ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT
អាស៊ី

កម្មវិធី​ស្បៀង​អាហារ​ពិភពលោក៖ ប្រជាជន​កូរ៉េ​ខាងជើង​ជិត​១០​លាន​នាក់ ខ្វះ​អាហារូបត្ថម្ភ

media  
លោក Moon Jae-in ជល់កែវជាមួយ Kim Jong Un ក្នុង​ពីធី​លៀង​សាយភោគ​នៅ​ខេត្ត Ryanggang។ ថ្ងៃទី​២០​ កញ្ញា ​២០១៨​ Pyeongyang Press Corps/Pool via REUTERS

អង្គការកម្មវិធី ស្បៀងអាហារពិភពលោក ដែលមានទីតាំងនៅក្រុងហ្សឺណែវ បានទាញសញ្ញាអាសន្ន តាមរយៈតួលេខមួយស្តីពីកម្រិត នៃកង្វះអាហារូបត្ថម្ភរបស់ប្រជាជនកូរ៉េខាងជើង។ យោងតាមតួលេខអង្គការ នេះ បង្ហាញថាប្រជាជនកូរ៉េខាងជើង ជិត១០លាននាក់ ពោលគឺប្រមាណ៤០% នៃប្រជាជនសរុប ដែលជួបនឹងបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ អង្គការនេះ អំពាវនាវឲ្យមានការផ្តល់ជំនួយថវិកា ពុំនោះទេ អង្គការ​ខ្លួន ប្រាកដជាត្រូវ បិទបញ្ច​ប់បេសកកម្មនៅកូរ៉េខាងជើង។

បើទោះបី ជាស្ថានភាពទូទៅ បានប្រសើរឡើងបន្តិច ក្នុងឆ្នាំ២០១៨នេះ ក៏ប៉ុន្តែបញ្ហាកង្វះអាហារូបត្ថម្ភ នៅកូរ៉េខាងជើង គឺនៅតែចោទជាបញ្ហាយ៉ាងធ្ងន់ធ្ងរ។ លោក Hervé Verhoosel អ្នកនាំពាក្យអង្គការកម្មវិធីស្បៀងអាហារពិភពលោក (PAM) បានលើកឡើងថា បញ្ហាអសន្តិសុខស្បៀងអាហារ និងកង្វះអាហារូបត្ថម្ភនៅកូរ៉េខាងជើង គឺជាបញ្ហាដ៏ធំ ចាក់ជ្រៅជាយូរឆ្នាំមកហើយ។ ប្រជាជនជិត១០លាននាក់ ពោលគឺប្រមាណ​៤០%​ នៃ​ប្រជាជនសរុប ពុំមានចំណីអាហារគ្រប់គ្រាន់ ដើម្បីចិញ្ចឹមសារពាង្គកាយទេ។

កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដែលធ្វើឲ្យរាងកាយគ្មានវីតាមីន និងប្រូតេអ៊ីនគ្រប់គ្រាន់ បានបណ្តាលឲ្យប្រជាជនកូរ៉េខាងជើង ជាពិសេសកុមារ ប្រឈមនឹងជំងឺរ៉ាំរ៉ៃ ជាច្រើនសណ្ឋាន។ កុមារម្នាក់ ក្នុងចំណោម៥នាក់ នៅកូរ៉េខាងជើង កំពុងមានជំងឺក្រិនឆ្អឹង មិន​លូត​ធំធាត់ ដោយសារតែខ្វះវីតាមីនD និងជាតិដែក។

អ្នកនាំពាក្យកម្មវិធីស្បៀងអាហារពិភពលោក បានលើកឡើងថា អង្គការស្បៀងអាហារពិភពលោក អាចនឹងកាត់ផ្តាច់បេសកកម្មនៅកូរ៉េខាងជើង ដោយសារតែខ្វះថវិកា។ ក្នុងឆាំ្ន២០១៨នេះ អង្គការកម្មវិធីស្បៀងអាហារពិភពលោក ត្រូវការថវិកាចំនួន៥២លានដុល្លារ ដើម្បីអនុវត្តយុទ្ធនាការការងារ នៅកូរ៉េខាងជើង។ ក៏ប៉ុន្តែបច្ចុប្បន្ន អង្គការនេះ កំពុងខ្វះថវិកាប្រមាណ១៥លាន២សែនដុល្លារ​ទៀត ដើម្បីបំពេញការងារ រវាង៥ខែទៅមុខទៀត។

សូមបញ្ជាក់ថា អង្គការកម្មវិធីស្បៀងអាហារពិភពលោក (PAM) និងអង្គការ Unicef គឺជាអង្គការដ៏កម្រ ដែលរដ្ឋាភិបាលផ្តាច់ការកូរ៉េខាងជើង បានអនុញ្ញាតិ ឲ្យចូលទៅធ្វើការងារមនុស្សធម៌ ជួយប្រជាជនកូរ៉េខាងជើង តាំងតែពីមានគ្រោះទុរភិក្ខ កាលពីទសវត្សឆ្នាំ​៩០។ ជំនួយចំណីអាហារ ថ្នាំបំប៉នវីតាមីន និងប្រូតេអ៊ីន ដែលផ្តល់ឲ្យដោយអង្គការទាំង​២​នេះ បានជួយសង្រ្គោះជីវិត ប្រជាជនកូរ៉េខាងជើង ជាច្រើនលាននាក់។

ដោយឡែក បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់អង្គការស្បៀងអាហារពិភពលោក (FAO) បានបង្ហាញថា នៅទូទាំងពិភពលោក មានមនុស្ស១ម្នាក់ ក្នុងចំណោម៩នាក់ ដែល​ខ្វះអាហារូបត្ថម្ភ។ ក្រៅពីសង្រ្គាម ជំលោះប្រដាប់អាវុធ ដែលជាប្រភពនៃបញ្ហា បង្កឲ្យ​មាន​អសន្តិសុខចំណីអាហារ ការប្រែប្រួលអាកាសធាតុ ក៏បានបំផ្លាញភោគផលដំណាំ គ្រាប់​ធុញ្ញជាតិ ដែលជាប្រភពសំខាន់នៃជីវជាតិ។ ទិន្នផលធ្លាក់ចុះ តម្លៃឡើងថ្លៃ​ បូកបន្ថែមជាមួយសង្រ្គាម និងវិបត្តិសេដ្ឋកិច្ច ទាំងអស់នេះ បានញ៉ាំងឲ្យបញ្ហាកង្វះអាហាររូបត្ថម្ភ កាន់តែរីកធំឡើង ជាប្រចាំនៅទូទាំងពិភពលោក៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ