អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កាស្មៀរ៖ ក្រោយ​ភេរវកម្ម នាយករដ្ឋមន្ត្រី​ឥណ្ឌា​គំរាម​ថា ប៉ាគីស្ថាន​នឹង​ស្គាល់​ថ្នាំ​ខ្លាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ កុម្ភៈ មានហេតុការណ៍ភេរវកម្មអត្តឃាតមួយ បានកើតឡើង នៅតំបន់កាស្មៀររបស់ឥណ្ឌា។​ ភេរវក​ម្ម ដែលបានសំដៅ វាយប្រហារទៅលើក្បួនរថយន្តទាហានប៉ារ៉ា របស់ឥណ្ឌានេះ​ បាន​បណ្តាលឲ្យស្លាប់ទាហាន ប្រមាណ​៤១នាក់។ លោក ណារិន្ទ្រ ម៉ូឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា បាន​លើកឡើង​ថា កងទ័ពឥណ្ឌា នឹង​ធ្វើឲ្យ​ប៉ាគីស្ថាន​ ដែលជាអ្នកនៅពីក្រោយ​អំពើភេរវកម្ម​នេះ ស្គាល់ថ្នាំខ្លាំង ជាក់​ជា​មិនខាន។ គួរកត់សំគាល់ថា តំបន់កាស្មៀរនេះ គឺជាតំបន់ដែលមានជម្លោះដណ្តើមគ្នា រវាងឥណ្ឌា និងប៉ាគីស្ថាន ប្រមាណ៧០ឆ្នាំមកហើយ។ ថ្វីបើប្រទេសទាំង២ បានយល់ព្រមពុះចែកគ្នាជា២ ក៏ប៉ុន្តែការផ្ទុះអាវុធទាំងសងខាង តែងតែបានកើតឡើង ជារើយៗ។

ទាហានឥណ្ឌា កំពុងត្រួតពិនិត្យ​កន្លែង​កើតហេតុ​ភេរវកម្ម ដោយមានបំណែក​រថយន្ត​និងសាកសព​មនុស្ស​ យ៉ាង​រាយប៉ាយ។ ​ភូមិ ​Pulwama ខាងត្បូង​​តំបន់​កាស្មៀរ ថ្ងៃទី​​១៤ កុម្ភៈ​២០១៩​
ទាហានឥណ្ឌា កំពុងត្រួតពិនិត្យ​កន្លែង​កើតហេតុ​ភេរវកម្ម ដោយមានបំណែក​រថយន្ត​និងសាកសព​មនុស្ស​ យ៉ាង​រាយប៉ាយ។ ​ភូមិ ​Pulwama ខាងត្បូង​​តំបន់​កាស្មៀរ ថ្ងៃទី​​១៤ កុម្ភៈ​២០១៩​ REUTERS/Younis Khaliq
ផ្សាយពាណិជ្ជកម្ម

ភេរវកម្មសំដៅសម្លាប់ទាហានឥណ្ឌា

បើសរុបទៅ ប្រមាណ៧០ឆ្នាំមកនេះ ជម្លោះសង្រ្គាមនៅតំបន់កាស្មៀរនេះ បានសម្លាប់មនុស្សមិនតិចជាង៦ម៉ឺននាក់ទេ។ ក៏ប៉ុន្តែ ការស្លាប់​មនុស្សចំនួនជាង៤០នាក់ ក្នុងហេតុការណ៍ភេរវកម្មតែមួយបែបនេះ គឺជាលើកទៅមួយហើយ។ ភេរវកម្មអត្តឃាតនេះ​ បានកើតឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤កុម្ភៈ នៅតាមបណ្តោយផ្លូវធំល្បឿនលឿន ជិតចូលទៅដល់ទីក្រុង ស្រីណាហ្កា ដែលជាទីក្រុងធំរបស់តំបន់កាស្មៀរឥណ្ឌា។

ក្បួនរថយន្តទាហានប៉ារ៉ា របស់ឥណ្ឌា ចំនួន៧៨រថយន្ត មានផ្ទុកទាហានចំនួនសរុប២៥០០នាក់ កំពុងបរកាត់តាមបណ្តោយផ្លូវនេះ ស្រាប់តែមានសម្លេងផ្ទុះយ៉ាងកក្រើក ហើយគេឃើញបំណែករថយន្តទាហាន ហោះឆេះឡើង។ តាមការឲ្យដឹង ពីអាជ្ញាធរឥណ្ឌា គ្រាប់បែកបានផ្ទុះចំរថយន្ត២​ធ្ងន់ជាងគេ ហើយដែលបានបណ្តាលឲ្យស្លាប់ទាហានឥណ្ឌា ចំនួន៤១នាក់ ភ្លាមៗនៅនឹងកន្លែង។ តែយ៉ាងណា ចំនួនអ្នកស្លាប់អាចឡើងលើសនេះទៀត ព្រោះមានអ្នករបួសធ្ងន់ច្រើនណាស់។

រដ្ឋាភិបាល​ប៉ាគីស្ថានបដិសេធ

បើតាមប្រភពផ្លូវការ ទទួលបាន​ដោយទីភ្នាក់ងារព័ត៌មានបារាំង AFP បានលើកឡើងថា ក្រុមអ៊ីស្លាម​និយម Jaish-e-Mohammed ដែលមានទីតាំងនៅប៉ាគីស្ថាន បានចេញមុខមកអះអាងថា ភេរកម្មសំដៅវាយ​ប្រហារកងទ័ពឥណ្ឌានេះ គឺជាស្នាដៃរបស់ខ្លួន។ ក្រុមនេះបានឲ្យដឹងថា ភេរវកម្មអត្តឃាតនេះ បានធ្វើឡើង ដោយយុវជនអាយុ២០ឆ្នាំម្នាក់​ ដែលមានស្រុកកំណើតនៅតំបន់ស្រីណាហ្កា កាស្មៀរនេះតែម្តង។

ក៏ប៉ុន្តែ​ សម្រាប់រដ្ឋាភិបាលឥណ្ឌាវិញ គឺគេជឿថា រដ្ឋាភិបាលប៉ាគីស្ថាន គឺជាអ្នកនៅពីក្រោយភេរ​កម្មនេះ។ តែយ៉ាងណា ភ្លាមៗក្រោយការចោទប្រកាន់របស់ឥណ្ឌា​នេះ ក្រសួងការបរទេសប៉ាគីស្ថាន បានឆ្លើយតបមកវិញថា រដ្ឋាភិបាលប៉ាគីស្ថាន មិនមែនជាអ្នកនៅក្រោយអំពើភេរវកម្មនេះទេ។ ប៉ាគីស្ថានប្រឆាំងដាច់ខាត ចំពោះការចោទប្រកាន់របស់ឥណ្ឌា ដោយគ្មានបានធ្វើការស្រាវជ្រាវពិនិត្យ ឲ្យបានច្បាស់លាស់។

“ប៉ាគីស្ថាននឹងស្គាល់ថ្នាំខ្លាំង!”

នៅថ្ងៃសុក្រ១៥កុម្ភៈ លោកណារិន្ទ្រ ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានដឹកនាំការប្រជុំបន្ទាន់មួយ ជាមួយមន្ត្រីជំនាញ និងកងទ័ព។ ក្រោយការប្រជុំ លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានប្រកាសថា ក្រុមភេរវកម្មអ៊ីស្លាម និងមេកើយ បានធ្វើរឿងមួយភ័ន្តច្រឡំធំណាស់។  ពួកទាំងនេះ នឹងស្គាល់ថ្នាំខ្លាំង របស់ឥណ្ឌាយ៉ាងចាស់ដៃ ក្នុងពេលដ៏ឆាប់ខាងមុខនេះ។

សម្តីរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា​នេះ មានន័យថា កងទ័ពឥណ្ឌា អាចនឹងប្រើកម្លាំងវាយទៅលើប៉ាគីស្ថាន។ លោក Moeed Yusuf អ្នកវិភាគនៅ Institute of Peace នៅសហរដ្ឋអាមេរិក បានលើកឡើង ក្នុងរវាងពី២៤ ទៅ៤៨ម៉ោងទៀត អ្វីៗអាចកើតឡើង បានទាំងអស់។ ឥណ្ឌាអាចប្រើកាំភ្លើងធំ បាញ់ផ្លោងទៅខាងប៉ាគីស្ថាន។

យ៉ាងណាមិញ វាក៏មិនមែនជាលើកទីមួយដែរ ដែលកងទ័ពឥណ្ឌាប្រើកម្លាំងវាយបកទៅខាងតំបន់កាស្មៀរ​របស់​ប៉ាគីស្ថាន។ កាលពីឆ្នាំ២០១៦ ការវាយបកសកសិក ឥណ្ឌាធ្លាប់បានធ្វើរួចហើយ បន្ទាប់ពីមានភេរវកម្ម​ ធ្វើទៅលើបន្ទាយទាហានឥណ្ឌា។ កាលណោះ ឥណ្ឌា បានបាញ់ផ្លោងជាច្រើនគ្រាប់ នៅតាមបណ្តោយខ្សែបន្ទាត់ ពុះចែកតំបន់កាស្មៀរជា២។

៧២ឆ្នាំ នៃតំបន់ជ​ម្លោះតំបន់កាស្មៀរ

ជម្លោះតំបន់កាស្មៀរ កើតឡើងនៅឆ្នាំ១៩៤៧ ក្នុងពេលដែលចក្រភពអង់គ្លេស ចាប់ផ្តើម​ដកអាណានិគម ចេញពីអាណាចក្រឥណ្ឌា។ កាលជំនាន់នោះ អាណាចក្រឥណ្ឌា ក្រោមអាណានិគមអង់គ្លេស មានទំហំ​ធំណាស់ មានរដ្ឋចំណុះជាង៥០០រដ្ឋឯណោះ។​ រដ្ឋនីមួយៗ មានស្តេចត្រាញ់ ឬ ម៉ាហារាចា គ្រប់គ្រង​ រាប់តំណមកហើយ។ គឺក្នុងពេលនោះហើយ ដែលឥណ្ឌាបានឯករាជ្យ ដោយបានប្រមូលផ្តុំរដ្ឋ ឬតំបន់ណា ដែលមាន​ម៉ាហារាចា​ ជាអ្នកកាន់សាសនាហិណ្ឌូ។ ចំណែកដែនដី ដែលមានប្រជាជនកាន់​សាសនាអ៊ីស្លាម​វិញ​ ត្រូវបានកកើត​ បែងចែក​​ជាប្រទេស២ គឺ ប៉ាគីស្ថានខាងលិច ដែលបច្ចុប្បន្ន គឺ​ប៉ាគីស្ថាន​នេះ និងប៉ាគីស្ថានខាងកើត ដែលបច្ចុប្បន្ន យើងហៅថា បងក្លាដែស នេះឯង។

ដោយឡែក តំបន់កាស្មៀរនេះ មានលក្ខណៈពិសេស ដោយសារតែតំបន់នេះ មានប្រជាជន​ភាគច្រើន​ ជាអ្នកកាន់សាសនាអ៊ីស្លាម ក៏ប៉ុន្តែ​ម៉ាហារាចា ដែលគ្រប់គ្រងតំបន់នេះ គឺជារាជវង្សកាន់សាសនាហិណ្ឌូ ឈ្មោះ Hari Singh ។ ភាពស្ទាក់ស្ទើរ មិនដឹងទៅខាងណានេះ ក៏បានក្លាយជាប្រភពនៃជម្លោះដណ្តើមគ្នា រវាងឥណ្ឌានិងប៉ាគីស្ថាន។ ក្រោយ​មក​នៅឆ្នាំ១៩៤៩ អង្គការសហប្រជាជាតិបានធ្វើអន្តរាគមន៍ ដោយបានកំណត់ ពុះ​ចែក​កាស្មៀរជា២។ ឥណ្ឌា គ្រប់គ្រង២ភាគ៣ ឯប៉ាគីស្ថាន គ្រប់គ្រងប្រមាណ១ភាគ៣ នៃ​ដែនដី។

ការដណ្តើមគ្នានេះ មិនមែនត្រឹមតែដែនដីប៉ុណ្ណោះទេ តែត្រូវដឹងថា តំបន់កាស្មៀរនេះ វាស្ថិតនៅលើតំបន់ខ្ពង់រាបខ្ពស់នៃប្រជុំភ្នំហិមាល័យ។ មានន័យថាម៉េច គឺមានន័យថា គឺជាតំបន់នៃប្រភពទន្លេធំៗ ទាំងសម្រាប់ឥណ្ឌ ទាំងសម្រាប់ប៉ាគីស្ថាន។ ជាក់ស្តែង ទន្លេ ឥណ្ឌុ​ ដែលជាទន្លេធំបំផុតហូកាត់ប៉ាគីស្ថាន ពីជើងទៅត្បូង គឺមានប្រភពនៅតំបន់នេះ ហើយ​វាហូរកាត់ដែនដីកាស្មៀរ ដែលកាន់កាប់ដោយឥណ្ឌា បច្ចុប្បន្ន។ បើឥណ្ឌាចង់ធ្វើ​បាប​ប៉ាគីស្ថាន គឺងាយបំផុត។ តែយ៉ាងណា ការគ្រប់គ្រងធនធានទឹក របស់ទន្លេនេះ គឺមាន​សន្ធិសញ្ញាទ្វេភាគីចុះឆ្នាំ១៩៦០ជាបង្អែក។ ក៏ប៉ុន្តែ បើទៅថ្ងៃមុខមានសង្រ្គាម ឥណ្ឌាអាចប្រើបញ្ហានេះ ដើម្បីបង្អត់ប៉ាគីស្ថាន។

ក្តីសង្ឃឹមនៃសន្តិភាព ដែលនៅឆ្ងាយ

កន្លងមក មានការព្យាយមសាកល្បង រកដំណោះស្រាយសន្តិភាពច្រើនដែរ។ តែឥណ្ឌា តែងតែបដិសេធ មិនត្រូវការឲ្យមានអន្តរាគមន៍ ពីប្រទេសមហាអំណាចណាទាំងអស់។ បញ្ហាភេរវកម្ម ដែលទើបតែកើតឡើងនេះ គឺវាជួនចំពេល ដែលឥណ្ឌាជិតដល់ថ្ងៃបោះឆ្នោត​សភា។ គណបក្សហិណ្ឌូជាតិនិយម របស់លោកណារិន្ទ្រ ម៉ូឌី ប្រាកដជាយកបញ្ហា​នេះ ធ្វើជាលេសដើម្បីឃោសនានយោបាយ។ លោកណារិន្ទ្រ ម៉ូឌី តែងតែអះអាងខ្លួនថា មានតែគាត់ទេ ទើបអាច​ការពារដែនដីរបស់ឥណ្ឌា ព្រមទាំងបង្ហាញពីកម្លាំង និងមោទនភាព​ជាតិឥណ្ឌា។

អ្នកវិភាគ គិតថា​លោកណារិន្ទ្រ ម៉ូឌី អាចយក ការវាយសងសិកទៅលើប៉ាគីស្ថាន ធ្វើជាអាវុធ​ឃោសនានយោបាយ ដើម្បីប្រមូលសម្លេង ឈ្នះឆ្នោតសម្រាប់អាណត្តិទី២ នៅខែឧសភា ខាងមុខ​។ តែយ៉ាងណា ការវាយបកទៅលើប៉ាគីស្ថាន ក៏គឺជាគ្រោះថ្នាក់សម្រាប់ឥណ្ឌាដែរ ព្រោះថាប៉ាគីស្ថាន ក៏មិនអាចនៅស្ងៀមដែរ។ អ្វីដែលគេបារម្ភ គឺថាប្រទេសទាំង២នេះ សុទ្ធតែមានអាវុធនុយក្លេអ៊ែរដូចគ្នា។ ដូច្នេះ កំដៅជម្លោះនេះ បើមិនមាន​ម្ខាងណាទប់ទេ គឺប្រាកដជាគ្រោះថ្នាក់ធំណាស់។ អ្នកដែលរងទុក្ខធំជាងគេ គឺប្រជាជនតំបន់កាស្មៀរ ដែលរស់នៅក្នុងភាពភ័យខ្លាច ជាប់ជាប្រចាំ ព្រោះថាសន្តិភាពហាក់គ្មានពន្លឺទេ សម្រាប់ពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ