ។ ជាក់ស្តែង ភេរវកម្មបំផ្ទុះរថយន្តសង្រ្គោះបន្ទាន់ ក្នុងទីលានមន្ទីរពេទ្យក្រុងកាប៊ូល ថ្ងៃសៅរ៍ទី ២៧ មករា កន្លងទៅ។ តាមរូបភាពថតបាន  គេឃើញរថយន្តបង្ក​ហេតុ​២គ្រឿង បានបើកចូលទៅ ឆ្លងកាត់ប៉ុស្តិត្រួតពិនិត្យ ពីមួយទៅមួយ ដោយពុំមាននរណាសង្ស័យ​ឬឆែកឆេរអ្វីទេ។

ក្រោយហេតុការណ៍ផ្ទួនៗគ្នាទាំងនេះ រដ្ឋសភាអាហ្វហ្កានីស្ថាន ក៏បានលាន់មាត់ដែរថា ម្តេចក៏អាជ្ញាធររដ្ឋ អន់ដល់ម្លឹង? ក្រៅតែពីភាពអសកម្ម របស់ក្រុមស៊ើបការណ៍សំងាត់ អាហ្វហ្កានីស្ថាន នៅមានបញ្ហាមួយទៀត គឺការប្រជែងនយោបាយគ្នា នៅថ្នាក់លើ ដើម្បីដណ្តើមកៅអីប្រធានាធិបតី អាណត្តិក្រោយ។ លោកប្រធានាធិតី Ashraf Ghani ដែល​មកពីក្រុមជនជាតិ Pachtoun ត្រូវប្រជែងជាមួយលោកនាយករដ្ឋមន្ត្រី Abdullah Abdullah ដែលមកពីក្រុមជនជាតិ Tadjike។ ការប្រជែងដណ្តើមអំណាច ប្រកាន់គ្នា ប្រចាំ​គ្នា រវាងក្រុមជនជាតិទាំង២នេះ គឺមានតាំងពីថ្នាក់លើ​ រហូតដល់ថ្នាក់ក្រោម នៅតាមស្ថានប័នរដ្ឋទាំងអស់។ ទាំងអស់នេះហើយដែលគួបផ្សំគ្នា ធ្វើឲ្យរដ្ឋអាហ្វហ្កានីស្ថាន ពុំមានឯកភាព និងសមត្ថភាពគ្រប់គ្រាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ