ឥណ្ឌា៖ ដំណាក់កាលចុងក្រោយនៃការបោះឆ្នោតសភា ដែលមានរយៈពេលជាង១ខែ
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃអាទិត្យទី១៩ឧសភានេះ ការបោះឆ្នោតសភានៅឥណ្ឌា បានមកដល់ដំណាក់កាលទី៧ ដែលជាដំណាក់ចុងក្រោយ មុននឹងចាប់ផ្តើមរាប់សន្លឹកឆ្នោត នៅថ្ងៃទី២៣ឧសភា ខាងមុខ។ ឥណ្ឌាត្រូវបានគេស្គាល់ ថាជាប្រទេសអនុវត្តរបបប្រជាធិបតេយ្យ ដ៏ធំជាងគេលើលោក ជាមួយនឹងប្រជាជន ដែលមានសិទ្ធិបោះឆ្នោត ដល់ទៅ៩០០លាននាក់។ សម្រាប់ដំណាក់កាលចុងក្រោយ គឺដល់វេនរដ្ឋមួយចំនួន ដែលស្ថិតនៅភាគខាងជើង និងភាគខាងកើតឥណ្ឌា ដែលត្រូវបោះឆ្នោត។ លោក ណារិន្ទ្រ ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌាបច្ចុប្បន្ន សង្ឃឹមយកឈ្នះ ក្នុងការបោះឆ្នោតនេះ ដើម្បីបន្ដដឹកនាំប្រទេសអាណត្តិទី២។
ឥណ្ឌាមានសភា២ “លោកសាផា” និង “វិថានសាផា”។ លោកសាផា ជាសភាជាតិឥណ្ឌា ដែលប្រជាជនគ្រប់រដ្ឋទាំងអស់ បោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ឲ្យក្លាយជាសមាជិក។ ចំណែក វិថានសាផា គឺជាសភា នៅតាមរដ្ឋនីមួយៗ។ សម្រាប់ការបោះឆ្នោតសភានៅពេលនេះ គឺគេរើសសមាជិកសភាជាតិ “លោកសាផា”។ លោកសាផា មានអាសនៈសរុប៥៤៥អាសនៈ សម្រាប់អាណត្តិ៥ឆ្នាំ ក្នុងនោះ៥៤៣កើតចេញពីការបោះឆ្នោតរបស់ប្រជាជន និង ២អាសនៈទៀត គឺប្រធានាធិបតីឥណ្ឌាជាអ្នកតែងតាំង ដែលតំណាងឲ្យសហគមន៍ឥណ្ឌានៅប្រទេសអង់គ្លេស។
អ្នកបោះឆ្នោត៩០០លាននាក់ រើសសមាជិកសភា៥៤៣នាក់
ការបោះឆ្នោត បានចាប់ផ្តើមនៅថ្ងៃទី១១ មេសា ហើយត្រូវបិទបញ្ចប់នៅថ្ងៃនេះ។ ការរាប់សន្លឹកឆ្នោត នឹងចាប់ផ្តើមធ្វើ នៅថ្ងៃទី២៣ឧសភា។ មូលហេតុចំបង ដែលការបោះឆ្នោតនេះ ត្រូវចំណាយពេលយូរ មានដល់ទៅ៧ដំណាក់កាល គឺដោយសារតែឥណ្ឌា ជាប្រទេសធំ ធំទាំងផ្ទៃដី ធំទាំងចំនួនប្រជាជន។ មនុស្សដែលមានសិទ្ធិបោះឆ្នោត សរុបទាំងអស់ប្រមាណ៩០០លាននាក់។ ដូច្នេះហើយ បានជាគេ បែងចែកជាដំណាក់កាល ដើម្បីងាយស្រួលចាត់ចែង។
ដើម្បីជ្រើសរើសតំណាងរាស្ត្រ នៃ "លោកសាផា” នេះ គឺគេប្រើប្រព័ន្ធឯកត្តនាម។ ជាការពិត បេក្ខជននីមួយៗ សុទ្ធតែមានគណបក្សនៅពីក្រោយ តែគេឈរឈ្មោះតែម្នាក់ឯងទេ ដោយមណ្ឌល់មួយ មានអាសនៈតែមួយប៉ុណ្ណោះ។ អ្នកណាដែលមានសម្លេងឆ្នោតលើសគេ គឺឈ្នះបានអាសនៈមួយនោះតែម្តង។ ដែលនេះ វាខុសពីប្រព័ន្ធបោះឆ្នោត ដែលមានបញ្ជីឈ្មោះ បែបសមមាត្រ ដូចនៅកម្ពុជា។
ចាប់តាំងពីឆ្នាំ២០០៤មក នៅឥណ្ឌាគេបោះឆ្នោតដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិ ដោយអ្នកបោះគ្រាន់តែចុចនៅលើប៊ូតុង ឈ្មោះតំណាងរាស្ត្រដែលខ្លួនពេញចិត្ត ជាការស្រេច។ សម្រាប់ ដំណាលកាលចុងក្រោយ នៅថ្ងៃនេះ ការបោះឆ្នោត មាននៅរដ្ឋមួយចំនួន នៅភាគខាងជើង និងខាងកើត ដូចជា រដ្ឋប៊ីហា រដ្ឋចារខណ្ឌ រដ្ឋម៉ាត្យាប្រាដេស រដ្ឋបង់ហ្កាល់ខាងកើត រដ្ឋពន់ចាប់ រដ្ឋឧត្តាប្រាដេស និងរដ្ឋហេមីចាល់ប្រាដេសជាដើម។ សរុបទាំងអស់ ការបោះឆ្នោតនៅថ្ងៃនេះ មានអាសនៈចំនួន៥៦ ដែលបេក្ខជនត្រូវដណ្តើមគ្នា។
គ្មានកម្មវិធីនយោបាយ យកបុគ្គលលោកម៉ូឌី ជាកម្មវត្ថុនៃការឃោសនា
កាលពីបោះឆ្នោតសភា អាណត្តិមុន នៅឆ្នាំ២០១៤ គណបក្សហិណ្ឌូជាតិនិយម របស់លោកណារិន្ទ្រ ម៉ូឌី បានប្រមូលអាសនៈសរុប ដល់ទៅ ២៧២អាសនៈ។ តើលើកនេះ លោកណារិន្ទ្រ ម៉ូឌី សង្ឃឹមថា នឹងបានទទួលការគាំទ្រភ្លូកទឹកភ្លូកដី ដូចមុនដែរឬទេ?
បើតាមមើលទៅ ប្រមាណជាង១ខែកន្លងមកនេះ សន្ទុះនៃការគាំទ្រគណបក្សហិណ្ឌូជាតិនិយម របស់លោកណារិន្ទ្រ ម៉ូឌី មានសន្ទុះខ្សោយជាងមុន។ បក្សលោកណារិន្ទ្រ ម៉ូឌី ដែលមានឈ្មោះ ថា Bharatiya Janata Party បានជ្រើសយកយុទ្ធសាស្ត្រថ្មីខុសពីមុន។ កាលពីលើកមុន បក្សនេះបានសន្យារំដោះប្រជាជនពីភាពក្រីក្រ ជួយកសិករ និងបង្កើតការងារ ឲ្យបាន១លានការងារ ក្នុងមួយខែ។ ក៏ប៉ុន្តែ៥ឆ្នាំមកនេះ ការសន្យារបស់លោកណារិន្ទ្រ ម៉ូឌី មិនបានចេញជាលទ្ធផលជាក់ស្តែងទេ។
សម្រាប់ការបោះឆ្នោតលើកនេះ លោកណារិន្ទ្រ ម៉ូឌី បានចៀសមិននិយាយពី លទ្ធផលនៃការដឹកនាំរបស់ខ្លួន ក្នុងរយៈពេល៥ឆ្នាំមកនេះទេ។ តែលោក យកខ្លួនលោក ជាកម្មវត្ថុនៃការឃោសនាតែម្តង។ ការឃោសនាសឹងតែទាំងស្រុង គឺផ្តោតសំខាន់ ទៅលើជីវប្រវត្តិ ការតស៊ូ ដើម្បីកសាងកេរ្តិ៍ឈ្មោះ របស់លោក ណារិន្ទ្រ ម៉ូឌី។ ថ្មីៗនេះ បក្ស Bharatiya Janata Party បានទាំងផលិតខ្សែភាពយន្តមួយ និយាយពីជីវប្រវត្តិតស៊ូ របស់លោកណារិន្ទ្រ ម៉ូឌី ទៀតផង។ ខ្សែភាពយន្តនេះ បានចាក់បញ្ចាំងក្នុងរោងកុន តាមទូរទស្សន៍ និងតាមអ៊ីនធើនែត យ៉ាងព្រោងព្រាត ក្នុងពេលបោះឆ្នោត ហើយក៏បានចោទជាបញ្ហាខ្លះដែរ ព្រោះវាជាភាពយន្តឃោសនា ដោយលំអៀង ទៅលើបុគ្គលលោក ណារិន្ទ្រ ម៉ូឌី។
ផ្ទុយទៅវិញ បញ្ហាសេដ្ឋកិច្ច បញ្ហាជីវភាពក្រីក្រ របស់ប្រជាកសិករ គឺលោកម៉ូឌី មិនយកមកនិយាយទេ។ អ្នកវិភាគខ្លះបានលើកឡើង លោកម៉ូឌី គ្មានកម្មវិធីនយោបាយច្បាស់លាស់សោះ។ គឺមានតែការឃោសនាបំប៉ោង និងបំភ័យប្រជាជន ពីបញ្ហាសន្តិសុខ បញ្ហាសាសនា។ រីឯកគណបក្ស ខុនក្រេស ដែលជាបក្សប្រឆាំងដ៏ធំ ដឹកនាំដោយលោក រ៉ាហ៊ុល ហ្កង់ឌី វិញ គេមានកម្មវិធីនយោបាយ កំណែទម្រង់សេដ្ឋកិច្ច និងសង្គម ច្បាស់លាស់ល្អិតល្អន់ ជាងបក្សលោកម៉ូឌី។ តែយ៉ាងណា សួរថាតើប្រជាជនឥណ្ឌា ដែលមានចំនួនអ្នកមិនចេះអក្សច្រើនក្រាស់ក្រែលនោះ បោះឆ្នោតដោយផ្អែកលើកម្មវិធីនយោបាយ ឬដោយការគាំទ្រស្រលាញ់ទៅលើបុគ្គល? ត្រង់នេះហើយ ដែលគេជឿថា លោកណារិន្ទ្រ ម៉ូឌី បើទោះពីជាចុះខ្សោយ ក៏នៅតែឈ្នះឆ្នោតលើកនេះដែរ។
លោកម៉ូឌី ការពារទ្រឹស្តី « Hundutva »
យុទ្ធសាស្ត្រដ៏ធំ របស់លោក ម៉ូឌី គឺយុទ្ធសាស្ត្របំបែក ពុះចែកសហគមន៍នៃប្រជាជនឥណ្ឌា។ លោក ណារិន្ទ្រ ម៉ូឌី មានទស្សនយោបាយ ដែលលើកកំពស់តែក្រុមហិណ្ឌូតែប៉ុណ្ណោះ។ ទ្រឹស្តីនេះ មានឈ្មោះថា “Hindutva” ដែលមានន័យថា ភាពជាហិណ្ឌូ។ ភាពជាហិណ្ឌូ គឺមានន័យថា អ្នកកាន់សាសនាហិណ្ឌូ ត្រូវតែមានតម្លៃ មានសមត្ថភាព ជាងអ្នកកាន់សាសនាផ្សេងទាំងអស់។ អ្នកកាន់សាសនាផ្សេង ដែលលោកណារិន្ទ្រ ម៉ូឌី យកជាសត្រូវនោះ គឺសហគមអ្នកកាន់សាសនាអ៊ីស្លាម ដែលមានចំនួនប្រមាណ១៧០លាននាក់។
កាសែត Hindustan Times បានចុះផ្សាយថា លោកម៉ូឌី យកបញ្ហាសាសនា បញ្ហាសន្តិសុខ មកឃោសនា ដើម្បីបំភ័យប្រជាជនឥណ្ឌា។ តាមរយៈការឃោសនានេះ គឺមានតែលោកម៉ូឌីទេ ដែលជាវីរៈបុរស អាចការពារប្រទេស ការពារប្រជាជនហិណ្ឌូ និងប្រពៃណីសាសនាហិណ្ឌូបាន។ ជាក់ស្តែង បញ្ហានៅតំបន់កាស្មៀរ រវាងឥណ្ឌានិងប៉ាគីស្ថាន ត្រូវបានលោកណារិន្ទ្រ ម៉ូឌី យកជាលេស ដើម្បីបង្ហាញសាច់ដុំ ថាគាត់ គឺជាអ្នកស្នេហាជាតិ ការពារទឹកដី ពីការឈ្លានពាន របស់ពួកអ្នកកាន់សាសនាអ៊ីស្លាម និងពួកភេរវកម្ម។
“វប្បធម៌លើកទូលបុគ្គល”
ពិតជាមានការព្រួយបារម្ភ ថាឥណ្ឌា ក្រោមកណ្តាប់ដៃរបស់លោក ម៉ូឌី គឺកាន់តែផ្តាច់ការ ព្រោះគេសង្កេតឃើញថា លោកម៉ូឌី ព្រមទាំងបក្សពួក ខំប្រឹងលើកតំកើង វប្បធម៌បុគ្គលនិយមណាស់។ ពោលគឺមានលក្ខណៈស្រដៀងទៅនឹងរបបផ្តាច់ការកុម្មុយនិស្ត ដែលប្រមុខដឹកនាំ ប្រៀបបាននឹងទេវតា ធ្វើអ្វីក៏ត្រូវ គិតអ្វីក៏ត្រូវ ដោយគ្មាននរណាអាចប្រកែក ឬផ្តល់យោបល់បាន។ បុគ្គលលោក ណារិន្ទ្រ ម៉ូឌី ត្រូវគេលើកទូល ជាកំពូលបុរស គ្មាននរណាអាចរិះគន់បាន។ យ៉ាងណាមិញ អ្នកកាសែតឥណ្ឌា ខ្លះ បានចេញមុខបរិហារដែរ ថាសិទ្ធិសេរីភាពបញ្ចេញមតិ រិះគន់ ត្រូវបានរិតត្បិតខ្លាំងណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកម៉ូឌី ចង់ធ្វើជាវីរៈបុរស របស់ឥណ្ឌាហិណ្ឌូតែមួយប៉ុណ្ណោះ។ ទស្សនយោបាយនេះ វាខុសពីចរន្តនយោបាយ របស់ឥណ្ឌាសម័យមុន ក្រោយបានឯករាជភ្លាមៗ ដែលផ្តល់តម្លៃដល់ពហុសហគម ពហុវប្បធម៌ និងសាសនាចម្រុះ នៅឥណ្ឌា។ បើលោកម៉ូឌី លើកតែសាសនាហិណ្ឌូ មានន័យថា សាសនាផ្សេងប្រាកដជារើបំរាស់។ ដូច្នេះជម្លោះសាសនា អាចជាដំបៅមហារីក សម្រាប់ឥណ្ឌា ទៅថ្ងៃមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ