អានតួអត្ថបទ
យន្តហោះMH370

ការរុករក​យន្តហោះ​MH370 ​នៅ​ក្នុង​សមុទ្រ ​ត្រូវ​ផ្អាក

អាជ្ញាធរ​អូស្ត្រាលី ​ម៉ាឡេស៊ី ​និង​ចិន ​បាន​ប្រកាស​រួមគ្នា ​ នៅ​ថ្ងៃ​អង្គារ​ទី​១៧ ​មករា​នេះ​ថា ​ការ​រុករក​សាកសព​យន្តហោះ ​MH370 ​ដែល​បាន​បាត់​ដាន​កាល​ពី​ជិត​៣ឆ្នាំ​មុន​នោះ ​នឹង​ត្រូវផ្អាក។ អាជ្ញាធរ​ប្រទេស​ទាំងបី ​ បាន​ផ្តល់​ហេតុផល​ថា ​ការ​រុករក​អស់​រយៈពេល​ជិត​៣ឆ្នាំ​មក​នេះ ​មិន​បាន​លទ្ធផល​អ្វីទាល់​តែ​សោះ ​បើ​ទោះបី​ជា​មាន​ជំនួយ​ពី​អ្នក​ជំនាញ ​ និង​សម្ភារៈ​បច្ចេកវិទ្យា​ខ្ពស់​យ៉ាង​ណា​ក៏ដោយ។ តែ​យ៉ាងណា​ ក្រុម​ការងារ​រុករង​នេះ ​នៅតែ​បន្ត​សង្ឃឹមថា​ ថ្ងៃណា​មួយ​គេ​នឹង​អាច​ដឹង​តំរុយ​ខ្លះ ​ ហើយ​បើក​ការ​រុករក​ឡើងវិញ។

ក្រុមគ្រួសារ​ជន​រងគ្រោះ យន្តហោះ​MH370 ជួបជុំគ្នា​​ធ្វើ​សន្និសីទ​កាសែត​ ទាមទាររក​ការពិត
ក្រុមគ្រួសារ​ជន​រងគ្រោះ យន្តហោះ​MH370 ជួបជុំគ្នា​​ធ្វើ​សន្និសីទ​កាសែត​ ទាមទាររក​ការពិត AFP PHOTO / MANAN
ផ្សាយពាណិជ្ជកម្ម

កាល​ពី២​សប្តាហ៍​មុន ​ អាជ្ញាធរ​ម៉ាឡេស៊ី ​បាន​ប្រកាស​ឲ្យ​ដឹង​ថា ​ ប្រតិបត្តិការ​រុករក​យន្តហោះ ​MH370 ​នឹងត្រូវ​បិទ​បញ្ចប់។ ទើបតែ​នៅ​ថ្ងៃ​អង្គារ​ទី​ ១៧​មករា​ ក្រុម​ការងារ​នៃ​អជ្ញាធរ​នៃ​ប្រទេស​ពាក់ព័ន្ធ​ទាំងបី ​ មាន​ម៉ាឡេស៊ី ​ចិន​ និង​អូស្ត្រាលី ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​រួមគ្នា​មួយ ​ថា ​ការ​រុករក​យន្តហោះនេះ​ នឹង​ត្រូវ​ផ្អាក។

 
សេចក្តី​ជូន​ដំណឹង ​មាន​សរសេរ​ថា  “យន្តហោះ​Boeing ​777 ​ជើង​ហោះហើរ​លេខ​ MH370​ មិន​ត្រូវ​បាន​រក​ឃើញថា​នៅ​ត្រង់​ណាទេ​ ​បើ​ទោះបី​ជា​ក្រុម​ការងារ ​បាន​ខិតខំ​ប្រើប្រាស់​អស់​មធ្យោបាយ ​មិន​ថា​គំនិត​ប្រាជ្ញា​របស់​អ្នក​ជំនាញ​ពូកែៗ ​ ​រឺ​ក៏​សម្ភារៈ​បច្ចេកវិទ្យា ​ ទំនើប​បំផុត​យ៉ាង​ណា​ក៏ដោយ។ ដូច្នេះ ​ការ​រុករក​នៅ​បាត​សមុទ្រ​ក្នុង​បរិវេណ ​ប្រមាណ​ជា​១២​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ​ក្នុង​មហាសមុទ្រ​ឥណ្ឌា ​ភាគ​ខាងត្បូង ​នឹង​ត្រូវ​ផ្អាក”

ក្រុម​ការងារ​ បាន​ឆ្លៀត​បញ្ជាក់​ថា ​ “ការ​សម្រេចចិត្ត​ផ្អាក​ប្រតិបត្តិការ​រុករក​នេះ ​មិនមែន​ធ្វើឡើង​ដោយ​ងាយ​ស្រួល ​ យកតែ​រួច​ខ្លួន​នោះ​ទេ ​ផ្ទុយ​ទៅ​វិញ ​ក្រុម​ការងារ​បាន​សម្រេចចិត្ត ​ទាំង​លំបាក​ និង​មាន​ការ​សោកស្តាយ​ជាទី​បំផុត”

បន្ទាប់​ពីបាន​ទទួល​ដំណឹង​នេះ ​សមាគម​គ្រួសារ​ជន​រងគ្រោះ ​បាន​សម្តែង​ការ​ខកបំណង​ជាខ្លាំង។ ក្រុម​គ្រួសារ​ជន​រងគ្រោះ ​យល់ថា ​ការ​រុករក​យន្តហោះ ​ត្រូវតែ​បន្ត​ទៅ​ទៀត​ ព្រោះវា​ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ​​ពាក់ព័ន្ធ ​ ហើយ​វា​ក៏​ជា​កាតព្វកិច្ច​ផងដែរ ​ ក្នុងការ​ស្វែងរក​ការពិត ​ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ការ​ដឹក​ជញ្ជូន​ផ្លូវ​អាកាស។

សូមរំលឹក​ថា ​យន្តហោះBoeing 777 ​ជើង​ហោះ​ហើរ​លេខ ​MH370​ របស់​ក្រុមហ៊ុន ​Malaysia​ airlines ​បាន​បាត់ដាន​ កាលពី​ថ្ងៃ​ទី​ ៨មីនា ​ឆ្នាំ​២០១៤ ​ដោយ​នាំ​យក​ជាមួយ ​នូវ​ជីវិត​មនុស្ស​២៣៩​នាក់។ តាម​ការ​វិភាគ​ប៉ាន់ស្មាន​ យន្ត​ហោះនេះ ​អាច​ធ្លាក់​ក្នុង​មហាសមុទ្រ​ឥណ្ឌា។ តែឆ្លងកាត់​ការ​រុករក​ជិត​៣ឆ្នាំ​មក​នេះ ​គឺ​ពុំបាន​រក​ឃើញ​អ្វី​សោះ ​ក្នុង​តំបន់​ដែល​គេ​គិត​ថា​យន្ត​ហោះ​នេះធ្លាក់។

ដោយឡែក​ គេ​បាន​រកឃើញ​បំណែក​យន្តហោះ ​ជាង​២០ដុំ ​ នៅជ្រោយ​មហាសមុទ្រ​ឥណ្ឌា ​ខាង​ទ្វីប​អាហ្រ្វិក ​ ដែល​យោង​តាម​ការ​សន្និដ្ឋាន ​ ​គឺ​បំណែក​ទាំងនោះ ​អាច​ជា​របស់​យន្តហោះBoeing777 ​ដែល​បាន​បាត់។ ក្រោយ​មកទៀត​ ក្រុម​អ្នក​ជំនាញ ​ បាន​ធ្វើការ​សន្និដ្ឋាន ​ថា​ត្រូវ​រុករក​ក្នុង​តំបន់​មួយ​ផ្សេង​ទៀត​ ដែល​មាន​បរិវេណ​ប្រមាណ​២៥០០០​ គីឡូម៉ែត្រ​ការ៉េ។ ក៏ប៉ុន្តែ ​អាជ្ញាធរ​ម៉ាឡេស៊ី ​និង​អូស្ត្រាលី ​បាន​សម្រេច​មិន​ផ្តល់​ភ្លើងខៀវ​ ដោយ​យល់ថា ​ លទ្ធភាព​នៃ​ការ​រកឃើញ​សាកសព​យន្តហោះ ​គឺ​មាន​តិច​ណាស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ